ភ្នំពេញៈ រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតគ្រោះរាំងស្ងួត នៅផ្នែកជាច្រើននៃតំបន់អាស៊ីអាគ្នេយ៍នឹងកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងពេលបច្ចុប្បន្នដែលទាមទារឲ្យមានការបង្កើនសមត្ថភាពដើម្បីទប់ទល់គ្រោះមហន្ត-រាយដែលកើតឡើងពីគ្រោះរាំងស្ងួតនេះ។ នេះបើតាមការសិក្សារួមគ្នាថ្មីមួយរបស់ ESCAP និងអាស៊ាន។
គណៈកម្មការសង្គម និងសេដ្ឋកិច្ចអង្គការសហប្រជាជាតិទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក (ESCAP) នៅក្នុងកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅថ្ងៃទី ២៤ ខែ មេសា ម្សិលមិញ បានបញ្ចេញរបាយការណ៍សិក្សាស្ដីពីការ ត្រៀមខ្លួន សម្រាប់គ្រោះរាំងស្ងួត នៅប៉ុន្មានឆ្នាំខាងមុខនេះ និងការបង្កើនសមត្ថភាពដោះ ស្រាយឱ្យបានឆាប់ ចំពោះបញ្ហាគ្រោះរាំងស្ងួត នៅអាស៊ីអាគ្នេយ៍ គឺបានផ្ដល់ការវិភាគយ៉ាងច្បាស់លាស់ស្ដីពីហានិភ័យសំខាន់ៗ នៅក្នុងតំបន់។
ការចេញផ្សាយការសិក្សាថ្មីនេះ គឺធ្វើឡើង ដើម្បីទប់ទល់ទៅនឹងស្ថានភាពគ្រោះរាំងស្ងួតដែលកំពុងកើតឡើងនៅស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ខណៈផលប៉ះពាល់ដ៏ខ្លាំងខាងសេដ្ឋកិច្ច និងសង្គម កំពុងកើតមានរួចទៅហើយ នៅក្នុងប្រទេស កម្ពុជា ហ្វីលីពន ថៃ និងប្រទេស វៀតណាម។
បើយោងតាមរបាយការណ៍ពីការសិក្សា ផលប៉ះពាល់កើតឡើងពីគ្រោះមហន្តរាយក្នុងតំបន់ នឹងធ្វើឱ្យពលរដ្ឋក្រីក្រត្រូវប្រឈមការលំបាកក៏អាក្រក់បំផុត បង្កើតឱ្យមានភាពមិនស្មើគ្នា ការធ្វើឱ្យដីស្រែគ្មានជីជាតិ ហើយបង្កើនឱ្យមានជម្លោះអំពើហិង្សា ដែលអាចកើតឡើង។
ជាពិសេស គ្រោះរាំងស្ងួត ក៏អាចធ្វើឱ្យទទួលរងការខូចខាត នៅក្នុងប្រទេសមួយចំនួន ដែលមានពលរដ្ឋពឹងផ្អែកលើវិស័យកសិកម្ម សម្រាប់ការងារដ៏សំខាន់ដូចជានៅប្រទេសឡាវ មាន ៦១% វៀតណាមមាន ៤១% ឥណ្ឌូនេស៊ី ៣១% កម្ពុជាមាន ២៧% និងហ្វីលីពីន ២៦%។
ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ គ្រោះរាំងស្ងួតបានធ្វើឱ្យប៉ះពាល់ដល់មនុស្សប្រហែល ៦៦ លាននាក់នៅក្នុងតំបន់ហើយដោយសារគ្រោះរាំងស្ងួតមិនត្រូវគេរាយការណ៍ និងតាមដានឱ្យបានញឹកញាប់ ដូច្នេះផលប៉ះពាល់នៅក្នុងតំបន់គឺមានកើតឡើងហួសពីការស្មានទុក។
ការសិក្សាព្យាករថា ទៅថ្ងៃអនាគត ផលប៉ះពាល់នឹងអាចអាក្រក់កាន់តែខ្លាំង។ តំបន់ជាច្រើនបន្ថែមទៀត ប្រហែលត្រូវជួបប្រទះបញ្ហាកាន់ខ្លាំង ដោយសារផលលំបាកធ្ងន់ធ្ងរ។
លោកស្រី Armida Alisjahbana លេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់ អ.ស.ប ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា៖ «ការរាំងស្ងួតបន្ថែម គឺមិន អាចគេចផុតឡើយ ប៉ុន្តែការទទួលរងទុក្ខបន្ថែមពីគ្រោះរាំងស្ងួតគឺអាចចៀសរួច។ ការអន្តរាគមន៍ទាន់ពេល អាចកាត់បន្ថយការប៉ះពាល់ពីគ្រោះរាំងស្ងួត ការពារសហគមន៍ក្រីក្រ និងជំរុញឱ្យសហគមន៍ឱ្យកាន់តែមានសុខុដុមរមនា»។
ការសិក្សាដដែលបន្តថា ការត្រៀមខ្លួន ដើម្បីទប់ទល់គ្រោះរាំងស្ងួត គឺមានកិច្ចអន្តរាគមន៍ជាអាទិភាពចំនួន៣ ដូចជាការពង្រឹងការវាយតម្លៃហានិភ័យគ្រោះរាំងស្ងួត និងការព្រមានឱ្យបានទុកជាមុន ការបង្កើនសម្ភារហិរញ្ញវត្ថុសម្រាប់ដោះស្រាយហានិភ័យដែលអាចធានាដល់សហគមន៍អាចប្រឆាំងគ្រោះរាំងស្ងួតតាំងពីពេលចាប់ផ្ដើមកើតរហូតដល់ពេលបញ្ចប់ និងការពង្រឹងសមត្ថភាពរបស់មនុស្ស ដើម្បីបន្សាំខ្លួននឹងគ្រោះរាំងស្ងួត។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា សម្រាប់ប្រទេសកម្ពុជាគ្រោះរាំងស្ងួតតែងធ្វើឱ្យប៉ះពាល់ដូចជាការខ្វះខាតទឹកប្រើប្រាស់ ការបង្កបង្កើនផល និងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។
លោក កែវ វី បានថ្លែងបន្តថា វិធានការ ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួតរបស់រដ្ឋាភិបាល រយៈពេលប៉ុន្មានអាណត្តិកន្លងមកនេះ គឺផ្ដោតលើការសាងសង់ប្រព័ន្ធធារាសាស្ដ្រ ឱ្យបានគ្រប់ទីកន្លែង បង្កើតឱ្យមានអាងស្ដុកទឹកនិងការសាងសង់ទំនប់ដើម្បីទប់ទឹកទុក សម្រាប់កាត់បន្ថយការខ្វះខាតទឹកក្នុងការស្រោចស្រពដំណាំនិងការប្រើប្រាស់របស់ពលរដ្ឋ។
ចំណែកវិស័យសុខាភិបាលវិញ ត្រូវបានលោក កែវ វី លើកឡើងថា៖ «យើងចាប់ផ្ដើមពង្រឹងការងារសុខាភិបាលរបស់យើងជាបន្តបន្ទាប់ហើយ ដូចជាពង្រីកមណ្ឌលសុខភាព មន្ទីរពេទ្យនានា ដូចឃើញនៅតាមបណ្ដាទីជនបទហើយ ដោយសារពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ ដែលទាំងខ្យល់ព្យុះ មានទាំងរាំងស្ងួត ធ្វើយ៉ាងម៉េច ដើម្បីឱ្យមណ្ឌលសុខភាពហ្នឹងនៅជិតផ្ដល់ការព្យាបាលជូនប្រជាពលរដ្ឋ ពេលដែលគាត់គ្មានលទ្ធភាពធ្វើដំណើរទៅទីឆ្ងាយបាន»។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងដែរថារយៈពេលចុងក្រោយនេះ គ្រោះរាំងស្ងួត តែងធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មដំបូងគេ ប៉ុន្តែលោកថា ផលប៉ះពាល់ទាំងនេះ បានជំរុញឱ្យរដ្ឋាភិបាល កាន់តែប្រឹងប្រែង តាមរយៈសកម្មភាពជាច្រើន ក្នុងនោះមានដូចជា បណ្តុះគ្រាប់ពូជប្រភេទថ្មីៗ ដើម្បីឱ្យកសិករយកទៅដាំហើយអាចធន់ទ្រាំនឹងគ្រោះរាំងស្ងួត រួមទាំងគ្រោះទឹកជំនន់ជន់លិចផងដែរ។
លោកថា៖ «អ៊ីចឹង! ពូជស្រូវឬក៏ដូចជាពូជដំណាំ គឺយើងធ្វើម៉េចឱ្យធន់ទ្រាំ ជាមួយតំបន់ដែលតែងជួបប្រទះញឹកញាប់នូវគ្រោះរាំងស្ងួត ហើយតំបន់ដែលមានស្ថានភាពតែងជួបទឹកជំនន់ជន់លិច គឺយើងយកពូជណាដែលអាចលិចយូរ ដូចថា នៅក្នុងរយៈពេល ១ អាទិត្យខូច ហើយពូជមួយទៀត ដែលយើងកំពុងស្រាវជ្រាវ គឺវាអាចដល់ ២ អាទិត្យបានខូចអ៊ីចឹងទៅ»៕