ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា​ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ​បាន​ចំណាយ​ប្រមាណ​ជាង​ ១២ ​លាន​ដុល្លារ និង​បាន​ចាត់ទុក​ថា ជា​សមិទ្ធផល​រួម​របស់​ពលរដ្ឋ​ខ្មែរ​​គ្រប់រូប ខណៈ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អះអាង​ថា​ការចំណាយ​នៅ​មិន​ទាន់​បូក​សរុប ក្នុង​ពេល​ការសាងសង់​កំពុង​បន្ត​នៅ​ឡើយ​។

នៅក្នុង​ឯកសណ្ឋាន​ជា​កងទ័ព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ នៅ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​នេះ​ដែល​ជា​ថ្ងៃ​អបអរសាទរ​ខួប​ ២០ ​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​សង្គ្រាម​​ទាំង​ស្រុង​នៅ​កម្ពុជា​ថា វិមាន​ឈ្នះ​ឈ្នះ​បាន​ចំណាយ​ថវិកា​អស់​ជាង​ ១២ ​លាន​ដុល្លារ​ដែល​ភាគច្រើន​ជា​ថវិកា​សាលា​រាជធានី​ភ្នំពេញ និង​មួយ​ផ្នែក​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ ហើយ​រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​មួយ​ចំនួន​ទៀត​សម្រាប់​បន្ត​ការសាងសង់​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ជូន​ជំនួស​ឲ្យ​សម្តេច ទៀ បាញ់ ថា ថវិកា​ដែល​យើង​ប្រើ​នៅ​ទី​នេះ​ភាគច្រើន​បំផុត​គឺ​ប្រើប្រាស់​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ ឥឡូវ​នេះ​ថវិកា​ត្រៀម​បម្រុង​រួច​ស្រេច​ទៅ​ហើយ បញ្ហា​ធំ​បំផុត តើ​ត្រូវការ​ប៉ុន្មាន​? យើង​បាន​ចំណាយ​ជាង​ ១២ ​លាន​ដុល្លារ​រួច​ស្រេច​ទៅ​ហើយ​មិន​ទាន់​គិត​បញ្ហា​ដីធ្លី​នោះទេ ប៉ុន្តែ​យើង​ក៏​មាន​ទុនបម្រុង​បន្ថែម​ទៀត​តាម​តម្រូវការ​នៃ​គណៈកម្មការ​សាងសង់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ឧកញ៉ា លី យ៉ុងផាត់ ដែល​បាន​រួម​ចំណែក​មួយ​ចំនួន​ហើយ​នឹង​បន្ត​រួមចំណែក​តាម​សំណូមពរ​គណៈកម្មការ​តទៅ​ទៀត​»​។

លោក ហ៊ុន សែន បាន​អះអាង​ថា​វិមាន​ឈ្នះ ឈ្នះ គឺជា​សមិទ្ធផល​រួម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិនមែន​ជា​ផ្ទះ​របស់​លោក​ទេ ហើយ​ថា​ការសម្រេច​​យក​ទីតាំង​នៅ​ខណ្ឌ​ជ្រោយចង្វារ ព្រោះ​តែ​តំបន់​នោះ​នឹង​ក្លាយ​ជា​ទីក្រុង​រណប​របស់​រាជធានី​ភ្នំពេញ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា Sea Game ឆ្នាំ​ ២០២៣​។

លោក​បាន​បញ្ជាក់​ថា​៖ «​កន្លែង​នេះ (​វិមាន​ឈ្នះ ឈ្នះ​) ​គឺ​ធ្វើ​មិនមែន​ជា​ផ្ទះ​​របស់​ខ្ញុំ​នោះ​ទេ​ហើយ​ក៏​មិនមែន​ជា​របស់​​អ្នក​ណា​មួយ​ដែរ តែ​ជា​របស់​ជាតិ​ហើយ​​ក៏​បើក​ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា យុវជន និស្សិត​របស់​យើង​មក​ចូលរួម​ស្រាវជ្រាវ​នៅ​ទី​នេះ ហើយ​មក​លេង​កម្សាន្ដ​នៅ​ទី​នេះ និង​ធ្វើការ​ហាត់ប្រាណ ឬ​ក៏​ចង់​ធ្វើ​អ្វី​ទៅ​តាម​បំណង​»​។

ទាក់ទង​ចំណាយ​លើ​ការកសាង​វិមាន​ឈ្នះ ឈ្នះ នេះ​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​អះអាង​ថា​ការចំណាយ​មិន​ទាន់​បូកសរុប​ទេ ដោយសារ​នៅ​សាងសង់​បន្ត​ដូចជា​ការចាក់​ខ្សាច់​បន្ថែម ការធ្វើ​សារមន្ទីរ​ក្រោម​ដី ចាក់​រូបភាព ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ផ្សេងៗ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ នេះ​បាន​ធ្វើ​ប្រញាប់​ដើម្បី​ឲ្យ​លឿន សម្រាប់​រៀបចំ​សម្ពោធ​ផ្លូវការ​នាពេល​ថ្ងៃ​នេះ​។ ដូចនេះ​ការ​បូកសរុប​ថវិកា សាងសង់​មិនទាន់​រាយការណ៍​ពិស្តារ​ទេ ទាមទារ​ពេលវេលា​មួយ​សមស្រប​។ គណៈកម្មការ​សាងសង់​គោរព​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកា​ថែម​ទៀត​ដោយ​អនុគ្រោះ​»​។

យ៉ាងណា​លោក​បាន​ឲ្យ​ដឹងថា វិមាន​​ឈ្នះ ឈ្នះ នេះ​ត្រូវ​បាន​សាងសង់​លើ​​ផ្ទៃដី​ ៨ ហិកតា​ចាប់ពី​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ ក្នុង​សង្កាត់​ព្រែក​តាសេក​​ខណ្ឌ​ជ្រោយចង្វារ​តាម​រចនាប័ទ្ម​ខ្មែរ​រួម​​ជាមួយ​សម័យ​ទំនើប​មាន​រាង​បួន​ជ្រុង​ស្មើ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​ ១១៧ ​ម៉ែត្រ និង​កម្ពស់​ ៥៤ ​ម៉ែត្រ​។

លោក​បាន​បន្ត​ថា​ក្រៅពី​នោះ​វិមាន​ឈ្នះ ឈ្នះ មាន​អាងទឹក​ចំនួន​ ៨ រចនា​រូប​យក្ស​ទាញព្រ័ត្រ តោ នាគ ដំរី​ក្បាល​ ៣ ​មាន​ស្លាប​គ្រុឌ និង​ហង្ស​ក្បាល​ ៣ ​ខ្លោង​ទ្វារ​ចូល​សារមន្ទីរ ផ្ទាំងសិលា និង​រូបចម្លាក់​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​សច្ចភាព ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ពិត​នៅ​កម្ពុជា​។

លោក ហេង សំណាង វ័យ ៦០ ​ឆ្នាំ​គ្រូបង្រៀន​ ១ ​រូប​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បាន​ថ្លែង​ថា វិមាន​ឈ្នះ​ឈ្នះ​នឹង​ជួយ​ពលរដ្ឋ​កម្ពុជា​ចងចាំ​ពី​ការតស៊ូ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការរក​សន្តិភាព និង​ការផ្សះផ្សា​ជាតិ និង​ទុក​ជា​​កន្លែង​ប្រវត្តិសាស្ត្រ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។

លោក​បញ្ជាក់​ថា​៖ «​វិមាន​ឈ្នះ ឈ្នះ នេះ​បាន​ផ្ដល់​មេរៀន​យ៉ាង​ល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ​វិមាន​ឈ្នះ​ឈ្នះ​​គឺជា​ភ័ស្ដុតាង​បង្ហាញ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា សម្តេច​បាន​ជួយ​ស្រោចស្រង់​​ប្រទេស​កម្ពុជា​ពី​របប​ខ្មែរក្រហម​»​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​សាងសង់​បាន​ឲ្យ​ដឹង​ថា កំពូល​វិមាន​ឈ្នះ ឈ្នះ​ដែល​មាន​ជ្រុង ៣ ​តំណាង​ឲ្យ​នយោបាយ​សំខាន់ៗ​ចំនួន​ ៣ ទី​ ១ ការធានា​រូបកាយ​ និង​អាយុជីវិត ទី​ ២ ធានា​អាជីព និង​មុខរបរ និង​ទី​ ៣ ការធានា​កម្មសិទ្ធិ​ និង​ទ្រព្យសម្បត្តិ​ទាំង​ចលនទ្រព្យ និង​អចលនទ្រព្យ​។ រីឯ​​តួ​វិមាន​ដែល​មាន​ជ្រុង​ ៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ DIFID បំបែក ឯកោ បញ្ចប់ ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍ​ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរ​​ក្រហម​៕