ភ្នំពេញៈ ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានបង្ហាញ​លទ្ធផល​បាន​ពី​ការព្យាករ​អាកាសធាតុ​របស់ខ្លួន​ដោយ​ផ្នែក​លើ​បាតុភូត​ ENSO ​ថា អាកាសធាតុ​នៅ​កម្ពុជា​នា​រដូវប្រាំង និង​ដើមរដូវវស្សា​ក្នុង​ឆ្នាំ​ ២០២០ នេះ​​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ដែល​បាតុភូត​នេះ​នឹង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​អំណោយផល​ជាង​ឆ្នាំមុន​។

កាលពី​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំនេះ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ស្ដីពី​ «​ការព្យាករ​អាកាសធាតុ​លើក​ទី​ ១ ​សម្រាប់​រដូវប្រាំង និង​ដើមរដូវវស្សា​ឆ្នាំ​ ២០២០» ដោយបាន​បង្ហាញថា បាតុភូត ENSO ដែល​ជា​បាតុភូត​មួយ​ស្ថិតនៅ​ចន្លោះ​បាតុភូត El Nino និង​ La Nina និង​ដែល​ឥទ្ធិពល​របស់​វា​ធ្វើឲ្យ​មានការ​ផ្លាស់ប្តូរ​​សីតុណ្ហភាព​នៃ​ទឹក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​កណ្តាល និង​ខាងកើត​បាន​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា​ ៦០ ​ភាគរយ​ ខណៈ​ ៤០ ​ភាគរយ​ទៀត​ជា​បាតុភូត El Nino និង La Nina ។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​ពិនិត្យ​លើ​ឥទ្ធិពល​នៃ​បាតុភូត​ទាំង​ ៣ ​ខាងលើ​ឃើញថា ស្ថានភាព​អាកាសធាតុ​សម្រាប់​រដូវប្រាំង និង​ដើមរដូវវស្សា​ឆ្នាំ​ ២០២០ ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​រដូវប្រាំង និង​ដើមរដូវវស្សា​ឆ្នាំ​ ២០១៩ កន្លងទៅ​»​។

រដូវប្រាំង និង​ដើមរដូវវស្សា​​ក្នុង​ឆ្នាំ​ ២០១៩ បាតុភូត El Nino បាន​គ្របដណ្តប់​លើ​កម្ពុជា​រហូត​​ដល់​ទៅ​ ៨០ ​ភាគរយ និង​ ២០ ​ភាគរយ​ទៀត​ជា​បាតុភូត​ ENSO ។

ទោះជា​យ៉ាងណា​លោក លឹម គានហោ បាន​អំពាវនាវ​​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​​តាម​តំបន់​ដាច់ស្រយាល និង​ឆ្ងាយ​ពី​ប្រភពទឹក​រក្សា​បន្ត​ការប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ដោយ​អះអាង​ថា បរិមាណ​ទឹកភ្លៀង​នៃ​ភ្លៀង​កក់ខែ​ដែល​នឹងមាន​ធ្លាក់​ក្នុង​ខែ​មេសា និង​ខែ​​ឧសភា​ខាងមុខនេះ នៅ​មាន​កម្រិត​ ​និង​មិនអាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការប្រើប្រាស់​ភ្លាមៗ​នោះទេ​។

ក្នុង​សេចក្ដី​ជូនដំណឹង​ស្ដីពី​​ការព្យាករ​អាកាសធាតុ​លើក​ទី​ ១ ​នោះ​ក៏បាន​បង្ហាញ​ផងដែរ​ថា រដូវប្រាំង​ឆ្នាំនេះ​ «​សីតុណ្ហភាព​នឹង​កើនឡើង​ខ្ពស់​ជាង​មធ្យមភាគ​ប្រចាំឆ្នាំ និង​ទឹកភ្លៀង​មាន​កម្រិត​​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​»

បើទោះ​ជា​នៅក្នុង​ខែមករា​នេះ សីតុណ្ហភាព​អតិបរមា​ស្ថិត​ក្នុង​រង្វង់​ ៣០-៣២ºC ក្នុង​បណ្ដា​ខេត្ត​នៃ​តំបន់​ជួរ​ភ្នំ និង​ខ្ពង់រាប ហើយ​​នៅ​តំបន់​ទំនាប​កណ្ដាល សីតុណ្ហភាព​អតិបរមា​ស្ថិត​ក្នុង​ចន្លោះ​ពី ៣៣-៣៥ºC និង​នៅ​​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​​អតិបរមា​ស្ថិតក្នុង​រង្វង់​ ៣១-៣៣ºC នៅ​តំបន់​មាត់សមុទ្រ​ក៏ដោយ​។ ប៉ុន្តែ​ចាប់ពី​ខែកុម្ភៈ​ទៅ​ធាតុអាកាស​នឹង​កើន​កម្តៅ​ជា​បន្តបន្ទាប់ ពិសេស​ក្នុង​ខែ​មេសា កម្រិត​សីតុណ្ហភាព​នឹង​កើន​ខ្ពស់​។ ទន្ទឹម​នោះ​ក៏មាន​ភ្លៀង​កក់ខែ រួមទាំង​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតមាន​ច្រើន​ផងដែរ​។

សេចក្ដី​ជូនដំណឹង​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា រដូវវស្សា​ឆ្នាំនេះ​អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​​ទី​ ២ ​នៃ​ខែ​ឧសភា ហើយ​របាយ​ទឹកភ្លៀង​អាចមាន​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ដែល​អាច​ចាត់ទុក​ជា​​ប្រក្រតីភាព​។ យ៉ាងណា​ក៏ដោយ​កូន​រដូវប្រាំង​ក្នុង​រដូវវស្សា​អាច​​នឹង​កើត​មាន​នៅ​សប្តាហ៍​ទី​ ២ នៃ​ខែកក្កដា​។

តាមរយៈ​លទ្ធផល​ព្យាករ​នេះ​លោក ស៊ាង វ៉ាន់សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​បាន​អំពាវនាវ​ដល់​កសិករ​យកចិត្ត​ទុកដាក់​ពី​ទៅ​បញ្ហា​ជំងឺ​ និង​សត្វល្អិត​ចង្រៃ​ដែល​អាច​កើតឡើង​ក្រោយ​ភ្លៀង​កក់ខែ​ក្នុង​​រដូវប្រាំង ជាពិសេស​នៅ​ចន្លោះ​ខែ​មីនា និង​ខែមេសា ។

លោក​ វ៉ាន់សេដ្ឋ ​បាន​ថ្លែងថា​៖ «​ជាទូទៅ​នៅ​ចន្លោះ​ខែមីនា និង​មេសា ប្រភពទឹក​មួយ​ចំនួន​ដែល​រួមមាន បឹង ស្ទឹង ព្រែក និង អណ្ដូង​ត្រូវ​គោករីង ហើយ​ធាតុអាកាស​បាន​កើន​កម្ដៅ​កាន់តែ​ខ្ពស់​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង​ប៉ះពាល់​សុខភាព​មនុស្ស និង​សត្វ​​ដូច្នេះ​សូម​បងប្អូន​ប្រជាកសិករ បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​នេះ និង​រក្សា​ទឹក​ទុក​ឲ្យ​បាន​​ល្អ​ដោយ​ត្រូវ​ប្រើប្រាស់​ដោយ​សន្សំសំចៃ​»​។

បើ​តាម​លោក វ៉ាន់សេដ្ឋ កាលពី​ ១ ​សប្ដាហ៍​មុន​នៅ​ស្រុក​មង្គលបុរី​បាន​ខ្វះ​ទឹក​ប្រើប្រាស់​ និង​ស្រោចស្រព​ស្រូវប្រាំង​។ ប៉ុន្តែ​ដោយមាន​ការជួយ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធានទឹក​បូមទឹក​ពី​ស្ទឹង​មង្គលបុរី និង​ប្រព័ន្ធ​ស្ទាក់​ទឹក​ផ្នែក​ខាងក្រោម​រួមនឹង​បរិមាណ​ទឹកភ្លៀង​កក់​កាលពី​យប់​ថ្ងៃទី​ ១៣ ខែ​មករា ទើប​​ទឹកស្ទឹង​មង្គលបុរី​ហក់​ឡើង​មួយ​​កម្រិត ដែល​បន្ត​ការផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ជាង ៧ ០០០ ​គ្រួសារ​ក្នុងស្រុក​នេះ​បាន​ក្នុង​រយៈពេល​ជាង​ ១ ​ខែ​ទៀត​៕