ពោធិ៍សាត់ៈ ​បន្ទាប់ពី​មាន​ការផ្លាស់ប្ដូរ​​តួនាទី និង​ភារកិច្ច​គ្រូបង្រៀន​ ៣ ​នាក់​ នៃ​វិទ្យាល័យ​ហ៊ុនសែន​ឈើ​តុំ​ស្ងាត់ៗ​នាពេល​ថ្មីៗ​នេះ​បាន​បង្ក​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​ធ្វើពហិការ​មិន​ចូល​​រៀន​បំប៉ន និង​បាននាំគ្នា​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​រិះគន់ថា ជា​ការផ្ដើម​គំនិត​ពី​គណៈកម្មការ​គ្រប់គ្រង​សាលា​ឃុបឃិត​គ្នា​ប្ដឹង ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ថា ជា​រឿង​មិន​ពិត​។

កាលពី​ថ្ងៃទី​ ១៧ ខែ ធ្នូ ឆ្នាំ​ ២០១៩ ​លោក​ ម៉ៅ សៅភារិទ្ធិ គ្រូបង្រៀន​មុខវិជ្ជា​រូបវិទ្យា​, លោក ខុន ភ័ក្ត្រា គ្រូបង្រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ និង​លោក​ មឿន មី គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា​នៃ​វិទ្យាល័យ​ហ៊ុនសែន​ឈើតុំ​ដែល​ស្ថិតនៅក្នុង​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​បាន​ទទួល​លិខិត​ឧទ្ទេសនាម​ការងារ​ថ្មី​ផ្សេងៗ​គ្នា​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់​។

ក្នុង​លិខិត​នោះបាន​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​អង្គភាព​ថ្មី​នៅ​ថ្ងៃទី​ ២០ ខែ ធ្នូ ឆ្នាំ​ ២០១៩ ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​​នៃ​ការផ្លាស់ប្ដូរ​តួនាទី និង​ភារកិច្ច​របស់​ពួកគាត់​នោះទេ​។

លោក ម៉ៅ សៅភារិទ្ធិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ថ្ងៃ​ចន្ទ​ថា​៖ «​រហូតមកទល់​ពេលនេះ យើងខ្ញុំ​ទាំង​ ៣ ​នាក់ ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ជាក់ច្បាស់​អំពី​ការផ្លាស់ប្ដូរ​តួនាទី និង​ភារកិច្ច​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​យើងខ្ញុំ​បាននាំគ្នា​ទៅ​បង្ហាញខ្លួន​នៅក្នុង​អង្គភាព​ថ្មី​រៀងៗ​ខ្លួន​ហើយ ដើម្បី​ចៀសវាង​កំហុស​រដ្ឋបាល​»​។

លោក​ សៅភារិទ្ធិ បាន​បន្តថា គាត់​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​មធ្យមសិក្សា​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តពោធិ៍សាត់ ខណៈ​លោក ខុន ភ័ក្ត្រា ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​បម្រើ​ការងារ​នៅ​គរុកោសល្យ​វិក្រឹតការ​ខេត្តពោធិ៍សាត់​។ ចំណែក លោក មឿន មី ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​អប់រំ​ស្រុក​ក្រគរ ទទួល​បន្ទុក​ផ្នែក​យុវជន​។

ក្រោយពី​បង្ហាញខ្លួន​នៅ​ការិយាល័យ​អប់រំ​ស្រុក​ក្រគរ​កាលពី​ថ្ងៃ​ចន្ទ លោក មឿន មី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាមរយៈ​ការផ្ដល់​ព័ត៌មាន​ពី​សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស​មួយចំនួន ករណី​ផ្លាស់ប្ដូរ​តួនាទី​ភារកិច្ច​របស់​ពួកគាត់​ទាំង​ ៣ ​គឺ​ផ្ដើមចេញ​ពី​សិស្ស​ភាគច្រើន​នៅក្នុង​សាលា​នេះ​មិន​ព្រម​ចូលរៀន​បំប៉ន​តាម​គោលការណ៍​សាលា​ដែល​តម្រូវ​ឲ្យ​រៀន​បន្ថែម​ ១២ ​ម៉ោង​ក្នុង​ ១ ​សប្ដាហ៍​ លើ​មុខវិជ្ជា​ចំនួន​ ៥ ​មុខ​រួមមាន​គណិតវិទ្យា រូបវិទ្យា គីមី អក្សរសាស្ត្រ​ខ្មែរ និង​ភាសាអង់គ្លេស និង​តម្រូវ​ឲ្យ​សិស្ស​បង់ថ្លៃ​រៀន​បំប៉ន​នេះ​ក្នុង​ម្នាក់ៗ ៣៦ ០០០ ​រៀល​ក្នុង​ ១ ​ខែ​។

លោក មី បាន​បញ្ជាក់ថា​៖ «​បើតាម​ការអះអាង​ពី​សិស្ស និង​មាតាបិតា​សិស្ស​មួយចំនួន​គណៈកម្មការ​គ្រប់គ្រង​សាលា និង​គ្រូបង្រៀន​មួយ​ចំនួន​ដែល​សិស្ស​មិន​ចូលចិត្ត​រៀន​គួរ​ជាមួយ​បាន​ឃុបឃិត​គ្នា​ជាមួយ​តំណាង​សហគមន៍​មាតាបិតា​សិស្ស​មួយចំនួន​ទៀត​ប្ដឹង​យើងខ្ញុំ​ទៅ​កាន់​រដ្ឋបាល​សាលា​ខេត្ត​ពោធិ៍សាត់​ដោយ​ចោទប្រកាន់​​ថា​យើងខ្ញុំ​ទាំង​ ៣ ​នាក់​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ការ​បំផុសបំផុល​សិស្ស​មិន​ឲ្យ​ចូលរៀន​បំប៉ន​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​»​។

លោក​បាន​បន្ថែមថា​៖ «​បើ​យ៉ាង​ដូច្នោះ​មែន វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​យើងខ្ញុំ​ទាំង​ ៣ ​នាក់ ព្រោះ​យើងខ្ញុំ​មិន​ពាក់ព័ន្ធ​អ្វី​ទាល់តែ​សោះ​ចំពោះ​ការសម្រេចចិត្ត​របស់​ពួកគេ​»​។

កាលពី​ថ្ងៃ​ចន្ទ​នៅលើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​សិស្សានុសិស្ស និង​អាណាព្យាបាល​មួយចំនួន​បាន​បញ្ចេញមតិ​ចោទ​ប្រកាន់​អ្នកស្រី អ៊ុល ចន្នី នាយិកា​វិទ្យាល័យ​ ហ៊ុន សែន ឈើតុំ និង​លោក ឆេង ចាន់រឿន នាយករង​វិទ្យាល័យ​នេះ រួមទាំង​បុគ្គលិក​សិក្សា​មួយចំនួន​ទៀតថា​​ជា​អ្នក​នៅ​ពីក្រោយ​ការអុជអាល​ឲ្យ​​មាន​ការផ្លាស់ប្ដូរ​តួនាទី និង​ភារកិច្ច​​របស់​គ្រូបង្រៀន​ទាំង​ ៣ ​នេះ និង​បាន​គំរាមថា​នឹង​ប្ដឹង​ទៅ​សមត្ថកិច្ច​នគរបាល​ ២០០ ​នាក់​ឲ្យ​ចូលមក​ចាប់​សិស្ស​ណា​ដែល​បន្ត​ភាពចលាចល​មិន​ចូលរៀន​បំប៉ន​។

ហ្វេសប៊ុក​ឈ្មោះ ចាំង គឹមហាន បាន​សរសេរ​ថា​៖ «​គាត់​ថាបើ​គ្រូ​ទាំង​ ៣ ​ត្រូវបាន​ដកចេញ​ហើយ បើ​សិស្ស​នៅតែ​បន្ត​ចលាចល​ក្នុង​សាលា​គាត់​នឹង​នាំ​សមត្ថកិច្ច​ ២០០ ​នាក់ មក​ចាប់​ពួក​ខ្ញុំ​»​។

ក៏ប៉ុន្តែ​លោក ឆេង ចាន់រឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ច្រានចោល​ចំពោះ​មតិ​រិះគន់ និង​ចោទប្រកាន់​ពី​ក្រុមសិស្ស និង​មាតាបិតា​សិស្ស​ទាំងនោះ​ហើយ​ថា ករណី​ផ្លាស់ប្ដូរ​តួនាទី និង​ភារកិច្ច​នោះ​មិន​ពាក់ព័ន្ធ​គាត់ និង​នាយិកា​នោះទេ ប៉ុន្តែ​វា​ជា​សំណើ​របស់​តំណាង​សហគមន៍ ដែល​មិន​ពេញចិត្ត​ចំពោះ​វិធីសាស្ត្រ​បង្រៀន​របស់​ពួកគាត់​។

លោក​ថ្លែងថា​៖ «​យើងខ្ញុំ​មិនបាន​ប្ដឹង​ ឬ​ផ្លាស់ប្ដូរ​តួនាទី​របស់​ពួកគាត់​នោះទេ​តែ​យើងខ្ញុំ​បាន​រង​នូវ​ការរិះគន់ និង​ចោទប្រកាន់​ដោយ​អយុត្តិធម៌​ផងដែរ ពី​តំណាង​សហគមន៍​មាតាបិតា​សិស្ស​ចំពោះ​ករណីនេះ​។ មាតាបិតា​សិស្ស​ភាគច្រើន​គាត់​បាន​ប្ដឹងទៅ​ឯកឧត្តម​អភិបាលខេត្ត​ដោយ​ទាមទារ​ផ្លាស់​លោកគ្រូ​ទាំង​ ៣ ​ទៅ​កន្លែង​ផ្សេង ប៉ុន្តែ​ដោយ​មូលហេតុ​អ្វី​ផ្សេង​នោះ​យើងខ្ញុំ​មិនដឹង​ទេ​»​។

លោក​បាន​បន្តថា​៖ «​អ្វីដែល​ខ្ញុំ​បានដឹង​នោះ​គឺ​ពួកគាត់​ទាំង​ ៣ ​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅកាន់​តួនាទី​ខ្ពស់ជាង​មុន​»​។

យ៉ាងណា​ក៏ដោយ​អាណាព្យាបាល​សិស្ស​ម្នាក់​គឺ​លោក សឿន ចាន់នី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោកគ្រូ​ទាំង​ ៣ ​នាក់​នោះ​បាន​លួច​បញ្ចូល​សារ​នយោបាយ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មួយចំនួន​ដល់​កូនៗ​របស់​ពួកគាត់ និង​ធ្លាប់​​បាន​ដឹកនាំ​កូនៗ​របស់​ពួកគាត់​ឲ្យ​​ទៅ​ចូលរួម​លើក​ស្លាក​សញ្ញា​គណបក្ស​នោះ​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹងថា​គាត់​មាន​កំហុស​អ្វី​នោះទេ ប៉ុន្តែ​វា​​មាន​រឿង​ច្រើន​ករណី​ដូចជា រឿង​បញ្ចូល​សារ​នយោបាយ​របស់​គណបក្ស​ជួង​នេះ​ជាដើម ខ្ញុំ​មិន​ចង់​ឲ្យ​កូនៗ​ខ្ញុំ​ស្វែងយល់​ពីសារ​នយោបាយ​របស់​បក្ស​នេះ​នោះទេ​»៕