ភ្នំពេញៈ អ្នក​ជំនាញ​បាន​ឲ្យ​ដឹងថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ទន្លេមេគង្គ ការប្រែប្រួល​អាកាសធាតុ និង​ការនេសាទ​ហួស​ប្រមាណ​នឹង​ធ្វើឲ្យ​បាត់បង់​ត្រី ២៥ ភាគរយ​នៅ​ត្រឹម​ឆ្នាំ​ ២០២០ ហើយ​វា​នឹង​បន្ត​បាត់បង់​រហូត​ដល់ ៣៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០៤០ ប្រសិន​បើ​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​មិន​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​ប្រឈម​ទេ​នោះ​។

លោក So Nam មន្ត្រី​កម្មវិធី​នេសាទ​នៅ​គណៈកម្មការ​ទន្លេមេគង្គ​​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី «​ការចែករំលែក​ទស្សនៈ​សម្រាប់​ការគ្រប់គ្រង​ និង​ការអភិរក្ស​ប្រភេទ​ត្រី​បំផ្លាស់​ទី​នៅ​កម្ពុជា​» ​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ថា ទំនប់​វារីអគ្គិសនី​ជះឥទ្ធិពល​ទៅលើ​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍ​ធនធាន​ទឹក​ដែល​បាន​គ្រោងទុក​នៅ​អាង​ទន្លេ​មេគង្គ​ក្រោម ខណៈ​ដែល​បម្រែបម្រួល​អាកាសធាតុ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទន្លេមេគង្គ​ និង​ទន្លេសាប​។

លោក So Nam បាន​ព្យាករ​ថា​នៅ​ឆ្នាំ​ ២០២០ ជីវម៉ាស​ត្រី​នៅ​អាង​ទន្លេ​មេគង្គ​ទាំង​មូល​នឹង​ត្រូវ​បាត់បង់​រហូត​ដល់ ២៥ ​ភាគរយ ឬ​ស្មើនឹង ៦០០០០០ តោន គិត​ជា​ទឹកប្រាក់​អស់ ២,៧ ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០០៧ ហើយ​វា​នឹង​បន្ត​បាត់បង់​រហូត​ដល់ ៣៩ ​ភាគរយ ឬ ស្មើនឹង ៩០០ ០០០ តោន ដែល​គិត​ជា​ទឹកប្រាក់​ខាតបង់​អស់ ៤,៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០៤០​។

លោក​បណ្ឌិត Zeb Hogan ជា​អ្នក​បរិស្ថានវិទ្យា​នៅឯ​សាកលវិទ្យាល័យ Nevada, Reno បាន​ចោទ​សួរថា​៖ «​ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ចក្ខុវិស័យ សម្រាប់​ការគ្រប់គ្រង​ត្រី​? ប្រហែល​ជា​ដោយសារតែ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការរៀបចំ​ជា​លើកដំបូង​ដែល​ត្រូវ​គិតគូរ​ពី​ការ​បំផ្លាស់ទី​របស់​ត្រី​នៅ​គ្រប់​ប្រព័ន្ធ​ទន្លេ​ទាំងអស់​ក្នុង​ពិភពលោក​»​។

លោកស្រី Sang Lee នាយិកា​ការិយាល័យ​សន្ដិសុខ​ស្បៀង​ និង​បរិស្ថាន USAID Cambodia ក៏បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​នេះ​ដែរ​ថា ប្រព័ន្ធ​ទន្លេមេគង្គ គឺជា​ទន្លេ​តែ​មួយ​គត់​នៅលើ​ពិភពលោក​ដែល​សម្បូរ​ទៅ​ដោយ​សត្វ និង ជីវៈចម្រុះ​ជាច្រើន ពិសេស​ប្រភេទ​ត្រី​ដែល​ភាគច្រើន​គឺជា​ត្រី​ដែល​ចូលចិត្ត​បំផ្លាស់​ទី​។ វា​ជា​ជម្រក​របស់​ត្រី​ធំៗ​ និង​ត្រី​កម្រ​ដ៏ធំ​ជាង​គេ​បំផុត​នៅ​លើ​ផែនដី ហើយ​ប្រភេទ​ត្រី​ទាំងនេះ​អាច​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​បន្ត​ថា​ការបាត់បង់​ទីជម្រក និង​ការប្រែប្រួល​អាកាសធាតុ​ធ្វើឲ្យ​ពពួក​ត្រី​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ឆ្ងាយៗ​ទាំងនោះ​ភាគច្រើន​ងាយ​នឹង​ទទួល​រង​ការគំរាមកំហែង​ដែល​ពួកវា​អាច​ជួបប្រទះ​នៅ​តាម​ផ្លូវ​នៃ​ការ​បំផ្លាស់​ទី​របស់​ពួកវា ពី​ការអភិវឌ្ឍ​ទំនប់​វារីអគ្គិសនី និង​ការនេសាទ​ហួស​ប្រមាណ​។

លោកស្រី​បន្ថែម​ទៀត​ថា​៖ «​ប្រភេទ​ត្រី​ដែល​ចូលចិត្ត​បំផ្លាស់ទី​ជាច្រើន​បាន​ថយចុះ​យ៉ាង​ខ្លាំង​ទាំង​បរិមាណ និង​ទំហំ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ពិសេស​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ ហើយ​នេះ​ជា​មូលហេតុ​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សិក្ខាសាលា​នៅ​ថ្ងៃ​នេះ​ត្រូវការ​ការពិភាក្សា​អំពី​ការគ្រប់គ្រង​សត្វ​ត្រី​បំផ្លាស់​ទី​នៅក្នុង​វិធី​ដ៏ទូលំ​ទូលាយ​មួយ​»​។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​គឺ​ដើម្បី​ប្រមូលផ្តុំ​មតិយោបល់​របស់​អ្នកជំនាញ​ដើម្បី​កំណត់​នូវ​តម្រូវការ​ទិន្នន័យ​ខ្ពស់​សម្រាប់​ការធ្វើការ​បំផ្លាស់​ទី​របស់​ត្រី​នៅក្នុង​អាង​ទន្លេមេគង្គ ហើយ​លទ្ធផល​នៃ​ការពិភាក្សា​នេះ​នឹង​ស្វែងរក​ដំណោះស្រាយ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​រដ្ឋបាល​ជលផល និង​ក្រសួង​កសិកម្ម​ដើម្បី​សម្រេច​បាន​នូវ​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​នេសាទ​របស់​ខ្លួន និង​យក​ទៅ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។

លោក អេង ជាសាន អគ្គនាយក​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​ថា​៖ «​ដើម្បី​ឆ្ពោះ​ទៅ​រក​ជីវៈចម្រុះ​ត្រី​ប្រកប​ដោយ​និរន្តរភាព យើង​ត្រូវការ​វិធីសាស្ត្រ​គ្រប់គ្រង​យុទ្ធសាស្ត្រ​ដែល​មាន​មូលដ្ឋាន​លើ​វិទ្យាសាស្ដ្រ ដើម្បី​រក្សា​នូវ​ការជំរុញ​ឲ្យ​មាន​ទឹកជំនន់ និង​ការគ្រប់គ្រង​ទីជម្រក​សំខាន់ៗ​ឲ្យ​បាន​រឹងមាំ​ដើម្បី​កាត់បន្ថយ​ការ​គំរាមកំហែង​ដល់​ត្រី និង​ការពារ​ធនធាន​នេសាទ​ដ៏សំខាន់​នេះ​»​។

បើ​តាម​លោក ជាសាន ប្រភេទ​ត្រី​ជិត ៩០០ ប្រភេទ​ត្រូវ​បាន​គេ​កត់ត្រា​ទុក​ថា មាន​នៅក្នុង​អាង​ទន្លេមេគង្គ​ក្នុង​នោះ​ត្រី​ចំនួន ១៦៥ ប្រភេទ​ចូលចិត្ត​បំផ្លាស់​ទី​។ យ៉ាង​ហោច​ណាស់ ៣៧ ភាគរយ​នៃ​ជីវម៉ាស​ត្រី​នៅ​ទន្លេមេគង្គ​ត្រូវ​បាន​បង្កើត​ឡើង​ពី​ការ​បំផ្លាស់​ទី​របស់​ត្រី​។

យោង​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ភាគី​ពាក់ព័ន្ធ​បាន​បង្ហាញ​ថា ទិន្នផល​ត្រី​ចំនួន ៨០០-០០០ តោន ត្រូវ​បាន​គេ​ចាប់​ក្នុង​មួយ​ឆ្នាំៗ​ហើយ​ត្រី​ប្រមាណ ៣០ តោន​ត្រូវ​បាន​គេ​ចាប់​បាន​ក្នុង​មួយ​ម៉ោង​ពី​សំណាញ់​ថង់​នៅ​ទន្លេ​សាប​ក្នុង​អំឡុងពេល​វា​បំផ្លាស់​ទី​។

នៅក្នុង​សិក្ខាសាលា​នោះ​ផង​ដែរ​លោក​បណ្ឌិត Herman Wannigen ដែល​មកពី​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​បាន​គូសបញ្ជាក់​ថា ទន្លេមេគង្គ​គឺជា​ផ្លូវ​សម្រាប់​ត្រី ដូច្នេះ​អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​តភ្ជាប់​ពី​ថ្នាក់​តំបន់​ទៅ​ពិភពលោក​។ វា​មាន​ន័យ​ថា ត្រី​ទន្លេ និង​ប្រជាជន​ត្រូវ​តែ​មាន​ទំនាក់ទំនង​នឹង​គ្នា​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ការកែលម្អ​ការទំនាក់ទំនង​ត្រី​ដែល​ធ្វើ​បំផ្លាស់ទី​ពី​ថ្នាក់​តំបន់​ដល់​ពិភពលោក​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដោយសារ​តែ​ត្រី​ទន្លេ និង​មនុស្ស​មាន​ភាព​ទាក់ទង​គ្នា​»៕