ភ្នំពេញៈ ក្រសួង​ការងារ​ប្រកាស​យក​ថ្ងៃ​សុក្រ​នេះ​ជា​ថ្ងៃ​ពិភាក្សា​សម្រេច​ចុង​ក្រោយ​ពី​ការកំណត់​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​របស់​ភាគី​នីមួយៗ​ដែល​អាច​ឈាន​ដល់​ការបោះឆ្នោត​សម្រេច បើ​គ្មាន​តួលេខ​ស្រប​គ្នា ខណៈ​ដែល​អ្នកនាំពាក្យ​ក្រសួង​នេះ​អះអាង​ថា រដ្ឋមន្ត្រីក្រសួង​ការងារ​នឹង​ពិចារណា​ចេញ​ប្រកាស​ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ខាងមុខ ក្រោយពី​ទទួល​បាន​លទ្ធផល​នៃ​ការបោះឆ្នោត​។

ការសម្រេច​បែប​នេះ​បន្ទាប់ពី​ភាគី​ទាំង​ ៣ មាន​តំណាង​កម្មករនិយោជិត តំណាង​និយោជក និង​តំណាង​ក្រសួង​ការងារ ជា​សមាសភាព​ក្នុង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ធ្វើការ​ជួបប្រជុំ​ពិភាក្សា​ចំនួន​ ៥ ​ថ្ងៃ ឬ​ស្មើនឹង ១៨ ​លើក​រួច​មក​ហើយ​ចាប់​តាំងពី​ចុង​ខែ​សីហា​។

សម្រាប់​លទ្ធផល​ប្រជុំ​ចុងក្រោយ​ត្រូវ​បាន​ក្រសួង​ប្រកាស​ថា តួលេខ​នីមួយៗ​នៅ​មាន​គម្លាត​ឆ្ងាយ ទោះបី​ជា​បាន​ប្រជុំពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង លក្ខណៈ​ទ្វេភាគី និង​ជា​លក្ខណៈ​ត្រីភាគី​ជាច្រើន​លើក​ក៏ដោយ​។ ជំហរ​ចុងក្រោយ​ភាគី​និយោជក​កំណត់​យក​តួលេខ​ ១៨៦ ​ដុល្លារ រីឯ​ជំហរ​របស់​ភាគី​សហជីព​ ១៩៥ ​ដុល្លារ ខណៈ​តួលេខ​របស់​ក្រសួង​ ១៨៧ ដុល្លារ​ដែល​តួលេខ​ផ្អែក​លើ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា នៅពេល​ភាគី​នីមួយៗ​ប្រជុំ​ជាច្រើន​លើក និង​បានបញ្ជាក់​នូវ​គោលជំហរ​ចុងក្រោយ​របស់​ខ្លួន​ក៏ដោយ ប៉ុន្តែ​បើ​គោលជំហរ​ចុងក្រោយ​នៃ​ភាគី​នីមួយៗ​ខុសគ្នា​នឹង​ត្រូវ​លើក​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​ផ្សេង​ទៀត ដើម្បី​ឲ្យ​មាន​ការបោះឆ្នោត ឬ​មួយ​ក៏​ពិភាក្សា​ជា​ចុងក្រោយ​ម្តងទៀត​។

លោក​បន្ថែមថា តាម​ការគ្រោងទុក តួលេខ​ចុងក្រោយ​របស់​ភាគី​នីមួយៗ​នេះ​នឹង​ត្រូវ​យកមក​សម្របសម្រួល​ក្រោម​អធិបតី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក​អ៊ិត សំហេង ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ថ្ងៃទី​ ២០ ​នេះ​។ បើសិន​ជា​មិនមាន​ការឯកភាព​គ្នា​លើ​តួលេខ​ណាមួយ​ទេ​នឹង​ចាប់ផ្តើម​ដំណើរការ​បោះឆ្នោត​លើ​តួលេខ​ទាំង​ ៣ ​តែម្តង បន្ទាប់មក​នឹង​យក​លទ្ធផល​បោះឆ្នោត​នេះ​ដាក់ឱ្យ​លោក​អ៊ិត សំហេង សម្រេច​។

លោក​បញ្ជាក់ថា​៖ «​យោង​ទៅ​លើ​នីតិវិធី​ដែល​បាន​ឯកភាពគ្នា និង​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ប្រសិន​ជា​នៅ​ថ្ងៃទី​ ២០ នៅតែ​មិន​មាន​ការឯកភាព​គ្នា នោះ​គឺ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ធ្វើ​ការបោះឆ្នោត​លើ​តួលេខ​ទាំងនោះ​។ តួលេខ​ដែល​ទទួល​បាន​សំឡេង​ច្រើន​នឹង​ក្លាយ​ជា​តួលេខ​ផ្លូវការ​សម្រាប់​ផ្តល់​ជា​អនុសាសន៍​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពិចារណា និង​សម្រេច​ចេញប្រកាស​ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២០»​។

ក្រៅពី​តួលេខ​ទាំង​ ៣ ​មាន​លក្ខណៈ​ខុសគ្នា​ភាគី​ខាង​សហជីព​ក៏​បាន​លើក​សំណើ​ជាច្រើន​ចំណុច​ឲ្យ​ក្រសួង​ពិចារណា​សម្រាប់​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​កម្មករ​ផង​ដែរ​។ សំណើ​មាន​ដូចជា​ការផ្តល់​អាហារ​ថ្ងៃត្រង់ ឬ​ប្រាក់​ថ្លៃ​អាហារ​ ១ ​ដុល្លារ ការផ្តល់​ជា​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ប្រកប​ដោយ​សុវត្ថិភាព​ជា​បន្ទុក​របស់​និយោជក​។ សុំ​រក្សា​ថ្ងៃ​ឈប់​សម្រាក​មួយ​ចំនួន​មក​វិញ និង​ការពង្រីក​វិសាលភាព​ប្រាក់​ឈ្នួល​អប្បបរមា​លើ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​ទេសចរណ៍ សេវាកម្ម និង​សំណង់​ជាដើម​។

អ្នកស្រី​ យ៉ាង សាមាន វ័យ​ ២៨ ​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​ប្រមាណ​​​ ១៣ ​ឆ្នាំ​មកហើយ​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើ​ឆ្នាំ​ ២០២០ ប្រាក់ខែ​អប្បបរមា​នេះ​អាច​ឡើង​ត្រឹម​ ៥ ទៅ​ ៦ ​ដុល្លារ​តាម​តួលេខ​របស់​ក្រសួង​ការងារ និង​និយោជក​មែន​នោះ វា​មិន​អាច​ឲ្យ​កម្មករ​ដូច​អ្នកស្រី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការដំឡើង​នេះ​ទេ​។

ការអះអាង​ដូច្នេះ​ដោយ​អ្នកស្រី​សំអាង​ថា​គ្រាន់តែ​អំឡុង​ពេល​ចរចា​ប្រាក់​ឈ្នួល​ដែល​កម្មករ​មិនទាន់​ទាំង​ទទួល​បាន​ផង​តាម​បណ្តា​ផ្ទះជួល​របស់​កម្មករ ចាប់ផ្តើម​ដំឡើង​ថ្លៃ​បន្ទប់​ចន្លោះ​ពី ៥ ទៅ​ ១០ ​ដុល្លារ​បាត់​ទៅ​ហើយ​ដែល​ធ្វើឲ្យ​កម្មករ​នៅ​តែ​បន្ត​ខ្វះខាត​។

អ្នកស្រី​អះអាង​ថា​ ជាទូទៅ​កម្មករ​រោងចក្រ​ម្នាក់ៗ ក៏ដូចជា​អ្នកស្រី​ផ្ទាល់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំខែ​របស់​ខ្លួន​ក្នុង​ ១ ​ខែៗ ចន្លោះ​ពី​ ១៨២ ដុល្លារ ទៅ ២៥០ ដុល្លារ​បូករួម​ទាំង​ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​បន្ថែម​ម៉ោង​ផ្សេងៗ​។ បើ​ផាត់​ការចំណាយ​ប្រចាំថ្ងៃ​ទៅ​អាច​ឲ្យ​កម្មករ​សល់​ប្រមាណ​ ៥០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ​សម្រាប់​ទុក​បង្ការ​ពេល​មាន​ជំងឺ​ ឬ​ផ្ញើ​ទៅ​ផ្ទះ ខណៈ​កម្មករ​មួយ​ចំនួន​ស្ទើរតែ​មិន​សល់​ផង​។

ស្ត្រី​រូបនេះ​បន្តថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្តេច​តេជោ​ [​ហ៊ុន សែន​] ​និង​កិត្តិព្រឹទ្ធ​បណ្ឌិត​ [​ប៊ុន រ៉ានី​] ​ខ្ញុំ​សង្ឃឹមថា ពួកគាត់​នឹង​មើលឃើញ​ពី​ទុក្ខលំបាក​របស់​កម្មករ​យើង​ទាំងអស់​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​។ ព្រោះ​អី​រាល់ថ្ងៃ​ប្រាក់ខែ​កម្មករ​ទាំងអស់​មិន​ទាន់​មាន​ [​ភាព​] ​សមរម្យ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ពិនិត្យមើល​ឡើងវិញ​រាល់​រោងចក្រ​ទាំងអស់​ដែល​កំពុង​អនុវត្ត​ច្បាប់​ទាំងឡាយ ហើយ​ការទាមទារ​ ១៩៥ ​ដុល្លារ​ហ្នឹង បើ​ចុះ​ ១ ដុល្លារ ២ ដុល្លារ​អី​ទៀត​បាន​ហើយ​»​។

លោក ណាង សុធី អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​ប្រាប់​ថា​៖ «​ពី​លទ្ធផល​ដែល​យើង​យោង​ខាងលើ នឹង​ឈាន​ទៅ​ដល់​ការបោះឆ្នោត​ហើយ​។ យល់​ហើយ​តួលេខ​រដ្ឋាភិបាល ១៨៧ ​ដុល្លារ និយោជក​ ១៨៦ ដូច្នេះ​សំឡេង ៣៣ ​ភាគរយ​ពី​ ២ ​ភាគី​គឺថា​ប្រហែល​ជា​សហជីព​មិនអាច​សម្រេច​តាមចិត្ត​គាត់​ចង់បាន​នោះទេ​។ គឺ​ចង់ ឬ​មិន​ចង់​គឺ​តួលេខ​នេះ​ប្រហែល​ជា ១៨៧ ​ដុល្លារ​»​។

លោក​ ទុន សុភ័ណ អ្នក​សម្របសម្រួល​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​ប្រចាំ​កម្ពុជា និយាយ​ថា​វា​មិន​ខុស​ទេ​ចំពោះ​តួលេខ​ដែល​ក្រសួង​ដាក់ចេញ​នេះ ព្រោះ​ថា​បើ​អត្រា​កំណើន​ ៤ ​ភាគរយ​ដែល​បាន​គណនា​តាម​លក្ខណៈ​បច្ចេកទេស កម្មករ​អាច​ទទួល​បាន​ប្រមាណ​ជាង​ ៧ ​ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​ឆ្នាំមុន​ពី​លើ​ ១៨២ ​ដុល្លារ​។

លោក​ថា​៖ «​យើង​ឃើញ​តួលេខ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ឡើង​គំហុក​មែនទែន អ៊ីចឹង​វា​អាច​ទប់ទល់​នឹង​ការដំឡើង​ថ្លៃទំនិញ​ដែល​អាចជួយ​ (​កម្មករ​) ​ខ្លះ​បាន​។ ទាក់ទង​ទៅ​នឹង​ការជួល​ផ្ទះជួល​អី បើ​រដ្ឋាភិបាល​នៅ​បន្ត​ (​អន្តរាគមន៍​) ​ខ្ញុំ​គិត​ថា​ប្រាក់​ឈ្នួល​ដែល​កម្មករ​បាន​ពិតប្រាកដ​គឺ​ប្រាក់​ដែល​កើន​ពិតប្រាកដ​មាន​ន័យ​ថា បើ​ឡើង​មែន ប៉ុន្តែ​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក​ភ្លើង​នៅតែ​កើន​មិន​បាន​ដល់​កម្មករ​ទេ​»៕