ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា ចាប់ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅតាម​តំបន់​ទំនាប​កណ្ដាល​ និង​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ដោយសារ​ឥទ្ធិពល​ពី​ជ្រលង​​សម្ពាធ​ទាប​ដែល​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ថៃ និង​ភាគ​កណ្ដាល​ប្រទេស​ឡាវ និង​វៀតណាម​ ដែល​អំណោយផល​ដល់​​ការដាំដុះ​ជាថ្មី​របស់​កសិករ​។

តាមរយៈ​ការព្យាករ​កាលពី​ថ្ងៃទី​ ១ ​កញ្ញា ប្រជាកសិករ​ក្នុង​ខេត្ត​ភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា ពិសេស​​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ដែល​កន្លងមក​ស្រូវ​ដើម​រដូវវស្សា​របស់​ពួកគាត់ បាន​រង​ការខូចខាត​ដោយ​គ្រោះរាំងស្ងួត​នោះ​អាច​នឹង​ចាប់ផ្ដើម​ភ្ជួរ​រាស់​ដីស្រែ​ដើម្បី​ត្រៀម​សាបព្រោះ និង​ដាំ​ដុះ​ស្រូវ​សាជាថ្មី​ឡើងវិញ​។

លោក រ័ត្ន ដាស៊ីណង់ អភិបាល​ស្រុក​មង្គលបុរី​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ពេលនេះ ប្រជាកសិករ​មួយចំនួន​កំពុង​រង់ចាំ​ពិនិត្យ​ពីរ​បាយទឹក​ភ្លៀង និង​កម្ពស់​ទឹក​នៅ​តាម​ប្រព័ន្ធ​ប្រឡាយ និង​ដៃ​ស្ទឹង​មួយចំនួន​ដើម្បី​ត្រៀម​ដាំដុះ​ស្រូវ​រដូវវស្សា​ជំហាន​ទី​ ២ នៅ​ក្រោយ​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​ប្រជាកសិករ​​របស់​យើង​ត្រេកអរ​ខ្លាំងណាស់​នៅពេល​ទទួល​បាន​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ពួកគេ​បាន​នាំគ្នា​ត្រៀមលក្ខណៈ​​ជាស្រេច ដើម្បី​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ជំហាន​ទី​ ២ ក្រោយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​»​។

បើតាម​លោក ដាស៊ីណង់ នៅពេល​នេះ​ស្រូវ​ដើម​រដូវវស្សា​មួយចំនួន​ត្រូវ​បាន​ប្រជាកសិករ​ប្រមូលផល​បណ្ដើរៗ​ហើយ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេ​ធំៗ​កន្លងមកនេះ​។

ចំណែក​លោក ស សារី មេឃុំ​បវេល​នៃ​ស្រុក​បវេល ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រហូតមកទល់​ពេលនេះ ដីស្រែ​ស្ទើរតែ​ទាំងអស់​ក្នុង​ឃុំ​បវេល មិន​មាន​ទឹកភ្លៀង​ដក់​ក្នុង​ដីស្រែ​បន្តិច​ឡើយ​។ លោក​ថ្លែងថា ភ្លៀង​ធ្លាក់​ច្រើនតែ​នៅក្នុង​តំបន់​ទីប្រជុំជន​ផ្ទះ​របស់​​ពលរដ្ឋ​ក្នុងភូមិ​ និង​ទីផ្សារ​ប៉ុណ្ណោះ ចំណែក​នៅតាម​វាលស្រែ​មាន​​ភ្លៀង​ធ្លាក់​តិចតួច​មិន​សើម​ដី​ផង​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ យើង​កំពុង​រង់ចាំ​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​នៅលើ​ដីស្រែ​របស់​យើង​​ដើម្បី​យើង​អាច​បង្កបង្កើនផល​ស្រូវ​ជាថ្មី​ឡើងវិញ សម្រាប់​ផ្គត់ផ្គង់​​ជីវភាព​គ្រួសារ​»​។

បើតាម​លោក សារី ការបង្កបង្កើនផល​ស្រូវ​របស់​ប្រជាកសិករ​ក្នុង​ឃុំ​បវេល​គឺ​ពឹង​អាស្រ័យ​ទាំងស្រុង​លើទឹក​ភ្លៀង ព្រោះ​វាលស្រែ​នៅក្នុង​ឃុំ​នេះ​ស្ថិត​នៅ​លើ​តំបន់​​ទីទួល​ខ្ពស់ និង​ខ្វះខាត​នូវ​ប្រព័ន្ធ​ស្រោចស្រព​។

ទោះ​ជា​បែបណា​ក្ដី លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​បញ្ជាក់​កាលពី​ថ្ងៃទី​ ១ ​កញ្ញា​ថា ចាប់ពី​ដើមខែ​កញ្ញា​នេះ រហូត​ដល់​ចុងខែ​តុលា​ខាងមុខ​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​​កម្ពុជា​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។

ដោយឡែក​នៅ​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​វាលទំនាប​ភាគកណ្ដាល និង​ពាយព្យ​នឹងមាន​​ភ្លៀង​ធ្លាក់​ច្រើន​។ ជាមួយ​គ្នា​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ក៏​នឹង​កើតមាន​ច្រើន​ផងដែរ​ក្នុង​អំឡុងពេល​មេឃ​រកកល់ភ្លៀង និង​កំពុងមាន​ភ្លៀង​ធ្លាក់ ដែល​ទាមទារ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​៕