
បុរស ដែលរំលោភសេពសន្ថវៈក្មេងស្រីអាយុ ៥ ឆ្នាំ នៅខណ្ឌដង្កោ កាលពីថ្ងៃទី ១ ឧសភា។ សហការី
ភ្នំពេញៈ យោងតាមទិន្នន័យតាមបណ្ដាខេត្ដចំនួន ១៣ ក្នុងប្រទស កម្ពុជា បានបង្ហាញថា ត្រឹមរយៈពេលពាក់កណ្ដាលឆ្នាំ ២០១៩ នេះ មានករណីរំលោភសេពសន្ថវៈកើតឡើងជាង ៥០ ករណី ដែលចំនួននេះ បើធៀបឆ្នាំ ២០១៨ មានចំនួនប្រហាក់ប្រហែលគ្នា។
នេះបើតាមលោក អំ សំអាត ប្រធានគ្រប់គ្រង អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញ។
ទាក់ទងនឹងទិន្នន័យខាងលើ លោក អំ សំអាត បានថ្លែងថា បើសរុបទូទាំងប្រទេសតែម្ដង អាចមានចំនួនលើសពីចំនួនដែលអង្គការលោកទទួលបាន ខណៈរូបភាពនៃបទល្មើសកាន់តែមានភាពសាហាវជាងមុន ដូចជាករណីរំលោភសម្លាប់ដែលទើបកើតឡើងក្នុងខេត្ដព្រះសីហនុជាដើម។
លោកបានបន្តថា៖ «ជនបង្កទាំងអស់ បើយើងមើលទៅ ពេលដែលអាជ្ញាធរចាប់ខ្លួនបាន និងការកត់សម្គាល់របស់អ្នកភូមិ ដែលសង្កេតឃើញ ពួកហ្នឹងភាគច្រើនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹង ដែលនាំឱ្យជនល្មើសមានចរិត ឃោរឃៅ អមនុស្សធម៌បំផុត»។
ចំណែកករណីរំលោភសេពសន្ថវៈលើស្រ្ដី និងក្មេងស្រី ពីសំណាក់សាច់ញាតិខ្លួនឯងដូចជា តារំលោភចៅ ឪពុករំលោភកូន បងប្រុសរំលោភប្អូនស្រីជាដើមនេះ លោក អំ សំអាត ថា បណ្ដាលមកពីសីលធម៌នៅក្នុងសង្គមកម្ពុជាមានការធ្លាក់ចុះខ្លាំង។
លោកបញ្ជាក់ថា៖ «បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង បានធ្វើឱ្យជនដែលប្រព្រឹត្ដបទល្មើស (រំលោភ) មានចរិតរឹតតែកាចសាហាវខ្លាំង។ ចំណែកបញ្ហាអនុវត្ដច្បាប់របស់សមត្ថកិច្ច មិនទាន់មានប្រសិទ្ធភាព ក៏នាំឱ្យមានករណីរំលោភសេពសន្ថវៈនេះកើតឡើងច្រើនដែរ។ យើងឃើញមានករណីខ្លះមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលនេះជាការជំរុញដល់ជនល្មើសក្នុងការប្រព្រឹត្ដបទល្មើស»។
លោក សំអាត បានលើកឡើងថា នៅតាមបណ្ដាខេត្ដក្នុងទីជនបទដាច់ស្រយាល ដែលមានទីតាំងភូមិសាស្រ្ដធំទូលាយ ប៉ុន្ដែសមត្ថកិច្ចមានចំនួនតិច ដែលកត្ដានេះនាំឱ្យជនល្មើសមានឱកាសច្រើនក្នុងការប្រព្រឹត្ដបទល្មើស និងរត់គេចខ្លួន។
លោកបន្ថែមថា៖ «កត្ដាបច្ចេកវិទ្យាទំនើបនាសម័យបច្ចុប្បន្ន ក៏បានរួមចំណែកដល់ជនល្មើសក្នុងការប្រព្រឹត្ដបទល្មើសរំលោភសេពសន្ថវៈដែរ ព្រោះគ្រប់ទីកន្លែងជនល្មើសអាចចូលទៅមើល វីដេអូអាសអាភាសបាន»។
ជុំវិញបញ្ហាខាងលើនេះ លោក អំ សំអាត បានស្នើទៅរាជរដ្ឋាភិបាលត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការផ្សព្វផ្សាយពីការអប់រំលើបញ្ហានេះឱ្យដល់ភូមិឃុំ និងបន្ដជំរុញការអនុវត្ដថែមទៀតលើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយបង្កើតកិច្ចការពារសន្ដិសុខដល់ប្រជាពលរដ្ឋ។
លោកស្រី ស ស៊ីណែត អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ទទួលបន្ទុកផ្នែកកិច្ចការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ករណីរំលោភសេពសន្ថវៈ និងរំលោភសម្លាប់កុមារីនេះ ក្រសួងកិច្ចការនារីមានការព្រួយបារម្ភខ្លាំង ដោយករណីនេះ ហាក់មានភាពសាហាវ ពិសេសករណីលើក្មេងស្រីជាអនីតិជន។
ប៉ុន្តែចំពោះទិន្នន័យរបស់អង្គការលីកាដូខាងលើ លោកស្រី ស៊ីណែត បានបដិសេធថា មិនមានចំនួនច្រើនបែបនេះទេ។
លោកស្រីបញ្ជាក់ថា៖ «អ្វី ដែលជាទិន្នន័យរបស់អង្គការលីកាដូហ្នឹង [ខ្ញុំ]ក៏អត់ចង់តតាំងអីជាមួយលីកាដូដែរ។ ប៉ុន្តែគ្រាន់តែថាទិន្នន័យនេះ បើតាម[ខ្ញុំ]ប្រមូលបានពីមន្ទីរពាក់ព័ន្ធទាំងអស់ គឺទិន្នន័យអត់មានដល់ច្រើនរហូតប៉ុណ្ណឹងទេ»។
ប៉ុន្តែ ទិន្នន័យលើករណីនេះ លោកស្រី ស៊ីណែត មិនទាន់អាចបង្ហាញបានទេ ដោយប្រាប់ថា ត្រូវការពេលវេលាប្រមូលពីមន្រ្ដីជំនាញសិន។
លោកស្រីបានបន្ដថា៖ «ដូចជាករណីថ្មីៗនេះ មានករណីរំលោភសម្លាប់ទៅលើក្មេងស្រី ២ នាក់ នៅខេត្ដកំពង់ឆ្នាំង និងក្មេងស្រីម្នាក់ និងប្រុសម្នាក់ នៅខេត្ដព្រះសីហនុ ដែលករណីនេះយើងមើលឃើញថា មានរូបភាពកាចសាហាវខ្លាំង»។
ទាក់ទិននឹងវិធានការទប់ស្កាត់ លោកស្រីថា ក្រសួងកិច្ចការនារីមានវិធានការយូរហើយ ដោយចុះទៅផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់គ្រូបង្គោលតាមមន្ទីរកិច្ចការនារីស្រុក ឃុំជាដើម ដោយប្រាប់ពីកត្ដាជំរុញមួយចំនួននាំឱ្យមានការកើតឡើងករណីរំលោភនេះ។
លោកស្រី ស៊ីណែត បានថ្លែងថា៖ «យើងបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ពីករណីរំលោភ និងច្បាប់មួយចំនួនទៅសហគមន៍ តាមភូមិ ឃុំ ស្រុក។ យើងក៏មានគម្រោងសីលធម៌សង្គម និងតម្លៃស្រ្ដីគ្រួសារខ្មែរនៅតាមមន្ទីរកិច្ចការនារី នៅតាមបណ្ដាខេត្ដទាំងអស់»។
លោកស្រី ស៊ីណែត បានបង្ហាញថា តាមរយៈការសិក្សារបស់ក្រសួងគឺ ករណីរំលោភកើតឡើងដោយកត្ដា ២ គឺ មូលហេតុ និងកត្តាជំរុញឱ្យមានករណីរំលោភ។ មូលហេតុពិត គឺជនល្មើសមានចំណង់តណ្ហាកើតឡើង ហើយមិនមានវិធីដើម្បីទប់ស្កាត់ ឬបញ្ចេញអារម្មណ៍នោះទើបយកក្មេងស្រីទៅដោះស្រាយ។ ចំណែកកត្ដាជំរុញដែលជនល្មើសលើកឡើងថា កើតឡើងបណ្ដាលមកពីស្រវឹងស្រា ឬញៀនថ្នាំជាដើម គឺគ្រាន់តែជាលេសរបស់ជនល្មើសប៉ុណ្ណោះ។
លោកស្រីបានឱ្យដឹងថា៖ «អ្វីដែលយើងបារម្ភគឺវាកើតឡើងក្រោមរូបភាពសាហាវ ហើយគោលដៅរបស់ជនល្មើសប្រព្រឹត្ដភាគច្រើនលើអនីតិជន។ យើងបារម្ភមួយទៀតនោះ គឺសាច់ញាតិខ្លួនឯងរំលោភសាច់ញាតិខ្លួនឯង ព្រោះពេលខ្លះយើងមើលតែសម្បកក្រៅមិនអាចដឹងទេ ទាល់តែមានករណីកើតឡើងទើបដឹង»។
លោក James McCabe នាយកប្រតិបត្តិ Child Protection Unit (CPU) មិនអាចសុំការបកស្រាយជុំវិញករណីរំលោភសេពសន្ថវៈនេះបានទេកាលពីម្សិលមិញ ដោយផ្ញើសំណួរតាមបណ្ដាញតេឡេក្រាម បានឃើញប៉ុន្ដែមិនឆ្លើយតប៕