
លោកអិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារក្នុងពិធីកាលពីម្សិលមិញ។ សហការី
ភ្នំពេញៈ <ការវិវត្តបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានគេចាត់ទុកជាបដិវត្តន៍ឧស្សាហកម្មទី៤ នឹងបង្កើតឱ្យមានប្រភេទការងារថ្មីៗ ហើយក៏នឹងបណ្តាលឱ្យបាត់បង់ការងាររបស់យុវជនផងដែរ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពជំនាញ ឱ្យស៊ីចង្វាក់ជាមួយតម្រូវការទីផ្សារទេនោះ។
នេះគឺជាអ្វីដែលលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅក្នុងពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ កាលពីម្សិលមិញ។
លោកលើកឡើងថា ការសិក្សាមួយរបស់អង្គការ ILO ក្នុងឆ្នាំ ២០១៦ ស្តីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស័្វយប្រវត្តិកម្ម បង្ហាញថា ៥៦ ភាគរយ នៃការងារសរុបនៅក្នុងប្រទេសអាស៊ានចំនួន ៥ នឹងប្រឈមហានិភ័យខ្ពស់ ទៅនឹងការធ្វើស្វ័យប្រវត្តិកម្ម ក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ ក្នុងនោះកម្ពុជា មានអត្រា ៥៧% ឥណ្ឌូនេស៊ី ៥៦ %ហ្វីលីពីន ៤៩ % ថៃ ៤៤ % និងវៀតណាម ៧០ %។
លោកថ្លែងថា កិច្ចសន្ទនានេះ ជាវេទិកាមួយ សម្រាប់ផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សារវាងអ្នករៀបចំគោលនយោបាយ តំណាងកម្មករនិយោជិត តំណាងនិយោជក និងដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។
បើតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីការអង្កេតអនាគតនៃការងារចាប់ពីឆ្នាំ ២០១៨ មកទល់ពេលបច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យាមិនទាន់បណ្តាលឱ្យមានការកាត់បន្ថយការងារជាទូទៅនៅទ្បើយទេ ខណៈការផ្លាស់ប្តូរនេះ ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមាន លើវិស័យមួយចំនួន ប៉ុន្តែវាក៏បានបង្កើតការងារថ្មីៗជាច្រើនដោយផ្ទាល់និងដោយប្រយោលផងដែរ។
បច្ចុប្បន្នកម្ពុជា មានអត្រាប្រជាជនអាយុក្រោម ២៥ ឆ្នាំ ៤៩,៥ % នៃប្រជាជនសរុបហើយមានអត្រាយុវជនអាយុ ១៥-២៤ ឆ្នាំចំនួន ២៨,៩% នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ ១៥-៦៤ ឆ្នាំ) ដែលអត្រានេះ ធ្វើឱ្យកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន។
លោក សំហេង បានលើកឡើងថា៖ «កម្លាំងពលកម្មជាពិសេសយុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិតដើម្បីទទួលបានជំនាញមួយដែលអាចឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុកនិងក្នុងតំបន់»។
លោកបញ្ជាក់ថា កម្ពុជាកំពុងជួបប្រទះនូវបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្តុះបណ្តាលនៅមានកម្រិត និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
លោកថា៖ «ការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្តឧស្សាហកម្មទី ៤ នឹងបណ្តាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឱ្យមានប្រភេទការងារថ្មីៗផងដែរ។ ប៉ុន្តែអ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលវិវត្តន៍នេះ នឹងមិនអាចស្វែងរកការងារបាននោះទេ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ដែលបានចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់នេះមើលឃើញថា ទៅថ្ងៃអនាគតកម្ពុជា មិនត្រូវពឹងផ្អែកតែលើការងារក្នុងវិស័យរោងចក្រកាត់ដេរតែម្យ៉ាងនោះទេ គឺត្រូវត្រៀមខ្លួនដោយបង្កើតឱ្យមានវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញផ្សេងៗដល់យុវជនឱ្យសមស្របទៅនឹងការវិវត្ដនៃចរន្ដការងារក្នុងប្រទេសនិងក្នុងតំបន់។
លោកបន្ដថា៖ «រាជរដ្ឋាភិបាល ត្រូវតែរៀបចំទុកនូវការបណ្ដុះបណ្ដាលជំនាញដើម្បីត្រៀមទុកសម្រាប់យុវជន នៅពេលដែលការងារទាំងនោះមកដល់ យុវជនយើងនឹងមានជំនាញស្រាប់ នោះនឹងមិនមានបញ្ហាប្រឈមទេ»។
លោកបន្តថា ក្រសួងត្រូវពង្រីកមជ្ឈមណ្ឌល ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបន្ថែមទៀត ដើម្បីអាចឱ្យយុវជនទទួលបានការបណ្ដុះបណ្ដាល៕