ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​ទូរគមនាគមន៍​ក្នុង​ស្រុក​ និង​អន្តរជាតិ​ទាំងអស់​រក្សា​ការតភ្ជាប់​បណ្ដាញ​តាមរយៈ​ទូរគមនាគមន៍​កម្ពុជា​ (Telecom Cambodia) ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ បន្ទាប់ពី​មាន​សំណើ​ពី​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​វា​អាច​ធ្វើឲ្យ​ការគាបសង្កត់​មាន​ការ​កើនឡើង​។

យោង​តាម​លិខិត​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ឃឹម រុស្សីដា នៅ​ថ្ងៃទី​ ២ ខែ​ឧសភា​ដែល​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​ទទួល​បាន​កាលពី​សប្តាហ៍​មុន​​បាន​ស្នើឲ្យ​រក្សា​គោលការណ៍​ការតភ្ជាប់​រាល់​បណ្តាញ​ទូរគមនាគមន៍​​ក្នុង​ស្រុក និង​អន្តរជាតិ​តាមរយៈ​មជ្ឈណ្ឌល​កណ្តាល​ (Transit) ​នៃ​ទូរគមនាគមន៍​កម្ពុជា​ព្រម​ទាំង​រក្សាទុក​​កម្រៃ​ឆ្លង​កាត់​ជូន​ទូរគមនាគមន៍​កម្ពុជា​ និង​ការដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​នា​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨​។

លិខិត​នោះ​បាន​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ជា​គោលការណ៍​លើ​ការតភ្ជាប់​បណ្តាញ​ទៅវិញ​ទៅមក​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​រវាង​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំងអស់​​ត្រូវ​រក្សា​ទុក​ឲ្យ​ឆ្លងកាត់​មជ្ឈមណ្ឌល​កណ្តាល​ (Transit) ​នៃ​ទូរគមនាគមន៍​កម្ពុជា​ដដែល​។ ចំពោះ​តម្លៃ​ឆ្លងកាត់​ (Transit) ១ ​សេន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​នាទី​នៅ​តែ​យក​ពី​ប្រតិបត្តិករ​ទូរគមនាគមន៍​ដដែល ដើម្បី​រក្សា​ស្ថិរភាព​ចំណូល​របស់​រដ្ឋ ដែល​បាន​មកពី​វិស័យ​ទូរគមនាគមន៍​»​។

លិខិត​បាន​បន្ត​ថា​៖ «​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (DMC) ​នឹង​ដាក់​ឲ្យ​ដំណើរការ​តាមរយៈ​ប្រកាស​អន្តរក្រសួង​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នា​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨​។

លោក ប៉ា ចន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​ និង​សីលធម៌​អនុវត្តន៍​កម្ពុជា​បាន​ថ្លែង​ថា​៖ «​យើង​បាន​ឃើញ​សេចក្តី​ប្រកាស​នេះ ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​ថា ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ទាមទារ​ឱ្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ (DMC) សម្រាប់​ការ​​តភ្ជាប់​អ៊ីនធឺណិត​ត្រូវ​ឆ្លងកាត់ DMC ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នោះ​ទេ​។

លោក​បាន​បន្ត​ថា ប្រសិន​បើ​វិធានការ​ថ្មី​នេះ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​បញ្ហា​អសន្តិសុខ និង​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​នោះ​វា​ជា​រឿង​ល្អ​ ពីព្រោះ​ពី​អតីតកាល​យើង​បាន​ឃើញ​ការ​ក្លែងបន្លំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ប្រសិន​បើ​បង្កើត​គោលនយោបាយ​នេះ​ធ្វើឡើង​ដើម្បី​សមត្ថភាព​ និង​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាមដាន​ការដាក់​សម្ពាធ​ ឬ​ការត្រួតពិនិត្យ ការតភ្ជាប់​អ៊ីនធឺណិត​ ឬ​ ការប្រើ​អ៊ីនធឺណិត​ទាំង​ក្នុងស្រុក​ ឬ​ក្រៅ​ស្រុក​...​នោះ​វា​គឺជា​ការគំរាមកំហែង​មួយ​ចំពោះ​សិទ្ធិ និង​សេរីភាព​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែង​តាមរយៈ​ការពិភាក្សា​ជាមួយ​យុវជន​ប្រហែល​ ៨០ ​នាក់​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ភាគច្រើន​នៃ​ពួកគេ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់​ចុះ​សិទ្ធិ និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​រួម​ទាំង​ការគំរាមកំហែង​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ហើយ​ពេល​ខ្លះ​ពួកគេ​មាន​ការ​ភ័យខ្លាច​អំពី​សុវត្ថិភាព​របស់​ពួកគេ​នៅពេល​ពួកគេ​ចែករំលែក​អ្វី​មួយ​នៅលើ​ហ្វេសប៊ុក និង​ចុច Like នៅលើ​ហ្វេសប៊ុក​។

លោក​ថ្លែង​ថា​៖ «​ជា​ឧទាហរណ៍​នៅពេល​ដែល​វា​ត្រូវ​បាន​គេ​បង្កើតឡើង​សម្រាប់​រឿង​នយោបាយ​ដើម្បី​ឃ្លាំ​មើល​ការប្រើប្រាស់​អ៊ីនធឺណិត​...​ពួកគេ​មាន​​ការបារម្ភ​ និង​ភ័យខ្លាច​អំពី​សុវត្ថិភាព​របស់​ពួកគេ​នៅពេល​ពួកគេ​បញ្ចេញមតិ​ ឬ​ចែកចាយ​នៅ​លើ​ហ្វេសប៊ុក​ហើយ​អ្នក​ខ្លះ​ភ័យខ្លាច​សូម្បីតែ​ចុច Like ​នៅលើ​ហ្វេសបុក​របស់​សមាជិក​នៃ​គណបក្ស​ប្រឆាំង​សកម្ម​ណា​មួយ​»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា​លោក​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​ហើយ​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

លោក មាស ប៉ូ អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

កាលពី​ពេល​ថ្មីៗ​នេះ​ រដ្ឋាភិបាល ​រុស្ស៊ី​ និង ​ចិន​ បាន​សន្យា​ថា​នឹង​ជួយ​បណ្ដុះបណ្ដាល​នគរបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ និង ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ប៉ុន្តែ​ចំណាត់ការ​នេះ​ត្រូវ​បាន​រិះគន់​ថា អាច​បណ្ដាល​ឱ្យ​មាន​ការ​គាបសង្កត់​កើនឡើង​៕ NS