ខេត្តកែបៈ គិតមកដល់ត្រឹមព្រលប់ថ្ងៃម្សិលមិញនគរបាលខេត្តកែបនៅតែមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យដែលបានសម្លាប់បុរសបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ហើយយកសពទៅញាត់ចូលក្នុងវ៉ាលិសរុំស្កុតជុំវិញហើយយកទៅប្លុងចោលនៅក្បែរដៃព្រែកក្នុងព្រៃកោងកាងចម្ងាយ ១០០ ម៉ែត្រខាងត្បូងស្រែអំបិលក្នុងស្រុកដំណាក់ចង្អើរនៅឡើយទេដោយគ្រាន់តែធ្វើការសន្និដ្ឋានជាបឋមថាជនបរទេសរូបនេះមិនមែនជាអ្នករស់នៅ ឬស្នាក់នៅក្នុងខេត្តនេះតែប៉ុណ្ណោះ។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកែបលោក ម៉ក់ សាម៉េត បានឲ្យដឹងថាសាកសពជនបរទេសដែលមានវ័យជាង ៤០ ឆ្នាំនេះត្រូវបានក្រុមប្រជាពលរដ្ឋដែលចុះរាវកំពឹសក្នុងព្រែកតំបន់ព្រៃកោងកាងក្នុងភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរប្រទះឃើញ និងរាយការណ៍មកសមត្ថកិច្ចប៉ូលិសនៅម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃចន្ទម្សិលមិញ។
លោកថា៖ «តាមកោសល្យវិច័យយើងពិនិត្យឃើញថាជនរងគ្រោះត្រូវបានគេសម្លាប់ដោយប្រើអាវុធរឹងដែលអាចជាដែកវាយទៅលើផ្ទៃមុខនាំឲ្យឆ្កូតប្រវែង ៦ សង់ទីម៉ែត្រ និងបាក់ថ្គាមខាងឆ្វេងហើយបាក់ឆ្អឹងខ្នងទើបឃាតករញុកដាក់ចូលក្នុងវ៉ាលិសយកមកប្លុងចោលក្នុងតំបន់ព្រៃកោងកាងនេះហើយតាមការស្រាវជ្រាវគឺជនបរទេសរូបនេះមិនបានស្នាក់នៅ ឬរស់នៅក្នុងខេត្តកែបឡើយ»។
បើទោះបីជាសមត្ថកិច្ចនៅមិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបរទេសរូបនេះព្រោះតែភិនភាគហើម និងជាំស្ទើរមើលមិនយល់ក្តីតែលោក ម៉ក់ សាម៉េត បានបញ្ជាក់ថាសាកសពនៅមានសភាពទន់ និងក្តៅនៅឡើយដោយបញ្ជាក់ថាសពទើបត្រូវបានជនល្មើសសម្លាប់ថ្មីៗទំនងជានៅថ្ងៃអាទិត្យម៉ោង ៨ ទៅ ៩ យប់។
ស្នងការនគរបាលខេត្តកែបលោក អ៊ី សំអុល ក៏បានឲ្យដឹងដែរថាករណីឃាតកម្មលើជនបរទេសដែលត្រូវបានឃាតករយកមកប្លុងចោលនេះមន្ត្រីជំនាញបានកំពុងស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃដល់ផងដែរ។
លោកថា៖ «យើងកំពុងទំនាក់ទំនងសហការជាមួយមន្ត្រីជំនាញក្នុងខេត្ត និងខេត្តជាប់ៗនោះដើម្បីរកឲ្យឃើញអត្តសញ្ញាណជនរងគ្រោះជាមុនសិនហើយរហូតមកទល់ពេលនេះខ្ញុំអាចសន្និដ្ឋានបានត្រឹមថាជនរងគ្រោះមិនមែនជាអ្នកនៅទីនេះទេ»។
បើតាមលោក សំអុល ករណីឃាតកម្មលើជនបរទេសហើយយកទៅប្លុងចោលបែបនេះមិនធ្លាប់កើតមានក្នុងខេត្តនេះទេ។
តាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១៤ ជនបរទេសដែលស្លាប់ដោយសារជំងឺដោយអំពើឃាតកម្ម និងអត្តឃាតមានចំនួន ១៣៧ លើក និងស្លាប់ចំនួន ១៣៧ នាក់៕