ភ្នំពេញៈ ការសិក្សា​ស្តីពី​លទ្ធផល​នៃ​ការអង្កេត​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ថវិកាជាតិ​ឆ្នាំ​ ២០១៩ ​ដែល​ធ្វើឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) ​បាន​បង្ហាញថា ច្បាប់​ និង​គោលនយោបាយ​របស់​ប្រទេស​កម្ពុជា​ផ្តល់​ឱកាស​តិចតួច​បំផុត សម្រាប់​ការចូលរួម​របស់​សាធារណជន​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​ថ្នាក់ជាតិ​។

ការសិក្សា​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​ពី​ម្សិលមិញ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​វិភាគ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​ការចូលរួម​ជា​សាធារណៈ​ក្នុង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ក្នុងនោះ​រួមមាន​ដំណើរ​ការធ្វើ​ថវិកា និង​ការឈាន​ឆ្ពោះ​ទៅ​រក​ច្រកចូល​ជាក់លាក់ ដើម្បី​ឱ្យ​មាន​ការចូលរួម​ពី​សាធារណជន​ក្នុង​ដំណើរ​ការរៀបចំ​ផែនការ​រៀបចំ​ការអនុម័ត និង​ការអនុវត្ត​ថវិកា​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​។

នាយករង​នៃ​អង្គការ NGO Forum លោក អ៊ុក វណ្ណារ៉ា បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នេះ​ថា ប្រជាពលរដ្ឋ​ទាំង​កម្រិត​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​មានការ​ចូលរួម​តិចតួច​ក្នុង​ដំណើរការ​នៃ​គម្រោង​ថវិកា​សាធារណៈ​នេះ​។

លោក​បាន​ថ្លែងថា៖ «​ការចូលរួម​តិចតួច​នេះ ដោយសារ​យន្តការ​ច្បាប់ និង​ការសម្របសម្រួល​នៅ​មាន​កម្រិត​ក្នុង​ការបើក​ទូលាយ​ឱ្យមាន​ការចូលរួម​ជា​សាធារណៈ​ស្រប​ពេល​ដែល​ការផ្សព្វផ្សាយ​នៅមាន​កម្រិត​ដែលជា​ហេតុ​ធ្វើឱ្យ​ការចាប់អារម្មណ៍ ចំណេះដឹង និង​ឆន្ទៈ​របស់​ពួកគាត់​ក្នុង​ការចូលរួម​នៅ​មាន​កម្រិត​»​។

លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​លទ្ធផល​ការអង្កេត​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ឆ្នាំ​ ២០១៩ និង​គេហទំព័រ​ថវិកាជាតិ​កម្ពុជា​ថា​នៅក្នុង​ប្រទេស​កម្ពុជា​ ឬ​ក៏​ប្រទេស​ណាក៏ដោយ​ប្រសិន​បើ​ចង់ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង និង​ការអភិវឌ្ឍ​លឿន​ចំណុច​សំខាន់​ជាងគេ គឺ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព​គុណភាព​នៃ​ការគ្រប់គ្រង និង​ការចាត់ចែង​ថវិកាជាតិ​។

លោក​ថ្លែង​ទៀតថា​៖ «​វា​គឺជា​រឿង​សំខាន់​មួយ​ដែល​អាចឱ្យ​យើង​ឈានទៅ​ដល់​ប្រទេស​មួយ​ដែល​មាន​សុខភាព​ហិរញ្ញវត្ថុ​មួយ​ដ៏ល្អ ដែល​យើង​អាច​ប្រើប្រាស់​លុយ​ដែល​យើង​មាន​នោះ​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការចំណាយ ការវិនិយោគ​ដែល​អាច​បង្ក​លទ្ធភាព​ដល់​សេដ្ឋកិច្ច​យើង​ដើរ​ទៅមុខ​»​។

យោងតាម​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញថា ការចូលរួម​ជា​សាធារណៈ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ថ្នាក់ជាតិ​ដែល​ក្នុងនោះ​រួមមាន​វដ្ត​ថវិកា​ផង​នៅមាន​កម្រិត​ទាប​ជាង​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ភាគច្រើន​។ ដូច្នេះ​ដើម្បីឱ្យ​ពិន្ទុ​នៃ​ការចូលរួម​ជា​សាធារណៈ​អាច​កើនឡើង​ស្មើ​ជាមួយ​នឹង​ពិន្ទុ​មធ្យម​របស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ប្រទេស​កម្ពុជា​ត្រូវ​បង្កើន​ការចូលរួម​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ខ្លួន​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចំពោះ​ការស្នើ​ឱ្យ​មាន​ការបង្ហាញ​ថវិកា​ទៅ​សាធារណជន​នេះ ប្រសិន​បើ​ច្បាប់​អនុញ្ញាត​នោះ​ក្រសួង​នឹង​ធ្វើ ប៉ុន្តែ​ច្បាប់​មិនបាន​អនុញ្ញាត​ដែល​ក្រសួង​មិនអាច​ធ្វើ​ហួស​ពី​ច្បាប់​បានទេ ដោយសារ​វា​ខុស​នឹង​ច្បាប់​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ប្រទេស​យើង​មានច្បាប់​ហើយ​ក្នុង​ច្បាប់​ថវិកា​នោះ​មិនបាន​ចែងថា​យើង​ត្រូវមាន​កាតព្វកិច្ច​ក្នុង​ការបង្ហាញ​ថវិកាជាតិ ទៅ​សាធារណជន​មុន​នឹង​បញ្ជូនទៅ​រដ្ឋសភា​នោះទេ​។ យើង​ស្វាគមន៍​ចំពោះ​ការចោទសួរ​គ្រប់​បែបយ៉ាង​នៅ​រដ្ឋសភា​ប្រសិន​បើ​អ្នកណា​ចង់បាន​ព័ត៌មាន​គាត់​អាច​ស្នើសុំ​ទៅ​រដ្ឋសភា ដោយសារ​រដ្ឋសភា​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​ ១៦ ​លាន​នាក់​»​។

ការសិក្សា​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​បាន​ផ្តល់​អនុសាសន៍ ក៏ដូចជា​ស្នើឱ្យ​រដ្ឋសភា និង​រាជដ្ឋាភិបាល​ផ្តល់​ឱកាស​ទូលំទូលាយ​ជាងមុន ដើម្បី​ឱ្យ​សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ បង្កើន​កម្មវិធី​ផ្សព្វផ្សាយ អប់រំ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ​ដើម្បី​ឱ្យ​ពួកគាត់​មាន​ចំណេះដឹង និង​លទ្ធភាព​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព ពិចារណា​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សាធារណជន​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ត្រូវបាន​បញ្ជូន​មក​ដល់​ស្ថាប័ន​ខ្លួន​៕