ភ្នំពេញៈ សហភាព​អឺរ៉ុប​បាន​និង​កំពុង​ពិភាក្សា​ដំណើរ​ការ​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ​(EBA)​ ពី​កម្ពុជា​ និង​កំពុង​រង់ចាំ​សញ្ញា​ពី​ជំហរនយោបាយ​ដែល​ថា​ប្រទេស​​មួយនេះ ​អាច​ចៀស​វាង​ពីការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ បើ​ខ្លួន​បើក​លំហ​នយោបាយ ​និង​សិទ្ធិ​ទូលំទូលាយ​សម្រាប់​ពលរដ្ឋ។ នេះ​បើតាម​លោក ​Norbert Barthle សមា​ជិក ​សហ​ព័ន្ធ ​និង​ជា​រដ្ឋលេខា​ធិការ​ ក្រសួង​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់។

លោក ​Norbert Barthle បានថ្លែ​ង​ប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​​បញ្ចប់​ជំនួប​ជាមួយ​លោក​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ កាល​ពី​ម្សិល​មិញ​ថា​៖ «ខ្ញុំ​គិតថា ​គណៈកម្មការ​អឺរ៉ុប ​កំពុង​ពិភាក្សា​អំពី​ (EBA) ​ហើយ ​កំពុង​រង់ចាំ​ការផ្តល់​សញ្ញា​ពី​​កម្ពុជា​ និង​កំពុង​រង់ចាំ​មតិ​របស់​ប្រជា​ពលរដ្ឋ។ ខ្ញុំ​គិតថា ​ពួកគេ​បានទទួល​សញ្ញា​វិជ្ជមាន ​និង​ការពិភាក្សា​ល្អ​ខ្លះ»។

នៅពេល​សួរថា ​តើ​លោក​គាំទ្រ​ចំណាត់ការ​របស់​សហ​ភា​អឺរ៉ុប​ក្នុងការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែរ​ឬទេ​? ​

លោកបាន​ថ្លែងថា​ លោក​មិនអាច​និយាយ​អំពី​រឿង​នោះ​បានទេ​ ពីព្រោះ​ វា​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការពិភាក្សា។ លោក​ថា ​លោក​នឹង​រាយការណ៍​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​ទីនេះ ​និង​អំពី​រឿង​ដែល​វិវត្ត​ល្អៗ​មួយ​ចំនួន។

នៅពេល​សួរថា​តើ​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​លោក​ ស ខេង ​ទទួលបាន​លទ្ធផល​យ៉ាង​ណា​នោះ​ លោក​ថ្លែង​ថា​៖ «ខ្ញុំ​មានការ​ពិភាក្សា​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី ​និង​ជាមួយ​រដ្ឋមន្ត្រី​មហា​ផ្ទៃ​ថ្ងៃ​នេះ។ ខ្ញុំ​គិតថា​ ពួកគេ​ស្ថិត​ក្នុង​របៀប​មួយ​ល្អ។ វា​ជាការ​ពិភាក្សា​មួយ​មាន​លទ្ធផល​ល្អ ​ពីព្រោះ​ខ្ញុំ​អាច​ឃើញ​ដំណើរការ​​ដែលពាក់ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ដំណើរការ​នយោបាយ ​ដែលកំពុង​កើត​ឡើង។ ខ្ញុំ​គិតថា ​វា​ជាការ​ពិភាក្សា​តាម​មធ្យោបាយ​ល្អ​មួយ»។

ទាក់ទង​នឹងការ​លើក​អំពី​ EBA ក្នុង​ជំនួប​ជាមួយ​លោក​ ស ខេង​ នោះ​ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ ​លោក​ ផាត សុផា​និត​ ថ្លែងថា​ លោក​ Norbet Barthle ​បាននិយាយ​អំពី​កំណែ​ទម្រង់​ដីធ្លី ​និង​ EBA ដោយ​លោក​គ្រាន់តែ​លើក​ឡើង​ជារួម​ថា ​បើ​រដ្ឋាភិបាល​កម្ពុជា​ចង់ ​ឬ​ក្រសួង​មហាផ្ទៃ ​មាន​បំណង​ចង់ឲ្យ​មាន​ផ្នែក​អ្វី​ ដែល​អាល្លឺម៉ង់​អាច​ចូលរួម​ គឺ​គាត់​រីករាយ​នឹង​ចូលរួម។

លោក ​សុផានិត​ ថ្លែងថា​៖ «រដ្ឋាភិបាល​អាល្លឺម៉ង់ ​មាន​បំណង​ចង់​ចូលរួម​ជាមួយ​កិច្ច​អភិវឌ្ឍន៍​របស់​កម្ពុជា ​និង​ចូលរួម​ជាមួយ​​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុង​ការធ្វើ​យ៉ាង​ណា​បន្ត​ពង្រីក​បន្ថែម​នូវ​សមិទ្ធផល​អ្វី​ដែលកើត​ចេញពី​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២​ឲ្យ​កាន់តែ​ច្រើន​ឡើង ​និង​ធំធាត់​បន្ថែម​ទៀត ​ដើម្បី​ប្រជាជន​កម្ពុជា»។

លោក​បន្ថែមថា​ភាគី​អាល្លឺម៉ង់​ក៏បាន​កោតសរសើរ ​ចំពោះ​ការវិវត្តរបស់​កម្ពុជា ​ដូច្នេះ​អាល្លឺម៉ង់​នៅតែមាន​ម​ហិ​ច្ឆតា​បន្ត​ជួយ​ ពិសេស​លើ​ការកែ​ទម្រង់ ​នៃ​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ ​បញ្ហា​ដីធ្លី ​និង​បណ្តុះបណ្តាល​លើ​ផ្នែក​ធនធាន​មនុស្ស​ផង​ដែរ។

ជាមួយ​គ្នានេះ​ បើ​យោងតាម​គេហទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថានទូត​អាល្លឺម៉ង់​ដែល​បាន​បង្ហោះ​ ថ្ងៃ​ទី ២៦ ​ខែកុម្ភៈ​ ក្រោយពី​លោក​ Norbert Barthle ​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ហ៊ុន សែន ​ឲ្យដឹងថា​៖ «កម្ពុជា ​នៅតែ​អាច​រំឭក​ពីការ​ដក​​ EBA។ បើក​ចំហ​នយោបាយ ​និង​សិទ្ធិ​ទូលំទូលាយ​សម្រាប់​ពលរដ្ឋ​ គឺជា​អ្វី​ដែល​សំខាន់ យើង​ត្រូវការ​ការកសាង​នូវ​ទំនុក​ចិត្ត ​និង​ស្វែង​រក​ដំណោះ​ស្រាយ​ឡើង​វិញ»។

កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ​ លោក ​Nobert Barthle បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ​ហ៊ុន សែន ​នា​វិមាន​សន្តិភាព​ហើយ​លោក​បានលើក​ឡើងថា​វិនិយោគិន ​អាល្លឺម៉ង់​ជាច្រើន​ចាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​ ហើយថា ​អាល្លឺម៉ង់​ប្ដេជ្ញា​នឹង​ជួយ​លើ​វិស័យ​កសិកម្ម​ អគ្គិសនី ​ការ​ប្រើប្រាស់ ​ផ្ទាំង​សូ​ឡា ​ប្រព័ន្ធ​ស្រោចស្រព​ទឹក ​ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ការកក​ស្ទះ​ចរាចរណ៍​ផង​ដែរ។ នេះ​បើ​យោង​ តាម​គេហទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ហ៊ុន សែន ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ។

លោក​ Nobert Barthle លើកឡើងថា​៖ «យើង​នឹង​ដើរ​ជាមួយ​គ្នា ​និង​បន្ត​សហការ​ជាមួយ​គ្នា​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត»​។

ជាការ​ឆ្លើយតប ​លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ ​និង​ផ្ញើ​ការសួរ​សុខទុក្ខ​ជូន​ចំពោះ​លោក​ស្រី ​អធិការបតី ​អាល្លឺម៉ង់​ ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ​ចំពោះ​រូប​លោក​ដែល​បាន​ជាប់​ឆ្នោត​ ជា​នាយក​រដ្ឋមន្ត្រី​កន្លងមក​នេះ​ ហើយ​លោក​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការវាយ​តម្លៃ​ដោយ​ស្មោះ​ត្រង់​ចំពោះ​ការវិវឌ្ឍ​ របស់​ប្រទេស ​កម្ពុជា។

លោក ​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​៖ «ការអភិវឌ្ឍនេះ​ទទួលបាន​ត្រឹម​ក្នុង​រយៈពេល​ ២០ ឆ្នាំចុងក្រោយ​នេះ ​ដែលនាំឲ្យ​ប្រទេស​ទទួលបាន​នូវ​សុខ​សន្តិភាព ​ហើយ​​ការអភិវឌ្ឍនេះ ​ក៏មាន​ការចូល​រួម​ពី​បណ្តា​ប្រទេស​នានា ​ក្នុង​នោះ​មាន​អាល្លឺម៉ង់​​ផង​ដែរ»។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវនៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​យល់ឃើញថា ​កម្ពុ​ជា​នៅមាន​ពេល​វេ​លា ​ដើម្បី​ធ្វើការចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី ​ស្វែងរក​លក្ខខ​ណ្ឌ​ពិត​ប្រាកដ​ដែល​សហភាព​អឺរ៉ុប​ចង់​បាន​ពី​កម្ពុជា។

លោក​បញ្ជាក់​ថា​៖ «កុំ​ព្យាយាម​ទាត់​បាល់​ដាក់​កម្ពុជា​ដើម្បី​ដាក់បន្ទុក​ ពីព្រោះ​ការដក​ឬ​មិន​ដក​ ព្យួរ​ឬ​មិន​ព្យួរ​ វា​អាស្រ័យ​លើ​សហភាព​អឺរ៉ុប​ខ្លួន​ឯង។ ជួន​កាល​លក្ខខណ្ឌ​ ឬ​រូបមន្ត​របស់​គាត់​ខ្ពស់​ពីស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ប្រទេស ​កម្ពុជា ​ពិបាក​នឹង​ធ្វើ​តាម។ យើង​ពិតជា​ចង់​រក្សា EBA តែ​អធិបតេយ្យ​ជាតិ ​និង​ឯករាជភាព​ក្នុង​ការធ្វើ​សេចក្តី​សម្រេច​​ចិត្ត​ក៏​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ដែរ។ ដូច្នេះ​សូម​កុំ​និយាយ​ថា​បាល់​នៅ​ជើង​របស់​កម្ពុជា ​តែ​តាម​ការពិត​បាល់​គឺ ​នៅ​ខាង​សហភាព​អឺរ៉ុប»។

ដោយ​ឡែក ​អតីត​ប្រធាន​គណ​បក្ស​​ប្រឆាំង​ សម រង្ស៊ី ​(SRP) ​និង​បច្ចុប្បន្ន​ជាប្រធាន​កិតិ្តយស​គណបក្ស​ឆន្ទៈ​ខ្មែរ ​លោក​ គង់ គាំ ​បាន​ចោទ​ប្រធាន​ស្តីទី​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ​លោក​ សម រង្ស៊ី ​និង​អ្នក​គាំទ្រ​លោក ​ថា​បានយក​លោក​​ កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ព្រមទាំង​អ្នកជាប់​បម្រាម​ធ្វើ​នយោបាយ​ ជាមធ្យោ​​បាយ​រារាំង​មិនឲ្យ​លំហ​​ប្រជាធិបតេយ្យ​ ស្ថានភាព​សិទ្ធិ​មនុស្ស​បាន​ប្រសើរ​តាម​ការ​ចង់​បាន​ពី​គ្រប់​មជ្ឈដ្ឋាន។

លិខិត​ផ្ញើ​ទៅ​លោក​ George​ Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​កាលពី​ថ្ងៃទី ២៥​ ខែកុម្ភៈ ​លោក​គង់ គាំ​ ប្រាប់​លោក​ George Edgar ថា ​ក្នុង​ថិរវេលា​នៃ​ដំណើរការ​នីតិវិធី​របស់​សហ​ភាព​អឺរ៉ុប (EU) ក្នុងការ​អនុវត្ត ​ឬ​មិនអនុវត្ត​សេចក្តី​សម្រេច​ការព្យួរ​ឬ​ដក ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នូវ​ទំនិញ​គ្រប់​យ៉ាង​ លើកលែង​តែ​អាវុធ​ ​ពី​កម្ពុជានេះ ​លោក ​គង់ គាំ ​បង្ហាញ​ជំនឿថា ​លោក​ Edgar បាន​​កត់​សម្គាល់​ចំពោះ​ការប្តូរ​ការ​ឃុំឃាំង​លោក​ កឹម សុខា ​ប្រធាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ពី​នៅ​ក្នុង​គុក​ត្រពាំង​ផ្លុង​មក​នៅ​គេហដ្ឋាន​ផ្ទាល់​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ។

លោក​ គង់ គាំ ​បន្ថែម​ថា​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ​ ក៏បាន​កត់​សម្គាល់​ចំពោះ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បើក​ច្រក​ឲ្យ​ថ្នាក់​ដឹកនាំ​ CNRP ​ជាប់​បម្រាម​ ១១៨ រូប​អាច​ទទួល​បាន​សិទ្ធិ​ធ្វើ នយោបាយ​ឡើង​វិញ​មុន​កាល​កំណត់​​របស់​សាល​ដីកា​តុលាការ​កំពូល​ទៀត​ផង។

លោក​ គង់ គាំ ​សរសេរថា​៖ «ជា​ប្រធាន​កិត្តិយស​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ ក្រោយ​រួច​ពី​បម្រាម ​ខ្ញុំ​ក៏ដូច​ឯកឧត្តម​តំណាង ​EU ដែរ​ គឺ​សង្ឃឹម​ពីការ​រីកចម្រើន​នៃ​ស្ថានភាព​ប្រជាធិបតេយ្យ ​និង​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​វិវត្ត​ជាវិជ្ជមាន​បន្ថែម​ទៀត។ ប៉ុន្តែ​ជាការ​សោក​ស្តាយ​ដែលទណ្ឌិត​សម រង្ស៊ី ​ប្រធាន​ស្តីទី​ CNRP បក្ស​ប្រហារ ​និង​ក្រុម​ សម រង្ស៊ី​ និយម​មួយ​ក្តាប់​បានយក​ កឹម សុខា ​ព្រមទាំង​អ្នក​ជាប់​បម្រាម​ជាមធ្យោបាយ​មិនឲ្យ​លំហ​ប្រជាធិប​តេយ្យ ​ស្ថានភាព​សិទ្ធិ​មនុស្ស​បានប្រសើរ​ និង​ឆាប់​រហ័ស​តាម​ការចង់បាន​របស់​មជ្ឈដ្ឋាន​ទាំង​ឡាយ​ឡើយ»។ ​

លោក​ គង់ គាំ ​បន្ថែមថា ​ទន្ទឹម​ EU ​សម្រេច​ផ្តើម​នីតិវិធី​ព្យួរ ​ឬដក ​EBA ពី​កម្ពុជា​ប្រធាន​ស្តីទី ​CNRP​និង​បក្ខពួក​បានប្រើ​សេចក្តី​សម្រេច​​របស់​ EU ថា កើតឡើង​ដោយ ​សម រង្ស៊ី ​ហើយ​សូម​ឲ្យ​ខ្មែរ​ក្រៅ​ប្រទេស ​ខ្មែរ​ក្នុង​ប្រទេស​រួមមាន​ពល​ទាហាន​​ផង ​រួបរួម​គ្នា​ជាមួយ​ EU-USA ងើប​​ឡើង​ចាប់​ ហ៊ុន សែន ដើម្បី​ទណ្ឌិត​​ សម រង្ស៊ី ​និង​អតីត​ CNRP ចូល​គ្រប់គ្រង​អំណាច​​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ​ឲ្យ​ខាង​តែ​បាន។

លោក​ថា​៖ «ក្នុង​នាម​ជាអតីត​ទីប្រឹក្សា​ជាន់​ខ្ពស់ CNRP ទើប​រួចពី​បម្រាម​ ហើយ​បច្ចុប្បន្ន​ជាប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ ​សូម​សម្តែង​ការសោក​ស្តាយ ​ប្រសិន​​នៅ​ទីបញ្ចប់​នីតិវិធី ​EU សម្រេច​អនុវត្ត​ការព្យួរ​ឬ​ដក​ EBA ពី​កម្ពុជា ​ព្រោះ​ការ​​សម្រេច​អនុវត្ត​នោះ ​មិន​បាន​លើក​តម្កើង​គោលការណ៍​របស់​ EU សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ឲ្យ​រីកចម្រើន​ រឹងមាំ ​ឆ្ពោះ​ទៅ​​ជួយ​លើក​ស្ទួយ​លទ្ធិប្រជា​ធិប​តេយ្យ​ពិតប្រាកដ​ និង​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ជាក់​ស្តែង​ឡើយ»។

លោក​បន្តថា​៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ឯកឧត្តម​តំណាង​ EU ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​បន្ត​ភាពម៉ឺងម៉ាត់ ​និង​ស្មោះ​ត្រង់​​របស់​ខ្លួន​បញ្ជាក់​ជូន​ EU ថា​ការសម្រេច​ការអនុវត្ត​ព្យួរ ​ឬដក​ EBA ពី​កម្ពុជា​ពេលនេះ ​គឺជា​ការបម្រើ​មហិច្ឆតា​ទណ្ឌិត​ សម រង្ស៊ី ​និង​ក្រុម​ក្រៅ​ច្បាប់ ​ហើយ​ទម្លាក់​ទុក្ខ​លំបាក​ដល់​អ្នក​គ្មាន​កំហុស​ដ៏ទូលំ​ទូលាយ​តែ​ប៉ុណ្ណោះ»៕