ភ្នំពេញ: មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​បាន​ឃាត់​រថយន្ត និង​ម៉ូតូ​ជាង​ ២ ​ពាន់​គ្រឿង​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ (​ពីថ្ងៃ​ ៩-១៥ ​មីនា​) ក្នុង​នោះ​ឃាត់​អ្នក​ប្រើ​គ្រឿងញៀន​ ២៦ ​នាក់ និង​អ្នក​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ ២៥០ ​នាក់ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ផ្ដើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ចរាចរណ៍​ពី​ម៉ោង​ ១១ ​យប់​ដល់​ម៉ោង​ ២ ​កន្លះ​រំលង​អធ្រាត្រ​។

តាម​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញថា លទ្ធផល​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​ ៧ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១៥ ខែមីនា សមត្ថកិច្ច​ជំនាញ​បាន​ឃាត់​រថយន្ត និង​ម៉ូតូ​សរុប​ចំនួន ២០៤៤ ​គ្រឿង​។ ​ក្នុង​នោះបាន​រកឃើញ​ និង​ឃាត់ខ្លួន​អ្នក​ប្រើ​គ្រឿងញៀន​ ២៦ ​នាក់ និង​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ២៥០ ​នាក់​។

របាយការណ៍​បន្តថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​នេះ​លោក ស ថេត អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​តាម​គោលដៅ​ដើម្បី​ត្រួត​ពិនិត្យមើល​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត​ចាប់ពី​ម៉ោង​ ២៣:០០ រហូត​ដល់​ម៉ោង​ ២: ៣០ នាទី​រំលង​អធ្រាត្រ​។

របាយការណ៍​បញ្ជាក់ថា​៖ «​បទល្មើស​ចរាចរណ៍​ភាគច្រើន​កើតឡើង​ដោយសារ​អ្នកបើក​បររថ​យន្ត និង​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ថែម​ពីលើ​នេះ​ក៏មាន​អ្នកបើកបរ​អត់​ពាក់មួក​សុវត្ថិភាព និង​បើកបរ​លើស​ល្បឿន​​កំណត់​។ ​ជនល្មើស និង​វត្ថុតាង​នានា​ត្រូវបាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​អប់រំ​ណែនាំ និង​ផាក​ពិន័យ​តាមច្បាប់​ចរាចរណ៍​»​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​។

ប៉ុន្ដែ​លោក ស ថេត ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១០ ខែ​មីនា​ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ពេលយប់​នេះ​គឺមាន​ការត្រួតពិនិត្យ​សារជាតិ​ស្រវឹង ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ករណី​គ្រឿងញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​តាម​បណ្តា​គោលដៅ​ក្នុង​ខណ្ឌ​ទាំង​ ១៤ ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ករណី​បទល្មើស​ផ្សេងៗ​។

លោក​បញ្ជាក់ថា​៖ «​យើង​រឹតបន្ដឹង​ទាំង​ការបើកបរ​ដោយ​មិន​ពាក់មួក​ទាំង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ក្រុម​ក្មេង​ទំនើង ការប្រើប្រាស់​អាវុធ​ខុសច្បាប់​គឺ​រួម​ទាំងអស់​មិនមែន​តែ​ធ្វើ​តែ​លើ​រឿង​ចរាចរណ៍​តែមួយ​មុខ​ទេ គឺ​ធ្វើ​ទាំងអស់​សំដៅ​ឲ្យ​បទល្មើស​ផ្សេងៗ​មាន​ការថយចុះ​កាន់តែ​ខ្លាំង​»​។

លោក​បន្តថា ការ​រឹតបន្តឹង​ច្បាប់​នេះ​មិន​មាន​ពេល​កំណត់​នោះទេ ប៉ុន្ដែ​ចាប់ធ្វើ​ពីថ្ងៃ​ទី​ ៩ ខែមីនា រហូត​ដល់ពេល​មានការ​កែសម្រួល​អនុក្រឹត្យ​ថ្មី​លើ​ការបង្កើន​ការផាកពិន័យ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ (AIP) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តាម​របាយការណ៍​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​បាន​នេះ​ពិតជា​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ​លោក​ចង់​ឲ្យ​បន្ថែម​ម៉ោង​ចុះបង្ក្រាប និង​ពង្រីក​គោលដៅ​ឲ្យ​បាន​ច្រើន​កន្លែង​ទៀត​នៅតាម​មុខសញ្ញា​សេព​គ្រឿង​ស្រវឹង​ដែល​មាន​ច្រើនជាងគេ​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​យើង គួរ​ដាក់​ប៉ុស្ដិ៍​តាម​គោលដៅ​សំខាន់ៗ​ដូចជា នៅខាងមុខ​មជ្ឈមណ្ឌល​រៀប​អាពាហ៍ពិពាហ៍​ ឬ​តាមផ្លូវ​សំខាន់ៗ​ជាច្រើន​ទៀត​ដើម្បី​ពញ្ញាក់​អារម្មណ៍​ពួកគាត់​កុំ​ឲ្យ​ពិសា​គ្រឿងស្រវឹង​លើស​កំណត់​ក្នុង​ច្បាប់​ធ្វើ​ឲ្យ​គាត់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបើកបរ​។ ​អ៊ីចឹង​វិធីសាស្ត្រ​នេះ​ធ្វើការ​កាត់បន្ថយ​បាន​ច្រើន​ពី​ការគ្រោះថ្នាក់​ចរាចរណ៍​»​។

លោក​បានស្នើ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​បន្ថែមទៀត និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​នេះ ជាពិសេស​លោក​ចង់​ឲ្យ​គោលនយោបាយ​ ឬ​ច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង​ឆាប់​បាន​ចេញ​ជា​ធរមាន​។ ​លោក​ថា​ក្នុង​ច្បាប់​ថ្មី​នេះ​អាច​នឹងមាន​កំណត់​ពី​អាយុ​អ្នកបើកបរ កំណត់​ពេល​សម្រាប់​បើកបរ និង​កំណត់​ទីតាំង​លក់​គ្រឿងស្រវឹង​។ ប្រសិន​ច្បាប់​នេះ​អនុម័ត​រួចរាល់​នឹង​រួមចំណែក​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​យូរអង្វែង​៕