ការអភិវឌ្ឍ​ធនធាន​មនុស្ស​គឺជា​ការវិនិយោគ​ទៅលើ​មនុស្ស ដើម្បី​សមធម៌​សង្គម និង​កំណើន​សេដ្ឋកិច្ច​។ នៅពេល​ដែល​ប្រទេស​កម្ពុជា​ផ្លាស់ប្តូរ​ពី​ស្រមោល​នៃ​សង្គ្រាមស៊ីវិល​ជិត​ ៤ ​ទសវត្សរ៍ ការកសាង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ត្រូវ​បាន​គេ​សម្លឹង​ឃើញថា​ស្ថិត​នៅក្នុង​ចំណោម​វិស័យ​អាទិភាព​កំពូលៗ សម្រាប់​ព្រះរាជាណាចក្រ​មួយ​នេះ​។ ក្នុងនាម​ជា​ប្រទេស​ជិតខាង ប្រទេស​ថៃ​ជឿជាក់​ថា​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​រួមចំណែក​ដល់​ស្ថិរភាព សន្តិសុខ​ក្នុង​តំបន់ និង​សុខុមាលភាព​របស់​ប្រជាជន​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​។

ក្រៅពី​កំណើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា និង​ថៃ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ ដូចជា​ធនធាន​មនុស្ស និង​សុខ​សុវត្ថិភាព​របស់​ប្រជាជន គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ខណៈ​ដែល​ប្រទេស​ទាំង​ ២ អបអរ​ខួប​លើក​ទី​ ៧០ ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ថៃ​ដែល​ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​ ១៩៥០​។

ការកសាង​សមត្ថភាព​ធនធានមនុស្ស

វា​មិនមែន​ជា​អាថ៌កំបាំង​នោះទេ​ដែលថា ការអប់រំ​ប្រកប​ដោយ​គុណភាព​គឺ​ជួយ​ពង្រឹង​អំណាច​ប្រជាជន និង​រួមចំណែក​ក្នុង​ការបង្កើត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​។

គិត​ចាប់តាំងពី​ឆ្នាំ​ ២០១១ ​មក​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ថៃ (TICA) បាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (EDC) ដើម្បី​ផ្តល់​អាហារូបករណ៍​រយៈពេល​ខ្លី និង​វែង​ដល់​សិស្សនិស្សិត​កម្ពុជា​ជាង ២,៤០០ ​នាក់​សម្រាប់​សិក្សា​ថ្នាក់​អាហារូបករណ៍ និង​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​ថៃ​។

និស្សិត​កម្ពុជា និង​ថៃ​ថតរូប​អនុស្សាវរីយ៍​ពេល​បញ្ចប់​ការសិក្សា​នាពេល​កន្លង​មក​។

ការផ្តល់​អាហារូបករណ៍​នេះ គឺជា​ការចូលរួម​ចំណែក​មួយ​ដ៏ធំ​របស់​ប្រទេស​ថៃ​ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​រួមជាមួយ​ប្រទេស​ជិតខាង​ដោយ​អាហារូបករណ៍​ភាគច្រើន​ត្រូវបាន​ផ្តល់ជូន​ក្រោម​គម្រោង​ព្រះរាជឧបត្ថម្ភ​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍ Maha Chakri Sirindhorn ដែល​ទ្រង់​ត្រូវបាន​គេ​ផ្តល់​គោរមងារ​ជា «Educator Princess» សម្រាប់​ទឹក​ព្រះទ័យ​យកចិត្ត​ទុកដាក់​របស់​ទ្រង់​ចំពោះ​ការអភិវឌ្ឍ​វិស័យ​អប់រំ​ទាំង​នៅក្នុង​ប្រទេស និង​តំបន់​។

គម្រោង​នេះ​គឺ​ដើម្បី​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​នូវ​ចំណេះដឹង និង​ជំនាញ​ដើម្បី​ទទួលបាន​សក្តានុពល​ពេញលេញ​នៅក្នុង​អាជីព​របស់​ពួកគេ ដើម្បី​រួមចំណែក​ដល់​ការរីកចម្រើន និង​ការអភិវឌ្ឍ​ជាទូទៅ​របស់​ប្រទេស​កម្ពុជា​។

ក្រៅពី​ការផ្តល់​អាហារូបករណ៍​របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​ហើយ​នោះ គម្រោង​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ការផ្តល់​ព្រះរាជ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ និង​ការគាំទ្រ​ដល់​ការបង្កើត​ស្ថាប័ន​ឧត្តមសិក្សា​នៅ​កម្ពុជា​ផងដែរ គឺ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​កំពង់ស្ពឺ និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា-ថៃ​ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​សហការ​ជាមួយ​ក្រសួង​ការងារ​ថៃ​។

ការផ្តល់​អាហារូបករណ៍​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ និង​ការផ្តល់​ជំនួយ​លើ​វិស័យ​អប់រំ​នេះ​បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការក្រេប​យក​ចំណេះដឹង និង​កសាង​វិថី​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យ​។ ហើយ​វា​គឺជា​ការរួម​ចំណែក​ប្រកប​ដោយ​អត្ថន័យ​របស់​ប្រទេស​ថៃ​ដែល​មាន​ជា​យូរ​មកហើយ និង​មាន​ឥទ្ធិពល​ដ៏រឹងមាំ​ទាំង​សម្រាប់​ប្រជាជន និង​ថ្នាក់ជាតិ​។

និស្សិត​កម្ពុជា​មាន​ឱកាស​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​។

កាលពី​ពេល​ថ្មីៗ​នេះ គម្រោង​នេះ​ត្រូវ​បាន​បន្ត​ជាថ្មី​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ទៀត ដោយ​មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​នៅក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២០​។ ការប្តេជ្ញាចិត្ត​បន្ត​នេះ​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ជំរុញ​បន្ថែមទៀត​ដល់​កេរដំណែល​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ ដែល​អាហារូបករណ៍​របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​ជាង ២០០០ កន្លែង​ត្រូវ​បាន​ផ្តល់ជូន​សិស្សនិស្សិត​កម្ពុជា​ឱ្យបាន​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ គិត​ចាប់​តាំងពី​ឆ្នាំ​ ២០០៥ ដល់ ២០១៩​។

ប្រព័ន្ធ​អប់រំ​ដ៏រឹងមាំ

នៅក្នុង​បទសម្ភាស​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ដែលជា​កម្លាំង​ចលករ​មួយ​ដ៏សំខាន់​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ ២ ដើម្បី​កសាង​ធនធាន​មនុស្ស​នៅ​កម្ពុជា​។ សារៈសំខាន់​នៃ​ប្រព័ន្ធ​អប់រំ​ល្អ​សម្រាប់​កំណើន និង​ការអភិវឌ្ឍ​ត្រូវបាន​ផ្តោតជាសំខាន់​។

«​ខ្ញុំ​ជឿជាក់​ថា ការអប់រំ​ពិតជា​មាន​សារៈសំខាន់​ណាស់​។ បើ​គ្មាន​ប្រព័ន្ធ​អប់រំ​ដ៏រឹងមាំ​ទេនោះ យើង​ក៏​នឹងមិន​អាច​កសាង​ប្រទេសជាតិ​ឱ្យ​រឹងមាំ​បានដែរ​»​។

«​សមិទ្ធផល​ដ៏អស្ចារ្យ​នៃ​អាណាចក្រ​ខ្មែរ​ចន្លោះ​ពី​សតវត្សរ៍​ទី​ ៩ និង​ទី​ ១៥ ត្រូវបាន​កសាងឡើង​នៅលើ​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​អប់រំ​ដ៏រឹងមាំ​ដែល​រដ្ឋបាល​សាធារណៈ កសិកម្ម ស្ថាបត្យកម្ម ជលវិទ្យា ភ័ស្តុភារ នគរូបនីយកម្ម និង​សិល្បៈ គឺជា​សក្ខីភាព​នៃ​អរិយធម៌​ដ៏រុងរឿង​ដែល​ត្រូវ​បាន​កសាង​ដោយ​ធនធានមនុស្ស​ដែលមាន​កម្រិត​ចំណេះវិជ្ជា​ខ្ពស់​»​។

ឯកឧត្ដម ហង់ជួន ណារ៉ុន មាន​ប្រសាសន៍​ថា​៖ «​ជម្លោះ និង​សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បាន​ធ្វើឱ្យ​ប្រព័ន្ធ​អប់រំ​ត្រូវបាន​គេ​បំភ្លេចចោល ឬ​ចាត់ទុកជា​អរិភាព ហើយ​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង​។ មេរៀន​ដែល​យើង​បាន​រៀនសូត្រ​ពី​ការសង្កេត​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ទាំងនេះ បាន​ប្រាប់​យើង​ថា ប្រព័ន្ធ​អប់រំ​នៃ​ប្រទេសមួយ​គឺ​មាន​សារៈសំខាន់​ណាស់ ក្នុងការ​កំណត់​ជោគជ័យ ឬ​បរាជ័យ​របស់​ប្រទេស​នោះ​»​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។ ហុង មិនា

ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​នៃ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​មាន​ជំនឿ​ចិត្ត​ថា ដើម្បីឱ្យ​ប្រទេសជាតិ​ធ្វើដំណើរ​ឆ្ពោះ​ទៅមុខ គឺ​ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់ និង​ផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​។

ហើយ​គន្លឹះ​ក្នុង​ការផ្លាស់ប្តូរ ឯកឧត្តម ហង់ជួន ណារ៉ុន សង្កត់ធ្ងន់​លើ​ការបណ្តុះបណ្តាល​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ពោលគឺ​មិន​ត្រឹមតែ​សម្រាប់​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​រៀបចំ​ជូន​ពួកគេ​នូវ​ជំនាញ​នៃ​ការគិត​វិភាគ និង​ជំនាញ​ដោះស្រាយ​បញ្ហា​ផងដែរ​។ ប្រការនេះ​នឹង​ជួយ​ពង្រឹង​ទាំង​ផ្នែក​សេវាសាធារណៈ និង​វិស័យ​ធុរកិច្ច​ឯកជន​នៅ​កម្ពុជា​នាពេល​អនាគត​។

លើស​ពី​នេះ​ទៀត ជាមួយ​នឹង​ការជំរុញ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​រក​ការត្រៀម​រៀបចំ​ប្រទេស​ជាតិ​សម្រាប់​ «​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤» គឺ​តម្រូវ​ឱ្យ​មាន​ការអភិវឌ្ឍ​ធនធាន​មនុស្ស ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ព័ត៌មាន​។

សម្រាប់​ឱកាស​ដែល​សិស្សនិស្សិត​កម្ពុជា​អាច​ទទួលបាន​អាហារូបករណ៍​ពី​ព្រះអង្គម្ចាស់ក្សត្រិយ៍ Maha Chakri Sirindhorn ឯកឧត្តម ហង់ជួន ណារ៉ុន បាន​មើលឃើញ​រួចហើយ​អំពី​ផលវិជ្ជមាន ដែល​មាន​នៅលើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​ថ្នាក់ជាតិ​។

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ «​កាលពី​អតីតកាល​មាន​សិស្ស​តែ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចូលរៀន​ពី​ថ្នាក់បឋមសិក្សា រហូត​ដល់​ថ្នាក់​អនុវិទ្យាល័យ និង​បានបញ្ចប់​ថ្នាក់​ទី​ ១២ ហើយ​មានតែ​ ១ ​ភាគរយ​ប៉ុណ្ណោះ​ដែល​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា និង​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា​ ឬ​សាកលវិទ្យាល័យ​»​។

ប៉ុន្តែ​បច្ចុប្បន្ន​ស្ថិតិ​បាន​បង្ហាញថា​មាន​សិស្ស​កាន់តែ​ច្រើន​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទី​ ១២ ហើយ​ចំនួន​និស្សិត​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​ស្ថាប័ន​ឧត្តមសិក្សា ឬ​សាកលវិទ្យាល័យ​បាន​កើនឡើង​ជា​លំដាប់​ជារួម​គឺ​កើនឡើង​ ១០ ​ភាគរយ​។

«​ជា​រៀងរាល់​ឆ្នាំ​អាហារូបករណ៍​របស់​ម្ចាស់ក្សត្រិយ៍​ជិត​ ២០០ ​កន្លែង​ត្រូវ​បាន​ផ្តល់ជូន​សិស្សនិស្សិត​កម្ពុជា​សម្រាប់​សិក្សា​នៅ​ប្រទេស​ថៃ​។ សិស្សនិស្សិត​ដែល​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​បាន​សម្លឹង​ឃើញ​ឱកាស​ទៅ​សិក្សា​នៅក្នុង​ប្រទេស​ថៃ គឺជា​តម្លៃបន្ថែម​ដែល​មាន​មុខជំនាញ​ជាច្រើន​សម្រាប់​ជ្រើសរើស និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក និង​ដើម្បី​ទទួលបាន​បទពិសោធ​ដ៏មាន​តម្លៃ​ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​អន្តរជាតិ​។

«​ខណៈ​អ្នក​ដែល​ទទួលបាន​អាហារូបករណ៍​ភាគច្រើន​គឺជា​សិស្ស-និស្សិត​ឆ្នើម​មកពី​ព្រះរាជាណាចក្រ​កម្ពុជា​។ ពួកគេ​ភាគច្រើន​បានបញ្ចប់​ការសិក្សា និង​ទទួលបាន​ចំណាត់ថ្នាក់​កំពូល ហើយ​មួយចំនួន​ទៀត​ទទួល​បាន​មេដាយមាស​ពី​ស្ថាប័ន​ឧត្តមសិក្សា​នៅ​ប្រទេស​ថៃ​ថែម​ទៀតផង​»​។

នៅពេល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ ពួកគេ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដោយ​មិន​ត្រឹមតែ​ទទួល​បាន​សញ្ញាបត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​បទពិសោធ​សំខាន់ៗ ដែល​រួមចំណែក​ជួយ​ដល់​ក្រុមហ៊ុន​នានា និង​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ថែម​ទៀតផង​»​។

ក្នុងនាម​ជា​អ្នកទទួល​បាន​កិត្តិយស​ និង​បានបញ្ចប់​ការសិក្សា​ពី​ស្ថាប័ន​ឧត្តមសិក្សា រួមទាំង​សាកលវិទ្យាល័យ​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ថៃ ឯកឧត្តម ហង់ជួន ណារ៉ុន បាន​ឱ្យ​ដឹងថា​នេះ​គឺជា​គុណ​តម្លៃបន្ថែម​នៃ​ការសិក្សា​នៅ​បរទេស​។

តាមរយៈ​ការចែករំលែក​បទពិសោធ​របស់​ឯកឧត្តម ខណៈ​បាន​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Chulalongkorn University ឯកឧត្តម​បាន​លើកឡើង​ថា​៖ «​មុន​ពេលដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ឆ្នាំ​ ២០១៣ ខ្ញុំ​គឺជា​សេដ្ឋវិទូ​ ១ ​រូប​ដែល​កាន់​មុខតំណែង​ជា​មន្ត្រីជាន់ខ្ពស់​ និង​មុខតំណែង​សំខាន់ៗ​ជាច្រើន​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អស់​រយៈពេល​ ១៥ ​ឆ្នាំ​»​។

«​ប្រវត្តិ​ការងារ​របស់ខ្ញុំ កើត​ចេញ​ពី​ជំនាញ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ទាំង​ក្នុង​កម្រិត​បច្ចេកទេស និង​វិជ្ជាជីវៈ ប៉ុន្តែ​ខ្ញុំ​បាន​ប្តូរ​ផ្នត់គំនិត​របស់ខ្ញុំ ហើយ​ផ្តោតលើ​ការរៀនសូត្រ​អំពី​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍ និង​បង្កើត​គោលនយោបាយ​ធ្វើ​កំណែទម្រង់​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ជំរុញ​ប្រទេស​ជាតិ​យើង​ឱ្យ​ឆ្ពោះទៅមុខ​»​។

«​ដូច្នេះ​ក្នុង​ឆ្នាំ​ ២០១៦ បន្ទាប់ពី​ខ្ញុំ​បាន​សិក្សា​អស់​រយៈពេល​ ៣ ​ឆ្នាំ ដើម្បី​ពិនិត្យ​ឡើងវិញ​យ៉ាង​ទូលំទូលាយ​នៃ​ប្រព័ន្ធ​អប់រំ​ជាតិ ខ្ញុំ​បាន​សម្រេច​ចិត្ត​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Chulalongkorn University ដើម្បី​ជួយ​ខ្ញុំ​ឱ្យ​មាន​ជំនាញ ចំណេះដឹង និង​បទពិសោធ​កាន់តែ​ប្រសើរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការគ្រប់គ្រង​មុខតំណែង​អប់រំ​ថ្នាក់ជាតិ​»​។

«​ទោះជា​យ៉ាងណា​ដោយសារ​តែ​ការប្តេជ្ញាចិត្ត​ចំពោះ​ការបំពេញ​ការងារ ខ្ញុំ​បាន​ស្នើសុំ​សាកលវិទ្យាល័យ​ឱ្យ​អនុញ្ញាត​ឱ្យ​ខ្ញុំ​សិក្សា​ដោយ​មិនចាំបាច់​ចូលរៀន​នៅក្នុង​សាលា​ដោយផ្ទាល់ ហើយ​សាលា​ក៏​យល់ព្រម​។ ពេលនោះ​ធ្វើឱ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ដំបូង​គេ ដែល​បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​នេះ​តាមរយៈ​ការសិក្សា​ពី​ចម្ងាយ​»​។

«​អ្វី​ដែល​ធ្វើឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នៅពេល​សិក្សា​ថ្នាក់បណ្ឌិត​របស់​ខ្ញុំ គឺ​ការស្វាគមន៍​ដ៏កក់ក្តៅ និង​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សាស្ត្រាចារ្យ និង​បុគ្គលិក​ខាង​វិស័យ​អប់រំ​នៃ​សាកលវិទ្យាល័យ Chulalongkorn University ដែល​ពោរពេញ​ដោយ​សមត្ថភាព ជា​សាកលវិទ្យាល័យ​ដែលមាន​សាស្ត្រាចារ្យ​ល្បីៗ និង​បានផ្តល់​សៀវភៅ ឯកសារ​ផ្សេងៗ​។

ពេលខ្លះ​ពួកគេ​បាន​មកជួប​ខ្ញុំ​ដើម្បី​ផ្តល់យោបល់​សម្រាប់​ការសិក្សា រួមទាំង​ពួកគាត់​បាន​មក​បំពេញ​បេសសកម្ម​បង្រៀន​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​ឧត្តមសិក្សា​នៅ​កម្ពុជា​។ ទាំងនេះ​បានធ្វើឱ្យ​ខ្ញុំ​រៀបចំខ្លួន​សម្រាប់​ការប្រឡង រៀបចំ​ផែនការ សរសេរ​និក្ខេបបទ និង​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ និង​ប្រកប​ដោយ​កិត្តិយស​បំផុត​»​។

«​ក្នុងអំឡុងពេល​សិក្សា ខ្ញុំ​ក៏ត្រូវ​បាន​ជំ​រុញឱ្យ​ចាប់ផ្តើម​គម្រោង​សាកល្បង​មួយ​នៅ​កម្ពុជា ដើម្បី​បង្កើត​សាលា​ថ្មី​មួយ​សម្រាប់​ពេលអនាគត សាលារៀន​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​ទំនើប ដើម្បី​បណ្តុះបណ្តាល សិស្សានុសិស្ស នូវ​ចំណេះដឹង​សំខាន់ៗ ជំនាញ និង​ការប្តេជ្ញាចិត្ត​ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ និង​សកលលោក​»​។

រថយន្ត​សង្គ្រោះបន្ទាន់​ជា​ជំនួយ​របស់​ថៃ​ត្រូវ​បាន​ផ្តល់ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ​។

លើកកម្ពស់​សុខ​សុវត្ថិភាព​សម្រាប់​ប្រជាជន

ខណៈ​វិស័យ​អប់រំ​គឺជា​សមាសធាតុ​ដ៏សំខាន់​ក្នុង​ការកសាង​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ការរីកចម្រើន​ដ៏រឹងមាំ និង​ប្រកប​ដោយ​ចីរភាព វា​ក៏មាន​សារៈសំខាន់​ដូចគ្នា​ក្នុង​ការដោះស្រាយ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​សម្រាប់​អ្នក​ដែល​នៅតែ​រង​ផលប៉ះពាល់​ដោយ​បញ្ហា​សុខភាព និង​សុវត្ថិភាព​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ ដូច្នេះ​រដ្ឋាភិបាល​ថៃ​បានកំណត់​សុខ​សុវត្ថិភាព​របស់​ប្រជាជន​គឺជា​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​ការចូលរួម និង​យកចិត្តទុកដាក់ ដែល​នឹង​លើកកម្ពស់​សុខសុវត្ថិភាព​ប្រជាជន និង​រួមចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​។

សម្រាប់​រាជរដ្ឋាភិបាល​ថៃ ការការពារ​ប្រជាជន​ពី​ភាពងាយ​រងគ្រោះ​ផ្នែក​សុខភាព និង​សុវត្ថិភាព​នៅ​ប្រទេស​ជិតខាង​នឹង​ជួយ​ជំរុញ​ដល់​ការរីកចម្រើន និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​នៃ​ប្រទេស​ទាំងពីរ​។ ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ​មាន​គម្រោង​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​ជំនួយ​បច្ចេកទេស ជំនួយ​សម្ភារ និង​ជំនួយ​ហិរញ្ញវត្ថុ​ជាដើម​។

ទាក់ទង​នឹង​បញ្ហា​សុខភាព ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ចំនួន​ ២ ​គឺ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តកោះកុង​ត្រូវ​បាន​ជ្រើសរើស​ឱ្យចូល​រួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​ « Sister Hospital Cooperation Development Project» ជាមួយ​ខេត្ត​របស់​ថៃ​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​។

គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​កែលម្អ​មណ្ឌល​សុខភាព ហើយ​ទន្ទឹមគ្នា​នេះដែរ ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​មន្ទីរពេទ្យ​បង្អែក​រវាង​សេវាកម្ម​វេជ្ជសាស្ត្រ​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​កម្ពុជា និង​មន្ទីរពេទ្យ​ថៃ​ដែល​នៅតាម​ព្រំដែន​។

ជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​សុខាភិបាល​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​បាន​កែលម្អ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​បញ្ជូនបន្ត​អ្នកជំងឺ​ឆ្លងដែន​រវាង​មន្ទីរពេទ្យ​ថៃ​ និង​មន្ទីរពេទ្យ​កម្ពុជា​។

នៅក្រោម​គម្រោង​នេះ រដ្ឋាភិបាល​ថៃ​បានផ្តល់​ជំនួយ​បច្ចេកទេស និង​បានផ្តល់​សម្ភារ និង​បរិក្ខារ​វេជ្ជសាស្ត្រ​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាយមានជ័យ និង​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។ ដោយ​ទទួលបាន​ភាពជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម​ដំបូង​នេះ ទើប​មាន​ផែនការ​ពង្រីក​គម្រោង​អភិវឌ្ឍន៍ «Sister Hospital Cooperation Development Project» បន្តទៅ​កាន់​ខេត្ត​ជាប់​ព្រំដែន​ផ្សេងទៀត​ដូចជា​ខេត្ត​បាត់ដំបង និង​ខេត្ត​ឧត្តរមានជ័យ​ផងដែរ​។

ដោយបាន​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ​អស់​រយៈពេល​ ៣ ​ទសវត្សរ៍​ដែល​បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណល់​ជាតិ​ផ្ទុះ​បន្សល់​ពី​សង្គ្រាម (ERW) វា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អាយុជីវិត​របស់​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ដែលមាន​សំណល់​ទាំងនោះ​។ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​បង្ក​ការគំរាមកំហែង​ដល់​សុវត្ថិភាព​របស់​ប្រជាជន និង​រារាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។

ដោយមាន​ភាពទទួលខុស​ត្រូវ​ក្នុង​តួនាទី​សំខាន់​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​តំបន់​អាស៊ាន (ARMAC) ​ក្នុង​ការលើកកម្ពស់​ការយល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​កិច្ចខិតខំ​ប្រឹងប្រែង​ចូលរួម​កាត់បន្ថយ ដូចជា​ការផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ ការស្រាវជ្រាវ និង​ការបោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយ​រដ្ឋាភិបាល​ថៃ​បាន​បរិច្ចាគ​ប្រចាំឆ្នាំ​ចំនួន​ ១ ​ម៉ឺន​ដុល្លារ​ដល់ ARMAC គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៩​។

ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នាពេល​អនាគត

ទោះបី​វិធានការ​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ធនធានមនុស្ស និង​គំនិត​ផ្តួចផ្តើម​សុខសុវត្ថិភាព​រវាង​ប្រទេស​ថៃ​ និង​កម្ពុជា​មិនទាន់​បាន​ដោះស្រាយ​ទាំងស្រុង​ក៏ដោយ ប៉ុន្តែ​ផលវិជ្ជមាន​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ទាំងពីរ​នឹង​សម្រេចបាន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។

ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ការអប់រំ​នៅក្នុង​ប្រទេស​ថៃ​រួមជាមួយ​មិត្តភក្តិ​របស់​ពួកគេ និង​ការរាប់អាន​នៃ​ប្រជាជន​ទាំងពីរ​នឹង​ធ្វើឱ្យ​ពួកគេ​មាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ភាពសម្បូរបែប និង​ភាពស្រដៀង​គ្នា​រវាង​ប្រជាជាតិ​ទាំងពីរ​។ ទាំងនេះ​នឹង​បង្កើត​ឱ្យ​មាន​ភាពជឿ​ទុកចិត្ត​គ្នា និង​ជា​ស្ពាន​ដើម្បី​តភ្ជាប់​ដែល​មិនមាន​អ្វី​អាច​បង្អាក់​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ជិតខាង​ទាំងពីរ ដើម្បី​ភាពរីកចម្រើន​ជាមួយ​គ្នា​បាន​នោះទេ​។

ការអនុវត្ត​វិធានការ​សុខ​សុវត្ថិភាព​សម្រាប់​ប្រជាជន​ដែល​ជា​ការចូលរួម​ចំណែក​របស់​ប្រទេស​ថៃ​ដល់​កម្ពុជា​ខាង​ផ្នែក​សុខភាព និង​សុវត្ថិភាព ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​បាន​រំពឹងថា​នឹង​ផ្លាស់ប្តូរ​ជីវិត​រស់នៅ​របស់​ប្រជាជន​ជាមួយ​គ្នា​នេះដែរ ក៏​បង្កើន​ភាពជឿ​ទុកចិត្ត​គ្នា​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក និង​កិច្ចសហប្រតិបត្តិការ​ដែល​នាំឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ និង​រស់នៅ​ក្បែរ​គ្នា​ប្រកប​ដោយ​សេចក្តី​សុខដុមរមនា​៕