ភ្នំពេញៈ ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​ការ​សម្តែង​សិល្បៈ​គឺ​បាន​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត និង​វា​ជា​ទម្រង់​នៃ​សំណង​មួយ​សម្រាប់​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខែ្មរ​ក្រហម ។

គោលបំណង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នោះ​គឺ​ដើម្បី​ពិនិត្យ​មើល​ពី​ប្រសិទ្ធភាព​នៃ​ការ​សម្តែង​​សិល្បៈ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​ចំពោះ​អ្នក​រស់រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរក្រហម​ដោយ​ការ​បង្ខំ​ឲ្យ​រៀបការ​។ ​នេះ​បើ​យោង​​តាម​អ្នកស្រី​ តាំង សុភាព អ្នក​ស្រាវជ្រាវ​ម្នាក់​មកពី​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ (TPO)​។

គេ​បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ខ្មែរ​ប្រមាណ​ ១,៧ លាន​នាក់​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​​ ១៩៧០ ហើយ​បច្ចុប្បន្ន​នេះ​អ្នក​នៅ​រស់រាន​មាន​ជីវិត ​២ ​នាក់​ក្នុង​ចំណោម​ ៥ ​នាក់​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​។

ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​ព្យាយាម​ស្វែងយល់​អំពី​តម្លៃ​នៃ​ការ​សម្តែង​សិល្បៈ​នេះ​ចំពោះ​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ផង​ដែរ​។ ​«​ផ្កាស្លា​ក្រោម​អង្គការ​» គឺជា​ការ​សម្តែង​ពិសេស​មួយ​ដែល​រៀបរាប់​អំពី​រឿងរ៉ាវ​ពិត​របស់​ជនរងគ្រោះ​ពី​ការ​រៀបការ​ដោយ​ការ​បង្ខំ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​។

ចំពោះ​របាយការណ៍​នៃ​ការ​សិក្សា​នេះ​នៅ​មិន​ទាន់​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សង្ឃឹម​ថា​របាយការណ៍​នេះ​នឹង​ត្រូវ​បោះពុម្ព​ផ្សព្វផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​មួយ​។ ជា​សរុប​ជនរងគ្រោះ​ពី​ការ​បង្ខំ​ឲ្យ​រៀបការ​មាន​ចំនួន​ ៩១ ​នាក់​មកពី​ខេត្ត​ក្រុង​ចំនួន​ ៣ ​គឺ​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង និង​កំពត​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​ទស្សនាការ​សម្តែង​នេះ​។

អ្នកស្រី​ សុភាព បាន​ថ្លែង​ថា​៖ «​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត ការ​សម្តែង​សិល្បៈ​នេះ​វា​បាន​រួម​ចំណែក​បំបែក​ភាព​ស្ងប់ស្ងាត់​របស់​ពួកគេ​។ [​វា​] ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ចែករំលែក​បទពិសោធរ​បស់​ពួកគេ​ជាមួយ​មនុស្ស​ជំនាន់​ទី​ ២ ​និង​ជំនាន់​ទី​ ៣ ហើយ​ [​វា​] ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​រៀបរាប់​អំពី​រឿងរ៉ាវ​ទាំង​នោះ​។ ការ​ស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​ថា ៩០ ​ភាគរយ​បាន​យល់​ស្រប​ថា ការ​សម្តែង​សិល្បៈ​នេះ​គឺជា​ទម្រង់​នៃ​សំណង​មួយ​»​។

លោកស្រី Sylvia Johnson អ្នក​ប្រឹក្សា​អន្តរជាតិ​សម្រាប់​អង្គការ TPO បាន​ឲ្យ​ដឹង​ថា​ការ​សម្តែង​នេះ​គឺជា​ «​ការ​បង្ហាញ​អំពី​បទពិសោធ​របស់​ពួកគេ​»​។

លោកស្រី​បន្ថែម​ថា​៖ «​ពួកគេ​ដឹង​ថា​រឿងរ៉ាវ​របស់​ពួកគេ​ដូច​ទៅ​នឹង​ការ​សម្តែង​នៅ​ទី​នោះ​»​។

អ្នក​ចូលរួម​ទាំង​នោះ​មាន​រួម​ទាំង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ទាំង​ ៣ ​សាសនា​គឺ​ពុទ្ធសាសនិក មូស្លីម និង​គ្រិស្ត​បរិស័ទ​។ ចំពោះ​អ្នក​ចូលរួម​ត្រូវ​បាន​ទទួល​ការ​វាយតម្លៃ​ចំនួន​ ២ ​ដង​ដែល​រួម​មាន​ទាំង​ការ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​។

ការ​វាយ​តម្លៃ​ទី​ ១ ​បាន​ធ្វើ​ឡើង​​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​បាន​ទស្សនាការ​សម្តែង​សិល្បៈ​រួច​ហើយ​ការ​វាយ​តម្លៃ​ទី​ ២ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ ៣ ​ខែ​ក្រោយ​។

យោង​តាម​លទ្ធផល​គន្លឹះ​នៃ​ការ​សិក្សា​នោះ​បាន​រកឃើញ​ថា​អ្នក​ចូលរួម​ចំនួន​ ៥២,៨ ភាគរយ​បាន​រាយការណ៍​ថា អារម្មណ៍​ «​បាក់ស្បាត​» ​របស់​ពួកគេ​បាន​ថយ​ចុះ​។ ៣៨,៨ ភាគរយ​បាន​រាយការណ៍​ថា​អាការ​ «​ថប់​បារម្ភ​» ​របស់​ពួកគេ​បាន​ថយ​ចុះ​។ ​៣០,៨ ​ភាគរយ​បាន​រាយការណ៍​ថា​បញ្ហា​ «​បាក់​ទឹក​ចិត្ត​» ​របស់​ពួកគេ​បាន​ថយ​ចុះ និង​ ៣០,៦ ភាគរយ​បាន​បង្ហាញ​ថា​វា​បាន​ជួយ​កាត់​បន្ថយ​ជំងឺ​តានតឹង​អារម្មណ៍​របស់​ពួកគេ​។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោកស្រី Johnson បាន​ថ្លែង​ថា​ការ​សិក្សា​នេះ​មាន​ដែន​កំណត់ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​ត្រូវ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់ពី​រយៈពេល​ ៣ ​ខែ​នោះ​ដែរ​។

លោកស្រី Johnson បញ្ជាក់​ថា​អ្នក​រៀបចំ​កំពុង​ស្វែងរក​មូលនិធិ​បន្ថែម​ដើម្បី​អាច​អញ្ជើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​មកពី​​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ឲ្យ​ពួកគេ​អាច​មក​ទស្សនា​ការ​សម្តែង​នេះ​បាន​។ ពួកគេ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ការ​សម្តែង​អាច​នឹង​មាន​នៅ​​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​។ ពួកគេ​សង្ឃឹម​ថា​នឹង​ចេញ​ផ្សាយ​របាយការណ៍​នៃ​ការ​សិក្សា​នេះ​នៅ​ក្នុង​ខែ​មីនា​៕ NS