
ប្រជាពលរដ្ឋ ពាក់ម៉ាស់ពេលធ្វើដំណើរតាមផ្លូវនៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ ហ៊ាន រង្សី
ភ្នំពេញៈ ការពាក់ម៉ាស់នៅតាមទីសាធារណៈមានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសឱ្យប្រើនូវអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ដែលត្រូវផាកពិន័យ និងផ្តន្ទាទោសដល់បុគ្គលណាដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១២ ខែមីនា បានចេញអនុក្រឹត្យថ្មីស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលមាន ៩ ជំពូក និង ៣៩ មាត្រាព្រមទាំងបាននិរាករណ៍អនុក្រឹត្យចាស់។
អនុក្រឹត្យនេះបានគូសបញ្ជាក់ថា បុគ្គលពាក់ព័ន្ធនឹងអ្នកមានផ្ទុកកូវីដ ១៩ ហើយមិនសហការជាមួយមន្ត្រីសុខាភិបាលក្នុងការយកសំណាកនឹងត្រូវផាកពិន័យពី ១ លាន ទៅ ៥ លានរៀល និងបុគ្គលមិនព្រមពាក់ម៉ាស់តាមការព្រមានលើកទី១ នឹងត្រូវផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល។
ពាក់ព័ន្ធនឹងវិធានការរបស់ក្រសួងសុខាភិបាលនេះ កញ្ញា សុភ័ក្រ លៀប ដែលប្រកបរបរលក់កាហ្វេក្នុងបុរីជីបម៉ុង ២៧១ បានគាំទ្រអនុក្រឹត្យនេះដោយចាត់ទុកថា ជាផ្នែកមួយជួយទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ខណៈពលរដ្ឋខ្លះនៅប្រហែសចំពោះការពាក់ម៉ាស់។
កញ្ញាថា៖ «ខ្ញុំគាំទ្រ បើនិយាយទៅ (អនុក្រឹត្យ) នេះ វាជួយទប់ស្កាត់បានច្រើនមើលទៅពេលខ្លះបងប្អូនមួយចំនួនគាត់ធ្វេសប្រហែសជាមួយពាក់ម៉ាស់ដល់ពេលមានការផាកពិន័យ អ៊ីចឹងល្អ»។ កញ្ញាបន្តថា រូបគាត់ផ្ទាល់បានចាប់ផ្តើមពាក់ម៉ាស់តាំងពីផ្ទុះជំងឺកូវីដ ១៩ ដំបូងមកម្ល៉េះដោយក្នុង ១ ថ្ងៃ ប្តូរម៉ាស់ចំនួន ៣ ជាមធ្យម។ «ប្តូរម៉ាស់នេះ ដោយសារបារម្ភសុវត្ថិភាពខ្លួនឯងផ្ទាល់ និងអ្នកជុំវិញខ្លួនដោយសារជំងឺកូវីដមើលអត់ឃើញដែរ»។
កញ្ញាឱ្យដឹងដែរថា ក្នុងអំឡុងពេលកូវីដ ហាងរបស់ខ្លួនក៏បានបំពាក់ម៉ាស៊ីនវាស់កម្តៅ ទឹកអាល់កុលលាងដៃព្រមទាំងរក្សាគម្លាតដោយដាក់កៅអីរង់ចាំ (មិនតម្រូវឱ្យភ្ញៀវអង្គុយនៅហាង) និងនៅចម្ងាយ ១ ម៉ែត្រកន្លះពីគ្នា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ ១៩។
ស្រដៀងគ្នានេះដែរ អ្នកស្រី សុខ អ៊ាង ជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនមួយនៅភ្នំពេញបានថ្លែងថា អ្នកស្រីពាក់ម៉ាស់តាំងពីអំឡុងមានកូវីដ ១៩ ដំបូងមកម្ល៉េះ។ ពាក់ព័ន្ធនឹងអនុក្រឹត្យដែលបានចែងពីការផាកពិន័យ និងដាក់ទោសទណ្ឌវិញ អ្នកស្រីបានថ្លែងថា៖ «អត់ខ្លាចពិន័យទេគឺខ្លាចកូវីដតែម្តងច្បាប់ដាក់ពិន័យទៅមកពីយើងអត់ចេះការពារខ្លួន ព្រោះអីជំងឺនេះយើងមើលអត់ឃើញទាំងអស់គ្នា»។
ជាមួយគ្នានេះដែរ ពលរដ្ឋអ្នកលក់ទឹកអំពៅនៅតាមផ្លូវ ៦០ ម៉ែត្រម្នាក់ លោក ថារី អាយុ ៣៣ ឆ្នាំបានថ្លែងថា បើទោះលោកគ្មានទូរស័ព្ទស្មាតហ្វូនតាមដានព័ត៌មានក្តី ប៉ុន្តែលោកទទួលបានព័ត៌មានពីការផាកពិន័យតាមរយៈមិត្តភក្ដិ និងការនិយាយតៗគ្នា។
លោកថា៖ «រាល់ដងខ្ញុំពាក់ម៉ាស់ដែរ តែមិនសូវពាក់ជាប់លាប់ទេតែក្រោយច្បាប់គេចេញមក ឥឡូវពាក់ម៉ាស់ជាប់ហើយខ្លាចគេផាកពិន័យដែរ ណាមួយគិតពីសុវត្ថិភាពខ្ញុំផង»។
ក្នុងនាមជាពលរដ្ឋ ១ រូប សូមអំពាវនាវដល់ពលរដ្ឋចូលរួមពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩។
ចំណែកពលរដ្ឋម្នាក់ទៀតលោក វ៉ាន់ ស្រេង ហៅ តាប់ អាយុ ៥២ ឆ្នាំ ដែលបានពាក់ម៉ាស់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកតែងតែពាក់ម៉ាស់ជាប្រចាំ ជាពិសេសនៅតាមទីប្រជុំជនដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ប៉ុន្តែលោកថា ការផាកពិន័យដូចជាធ្ងន់ធ្ងរខ្លាំងពេក។
លោកថា៖ «ការពាក់ម៉ាស់ល្អហើយព្រោះកូវីដល្បីទូទាំងប្រទេសហើយ ប៉ុន្តែរឿងមួយទៀតដែលថា ក្រសួង ឬក៏រដ្ឋាភិបាលចេញច្បាប់ផាកពិន័យច្រើនពេកខ្ញុំទទួលយកអត់បានទេ ព្រោះតម្លៃខ្ពស់ សូមក្រសួង និងរដ្ឋាភិបាលមាននីតិវិធីយ៉ាងណាដើម្បីឱ្យតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋណាដែលភ្លេចពាក់ម៉ាស់អត់បានគោរពច្បាប់ក្នុងការពាក់ម៉ាស់...ផាកពិន័យ ២០ ម៉ឺន ទៅ ១ លានរៀលច្រើនណាស់សម្រាប់ខ្ញុំព្រោះខ្ញុំរក ១ ថ្ងៃ ចាយ ១ ថ្ងៃ អ៊ីចឹងអត់មានសល់លុយទេ តែកាលណាចៃដន្យមួយខ្ញុំភ្លេចពាក់ម៉ាស់ ឬទៅទិញម៉ាស់អត់ទាន់ ស្រាប់គេក្រសួងមានផែនការភ្លាមហើយចាប់ខ្ញុំមានលុយណាឱ្យ»។
តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី១។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១ លាន ទៅ ៥ លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១។
ចំណែកគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្មដែលមិនអនុវត្តតាមការណែនាំអំពីការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពនឹងត្រូវផាកពិន័យពី ២ លាន ទៅ ១០ លានរៀល ក្នុងករណីដែលមិនស្ដាប់ការណែនាំ ឬការព្រមានរបស់អាជ្ញាធរមានសមត្ថកិច្ច។ នេះបើយោងតាមមាត្រា ២០ នៃអនុក្រឹត្យ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មួយរយៈចុងក្រោយនេះឃើញមានការចូលរួមសហការច្រើនទាក់ទងការពាក់ម៉ាស់នៅតាមទីសាធារណៈ។
លោកថា៖ «ដូចក្រសួងសុខាភិបាលប្រកាស អ៊ីចឹងនៅពេលមានការចូលរួមទាំងអស់គ្នាវាអាចជួយទប់ស្កាត់ករណីរីករាលដាលជំងឺកូវីដបានលឿន និងដូចសម្តេច (ហ៊ុន សែន) គាត់បានប្រកាសអ៊ីចឹង ៣ កុំ ៣ ការពារ នៅពេលអនុវត្តបានល្អ នឹងធ្វើឱ្យយើងគ្រប់គ្រងស្ថានការណ៍បាន»។
ទោះជាយ៉ាងណា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្លាប់ក្រើនរំឭកថា ការពាក់ម៉ាស់តែ ១ មុខមិនទាន់មានប្រសិទ្ធភាព ១០០ ភាគរយទេ ពោលគឺត្រូវលាងដៃ និងប្រកាន់ខ្ជាប់អនាម័យជានិច្ច។
លោកស្រីថា៖ «ការពាក់ម៉ាស់នេះគឺការពារបានតែច្រមុះ ហើយ និងមាត់ទេ ដោយឡែកភ្នែកហើយត្រចៀកយើងអត់មានអីគ្របបានទេ អ៊ីចឹងហើយសំខាន់គឺត្រូវការលាងដៃ ដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋថា ការលាងដៃសម្អាតខ្លួននេះគឺសំខាន់ណាស់»៕
វីដេអូ៖