ភ្នំពេញៈ យោង​តាម​របាយការណ៍​នៃ​ការសិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ស្ត្រី​អ្នក​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ពួកគេ​បាន​ទទួល​រង​នូវ​សម្ពាធ​ការងារ​ជាពិសេស​ពី​ក្រុម​គ្រួសារ​ដែល​ព្រួយបារម្ហ​អំពី​សុវត្ថិភាព​របស់​ពួកគេ នៅ​ពេល​ចុះ​ទៅ​បំពេញ​ការងារ ហើយ​ពួកគេ​ក៏​ប្រឈម​នឹង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើការ​ផង​ដែរ​។ របាយការណ៍​នេះ​ចេញ​ផ្សាយ​ចំ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការបង្ក្រាប​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ដែល​គេ​លើក​យក​មក​ពិភាក្សា​យ៉ាង​ច្រើន​ជុំវិញ​បញ្ហា​នេះ​។

ការសិក្សា​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ FOJO នៅ​សាកលវិទ្យាល័យ Linnaeus​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រមូល​ចម្លើយ​ពី​អ្នក​ឆ្លើយតប​សរុប​ចំនួន ១៣១ មកពី​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​តំណាង​ឱ្យ​អ្នក​សារព័ត៌មាន​តែ ៦,៥ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​។

ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រៀបចំ​ការ​ពិភាក្សា​ជា​ក្រុម​ដោយ​មាន​អ្នក​ចូលរួម​ចំនួន​ ៤១ នាក់​ផង​ដែរ​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​ចំនួន ២៣ នាក់ និង​អ្នក​សារព័ត៌មាន​ជា​បុរស​ចំនួន ១៨ នាក់​។

លោក Jaldeep Katwala ដែល​បាន​ជួយ​ធ្វើការ​ស្រាវជ្រាវ​នេះ​ឲ្យ​ដឹងថា​៖ «​ការរកឃើញ​សំខាន់ៗ​មួយ​ចំនួន​គឺថា​បុរស​មាន​ចំនួន​ច្រើន​ជាង​ស្ត្រី ដែល​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។

ក្នុង​នោះ​ស្ត្រី​ដែល​កាន់​តួនាទី​ផ្នែក​គ្រប់គ្រង​ក៏​នៅ​តិច​ជាង​បុរស​ដែរ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​មើលឃើញ​ភ័ស្តុតាង​នៃ​ទិដ្ឋភាព​ដែល​កំពុង​ចាប់ផ្តើម​ផ្លាស់ប្តូរ​។

លោក​ថ្លែង​ថា​៖ «​ការរក​ឃើញ​សំខាន់​មួយ​ទៀត គឺថា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​ពី​សំណាក់​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ ពីព្រោះ​ពួកគេ​យល់​ថា​វា​ជា​អាជីព​មួយ​ដ៏គ្រោះថ្នាក់​»​។

ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ​ទាំងអស់​មាន​តែ​ ៤ ​នាក់​ប៉ុណ្ណោះ ដែល​បាន​និយាយ​ថា ធ្លាប់​ទទួល​រង​ការ​បៀតបៀន​ផ្លូវភេទ ប៉ុន្តែ​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​នេះ​ច្រើន​ក្នុង​អំឡុង​ពេល​កិច្ចពិភាក្សា​ជា​ក្រុម​ដែល​ធ្វើឱ្យ​មាន​ការពិបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់​ថា​តើ​បញ្ហា​នេះ​រីក​រាលដាល​យ៉ាង​ដូចម្តេច​?

លោក​បន្ត​ថា​៖ «​វា​ទំនង​ថា​ការ​បៀតបៀន​ផ្លូវភេទ​មាន​អត្រា​ខ្ពស់​ជាង​អ្វី​ដែល​បាន​បង្ហាញ​នៅក្នុង​ការស្ទង់​មតិ​របស់​យើង​»​។ លោក Katwala បាន​បញ្ជាក់​ថា អ្វី​ដែល​កាន់តែ​គួរឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ថា​មាន​ភាព​ខុស​ប្លែក​គ្នា​ក្នុង​របៀប​ដែល​ស្ត្រី​ទាំង​នោះ​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​នៃ​ការ​បៀតបៀន​ផ្លូវភេទ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​បុរស​។

ឧទាហរណ៍​អ្នក​ចូលរួម​ត្រូវ​បាន​សួរ​ថា តើ​អ្នកគ្រប់គ្រង​ជា​បុរស​មាន​បាន​ចាក់​សោ​បុគ្គលិក​ជា​ស្ត្រី​នៅ​ក្នុង​បន្ទប់​ធ្វើការ​តែ​ពីរ​នាក់ ហើយ​មាន​បាន​ប្រាប់​គាត់​ថា ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ការដំឡើង​ឋានៈ​ទេ​ពីព្រោះ​បញ្ហា​នេះ​គឺ​ត្រូវ​ចាត់ទុក​ថា ជា​ការយាយី​ផ្លូវភេទ​។ ស្ត្រី​ចំនួន ៤០ ភាគរយ​ឆ្លើយ​ថា​មាន​បើ​ប្រៀបធៀប​ទៅ​នឹង​បុរស​មាន​តែ ២៦% ​ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​នេះ​ដែរ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​លោកស្រី អ៊ឹង កន្ថាផាវី បាន​យក​ពេលវេលា​នោះ​គូសបញ្ជាក់​អំពី​ការងារ​របស់​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​ល្បីៗ មួយ​ចំនួន​ដូចជា​ស្ត្រី​អ្នក​សារព័ត៌មាន​ជនជាតិ​អាមេរិក អាហ្វ្រិក ឈ្មោះ Ida B. Wells ដែល​ជា​អ្នក​សារព័ត៌មាន​បែប​ស៊ើបអង្កេត និង​ស្ត្រី​អ្នក​សារព័ត៌មាន​ជនជាតិ​អាមេរិក​ម្នាក់​ទៀត​ដែល​ជា​អ្នកកាសែត Ida B. Wells និង​​ អ្នកកាសែត​អាមេរិក​ឈ្មោះ Nellie Bly ដែល​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល ៧២ ថ្ងៃ​។ ប៉ុន្តែ​លោកស្រី​មិន​បាន​ស្គាល់​អ្នក​កាសែត​ស្រី​កម្ពុជា​ណា​ម្នាក់​នោះ​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «​សុំទោស​ដែល​ខ្ញុំ​មិន​បាន​លើក​ឈ្មោះ​អ្នក​កាសែត​ស្រី​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​»​។ ​«​ខ្ញុំ​បាន​ព្យាយាម​ស្វែងរក ប៉ុន្តែ​មិន​អាច​រកឃើញ​»​។

លោកស្រី កន្ថាផាវី មិន​យល់​ស្រប​ចំពោះ​លទ្ធផល​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ​ដែល​និយាយ​ថា ក្រសួង​របស់​លោកស្រី​ត្រូវ​បាន​មើលឃើញ​ថា​បាន​ចាត់​វិធានការ​ «​តិចតួច​ណាស់​» ​លើ​បញ្ហា​ស្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ថ្លែង​ថា ក្រសួង​របស់​លោកស្រី​ពិតជា​បាន​យក​ចិត្ត​ទុកដាក់​ និង​ថា​ក្រសួង​ថែម​ទាំង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅពេល​អ្នក​សារព័ត៌មាន​ទូរទស្សន៍​ហង្សមាស​ធ្វើ​អត្ថាធិប្បាយ​បន្ទោស​ទៅ​លើ​ជនរងគ្រោះ​ពាក់ព័ន្ធ​ព័ត៌មាន​អំពី​ករណី​រំលោភ​កាលពី​ខែ​សីហា​។

ក្រសួង​កិច្ចការនារី​កម្រ​និយាយ​ណាស់ ហើយ​នៅ​ក្នុង​ករណី​ខែ​សីហា​ក្រសួង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​សប្តាហ៍ បន្ទាប់ពី​ការធ្វើ​អត្ថាធិប្បាយ​នោះ ប៉ុន្តែ​លោកស្រី កន្ថាផាវី នៅ​តែ​ច្រានចោល​ចំពោះ​លទ្ធផល​រកឃើញ​នោះ​។

លោកស្រី​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា តើ​អ្នក​ស្រាវជ្រាវ​រកឃើញ​ទិន្នន័យ​នេះ​យ៉ាង​ដូចម្តេច​ទេ​ ប៉ុន្តែ​ខ្ញុំ​សុំ​ឲ្យ​មាន​ការ​កែតម្រូវ​»​។

ក្រៅពី​ការពិភាក្សា​ជុំវិញ​លទ្ធផល​សិក្សា​វាគ្មិន​បាន​ឆ្លៀត​ឱកាស​សង្កត់ធ្ងន់​អំពី​បញ្ហា​កាន់តែ​ធំ​ខ្លាំង​ឡើង​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ប្រឈមមុខ​។

ឯកអគ្គរដ្ឋទូត​ស៊ុយអ៊ែត​ប្រចាំ​កម្ពុជា​លោកស្រី Maria Sargren បាន​ថ្លែង​ថា វា​គួរ​ឲ្យ​ «​សោកស្តាយ​» ​ដែល​លោកស្រី​បាន​ឃើញ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ «​កាន់​តែ​អាក្រក់​»​។

លោកស្រី​បាន​ចង្អុល​បង្ហាញ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​កើនឡើង​ដល់ ១៤២ ពី​ចំណាត់ថ្នាក់ ១៣២ កាល​ឆ្នាំ​មុន​។

លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​ខណៈ​ទទួល​ស្គាល់​ការខ្វះខាត​ស្តង់ដារ​នៃ​សន្ទទស្សន៍​ណា​មួយ​នេះ​ជា​ការ​បង្ហាញ​ថា​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជាច្រើន កម្ពុជា​បាន​និង​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ទិសដៅ​ខុស​»​។

រដ្ឋាភិបាល​កាលពី​ឆ្នាំ​មុន​បាន​ចាប់ផ្តើម​ការបង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដោយ​បាន​បិទ​វិទ្យុ​ជាច្រើន និង​កាសែត​ឌឹខេមបូឌាដេលី ពាក់ព័ន្ធ​នឹង​បំណុល​ពន្ធ​ប្រមាណ ៦,៣ លាន​ដុល្លារ ដែល​មជ្ឈដ្ឋាន​ជាច្រើន​ជឿ​ថា​ជា​រឿង​នយោបាយ​។ ជាង​នេះ​ទៀត វិទ្យុ​អាស៊ីសេរី​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ទ្វារ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ផង​ដែរ​នៅ​ចំ​ពេល​មាន​ការ​បង្ក្រាប​នោះ ហើយ​អតីត​អ្នកកាសែត​ ២ ​នាក់​ទៀត​របស់​វិទ្យុ​នេះ​កំពុង​ប្រឈមមុខ​នឹង​បទចោទប្រកាន់​ពី​បទ​ «​ចារកម្ម​» ​ដោយ​គ្មាន​មូលដ្ឋាន​។

លោក Simon Walker តំណាង​ប្រចាំ​ប្រទេស​របស់​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា សន្ទស្សន៍​សេរីភាព​កាលពី​សប្តាហ៍​មុន​ក៏​បាន​កត់សម្គាល់​ផង​ដែរ​អំពី​ហានិភ័យ​ដែល​ដាក់​កំហិត ទៅ​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​។

ទន្ទឹម​នេះ​ផង​ដែរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មាន​ ៣ ​ទំព័រ​ដោយ​អះអាង​ថា កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​ជាង​មុន​នៅ​ពេល​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ «​ប្រជាធិបតេយ្យ​» ​អាស៊ាន​ដទៃៗ​ទៀត​។

លោក​បាន​សរសេរ​ថា​៖ «​វា​សំខាន់​ជាង​ដែល​ [​ប្រព័ន្ធ​ផ្សព្វផ្សាយ​] ​និយាយ​ការពិត និង​ហ៊ាន​ផ្តល់​ការរិះគន់​បែប​ស្ថាបនា ដើម្បី​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​កសាង​ជាតិ​ឲ្យ​មាន​យុត្តិធម៌ នីតិរដ្ឋ សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​ជា​បំណង​ និង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​»៕ PS/NS