ភ្នំពេញៈ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ​អះអាងថា ​ការចុះ​បញ្ចី​ និង​វាស់វែង​លើដី​មាន​ជម្លោះ​ស្ថិត​ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំងក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ទំហំ ១៨ ហិកតា ​ត្រូវបាន​ពន្យា​រពេល ​កាលពី​ម្សិលមិញ ​បន្ទាប់ពី​មានការ​តវ៉ា​ពី​ពលរដ្ឋ​មួយចំនួន​ថា​ ដី​នោះ​ គឺជា​កម្មសិទ្ធិ​របស់​ពួកគេ។

លិខិត​ចុះ​ថ្ងៃទី ២២ ​មីនា ​ឆ្នាំ ២០១៩ របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តម្រូវ​ឲ្យ​ឈ្មោះ​សេង ស៊ី​ហេង​ ដែលមាន​អាសយ​ដ្ឋា​ន​ស្ថិតក្នុង​ទីតាំង​ខាងលើចូលខ្លួន​មក​បំពេញ​បែបបទ​តាម​​នីតិវិធី​ នៃ​ការចុះ​ប​ញ្ជី​ដីធ្លី​ជា​ធរមាន ពី​ម្សិល​​មិញ ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ភាគី​រូបនេះ។

លោក​ហែម ដា​រិទ្ធិ ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា​ ការ​ចុះ​វាស់វែង និង​ចុះ​ប​ញ្ជី​ដីធ្លី​នេះ​ មិន​បាន​​ជោគជ័យ​នោះទេ​ ព្រោះ​មានការ​តវ៉ា​ពី​ពលរដ្ឋ​ជាច្រើន​ ដោយ​អះអាង ថា ​ដី​នេះ ​ជា​ដី​របស់​ពួកគេ។

លោក​បញ្ជាក់ថា​៖ «ការអនុវត្ត​គឺ​ទៅតាម​ សជណ ​ដោយ​យើង​មិន​ចេះតែ​អត្តនោ​ម័ត​ទេ ហើយ​ការចុះទៅ​វាស់វែង​នេះ គឺ​បាន​បិទ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ហើយ។ ក្នុង​ករណី ​ដី​ហ្នឹង​ មាន​បង​ប្អូន​​ប្រជាពលរដ្ឋ​តវ៉ា យើង​ដាក់​នៅក្នុង​កំណត់​ហេតុ​ថា ដី​ហ្នឹង ​មិនទាន់​បាន​ដោះស្រាយ»។

លោក​បន្ថែមថា៖ «បើ​ប្រជាពលរដ្ឋ​តវ៉ា​ដូច​ព្រឹក​មិញ​អ៊ី​ចឹ​ង យើង​មិនអាច​ធ្វើ​បានទេ គឺ​យើង​ត្រូវរាយការណ៍ជូន​ទៅ សាលា​រាជ ធានី​ភ្នំពេញ​វិញ ដើម្បី​សុំ​ឲ្យ​គាត់​ដឹង​ព័ត៌មាន និង​បន្ត​នីតិវិធី​បន្ត​ទៀត»។

ទោះយ៉ាង​ណា​ លោក ​ហែម ដា​រិទ្ធិ ​អះអាង​ថា​ ដី​ទំហំ​ជិត​ ២០ ហិកតា​នេះ ​គឺ​មិនទាន់​សម្រេច​ប្រគល់​ឲ្យ​ទៅ​អ្នកណា​នោះទេ​ ដោយ​គ្រាន់តែ​អះអាងថា​ ភាគី​ឈ្មោះ សេង ស៊ី​ហេង​ មាន​លិខិត​ស្នាម​ត្រឹមត្រូវ ​ដូចជា ​សជណ​ និង ​ដីកា​ពី​តុលាការ​ ដូច្នេះ ​ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​អនុវត្ត​តាម​ការ​ស្នើសុំ​នេះ​តែប៉ុណ្ណោះ។

ចំណែក​លោកហ៊​ត រដ្ឋា ​ចៅ​សង្កាត់​ត្រពាំង​ក្រសាំង ​បដិសេធ​បកស្រាយ​ល​ម្អិ​តជុំវិញ​ជម្លោះ​​នេះ ​ដោយ​គ្រាន់តែ​អះអាងថា ​វា​មាន​ភាពស្មុគ​ស្មាញ​ ព្រោះ​តែមាន​ពលរដ្ឋ​ខ្លះ បាន​ទិញ​លក់​ដី​នេះ​តៗ​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះ​រ៉ាំរ៉ៃ។

​បើតាម​ព័ត៌មាន​ចុះផ្សាយ​កន្លងទៅ​ឲ្យដឹងថា​ប្រជាពលរដ្ឋ​ចំនួន​ ៥៦ គ្រួសារ ​រស់នៅ​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ ​បាននាំគ្នា​តវ៉ា​ និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ​តាំងពី​ឆ្នាំ ២០១១ មក ​ដើម្បី​សុំ​ស្ថាប័ន​ទាំង​នោះ ​ជួយ​ដោះស្រាយ​​ជូន​ពួកគេ។

តាម​ពលរដ្ឋ​តវ៉ា​ទាំងនោះ ​បាន​អះអាងថា​ ដី​ដែលមាន​ទំហំ​ជិត ២០ ហិកតា​នោះ ​គឺ​ពួកខ្លួន​ទាំងអស់​គ្នា ​មក​រស់នៅ​តាំងពី​ឆ្នាំ ១៩៧៩ ​ដោយ​ប្រក​បរបរ​ធ្វើស្រែ​ និង​ដាំ​ដំណាំ​ផ្សេងៗ។ លុះ​ក្រោយមក​នៅ​ឆ្នាំ ១៩៨៧ សមាគម​ចិន​ ហុក គៀន​ បានដាក់​ពាក្យ​ស្នើសុំ​ខ្ចី​ដី​ទាំងនេះ​ពី​ប្រជាពលរដ្ឋ​ទាំង ៥៦ គ្រួសារ ​ដោយមាន​អាជ្ញាធរ​ដែនដីទទួលស្គាល់​ដឹងឮ​ពិតប្រាកដ​ សម្រាប់​យកទៅ​ធ្វើ​កន្លែង​គោរព​សក្ការៈ​បុណ្យ​ប្រពៃណី​ចិន​ម្តងៗ ដោយ​ប្រជា​ពលរដ្ឋ​យល់​ឃើញថា​ មាន​មូលហេតុ​សមរម្យ ​ក៏បាន​អនុញ្ញាត​ឲ្យ​សមាគម​ចិន​ហុក គៀន​ខ្ចី​ប្រើប្រាស់​បណ្តោះ​អាសន្ន។

ពលរដ្ឋ​ទាំងនោះ​អះអាងបន្ត​ថា​ រហូត​មកដល់​ឆ្នាំ ២០១១ សមាគម​ចិន ​ហុក គៀន ​ក៏បាន​រុះរើ​ម៉ុង​ចេញ​ និង​ប្រគល់​ដី​ទាំងនោះ​មកឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​វិញ ​ប៉ុន្តែ​ក៏មាន​ឈ្មោះ​សេង ស៊ី​ហេង ​បាន​ចេញមុខ​អះអាងថា ​ដី​ទាំងនេះ​ ជា​ដី​របស់ខ្លួន​ ជា​តំណាងឲ្យ​សមាគម​ចិន ហុក គៀន ​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​ខ្ចី​របស់​សមាគម​ចិន ​ហុកគៀន ​នេះ ក៏​បង្កើតជា​ជម្លោះ ​រហូត​មាន​ការដាក់​ពាក្យ​ប្តឹងផ្តល់​ទៅ​ដល់​តុលាការ។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំងនោះ​បានទេ ​ឯ​ខាង​ភាគី ​ឈ្មោះ​សេង ស៊ី​ហេង ​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។

លោក​ម៉េ​ត មាស​ភក្តី ​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា​ លោក​មិនទាន់​ទទួល​របាយ​ការណ៍​ពី​អាជ្ញា​ធរ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។ តែ​លោក​អះអាងថា​ ក្នុងនាម​អាជ្ញាធរ ​នឹង​ពិនិត្យ​ទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​ផ្លូវច្បាប់ ​និង​ព្យាយាម​សម្រប​សម្រួល​បន្ត​ទៀត។

លោក​បានបន្តថា​៖ «បើ​ខណ្ឌ​ធ្វើ​របាយការណ៍​មក​រដ្ឋបាល​យើង អ៊ីចឹ​ង​យើង​នឹង​ពិនិត្យ​លើ​បញ្ហា​នេះ​ ហើយ​នីតិវិធី ​ឬ​ចំណាត់-​ការបន្ត​យ៉ាង​ម៉េច​ទៀត​ យើង​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ»៕