The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការរាលដាល​ព័ត៌មាន​ក្លែង​ក្លាយ​ ជា​កត្តា​រាំងស្ទះ​ដល់​ពលរដ្ឋ​ក្នុង​ការទទួល​ព័ត៌មាន

ការរាលដាល​ព័ត៌មាន​ក្លែង​ក្លាយ​ ជា​កត្តា​រាំងស្ទះ​ដល់​ពលរដ្ឋ​ក្នុង​ការទទួល​ព័ត៌មាន

Content image - Phnom Penh Post
កិច្ចប្រជុំ​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​សណ្ឋាគារ​សូហ្វីតែល​ពី​ម្សិលមិញ​។ ហេង ជីវ័ន

ការរាលដាល​ព័ត៌មាន​ក្លែង​ក្លាយ​ ជា​កត្តា​រាំងស្ទះ​ដល់​ពលរដ្ឋ​ក្នុង​ការទទួល​ព័ត៌មាន

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ ពី​ម្សិលមិញ​អះអាង​ថា ការរីក​រាលដាល​ព័ត៌មាន​ក្លែងក្លាយ (Fake News) ​គឺជា​កត្ដា​រាំងស្ទះ​ដល់​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា ដោយ​លោក​ជំរុញ​ឲ្យ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ហើយ​រាយការណ៍​ព័ត៌មាន​ពិត ខណៈ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ ពន្លឿន​ការអនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់​។

លោក​លើកឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សកល​ឆ្នាំ​ ២០១៩ នា​ថ្ងៃ​អង្គារ​ក្រោម​ប្រធានបទ​ «​សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​គ្មាន​នរណាម្នាក់​ត្រូវបាន​បំភ្លេចចោល​» ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព​ និង​គណនេយ្យភាព​។ ជា​តម្រូវការ​ការចូលរួម​របស់​សាធារណជន​ក្នុង​ការបង្កើត​គោលនយោបាយ​សង្គម និង​សេចក្ដី​សម្រេច​ចិត្ត​នៃ​អភិបាលកិច្ច​។ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ក៏​ដូចជា​អ្នកពាក់ព័ន្ធ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ​ជិត​ ២០០ ​នាក់​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​។

រដ្ឋមន្ត្រី​ព័ត៌មាន​រូបនេះ​ថ្លែង​ថា​ការរីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​បំផ្លើស ញុះញង់ និង​ជេរប្រមាថ​ជាដើម​តាម​បណ្ដាញ​ព័ត៌មាន​ថ្មី​នេះ​បាន​ក្លាយ​ជា​ការរំខាន​ដល់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដីសម្រេច​បង្កើត​ឲ្យ​មាន​ក្រុម​គណៈកម្មការ​អន្តរក្រសួង រៀបចំសេចក្ដី​ព្រាង​គោលនយោបាយ​ក្របខ័ណ្ឌ​គ្រប់គ្រង​សេដ្ឋកិច្ច ឌីជីថល​ (Digital) ​ដើម្បី​ធ្វើឲ្យ​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​ភាពល្អប្រសើរ​។

លោក​ ខៀវ កាញារីទ្ធ បញ្ជាក់​ថា​៖ «​ប្រសិនបើ​យើង​មិនបាន​ប្រុងប្រយ័ត្ន​នោះ វា​នឹង​បង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ខ្ញុំ​ឧទាហរណ៍​ថា បើ​មាន​ការផ្សព្វផ្សាយ​ចោទ​ទៅ​ធនាគារ​មួយ​ថា​ក្ស័យធន ឬ​ត្រូវ​បិទ ហើយ​ធម្មតា ធនាគារ​ដំណើរការ​បាន​លុះត្រា​មាន​ការទុកចិត្ត​ពី​អតិថិជន ហើយ​ភ្លាមៗ​នោះ បើ​គេ​ផ្សាយ​អ៊ីចឹង ម្ចាស់​ស្ថាប័ន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​វិជ្ជាជីវៈ ត្រូវ​តែ​បកស្រាយ​ឲ្យ​បាន​ឆាប់ ដើម្បី​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ​ហ្នឹង​»​។

លោក​បន្ថែម​ថា​ចំពោះ​ក្រសួង​ព័ត៌មាន​នៅ​តែ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក៏ដូចជា​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ឆ្លើយបំភ្លឺ ឬ​បកស្រាយ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​ចៀសវាង​បង្កចលាចល​ដល់​សង្គម​ជាតិ​។ ក្រៅពី​នេះ​ក្រសួង​មហាផ្ទៃ​ក៏មាន​ច្បាប់ ចាត់វិធានការ​ប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះដែរ​។

លោក​ ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ (CCJ) ​បាន​ថ្លែងថា​លោក​គាំទ្រ​ឲ្យ​មាន​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ព្រោះ​វា​អាច​បង្ក​ភាពអសន្ដិសុខ​សង្គម​ និង​រាំងស្ទះ​ដល់​សិទ្ធិ​ទទួល​ព័ត៌មាន​។ ចំពោះ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ លោក​ជំរុញ​ឲ្យ​ពន្លឿន​ការងារ​ត្រួតពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ផងដែរ​។

លោក​និយាយ​ថា​៖ «​ចាប់តាំងពី​ខ្ញុំ​ចូល​ធ្វើ​ជា​អ្នកសារព័ត៌មាន​មក​គឺ​មាន​រយៈពេល​ជិត​ ២០ ​ឆ្នាំ​ហើយ​ដោយ​ជួប​ការលំបាក​ច្រើន​ក្នុង​ការប្រមូល​ព័ត៌មាន ឬ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។ ប៉ុន្ដែ​មួយរយៈ​ចុងក្រោយ​នេះ វា​មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្ដែង​មកដល់​ពេល​នេះ​យើង​កំពុង​រៀបចំ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ខ្ញុំ​គិតថា​វា​ចាំបាច់​ណាស់​យើង គួរ​ពន្លឿន​ធ្វើ​វា​ឲ្យ​បាន​ឆាប់​»​។

លោកស្រី Camilla Ottosson លេខា​ទី​ ១ ​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​ទីផ្សារការងារ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ថ្លែងថា​នៅ​ប្រទេស​កម្ពុជា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សកល​ពិតជា​មាន​សារៈសំខាន់​ណាស់ ដោយសារ​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្នែក​សារព័ត៌មាន​ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុងស្ថិត​ក្នុង​ដំណើរការ​នៃ​ការធ្វើ​សេចក្ដី​ព្រាងច្បាប់​មួយ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ក៏​ដូចជា​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែរ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ការអនុម័ត​សេរីភាព និង​ច្បាប់​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវបាន​កត់សម្គាល់ ថា​ជា​និន្នាការ​ពិភពលោក​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​»​។

លោក​ ឡាំ សុជាតិ នាយក​អង្គការ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​(API) ថ្លែង​ថា​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​មិនទាន់​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​សាធារណៈ​ដែល​ធានា​ដោយ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ឡើយ​។ វា​ធ្វើឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​នៅ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការបើកចំហ និង​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ដោយ​មូលហេតុ​មាន​ច្រើន​ក្នុង​នោះ​មាន​មូលហេតុ​ចម្បង​មួយ​គឺ​ខ្វះ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។

លោក​ថា​៖ «​រដ្ឋាភិបាល​ និង​ស្ថាប័ន​សភា​កម្ពុជា​គួរ​ប្រញាប់​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ និង​ធានា​បាន​នូវ​សិទ្ធិសេរីភាព​ក្នុង​ការទទួល​ព័ត៌មាន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដោយ​តម្លាភាព​»​។

គួររំឭក​ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​មាន​ ៩ ​ជំពូក​ និង​ ៣៨ ​មាត្រា​ដោយ​បាន​ចំណាយពេល​ប្រមាណ​ ៣ ​ឆ្នាំ​ក្នុង​ការរៀបចំ​ដែល​ទើបតែ​បញ្ចប់​នាពេល​ថ្មីៗ​នេះ ហើយ​គ្រោង​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​បន្តទៀត​។ ការតាក់តែង​ច្បាប់​នេះ​មាន​ការ​ចូលរួម​ពី​ភាគី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​ព័ត៌មាន​បាន​ពិភាក្សាគ្នា​ជាមួយ​ក្រសួង​ជំនាញ​៕

អត្ថបទគួរចាប់អារម្មណ៍