ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​អង្គការ​វេទិកា​អនាគត សហការ​ជាមួយ​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ និង​ផ្ដល់​ប្រឹក្សា​ដែល​បាន​ធ្វើការ​សម្ភាស​មនុស្ស​ចំនួន ១១៣៤ ​នាក់​នៅ​រាជធានី-ខេត្ត​ចំនួន​ ៥ បង្ហាញ​ថា ជំនួយ​បន្ទាប់​ដែល​ពលរដ្ឋ​ត្រូវការ​បំផុត​នៅពេល​កំពុង​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ គឺ​លុយ បន្ទាប់មក​អាហារ និង​ការពន្យារពេល​សង​ប្រាក់កម្ចី​។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត​បាន​លើកឡើង​ថា ការសិក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា និង​ដើមខែ​ឧសភា ហើយ​ទិន្នន័យ​នៅក្នុង​ការសិក្សា​នេះ​គឺ​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​របស់​ពលរដ្ឋ នៅក្នុង​អំឡុង​រយៈពេល​នៃ​ការស្រាវជ្រាវ​នេះ​ខណៈ​ស្ថានភាព​បន្ទាប់​ចាប់ពី​ដើមខែ​ឧសភា​នឹង​ត្រូវ​បង្ហាញ​នៅក្នុង​ការសិក្សា​មួយទៀត​ដែល​ត្រូវធ្វើ​នៅក្នុង​ខែកក្កដា​នេះ​។

លោក​ថា​៖ «​យើង​ចុះ​សម្ភាស​ (​ក្នុង​ការសិក្សា​ថ្មី​) ប៉ុន្តែ​សម្ភាស​គ្រួសារ​ដដែល​ហ្នឹង ដើម្បី​ចង់ដឹង​អំពី​ការឆ្លើយតប​របស់​រដ្ឋាភិបាល​។ ពីព្រោះ​កាល​យើង​សួរ​កាលពី​ចុងខែ​ ៤ គឺ​អត់​សូវ​មាន​ការឆ្លើយតប​ពី​រដ្ឋាភិបាល​ទេ ហើយ​ពលរដ្ឋ​មិន​សូវ​បាន​ជំនួយ​ច្រើន​ទេ ហើយ​គោលនយោបាយ​ជំនួយ​គឺ​ប្រកាស​នៅ​ខែ​ ៥ ហើយ​ការចែក​លុយ​ដល់​ពលរដ្ឋ​ក្រីក្រ​ទើប​ប្រកាស​នៅពេល​ថ្មីៗ​នេះដែរ​»​។

នៅក្នុង​សន្និសីទ​បង្ហាញ​លទ្ធផល​សិក្សា​កាលពី​ថ្ងៃទី​ ២២ ខែ​កក្កដា លោក អ៊ូ វីរៈ បញ្ជាក់​ថា ការសិក្សា​នេះ​បាន​ចុះ​សម្ភាស​ម្ដងទៀត​នៅ​ចុងខែ​នេះ គឺ​ដើម្បី​ចង់ដឹង​អំពី​ជីវភាព​របស់​ពលរដ្ឋ ថា​តើ​មានការ​ផ្លាស់ប្ដូរ​ត្រឡប់​ទៅ​ប្រសើរ​វិញ ឬ​កាន់តែ​ដុនដាប​ជាង​មុន បន្ទាប់ពី​ទទួល​បាន​ជំនួយ​ជា​បន្តបន្ទាប់​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​។

នៅក្នុង​ការសិក្សា​លើកដំបូង​ស្ដីពី​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូវីដ​១៩ នេះ​គឺ​បាន​សម្ភាស​ពលរដ្ឋ​ចំនួន​ ១០៨៧ ​គ្រួសារ និង​មេភូមិ​ចំនួន ៥៤ នាក់ ស្ថិតនៅ​ក្នុងភូមិ​ចំនួន ៥៤ នៃ​ស្រុក​ចំនួន ១០ ​ក្នុង​រាជធានី-ភ្នំពេញ ខេត្ត​កំពត សៀមរាប ស្វាយរៀង និង​ខេត្តកំពង់ស្ពឺ​។

ការសិក្សា​បង្ហាញថា មាន​មេភូមិ​ប្រហែល ៩៤% បាន​ឆ្លើយថា ជំងឺ​កូវីដ​១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភូមិ និង​អ្នកភូមិ​ដូចជា មាន​ការបិទ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ចំនួន ១០៨៣ ​ឬ​ស្មើនឹង ១០,៥% ស្របពេល​ក្នុងចំណោម ១០៨៧ គ្រួសារ​ដែល​បាន​ផ្ដល់​សម្ភាស​គឺ​មាន ៩៣៣ ​គ្រួសារ​បាន​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​។

ចាប់ពី​ខែមករា​ដល់​ខែ​មេសា​គឺ​ក្នុងចំណោម​គ្រួសារ​ដដែល​នេះ​បាន​ធ្លាក់​ចុះ​ប្រាក់ចំណូល​ដែល​ពួកគេ​រាយការណ៍​ថា ដោយសារ​ខ្វះ​អតិថិជន​ដែល​ជា​បញ្ហា​ចម្បង​។ ចំនួន​គ្រួសារ​ដែល​រាយការណ៍​ថា បាន​យឺតយ៉ាវ​សង​ប្រាក់​ទៅ​ធនាគារ គឺ​កើនឡើង ២៣០% ស្របពេល​ក៏មាន​ចំនួន​គ្រួសារ​បាន​ខ្ចីប្រាក់​ថ្មី ហើយ​ ១ ​ភាគ​ ៣ នៃ​ការខ្ចីប្រាក់​ថ្មី​នោះ​គឺ​ដើម្បី​ដោះដូរ​ទៅ​សង​ម្ចាស់​កម្ចី​ផ្សេងទៀត និង​សម្រាប់​ទ្រទ្រង់​ការចំណាយ​ប្រចាំថ្ងៃ​។

របាយការណ៍​សរសេរ​ថា​៖ «​បន្ថែម​ពីនេះ​មាន​ ៨៣ ​គ្រួសារ​បាន​រាយការណ៍​ថា បាន​ទទួល​ជំនួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​រវាង​ខែមករា និង​មេសា​ដូចជា​អាហារ សាប៊ូ ឬ​ម៉ាស់​។ គ្រួសារ​ចំនួន​ ១០០៤ បាន​រាយការណ៍​ថា មិនបាន​ទទួល​ជំនួយ​គាំទ្រ​។ តម្រូវការ​បន្ទាន់​បំផុត ដែល​ពលរដ្ឋ​បាន​រាយការណ៍​ក្នុង​ខែមេសា គឺ​លុយ​មាន​ចំនួន​ ៥៥,៧ ​ភាគរយ អាហារ​មាន​ចំនួន​ ២៤,៥ ភាគរយ​ការពន្យារពេល​ការសង​ប្រាក់កម្ចី​មាន​ចំនួន ៤,៥ ​ភាគរយ​ និង​ថាំ្ន​ពេទ្យ​ ឬ​ការថែទាំ​សុខភាព​មាន ៤,៥ ​ភាគរយ​»​។

១​ ភាគ​ ៥ ​នៃ​គ្រួសារ​ស្ថិតក្នុង​ការសិក្សា​នេះ​គឺ​បាន​បង្កើត​ប្រាក់ចំណូល​ពី​វិស័យ​កសិកម្ម​ ឬ​នេសាទ​ដូចជា​ដាំ​ស្រូវ ដំឡូងមី ការចិញ្ចឹម​សត្វ និង​ផលិតកម្ម​បន្លែ​។ ជា​សរុប​ប្រហែល ២០,១% នៃ​គ្រួសារ​គឺ​បាន​រាយការណ៍​ពី​អសន្តិសុខ​ស្បៀង​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នៅក្នុង​ខែកក្កដា​នេះ ពលរដ្ឋ​ក្រីក្រ​ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល សម្រាប់​សម្រួល​ដល់​ការលំបាក​គឺ​បាន​កើន​ដល់​ ៦១ ​ម៉ឺន​គ្រួសារ និង​ត្រូវ​ចំណាយ​លុយ​អស់​ប្រមាណ ២៨ លាន​ដុល្លារ​។ លោក​បញ្ជាក់ថា ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ មិនមែន​ជា​ការចិញ្ចឹម​ពលរដ្ឋ​ទាំងស្រុង​នោះទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការប៉ះប៉ូវ​ប៉ុណ្ណោះ​។

លោក អ៊ូ វីរៈ បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការធ្លាក់ចុះ​ចំណូល​គ្រួសារ​ដែល​ការសិក្សា​នេះ​បាន​រកឃើញ​ចំណូល​ទាំងនោះ​បាន​ពី​ប្រាក់ខែ និង​ចំណូល​ពី​មុខរបរ​ខ្នាត​តូចតាច​បើក​នៅ​តាម​ផ្ទះ ប៉ុន្តែ​លោក​ថា​ជាទូទៅ​គ្រួសារ​ខ្មែរ​គឺ​មាន​ចំណូល​ពី​ច្រើន​វិស័យ ដែល​ជា​សញ្ញា​មួយ​ល្អ​អាច​ជួយ​រំដោះ​ការប្រឈម​ផលលំបាក​បាន​។

លោក​បញ្ជាក់ថា ការព្រួយបារម្ភ​បន្ទាប់ គឺ​បញ្ហា​សន្ដិសុខ​ស្បៀងអាហារ ខណៈ​ខេត្ត​សៀមរាប​គឺ​បាន​ប្រឈម​នឹង​បញ្ហា​សន្ដិសុខ​ស្បៀងអាហារ​ខ្លាំង​ជាងគេ​៕