The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការសាងសង់​សាលា​ឧទ្ធរណ៍​តំបន់​ ​នឹង​បញ្ចប់​នៅ​ចុង​ខែ​នេះ

ការសាងសង់​សាលា​ឧទ្ធរណ៍​តំបន់​ ​នឹង​បញ្ចប់​នៅ​ចុង​ខែ​នេះ

Content image - Phnom Penh Post
អគារសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ ហ្វេសប៊ុក

ការសាងសង់​សាលា​ឧទ្ធរណ៍​តំបន់​ ​នឹង​បញ្ចប់​នៅ​ចុង​ខែ​នេះ

ភ្នំពេញៈ មន្ត្រី​ក្រសួង​យុត្តិ​ធម៌​បាន​អះអា​ងថា ការ​សាង​សង់​សាលា ឧទ្ធណ៍​តំបន់​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​​នេះ ប៉ុន្តែការ​​បើក​ស​វនា​​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំ​ណុំរឿង នានាគឺ​នៅត្រូ​វការ​ពេល​វេលា​ច្រើន​ទៀត​មុន​ឈាន​ដល់​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ ស្រប​ពេល​ដែ​លអ្ន​ក​ជា​ប់​បណ្ដឹង​ឧទ្ធរណ៍​គិត​ត្រឹម​ខែ​ឧសភា​នេះ​មាន​ចំនួន​ជាង ១ ពាន់​នាក់។

លោក ជិន ​ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​បា​ន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ការ​សាង​សង់​អគារ​​សាលា ឧទ្ធរណ៍​តំបន់​នៅ​ខេត្ត​ត្បូង​ឃ្មុំនិង​ខេត្ត​បាត់​ដំបង​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ នេះ ប៉ុន្តែ​ដំណើរ​ការ​កាត់​ក្ដី​នឹង​មិន​ទាន់​អាច​ធ្វើ​បាន​ឆាប់ៗ​នោះទេ ដោយ​សារ​​​​នៅ​មាន​ការ​រៀបចំ​​នីតិ​វិធី​ ជា​ច្រើន​ដំណាក់​កាល​ទៀត។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​​ត្រូវ​ធ្វើ​គឺ​រួម​មាន​ការ​រៀប​ចំ​ធន​ធាន​មនុស្ស ការ​រៀបចំ​ចៅក្រម ព្រះ​រាជ​អាជ្ញា ក្រឡា​បញ្ជី មន្ត្រី​រដ្ឋបាល ដើម្បី​ធ្វើ​ការ​នៅ​សាលា​ឧទ្ធរណ៍​តំបន់​ទាំង​អស់​នេះបូក​រួម​ទាំង​ការ​រៀប​ចំ​លិខិត​បទដ្ឋាន​មួយ​ចំនួន​ទៀត​ដើម្បី​អាច​ដំណើរការ​ឧទ្ធរណ៍​តំបន់»។

លោក​បន្ថែម​ថា ការ​ចំណាយ​លើ​ការសាង​សង់និង​ដំណើរ​ការ​សាលា​ឧទ្ធរណ៍​តំបន់​ទាំង​ ២​ នេះ ប្រើ​ប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​ទាំង​ស្រុង​​ដោយ​មិន​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ភាគី​ណា​ឡើយ។បញ្ហា​ថវិកា​ និង​ការ​រៀបចំ​ផ្នែក​រដ្ឋបាល​នេះ​​​ហើយ​គឹជា​កិច្ច​ការ​បន្ទាប់​ដែល​ក្រសួង​យុត្ដិធម៌​ត្រូវធ្វើ។

បើ​តាម​ការ​បញ្ជាក់​ពី​ លោក បេ ទាឡេង អគ្គនា​យក​រង​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស​មាន​សរុប​ជាង​ ៣ ​ម៉ឺន​នាក់។ លោក​ថា ​គិត​ត្រឹម​ខែ​ឧសភា​នេះ ពិរុទ្ធជន​ដែល​​ជាប់​បណ្ដឹង​នៅ​សាលា​ឧទ្ធរណ៍​និង​តុលាការ​កំពូល​មាន​ចំនួន​ ១ ០៥០​ នាក់ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ១៧៥​ នាក់។

លោក ជិន ម៉ាលីន ពន្យល់​ថា មាន​មូលហេតុ​៣​យ៉ាង​ ​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សម្រេច​បង្កើត​សាលា​ឧទ្ធរណ៍​តំបន់។ បញ្ហា​ទី​១​ គឺ​​ការ​កកស្ទះ​សំណុំ​រឿង​នៅ​សាលា​ឧទ្ធរណ៍ដែល​ធ្វើ​ឲ្យ​នីតិវិធី​លើ​បណ្ដឹង​ទាំង​នោះ​ចំណាយ​ពេល​យូរ។ ទី២ ​គឺ​ដើម្បី​បង្កើត​សេវា​យុត្តិ​ធម៌​ឲ្យ​កៀក​នឹង​ប្រជា​ពលរដ្ឋ ដោយ​ពលរដ្ឋ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ទេ។

លោក​បន្ត​ថា៖ «មូលហេតុ ​១ ទៀត​គឺ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​ដោយ​ការ ពន្លឿន​នីតិវិធី។ កាល​ណា​នីតិវិធី​លឿនឈាន​ដល់​សវនាការ​សម្រេច​សាល​ក្រមចូល​ស្ថាពរ វា​អាច​ឈាន​ដល់​នីតិវិធី​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយ​ទោស​សម្រាប់​ទណ្ឌិត​ដែល​ធ្វើ​ការ​កែប្រែ​ខ្លួន​បាន​ល្អ​នៅ​ពន្ធនាគារ។ កាលណា​នីតិវិធី​លឿន​សម្រេច​ដល់​សវនាការ​ចុង​ក្រោយទៅ​ វា​អាច​មាន​ការ​សម្រេច​ខ្លះ​មិន​បាច់​ដាក់​ទោស​ក្នុង​ពន្ធនាគារ​ទេគឺ​អាច​ព្យួរ​ទោស​ឬ​មួយ​សវនាការ​ខ្លះ​សម្រេច​ដោយ​រក​មិនឃើញ​កំហុស ដែលឈាន​ការ​ដោះលែង ដោយ​មិន​បាច់​មាន​ការ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ទៀត​ទេ»។

លោក សឹុង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកបាន​ស្វាគមន៍​ដល់​ការ​សាង​សង់​ឧទ្ធរណ៍​តំបន់​ ហើយ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​ពន្លឿន​ការ​សាង​សង់​និងចាប់​ផ្ដើម​ដំណើរ​ការ​ឲ្យ​បាន​ឆាប់​រហ័ស។

លោក​ថ្លែង​ថា ការ​ដែល​មាន​សាលាឧទ្ធរណ៍​តែ​មួយ​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កាត់​ទោស​សំណុំ​រឿង​ប្តឹង ឧទ្ធរណ៍​ទូទាំង​ប្រទេស​ធ្វើ​ឲ្យ​សំណុំ​រឿង​មាន​ការ​កក​ស្ទះ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​​ការ​រំលោភ​នីតិវិធីឬ​រំលោភ​លើ​សិទ្ធិ​ជន​ជាប់​ចោទ​និងអាច​មាន​​កំហុស​ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​ដើម្បី​យក​ជន​ជាប់​ចោទ​មក​កាត់​ទោស។

លោក​បន្ត​ថា៖ «​យើង​ចង់​ឲ្យ​សាលា​ឧទ្ធរណ៍​​មាន​ចំណាត់​ការ​ឲ្យ​បាន​លឿន​លើ​បណ្ដឹង​ឧទ្ធរណ៍​ជា​ជាង​ការ​ពន្យារពេល ឬ​​ទុក​សំណុំ​រឿង​ចោល»។

លោក ហ៊ុន ស៊ាង​ហាក់ អ្នក​​សម្របសម្រួល​​គម្រោង​​នៃ​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា (CCHR) ក៏​ស្វាគមន៍​ដល់​ការ​បង្កើត​ឧទ្ធរណ៍​តំបន់ ដែរដោយ​លោក​ថា​ វា​អាច​ជួយ​ឲ្យ​ជន​ជាប់​ចោទ​មាន​វត្តមាន​នៅ​ក្នុង​សវនាការ ដែល​ជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទទួល​បាន​ការ​កាត់ក្ដី​ដោយ​យុត្តិធម៌។​

លោក​ថា ការ​មាន​ឧទ្ធណ៍​តំបន់​អាច​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ពេល​វេលា​​របស់​គ្រួសារ​ជន​ជាប់​ចោទក៏​ដូច​ជា​រដ្ឋាភិបាល​ក្នុង​ការ​ដឹក​ជញ្ជូន​ជន​ជាប់​ចោទ​មក​ភ្នំពេញ។

លោក​ប​ន្ត​ថា តាម​ការ​សង្កេត​របស់​លោកមានករណី​ខក​​ខាន​​​ក្នុង​ការ​ដឹកជញ្ជូន​ជន​ជាប់​ចោទ​​មក​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ភ្នំពេញ​ដែល​ធ្វើ​ឲ្យ​ចៅ​ក្រម​សម្រេច​ពន្យារ​ពេល​សវនាការ​ទាំង​នោះ៕

អត្ថបទគួរចាប់អារម្មណ៍