កោះកុងៈ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការសហប្រជាជាតិបានចុះទៅពិនិត្យភាពយឺតយ៉ាវនៅខេត្តកោះកុងក្នុងការចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង ក្រោយពីទទួលបានពាក្យបណ្តឹងសុំអន្តរាគមន៍ពីសហគមន៍ក្នុងស្រុកថ្មបាំង។
ការចុះទៅពិនិត្យនោះបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃអាទិត្យនៅសាលាឃុំជំនាប់ថ្មីជាមួយនឹងតំណាងសហគមន៍ និងនៅថ្ងៃចន្ទម្សិលមិញនៅសាលាខេត្តកោះកុង។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ជនជាតិដើមភាគតិចបានស្នើសុំចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចជងតាមលំដាប់លំដោយពីអាជ្ញាធរថា្នក់ឃុំ ស្រុក និងខេត្តកោះកុងមុននឹងបញ្ជូនទៅក្រសួងអភិវឌ្ឍន៍ជនបទ។ ប៉ុន្តែសំណើនោះត្រូវបានជាប់គាំងនៅថ្នាក់មូលដ្ឋាន ដោយសារមានភាពយឺតយ៉ាវពាក់ព័ន្ធការពិនិត្យនីតិវិធី។ ហេតុនេះរដ្ឋលេខាធិការ និងមន្ត្រីនៅនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគគិច បានជួបប្រជុំជាមួយនឹងអភិបាលខេត្តកោះកុងដើម្បីពិនិត្យ និងសម្របសម្រួលនីតិវិធីក្នុងការរៀបចំចុះបញ្ជីនេះ។
លោកបានថ្លែងថា៖ «ការងារហ្នឹងវាពាក់ព័ន្ធនឹងអាជ្ញាធរហ្នឹងមានការយឺតយ៉ាវ មិនមែនក្រសួងអភិវឌ្ឍន៍បទទេ អ៊ីចឹងចុះទៅប្រជុំពិភាក្សាគ្នា ថាតើការយឺតយ៉ាវហ្នឹងការបំពេញបែបបទពីអាជ្ញាធរឃុំស្រុកខេត្តមកហ្នឹង វាយឺតយ៉ាវដោយសារមូលហេតុអី?»។
លោកបន្តថាកិច្ចប្រជុំ និងពិនិត្យត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីសហការគ្នាជំរុញនីតិវិធីចុះបញ្ជីនេះឲ្យបានលឿន។ លោកបានឲ្យដឹងផងដែរថាក្រោយពីឆ្លងផុតនៅថ្នាក់មូលដ្ឋានរួចហើយ ការងារចុះបញ្ជីបន្តនៅក្រសួងអភិវឌ្ឍន៍ជនបទមិនចំណាយពេលយូរនោះទេ គឺនឹងរួចរាល់នៅចន្លោះពី ១ ទៅ ២ សប្តាហ៍យ៉ាងយូរ។
ការចុះពិនិត្យនេះត្រូវបានធ្វើឡើងក្រោយពីពលរដ្ឋ ១០ នាក់តំណាងឲ្យជនជាតិដើមភាគតិចជង ២០០ គ្រួសារនៅភូមិ-ឃុំជំនាប់ ស្រុកថ្មបាំងបានដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងអភិវឌ្ឍន៍ជនបទខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ដើមខែមេសាកន្លងមក។
លោក វ៉ែន វ៉ន ជាតំណាងជនជាតិដើមភាគតិចម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា ពលរដ្ឋនៅភូមិជំនាប់ ច្រកឫស្សី ព្រែកស្វាយ និងភូមិកោះបានចាប់ផ្ដើមដាក់សំណើសុំចុះបញ្ជីទទួលស្គាល់នេះតាំងពីថ្នាក់ភូមិទៅកាលពីឆ្នាំ ២០១៧ ហើយត្រូវបញ្ជូនទៅថ្នាក់ខេត្តកាលពីចុងឆ្នាំ ២០១៧ ដដែលនោះ។ ប៉ុន្តែសំណើចុះបញ្ជីរបស់សហគមន៍ភូមិជំនាប់របស់លោកកំពុងតែនៅជាប់គាំងត្រឹមខេត្ត ខណៈដែលសំណើ ៣ ភូមិទៀតត្រូវបានទទួលស្គាល់ពីក្រសួងរួចហើយកាលពីដើមឆ្នាំ ២០១៨ នេះ។
លោក វ៉ន និយាយថា៖ «ការសុំចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចយើងខ្ញុំបានជាប់គាំងនៅខេត្ត អត់បានទៅដល់ក្រសួង។ ខ្ញុំអត់បានដឹងពីមូលហេតុជាប់គាំងនោះដែរ។ បើពាក់ព័ន្ធនឹងផ្លូវច្បាប់វាអត់មានបញ្ហាអីទេ។ យើងរង់ចាំយូរហើយ។ សង្ឃឹមថាលើកនេះចុះបានទៅចុះ»។
លោកបានបន្តថាកាលពីថ្ងៃអាទិត្យសប្តាហ៍មុន មន្ត្រីពីក្រសួងពីអង្គការសហប្រជាជាតិ និងអាជ្ញាធរមូលដ្ឋានបានជួបជាមួយនឹងតំណាងពួកលោកជាង ១០ នាក់នៅសាលាឃុំជំនាប់ថ្មីដើម្បីសម្របសម្រួលក្នុងការជំរុញឲ្យមានការចុះអត្តសញ្ញាណរបស់ជនជាតិនៅភូមិជំនាប់ឲ្យបានឆាប់។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានមានប្រសាសន៍យ៉ាងខ្លីថា ក្រុមការងាររបស់ខេត្តកំពុងតែធ្វើការលើរឿងនេះ។
លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តសុំមិនធ្វើអត្ថាធិប្បាយរឿងនេះ ខណៈលោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុងអះអាងថាមិនដឹងបញ្ហានេះទេ៕