កោះកុង មន្ត្រី​ក្រសួង​អភិ​វឌ្ឍន៍​ជនបទ​ និង​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចុះ​ទៅ​ពិនិត្យ​ភាព​យឺតយ៉ាវ​នៅ​ខេត្ត​កោះ​កុង​ក្នុង​ការ​ចុះ​បញ្ជី​អត្ត​សញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ជង​នៅ​តំបន់​អា​រ៉ែ​ង ​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​សុំ​អន្តរា​គមន៍​ពី​សហ​គមន៍​ក្នុង​ស្រុក​ថ្ម​បាំង។​ រីឯ​ការ​ចុះ​ទៅ​ពិនិត្យ​នោះ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​សាលា​ឃុំ​ជំនាប់​ថ្មី​ជា​មួយ​នឹង​តំណាង​សហ​គមន៍​ និង​នៅ​ថ្ងៃ​ចន្ទ​នេះ​​នៅ​សាលា​ខេត្ត​កោះកុង។​

​លោក​ ចាន់​ ដា​រ៉ុង​ អ្នក​នាំពាក្យ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​ បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ដើម​ភាគ​តិច​ បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ស្វ័យ​អត្ត​សញ្ញណ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​តាម​លំដាប់​លំ​ដោយ​ពី​អាជ្ញា​ធរ​ថា្នក់​ឃុំ​ស្រុក​ និង​ខេត្ត​កោះកុង​ មុន​នឹង​បញ្ជូន​ទៅ​ក្រសួង​អភិ​វឌ្ឍន៍​ជនបទ។​ ប៉ុន្តែ​សំណើរ​នោះ​ត្រូវ​បាន​ជាប់​គាំង​នៅ​ថ្នាក់​មូល​ដ្ឋាន​ ដោយ​សារ​មាន​ភាព​យឺតយ៉ាវ​ពាក់ព័ន្ធ​ការ​ពិនិត្យ​និតិ​វិធី។​ ហេតុ​នេះ ​រដ្ឋ​លេខា​ធិការ​ និង​មន្ត្រី​នៅ​នាយក​ដ្ឋាន​អភិ​វឌ្ឍន៍​ជនជាតិ​ដើម​ភា​គិច​ បាន​ជួបប្រជុំ​ជាមួយ​នឹង​អភិ​បាល​ខេត្ត​កោះកុង ដើម្បី​ពិនិត្យ និង​សម្រប​សម្រួល​និតិ​វិធី​ក្នុង​ការ​រៀប​ចំ​ចុះ​បញ្ជី​នេះ។​

ការ​ចុះ​ពិនិត្យ​នេះ ​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ពី​ពលរដ្ឋ​ ១០ នាក់​តំណាង​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ជង​ ២០០​ គ្រួ​សារ​នៅ​ភូមិ​-​ឃុំ​ជំ​នាប់ ស្រុក​ថ្មបាំង​បាន​ដាក់​លិខិត​សុំ​អន្តរា​គមន៍​ទៅ​ក្រសួង​អភិ​វឌ្ឍន៍​ជនបទ​ ខុ​ទ្ទ​កាល​ល័យ​​នាយក​រដ្ឋ​មន្ត្រី​ និង​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃទី​៤​ដើម​ខែ​មេសា​កន្លង​មក។​

លោក​វ៉ែន ​វ៉ន​ ជា​តំណាង​ម្នា​ក់បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​នៅ​ភូមិ​ជំនាប់ ច្រក​ឬស្សី​,​ព្រែក​ស្វាយ ​និង​ភូមិ​កោះ​បាន​ចាប់​ផ្ដើម​​ដាក់​សំណើរ​សុំ​ចុះបញ្ជី​ទទួល​ស្គាល់​នេះ​តាំង​ពី​ថ្នាក់​ភូមិ​​ទៅ​កាល​ពី​ឆ្នាំ ២០១៧​ ហើយ​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​កាល​ពី​ចុង​ឆ្នាំ ២០១៧ ​ដដែល​នោះ។ ​ប៉ុន្តែ​សំណើរ​ចុះបញ្ជី​របស់​សហ​គមន៍​ភូមិ​ជំនាប់​របស់​លោក​បាន​កំពុង​តែ​នៅ​ជា​ប់​គាំង​ត្រឹម​ខេត្ត ខណៈ​ដែល​សំណើរ​៣ភូមិ​ទៀត​ត្រូវបាន​ទទួល​ស្គាល់​ពី​ក្រសួង​រួច​ហើយ​កាល​ពីដើម​ឆ្នាំ ២​០​១​៨ ​នេះ។​

លោក​ស្រី​ មិថុនា​ ភូ​ថង ​អភិ​បាល​ខេត្ត​កោះ​កុង​បាន​មាន​ប្រសាសន៍​ យ៉ាង​ខ្លី​ថា​ «ក្រុម​ការងារ​របស់​ខេត្ត​កំពុង​តែ​ធ្វើការ​លើ​រឿង​នេះ»។ ​លោក​ស្រី​សុំ​ឲ្យ​ទាក់ទង​ទៅ​មន្ត្រី​ផ្នែក​រដ្ឋបាល​សាលា​ខេត្ត​ សម្រាប់​ព័ត៌​មាន​បន្ថែម។​ ប៉ុន្ដែ​ លោក​ អ៊ូច ទូច​ នាយក​រដ្ឋបាល​សាលា​ខេត្ត​ជាប់​ប្រជុំ​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ​៕​