ភ្នំពេញៈ សំណង់បន្ទប់សម្រាប់មេធាវីជួបជាមួយកូនក្តី ឬជនជាប់ចោទនៅតាមពន្ធនាគារទូទាំងប្រទេសនឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០១៩ ខាងមុខនេះ ខណៈបន្ទប់មេធាវីនៅពន្ធនាគារចំនួន ៤ ខេត្តត្រូវបានសាងសង់រួចរាល់ជាស្ថាពរដោយការប្រើកម្លាំងពលកម្មរបស់ទណ្ឌិត ហើយដែលក្នុងបន្ទប់នីមួយៗត្រូវចំណាយថវិកាពី ៥ ពាន់ទៅ ៦ ពាន់ដុល្លារសហរដ្ឋអាមេរិក។
លោកស្រីមេធាវី លឹម ច័ន្ទលីដា ប្រធានគណៈកម្មការសាងសង់នៃគណៈមេធាវីបានប្រាប់ ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា សំណង់បន្ទប់មេធាវីសម្រាប់ជួបកូនក្តីនៅតាមពន្ធនាគារទូទាំងប្រទេសដែលគណៈមេធាវីចាប់ផ្តើមធ្វើការសាងសង់តាំងពីខែសីហា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះសាងសង់រួចរាល់បាន ៤ ខេត្តហើយ គឺខេត្តតាកែវ ស្វាយរៀង ព្រៃវែង និងខេត្តបាត់ដំបង។ លោកស្រីបានបន្ថែមថាបន្ទប់មេធាវីនៅពន្ធនាគារតាមខេត្តផ្សេងៗដែលមានជាង ១០ ខេត្តទៀតក្នុងចំណោម ២៥ ខេត្ត-ក្រុងនោះ សង់បានសម្រេចពី ៤០ ទៅ ៦០ ភាគរយដែរហើយ។
លោកស្រីបានបញ្ជាក់ថា៖ «នៅតែយើងដាក់ស្លាកឈ្មោះសប្បុរសជនដែលភាគច្រើនជាមេធាវី ជាអ្នកឧបត្ថម្ភថវិកា និងស្លាកឡូហ្គោរបស់គណៈមេធាវីនៅសងខាងច្រកទ្វារចូលបន្ទប់តែប៉ុណ្ណោះ។ ចំពោះតុកៅអីក្នុងបន្ទប់នោះយើងទិញដាក់សុទ្ធតែជាប្រភេទឈើល្អរួមបំពាក់ម៉ាស៊ីនត្រជាក់ ១ និងកង្ហា ១ ផង។ សំណង់បន្ទប់មេធាវី [ទាំងអស់] នឹងសាងសង់រួចរាល់នៅពាក់កណ្តាលឆ្នាំ ២០១៩»។
លោកស្រី ច័ន្ទលីដា បានបន្តឲ្យដឹងថា ចំពោះថវិកាមួយផ្នែកដែលក្រុមមេធាវីជួយឧបត្ថម្ភក្នុងការសាងសង់បន្ទប់មេធាវីទាំងនោះគឺជាចំណែកមួយដែលពួកគាត់មានបំណងជួយដល់ផ្នែកកិច្ចការសង្គម។ ចំពោះកម្លាំងពលកម្មវិញគឺខាងពន្ធនាគារជាអ្នកជួយពោលគឺខាងគណៈមេធាវីបានសហការជាមួយក្រសួងមហាផ្ទៃ ហើយខាងអគ្គនាយកដ្ឋានពន្ធនាគារជាអ្នកជួយផ្តល់កម្លាំងពលកម្ម ដោយប្រើកម្លាំងអ្នកជាប់ឃុំដើម្បីសាងសង់ដែលពួកគេមានជំនាញផ្នែកសំណង់។ ប៉ុន្តែខាងគណៈមេធាវីក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដែរដល់ពួកគេមិនមែនថាមិនឲ្យកម្រៃពលកម្មនោះទេ។
លោកស្រីឲ្យដឹងទៀតថា ចំពោះការផ្តួចផ្តើមគំនិតពីការកសាងបន្ទប់សម្រាប់មេធាវីនេះគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាផ្ទាល់របស់លោកចំនួន ៧ ម៉ឺនដុល្លារអាមេរិករួមនឹងថវិកាពីសប្បុរសជនជាមេធាវីចំនួន ៧ ម៉ឺនដុល្លារទៀតសរុប ១៤ ម៉ឺនដុល្លារអាមេរិកសម្រាប់ចំណាយលើការសាងសង់បន្ទប់មេធាវីទាំង ២៥ ខេត្ត-ក្រុង។
ជាមួយគ្នានេះលោកមេធាវី ឡោ គីមហ្គិច ក៏បានថ្លែងដែរថាមានបន្ទប់មេធាវីបែបនេះគឺជាការល្អហើយសម្រាប់កិច្ចការសម្ងាត់ក្នុងការជួបកូនក្តីដោយមិនមានមន្ត្រីពន្ធនាគារណាមករំខានដល់ការពិគ្រោះយោបល់ជាមួយកូនក្តី ហើយនឹងមានសន្តិសុខល្អសម្រាប់មេធាវីដែរ។
ទោះយ៉ាងណាលោកថ្លែងថា៖ «អ្វីជាសំណូមពរត្រឡប់វិញនោះគឺកុំឲ្យមន្ត្រីពន្ធនាគារយកបន្ទប់មេធាវីហ្នឹងទៅឲ្យមន្ត្រីជាន់ខ្ពស់ដែលជាជនជាប់ចោទចូលជួបក្រុមគ្រួសារគេរហូតនៅក្នុងបន្ទប់មេធាវី។ ដល់មេធាវីចង់ជួបកូនក្តីវិញ គឺខាងមន្ត្រីពន្ធនាគារបែរជាឲ្យមេធាវីអង្គុយនៅក្រោមដើមឈើរហូត ពិសេសនៅពន្ធនាគារព្រៃសតែម្តង។ គាត់ប្រាប់យើងថា បងអញ្ជើញទៅអង្គុយក្រោមដើមឈើវិញម្លប់ត្រជាក់ស្រួល»។
លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្ស អាដហុក លើកឡើងថា បន្ទប់សម្រាប់មេធាវីនេះបានផ្តល់ភាពសម្ងាត់សម្រាប់មេធាវីបានជួបពិគ្រោះយោបល់ជាមួយកូនក្តី ហើយការសាងសង់បន្ទប់នេះ គឺជាចេតនាមួយសម្រាប់ការជួបរវាងកូនក្តី និងមេធាវី។ តែប្រសិនបើមានការសាងសង់បន្ទប់ហើយ នៅតែមិនអាចមានភាពសម្ងាត់បានទេ ហើយមានការលបស្តាប់ណាមួយនោះវាផ្ទុយពីគោលបំណងនៃការកសាងបន្ទប់ហើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាការសាងសង់បន្ទប់នេះនឹងអាចផ្តល់ផលប្រយោជន៍ដល់កូនក្តីក៏ដូចជាមេធាវីអាចជួបកូនក្តីគាត់ដោយមិនមានការជ្រៀតជ្រែក ឬមានការឹតត្បិតអី្វផ្សេងៗ តែបើទង្វើនេះធ្វើឡើងដោយមន្ត្រីពន្ធនាគារ ឬមន្ត្រីស្ថាប័នណាមួយពាក់ព័ន្ធដែលផ្ទុយពីហ្នឹង គឺមានន័យថាវាជាការរំលោភទៅលើគោលការណ៍សម្ងាត់ហ្នឹងហើយ»។
ពាក់ព័ន្ធបន្ទប់មេធាវីនេះលោកឧត្តមសេនីយ៍ សន កែវ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទប់សម្រាប់មេធាវីនេះកន្លងមកខាងពន្ធនាគារបានធ្វើរួចហើយ។ ហេតុផលនៃការសាងសង់នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់មេធាវី និងអ្នកជាប់ឃុំអនុវត្តទៅតាមច្បាប់ពន្ធនាគារដែលមេធាវីមានសិទ្ធិជួបអ្នកជាប់ឃុំជាសម្ងាត់៕