ភ្នំពេញៈ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ​កម្ពុជាបាន​ខាត​បង់​ថវិកា​ជាតិ​ក្នុង ១ ឆ្នាំ​ ប្រមាណ​ជា​ ៦៦៣ លាន​ដុល្លារ​អាមេរិក​ ឬ​ស្មើ ៣ ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដែល​បណ្ដាល​មក​ពី​ថ្នាំ​ជក់​ ស្រប​ពេល​ដែល​ពលរដ្ឋ​កម្ពុជា ១៥ ០០០ នាក់​ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ថ្នាំ​ជក់ហើយ​ភាគ​ច្រើន​នៃ​ពួក​គេគឺ​ជា​យុវជន​ និង​ពលរដ្ឋ​​ក្រី​ក្រ។

របាយ​ការណ៍​ថ្មី​អំពី​ផល​ប៉ះពាល់​នៃ​ថ្នាំជក់​លើ​ផ្នែក​សុខភាព​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជាត្រូវបានសិក្សា​ដោយ​ក្រុមការងារ​អន្តរជាតិ​ដឹក​នាំ​ដោយ​កម្ម​វិធី​អភិវ​ឌ្ឍន៍​សហ​ប្រជា​ជាតិ​នៅ​កម្ពុជា (UNDP) អង្គការ​សុខភាព​ពិភពលោក ​(WHO) ​និង RTI International ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​បាន​ចំណាយ​ពេល​សិក្សា​អស់​ ១២ ខែ​កន្លង​មក។

ការ​រក​ឃើញ​នេះ ​បាន​បង្ហាញ​ថា ការ​ខាត​បង់​របស់​ក​ម្ពុ​ជា​ មាន​អត្រា​ខ្ពស់​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប្រទេស​ដទៃ ដែល​តម្រូវ​ឲ្យ​មាន​វិធាន​ការ​ចាំបាច់​មួយ​ចំនួន​បន្ថែម​ទៀត​ពី​លើ​វិធាន​ការ​ដែល​មាន​ស្រាប់​​ទោះជា​បច្ចុប្បន្ន​អត្រា​អ្នក​ជក់​បារី​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ក៏ដោយ។

តាម​រយៈ​ការ​សិក្សា​នេះ​បញ្ជាក់​ថា៖ ​«ថ្នាំ​ជក់ ​នៅតែ​ជា​កត្តា​ហានិ​ភ័យ​ចម្បង​ ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព ​សេដ្ឋកិច្ច និង​សង្គម​ដែល​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ២៩០ ​នាក់ ​ក្នុង​ ១​ សប្តាហ៍​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​ជំងឺ​បណ្តាល​មកពី​ថ្នាំជក់ ហើយ​ភាគ​ច្រើន​នៃ​ពួក​គេគឺ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជាដែលមាន​ប្រាក់​ចំណូល​ទាប​បំផុត»។

លោក​ Rod​rigo​San​tos មន្ត្រី​បច្ចេក​ទេស​នៃអង្គ​ការ​ WHO Fra​mework convention on tobacco control បាន​និយាយ​ក្រោយ​បញ្ចប់​ការ​បង្ហាញ​របាយ​ការណ៍​ថា ការ​ខាត​បង់ទាំង​នេះ បូករួម​ទាំង​ការ​ចំណាយ​លើ​ការថែទាំ​សុខ​ភាពនិង​ការ​បាត់បង់​ផលិត​ភាព «លាក់​មុខ» ដោយ​សារ​ការស្លាប់​មុន​អាយុ ពិការ​ភាព និង​ការ​សម្រាក​ក្នុង​ពេល​ធ្វើ​ការ​ដើម្បី​ជក់​បារី។

លោក​បាន​បញ្ជាក់​ថា៖​ «ការ​សិក្សា​នេះគឺជា​លើក​ទី​១ ​របស់​កម្ពុជាដែល​យើង​អាច​ប្រៀបធៀ​ប​ជា​មួយនឹ​ង​ការ​សិក្សា​របស់​ប្រទេស​ដទៃ​ទៀតដែល​បាន​សិក្សា​ដូច​គ្នាដោយ​បង្ហាញ​ថា​មធ្យម​ភាគ​ថ្នាក់​សកល​នៅ​តាម​ប្រទេស​ផ្សេងៗ​គឺ​បាន​ចំណាយ​ការ​ខាត​បង់​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ហ្នឹង​ តែ ១,៨ ភាគ​រយ ខណៈ​កម្ពុជាបាន​ចំណាយ​ដល់​ ៣ ​ភាគរយ នៃ GDP សរុប​។ បាន​ន័យ​ថា ការ​ខាត​របស់​កម្ពុជា​ហ្នឹង គឺ​កើន​ឡើង​ទ្វេ​ដង ហើយ​ច្រើន​ជា​ងប្រទេស​ផ្សេងៗ​ទៀត»។

ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ លោក Rodrigo បាន​និយាយ​ថា កម្ពុជា​បាន​អនុវត្ត​នូវ​វិធាន​ការ​ល្អៗ​មួយ​ចំនួន​រួច​មក​ហើយ​តាម​រយៈ​ការ​អនុ​ម័ត​ច្បាប់​ និង​វិធាន​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ថ្នាំជក់​នៅ​ក្នុង​ប្រទេស​នេះ មា​នការ​ធ្លាក់ចុះ ដូ​ច្នេះវិធាន​ការ​បន្ទាប់គឺ​ការ​អនុវត្ត​ច្បាប់ដែល​មា​ន​ស្រាប់ ជា​ពិសេស​គឺ​​ការ​ដំឡើង​ពន្ធ​លើ​ផលិត​ផល​ថ្នាំជក់ គឺជា​កត្តា​ចាំបា​ច់ដែល​គេ​ទទួល​ស្គាល់​ថាវា​ជា​វិធាន​ការ​ដែល​អាច​ចូ​លរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់​ទូទាំង​សកល​លោក ក៏ដូចជា​នៅ​កម្ពុជា។

តាម​ការ​សិក្សា​អង្កេត​ស្រាវជ្រាវ​នៅ​ទូទាំង​ប្រទេស​រៀង​រាល់​ ៥ ​ឆ្នាំ​ម្តង ស្តីពី​កា​រប្រើប្រាស់ថ្នាំជក់​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ដោយ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការបាន​បង្ហាញ​ថា ប្រេ​វ៉ាឡង់​នៃ​កា​រប្រើ​ប្រាស់​ថ្នាំ​ជក់​ក្នុង​ចំណោម​មនុស្សពេ​ញវ័យ​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ បាន​ថយ​ចុះ​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ នេះគឺ​ចុះ ១៣,៦៨ ​ភាគ​រយ​ ពោល​គឺ​ពី ៤៨,៩៨​ ភាគរយ​ មក​នៅ​ត្រឹម ៣៥,៣ ភាគរយ ​ចំពោះ​បុរស និង​ថយចុះ​ ៨,៩៣ ភាគ​រយ ចំពោះ​ស្ត្រី ​ពោល​ពី ២០,៥៣ ភាគរយ មក​នៅ​ត្រឹម ១១,៦ ភាគរយ។

លោក អឿន បូរ៉ា​រ័ត្ន​ន៍ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិ​បាលបាន​ថ្លែង​ថា កម្ពុជានឹង​សិក្សា​ជាមួយ​ការ​រក​ឃើញ​នេះ ហើយ​ជឿជាក់​ថា លទ្ធផល​នេះនឹង​កសាង​ការគាំទ្រ​ពី​ស្ថា​ប័ន​រដ្ឋដើម្បី​បង្កើន​ការ​អនុ​វត្តបន្ថែម​ទៀតក្នុង​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់ នៅ​កម្ពុជា​ខណៈ​លោក​អះអាង​ថា កន្លង​មក​កម្ពុជា​បាន​សម្រេច​ការងារ​ជាច្រើន​ក្នុងការ​ទប់​ស្កាត់​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំ​ជក់​នេះ។

លោក​បញ្ជាក់​ថា៖ «ទន្ទឹម​នឹង​នេះ​យើ​ង​ក៏​នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​ការ​ងារ​ត្រួត​ពិនិ​ត្យ​ថ្នាំជក់ ដូចជា​ការអ​នុវត្ត​ច្បាប់​មិនទា​ន់បា​ន​ពេញ​លេញ ពន្ធ​ផលិត​ផល​ថ្នាំជក់​នៅ​ទាប ​ខ្វះ​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ និង​សាធា​រណ​ជន​ជា​ដើម​។ ដូច្នេះ​យើង​ទាំង​អស់​គ្នានឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការងារ​ថ្នាំជក់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព»។

បើ​តាមលោក Rodrigo ការប្រើប្រា​ស់​ថ្នាំជ​ក់ ​ត្រូវបា​ន​ទទួល​ស្គាល់​ពី​កត្តា​ហានិ​ភ័យ​បង្ក​ឲ្យ​មាន​ជំ​ងឺមិ​នឆ្លង​ចំនួន​ ៤ មាន​ដូច​ជា ជំងឺ​ស​រសៃ​ឈាម​បេះ​ដូង ជំងឺ​មហា​រីក (មាត់​ស្បូន​ ថ្លើម សួត សុដន់ ​ក្រពះ) ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​ទឹក​នោម​ផ្អែម ដែល​លោករំ​ពឹងថា នៅពេ​ល​កម្ពុជាអាច​អនុវ​ត្តវិធា​នកា​រត្រួត​ពិនិ​ត្យថ្នាំ​ជក់​បាន​ពេញ​លេញ​នោះ​​ពល​រដ្ឋ​ប្រ​មាណ​ ៥៧ ០​០០​ នាក់​ នៅក្នុ​ង​ប្រ​ទេស​នេះ​នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​ថ​វិកា​ប្រមាណ​ ៧​,៩​ ពាន់​ពាន់លាន​រៀល ​នឹង​ត្រូវ​បាន​បញ្ចៀស​ការ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ខាងមុខ៕