កំពង់ចាមៈ បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ ក្រុម​ប្រតិបត្តិ​ការរុករក​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​នាវា លិច​ក្នុង​ទន្លេមេគង្គ​ដែល​ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម ដែល​សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​នា​ទសវត្សរ៍​ ៧០ ​នោះ នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​នូវ​ការរុករក​នេះ​នា​ចុងខែ​មីនា ហើយ​នឹង​ស្រង់​នាវាចម្បាំង​នេះ​ចេញពី​ក្នុង​ទឹក​នៅ​ដើមខែ​មេសា​។

លោក​ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ (NPMEC) ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្រុម​ជំនាញ​របស់​លោក កំពុង​តែ​សិក្សា​ជាមួយ​ក្រុង​ការងារ​ជំនាញ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក្នុង​ការស្វែងរក​លទ្ធភាព និង​នីតិវិធី​ណាមួយ​សមស្រប​ក្នុង​ការស្រង់​យក​នាវាចម្បាំង​ចេញពី​ទន្លេ​នេះ​។ ព្រោះ​នាវា​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ធ្លុះធ្លាយ​ជាច្រើន​កន្លែង​។

បើតាម​លោក​ ម៉ី សុភា តាម​ការណែនាំ​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​គឺ​ចង់ឱ្យ​រក្សាទុក​ក្នុង​ទ្រង់ទ្រាយ​ដើម​ដើម្បី​យក​ទៅ​ដាក់តាំង​ក្នុង​សារមន្ទីរ​ទុក​ជូន​ក្មេងៗ​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ ខណៈ​បច្ចុប្បន្ន​កំពុង​រៀបចំ​កសាង​សារមន្ទីរ​ថ្មី​មួយ​សម្រាប់​ផ្ទុក និង​ដាក់តាំង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងៗ​ទៀត​។ លោក​បន្ថែមថា ក្រុមការងារ​កំពុង​រុករក​នូវ​ទីតាំង​ចំនួន​ ៤ ​ទៀត​នៅក្នុង​ទន្លេមេគង្គ​នេះ​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​យើង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​កំពង់ផែ​ស្វយ័ត ភ្នំពេញ ព្រោះ​បច្ចេកទេស​ស្រង់​នាវា​ដូចជា​សម្ភារ​ឧបករណ៍​ទំនើប​ក្នុង​ការស្រង់ នាវា​ក្រោម​ទឹក គឺ​ខាង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ គឺមាន​សម្ភារ​គ្រប់គ្រាន់​។ ខាងយើង ខាង​បច្ចេកទេស​យក​គ្រាប់​ពី​ក្នុង​ទឹក​»​។

លោក​ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ការពារជាតិ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីអំពី​នីតិវិធី​ស្រង់​នាវាចម្បាំង​ដែលមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​តោន ក្នុង​ទន្លេ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃទី​ ២២ ខែមីនា ថា នាវាចម្បាំង​នេះ បាន​លិច​កប់​ក្នុង​បាតទន្លេ​មាន​ជម្រៅ​រហូតដល់​ ២៧,៥ ​ម៉ែត្រ​ព្រមទាំង​គ្របដណ្តប់​ដោយ​ដីខ្សាច់​នៅលើ​យ៉ាងច្រើន​ផងដែរ​។

លោក​ នាង ផាត ថ្លែងថា​៖ «​នាវាចម្បាំង [​នេះ​] ​សល់​ពី​សម័យ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​កាលពី​ទសវត្សរ៍ ឆ្នាំ​ ១៩៧២ ហើយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង និង​មាន​ស្នាម​ធ្លុះធ្លាយ​ជាច្រើន​កន្លែង​ដោយ​ការបាញ់​ពន្លិច​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​»​។

បើតាម​របាយការណ៍​គឺ​ចាប់ពី​ខែតុលា ឆ្នាំ​ ២០២០ ដល់​ដើមខែ​មីនា ឆ្នាំ​ ២០២១ ​នេះ​ក្រុមការងារ​ស្រង់​បាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សរុប​ចំនួន​ ១៥ ២៨២ ​គីឡូក្រាម​ ព្រមទាំង​បំណែក​ឆ្អឹង​សព​មនុស្ស​ចំនួន​ ៦ ​និង​សម្ភារ​សឹក​មួយចំនួនទៀត​។ នៅ​ចុង​ខែ​មីនា​នេះ កម្លាំង​ជំនាញ​នឹង​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​ក្នុង​នាវាចម្បាំង​រួចរាល់ ហើយ​នៅ​សប្តាហ៍​ទី​ ១ ខែមេសា ឆ្នាំ​ ២០២១ នឹង​បញ្ចប់​ទាំងស្រុង​នូវ​ការស្រង់​នាវា​យក​មក​លើគោក​៕