The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ផ្សព្វផ្សាយ​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ

ការ​ផ្សព្វផ្សាយ​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ

កូន​តូច​នេះ​ក្រៅពី​ទឹកដោះ​ម្តាយ​ក៏​ត្រូវ​ការ​ទឹកដោះ​គោ​ដែរ។
កូន​តូច​នេះ​ក្រៅពី​ទឹកដោះ​ម្តាយ​ក៏​ត្រូវ​ការ​ទឹកដោះ​គោ​ដែរ។ រូប ELI MEIXLER

ការ​ផ្សព្វផ្សាយ​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ

ភ្នំពេញៈ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ និង​ម្សៅ​ទឹកដោះគោ​ផ្សំ​មិន​ស្រប​ច្បាប់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដែល​នាំឲ្យ​អត្រា​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​បន្ត​ធ្លាក់​ចុះ​ចំណែក​មហាជន​បែរ​ជា​កើន​ការ​ភាន់ច្រឡំ​អំពី​អត្ថប្រយោជន៍​នៃ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ទាំង​នោះ​វិញ។

របាយការណ៍​រួម​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ ២០១៥ ដោយ​អង្គការ​ទស្សនៈ​ពិភពលោក Wold Vision និង​អង្គការ Hellen Keller International បាន​ឲ្យ​ដឹង​ថា​ការ​ស្រាវជ្រាវ​នេះ​គឺ​ផ្អែក​លើ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ​១១០ មុខ​ខុសៗ​គ្នា​ដែល​ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​តាម​ខេត្ត​ចំនួន ៦ នៅ​កម្ពុជា​ហើយ ៥៨ ភាគរយ​នៃ​ទីតាំង​លក់​ផលិតផល​ទាំងនោះ​បាន​និង​​កំពុង​ផ្សព្វផ្សាយ​លើ​កម្ពស់​ការ​​ប្រើប្រាស់​ដោយ​រំលោភ​បំពាន​ច្បាប់​រដ្ឋ។

តាមរយៈ​​របាយការណ៍​រួម​នេះ​រូបភាព​នៃ​​ការ​ផ្សព្វផ្សាយ​លក់​មិន​ស្រប​ច្បាប់​ចំនួន៧ ត្រូវ​បាន​រកឃើញ​ក្នុង​នោះ​មាន​ការ​ដាក់​លក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ និង​ម្សៅ​ទឹកដោះគោ​ផ្សំ​ដោយ​ការ​បញ្ចុះ​តម្លៃ​ពិសេស​ការ​ដាក់​បង្ហាញ ឬ​តុបតែង​តាំង​ផលិតផល​លេចធ្លោ ការ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ផលិតផល​ការ​ផ្តល់​ជា​កាដូ​បន្ថែម ការ​ផ្តល់​ផលិតផល​គំរូ​សាកល្បង,ការ​ប្រើប្រាស់​បុគ្គលិក​ដើរ​ផ្សព្វផ្សាយ, និង​ការ​ប្រមូល​សម្បក​ផលិតផល​ប្តូរ​យក​រង្វាន់​ជាដើម។

កញ្ញា សួង សុខសោភា ប្រធាន​ជាន់​ខ្ពស់​នៃ​យុទ្ធនាការ​លើក​កម្ពស់​សុខភាព​មាតា និង​ទារក​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​បាន​ថ្លែង​ថា​ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​ដែល​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ជំនួស​​ទឹកដោះ​ម្តាយ និង​ម្សៅ​ទឹកដោះគោ​ផ្សំ​ត្រូវ​បាន​គេ​រកឃើញ​ក្នុង​រូបភាព​រំលោភ​បំពាន​លើ​អនុក្រឹត្យ​លេខ ១៣៣ និង​ប្រកាស​រួម​អន្តរក្រសួង​លេខ ០៦។

កញ្ញា​ថា៖ «៥៨ ភាគរយ​នៃ​ទីតាំង​លក់ ៦៦ កន្លែង​នៃ​សំណាក​មិន​បាន​ឆ្លើយតប​នឹង​លក្ខខណ្ឌ​រដ្ឋ​តម្រូវ​ចំណែកឯ​វិធី​ក្នុង​ការ​ឃោសនា​គឺ​មិន​ស្រប​តាម​ច្បាប់។ ច្បាប់​របស់​យើង​គឺ​ជំរុញ​ឲ្យ​លើក​កម្ពស់​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ព្រោះ​វា​មាន​សារជាតិ​ពិសេស​ជួយ​ឲ្យ​កុមារ​មាន​រាងកាយ​រឹងមាំ​មិន​ឆាប់​ឆ្លង​ជំងឺ»។

កម្ពុជា​បាន​អនុម័ត​លើ​អនុក្រឹត្យ​លេខ ១៣៣ ស្តី​ពី​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​នៅ​ឆ្នាំ​ ២០០៥ ដោយ​ទទួល​ស្គាល់​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​គឺជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​សុខភាព​កុមារ​អាយុ​ក្រោម ២ ឆ្នាំ។ គោលបំណង​នៃ​ច្បាប់​នេះ​គឺ​ដើម្បី​ធានា​ថា​ក្រុមហ៊ុន​ផលិត​នឹង​មិន​ប្រើប្រាស់​ព័ត៌មាន​នៃ​ការ​ផ្សព្វផ្សាយ​លក់​មិន​សមស្រប​ និង​ក្លែង​បន្លំ​ ឬ​ប្រើ​ស្លាក​សញ្ញា​ដែល​អាច​ភាន់ច្រឡំ​ដល់​ឪពុកម្តាយ ឬ​អ្នក​ថែទាំ​កុមារ។

កញ្ញា សួង សុខសោភា បាន​បន្ថែម​ថា «ផលប៉ះពាល់​ភ្លាមៗ​នៃ​ការ​ប្រើប្រាស់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​គឺ​កុមារ ឬ​ទារក​អាច​នឹង​មាន​ជំងឺ​រាករូស និង​ឈឺ​ច្រើន​ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ​គឺ​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​ឈាម​ទៅ​ថ្ងៃ​អនាគត​ដោយសារ​ការ​ប្រើ​ផលិតផល​ដែល​មិន​បាន​ផលិត​តាម​ស្តង់ដារ​ពិតប្រាកដ»។

ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ ២០១៤ បាន​បង្ហាញ​ថា​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​បាន​ធ្លាក់​ចុះ​​នូវ​អត្រា​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​គត់​ពី ៧៣,៥ ​ភាគរយ​នៅ​ឆ្នាំ ២០១០ មក​ត្រឹម ៦៥ ភាគរយ​នៅ​ឆ្នាំ ២០១៤។ដោយ​ឡែក​ការ​បំបៅ​កូន​ដោយ​ដប​សិប្បនិម្មិត​ចាប់ពី​កុមារ​កើត​ដល់​អាយុ ៥ ខែ​បាន​កើនឡើង​ពី ១៣,៦ ​ភាគរយ​រហូត​ដល់ ១៩,៨ ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា។

លោកស្រី ប្រាក់ សោភ័ណនារី នាយិការង​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​បាន​ឲ្យ​ដឹង​ថា​ផ្អែក​តាម​លទ្ធផល​នៃ​របាយការណ៍​នេះ​ក្រសួង​សុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទទួល​នឹង​ក្លាយ​ជា​មូលដ្ឋាន​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​ដើម្បី​ពង្រឹង​នូវ​ការ​ផ្សព្វផ្សាយ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ និង​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​ខូច​គុណភាព​ផង​ដែរ។

លោកស្រី​ថា៖ ​«ក្រសួង​សុខាភិបាល​បាន​បង្កើត​នូវ​គណៈកម្មការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​នៃ​ការ​អនុវត្ត​អនុក្រឹត្យ ១៣៣ ​​នោះ​ដែល​កន្លង​មក​បាន​អនុវត្ត​តួនាទី​​តាមដាន​ការ​ផ្សព្វផ្សាយ​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ​ដោយ​បាន​ទប់ស្កាត់​នូវ​លំហូរ​ចូល​ជាច្រើន​នៃ​ផលិតផល​ខូច​គុណភាព​លើកស្ទួយ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ»។

បើ​តាម​លោកស្រី ប្រាក់ សោភ័ណនារី ក្នុង​ករណី​ដែល​ក្រុមហ៊ុន ឬ​ទីតាំង​លក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ត្រូវ​បាន​រកឃើញ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​បំពាន​ច្បាប់​នោះ​ក្រសួង​សុខាភិបាល​នឹង​កោះ​ហៅ​ទៅ​​ព្រមាន​ដោយ​ធ្វើ​កិច្ចសន្យា​ហាមឃាត់​នូវ​សកម្មភាព​ទាំងនោះ​ប៉ុន្តែ​បើ​រកឃើញ​ជា​លើក​ទី ២ នោះ​គឺ​ក្រសួង​នឹង​បញ្ឈប់​ផ្តល់​អាជ្ញាប័ណ្ណ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នេះ។

តាមរយៈ​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ម្តាយៗ​គប្បី​​បំបៅ​កូន​តូច​របស់​ពួកគេ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ​ខែ និង​បន្ត​បំបៅ​ព្រមទាំង​ផ្តល់​អាហារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​រហូត​ដល់​កុមារ​អាយុ ២៤ ​ខែ​ ( ២ ឆ្នាំ ) ឬ​លើស​ពី​នេះ៕

អត្ថបទគួរចាប់អារម្មណ៍