ព្រះសីហនុៈ មន្ត្រី​លើក​ឡើង​ថា ​អាជ្ញាធរខេត្ត​ព្រះសីហនុ​នឹង​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​បរិស្ថាន​និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​កម្ពុជា ​ដើម្បី​ចេញ​សេចក្ដី​សម្រេច​មួយ​ឱ្យ​រុះរើ​សំណង់​កាស៊ីណូ​ចិន​ឈ្មោះ ​ជីន ទីង ​ដែល​សាងសង់​ឡើង​ខុសច្បាប់​នៅលើ​កោះ​រ៉ុង​សន្លឹម ​ក្រោយពី​កាស៊ីណូ​នេះ ​ទើប​ត្រូវបាន​ក្រុមមន្ត្រី​ចុះទៅ​បិទ​អាជីវកម្ម​ជា​លើក​ទី៣​កាល​ពី​ចុង​សប្ដាហ៍​មុន។

លោក​ ឃាង ភារម្យ​ មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ​ថា ​តំបន់​កោះរ៉ុង​សន្លឹម​គឺជា​ដែន​ឧទ្យាន​គ្រប់​គ្រង​ដោយ​ក្រសួង​បរិស្ថាន ​និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​កម្ពុជា។ ​មុន​មានការ​សម្រេច​ដើម្បីឱ្យ​រុះរើ​សំណង់​ណា​មួយ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ​គឺ​ទាល់​តែមាន​គោលការណ៍​ឯកភាព​ពី​ស្ថាប័ន​ទាំង​នេះ​ជា​មុន​សិន។

លោក​បញ្ជាក់ថា​៖ «ជំហាន​ដំបូង​គឺ​យើង​ស្នើសុំ​ជូនដំណឹង​ឱ្យ​គាត់​បិទ​ (អាជីវកម្ម​បើក​កាស៊ីណូ) ។ ដោយឡែក​ពាក់ព័ន្ធ​ការ​រុះរើ​សំណង់ រដ្ឋបាល​ខេត្ត​នឹង​បន្ត​នីតិវិធី​បន្ទាប់​ទៀត។ អាហ្នឹង​ស្នើសុំ​ចុះផ្សាយ​ត្រឹម​ប៉ុណ្ណឹង ​ដោយសារ​វា​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​យើង​ត្រូវ​ធ្វើការ​រួមគ្នា ​ដើម្បី​សម្រេច​រុះរើ​សំណង់​ហ្នឹង»​។

ប៉ុន្តែ ​លោក​ឃាង ភារម្យ ​មិនបាន​បញ្ជាក់​អំពី​ការស្នើសុំ​គោលការណ៍​រុះរើ​សំណង់​របស់​មជ្ឈមណ្ឌល​កម្សាន្ត​ ឬ​ហៅថា​កាស៊ីណូ ​ជីន ទីង​ នោះ​នៅ​ពេល​ណា​ឡើយ។

ទីតាំង​កាស៊ីណូ ​ជីន ទីង ​ស្ថិត​ក្នុងភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ​រក​ឃើញថា ​បាន​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ​ចាក់​ធុងបាស់​រំខាន ​អនុញ្ញាត​ឱ្យមាន​ករណី​បាញ់បោះ​សេរី ​ផុត​អាជ្ញា ប័ណ្ណ​ប្រកប​អាជីវកម្ម ​និង​បាន​សាងសង់​សំណង់​លើ​ឆ្នេរសមុទ្រ​គ្មាន​ការអនុញ្ញាត។ ដោយ​មូល​ហេតុ​នេះ​ហើយ អាជ្ញាធរ ​បានសម្រេច​បិទ​អាជីវកម្ម​ តាំងពី​ថ្ងៃ​ទី ២២​ ខែ​មីនា។

ទោះជា​យ៉ាងណា ​កាលពី​ពេលថ្មីៗ​នេះ​ មន្ត្រី​បាន​ទទួលស្គាល់ថា​ ម្ចាស់​កាស៊ី​ណូ​ បាន​ផ្គើន​ជាមួយ​អាជ្ញាធរ​ ដោយ​មិន​បាន​ផ្ដល់​កិច្ចសហការ​ក្នុងការ​បិទ​អាជីវ​កម្ម​របស់ខ្លួន​ឡើយ​ ហើយ​នៅតែ​បន្ត​លួចលាក់​បើក​ឱ្យមាន​ការ​លេង​ល្បែង​ដដែល។

កាលពី​ថ្ងៃ​ទី ២៤ ​ឧសភា​ លោក​ ម៉ាង ស៊ី​ណេត ​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចុះ​ផ្ទាល់​ទៅ​បិទ​អាជីវកម្ម​របស់​កាស៊ីណូ​ ជីន ទីង​ ជា​លើក​ទី៣។

បើតាម​លោក ​ឃាង ភារម្យ ​បន្ទាប់ពី​មានការ​ចុះ​បិទរបស់​អាជា្ញធរ​ខេត្ត​ជាលើក​ទី ៣ ​គឺ​កាស៊ីណូ​ត្រូវបាន​បិទ​ជា​ស្ថាពរ​ហើយ។ ​ចំពោះ​ចំណាត់​ការខាង​មុខ​ នៅពេល​មាន​គោលការណ៍​ អាជ្ញាធរ​ឱ្យ​ម្ចាស់​កាស៊ីណូ​រុះរើ​សំណង់​ចេញ​ពី​កោះ​រ៉ុង​សន្លឹម ​ប៉ុន្តែ​ប្រសិនបើ​មិន​រុះរើ​ដោយ​ខ្លួនឯង​ទេ​ អាជ្ញាធរ​នឹង​ចុះទៅ​រុះរើ​ជំនួស ​ហើយ​ថ្លៃ​រុះរើ​នោះ​ គឺ​ភាគី​ម្ចាស់​កាស៊ីណូ​ជា​អ្នក​ចំណាយ។

ចំណែក​លោក ​សាមុត សុធា​រិ​ទ្ធ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា ​ការចុះទៅ​រុះរើ​សំណង់​ខុសច្បាប់​របស់​កាស៊ីណូ​លើ​កោះរ៉ុងសន្លឹម​នេះ ​គឺ​អាជ្ញាធរ​កំពុង​ធ្វើ​ការងារ​ជា​ជំហាន។

លោកបាន​ថ្លែងថា​៖ «ធម្មតា​យើង​កំពុងតែ​ធ្វើ​ហើយ ​ដូច​បង​[អ្នកកាសែត]​ទទួលបាន​ព័ត៌មាន​ថា​ នៅ​ដំណើការ​ [បន្ត​បើក​អាជីវកម្ម]​ នៅ​ពេល​ពួក​ខ្ញុំ​ទៅ​មើល​វា​អត់​មានឃើញ​អ៊ីចឹង ​នៅពេល​ក្រុម​ការងារ​ចម្រុះ​ទៅ។ ​ចំពោះ​នីតិវិធី​រឿង​សំណង់ ​លោក​អនុ​គណៈកម្មការ ​លោក​នឹង​សម្រេច​របៀប​ម៉េច​នៅក្នុង​ប្រជុំ​ថ្នាក់​ដឹកនាំ ​យើង​មាន​អនុ​គណៈ​កម្មការ ​អនុ​គណៈកម្មការ​ហើយ​ បាន​ទៅ​គណៈកម្មការ»។

លោក ​ឈឺន ចន្ថា ​ចៅសង្កាត់​កោះរ៉ុង​សន្លឹម​បាន​បញ្ជាក់ថា ​ជនជាតិ​ចិន​បាន​ជួល​ភោ​ជនី​យដ្ឋា​ន​ដើម្បី​​ធ្វើជា​កន្លែង​កាស៊ីណូ​ឈ្មោះ​ ជីន ទីង ​កាលពី​ដើម​ឆ្នាំ ២០១៨​ ហើយ​លោក​ថា ​សំណង់​នោះ ​គឺមាន​ជាច្រើន​ឆ្នាំ​មក​ហើយ។

ចៅ​សង្កាត់​រូបនេះ​បានបន្ថែមថា​៖​ «ការពិតទៅ​ ដី​ពីមុន ​កាស៊ីណូ​ហ្នឹងគឺចិន​ បាន​ជួល​ពី​ម្ចាស់​ដី ​ដែល​ពី​ដើម​ជា​ភោជនីយដ្ឋាន​មួយ​ទេ​ស្ថិត​នៅ​លើ​ឆ្នេរ​ខ្សាច់​ហ្នឹង ​ជា​ហាង​ភោ​ជនី​យដ្ឋាន​ធម្មតា ​បន្ទាប់មក​ចិន​បាន​កែច្នៃ​ទៅ​ជា​កាស៊ីណូ»។

​ប៉ុន្តែអ្នកស្រី​ ជៀប សុធារី​ អ្នក​សម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស (អាដហុក) ប្រចាំ​ខេត្ត​ព្រះសីហនុ ជំរុញឲ្យ អាជ្ញាធរ​ខេត្ត​អនុវត្តច្បាប់​តែម្តង​មិនចាំបាច់រង់ចាំ​​​ការអនុញ្ញាត ដោយអ្នកស្រីថ្លែងថា អាជ្ញា​ធរអាច​ចុះ​អនុវត្ត​ច្បាប់​ដើម្បី​ឱ្យ​រុះរើ​សំណង់​កាស៊ីណូ​នោះ​ ដោយ​មិនចាំបាច់​រង់ចាំ​សុំ​គោលការណ៍​ពី​ថ្នាក់ជាតិ​ឡើយ ​ព្រោះ​កាស៊ីណូ​នេះ ​ត្រូវបាន​រកឃើញ​ថា​សាង​សង់​ខុស​ច្បាប់​លើដី​ឆ្នេរ។

អ្នកស្រី​បន្តថា ​ការមិន​អនុវត្ត​ទៅតាម​ច្បាប់​ដែលមាន​ស្រាប់​បែបនេះ ​ជា​មូលហេតុ​ធ្វើឱ្យ​ជន​ជាតិចិន​មួយចំនួន ​ពុំ​សូវ​ខ្លាច​ញញើត​អាជ្ញាធរ​មូល​ដ្ឋា​ន​និង​ច្បាប់​របស់​កម្ពុជា។

អ្នកស្រី​បញ្ជាក់ថា​៖​ «កន្លងមក​ខ្ញុំ​ឃើញថា ​អាជ្ញាធ​របស់​យើង​ទាំង​ថ្នាក់​ជាតិ​ផង​ ហាក់​ការពារ​ផលប្រយោជន៍​សម្រាប់​ពួក​អ្នក​វិនិយោគ​ទុន​ហ្នឹង​ខ្លាំង​មែនទែន ​ហាក់​ដូចជា​យកចិត្ត​អ៊ីចឹង​ពេល​ខ្លះ​យើង​យក​ចិត្ត​ពួកគាត់​ខ្លាំង​ពេក ​ធ្វើឱ្យ​ពួក​គាត់​បាន​ចិត្ត»៕