ព្រះសីហនុៈ គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនៅក្នុងខេត្តព្រះសីហនុប្រវែង ២៧ គីឡូម៉ែត្រ ដែលនឹងជួយលើកកម្ពស់សោភណភាព តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿននោះ គិតមកទល់ពេលនេះសម្រេចបាន ៩៣,៤២% ហើយ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៦ កុម្ភៈ។
ក្នុងដំណើរចុះទៅពិនិត្យមើលវឌ្ឍនភាពការងារស្ដារអូរប្រឡាយប្រព័ន្ធចម្រោះទឹកកខ្វក់ និងស្ថានីយបូមទឹកក្នុងខេត្តព្រះសីហនុពីថ្ងៃទី ៦ កុម្ភៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា គោលបំណងនៃការស្តារអូរប្រឡាយធម្មជាតិសំខាន់ៗក្នុងខេត្តនេះ គឺដើម្បីការពារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះក្នុងទីក្រុង។ ជាមួយគ្នានេះក៏នឹងរៀបចំកសាងប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផងដែរ។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងនេះសាងសង់ដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងក្រុមហ៊ុន BUCG ក្នុងនោះរួមមានបឹងព្រែកទប់ ស្ថានីយបូមអេម៉ារីអូ ស្ថានីយបូមមុខសាលាខេត្ត និងស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុជាដើម។
នៅពេលទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមពីថ្ងៃទី ៧ កុម្ភៈ លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រីនាំពាក្យ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងនេះមិនបានឆ្លើយតបទេ។ ក៏ប៉ុន្តែតាមរបាយការណ៍ក្រសួង កិច្ចការនេះសម្រេចបាន ៩៣,៤២ ភាគរយហើយ តែមិនបានបញ្ជាក់ថានឹងបញ្ចប់នៅពេលណាទេ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងពីថ្ងៃ ៧ កុម្ភៈថា នៅក្នុងក្រុងព្រះសីហនុកន្លងមកបានជួបប្រទះជំនន់ទឹកភ្លៀងលិចតាមតំបន់មួយចំនួននៅតំបន់ទំនាបដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងផ្ទះសំបែងពលរដ្ឋក្នុងតំបន់នោះ។
បើតាមលោក ភារម្យ មូលហេតុនៃការលិចលង់នេះទី១ គឺអូរប្រឡាយមួយចំនួនមានការគោករាក់ និងរួមតូចដោយកន្លែង។
រីឯមួយចំនួនទៀតត្រូវបានពលរដ្ឋសាងសង់សំណង់ និងរបងនៅលើដីចំណីប្រឡាយដែលធ្វើឱ្យលំហូទឹកហូរមិនបានលឿនដោយសារកន្លែងខ្លះរួមតូច។
ចំណែកទីតាំងមួយចំនួនទៀតជាដីកម្មសិទ្ធិរបស់ពលរដ្ឋដែលពីមុនជាទីទំនាបអាចជួយរំដោះទឹកបានមួយចំនួនធំ ត្រូវបានពលរដ្ឋចាក់ដីបំពេញសម្រាប់សង់សំណង់ផ្សេងៗដោយសារមានកំណើននៃការអភិវឌ្ឍក្នុងខេត្ត។ ឯបញ្ហាមួយទៀតពាក់ព័ន្ធនឹងកាកសំណល់ផ្សេងៗដែលធ្លាក់ចូលអូរប្រឡាយក៏ជាឧបសគ្គធ្វើឱ្យលំហូរទឹកមិនរលូនផងដែរ។
លោក ភារម្យ បានថ្លែងថា៖ «ពេលយើងស្តារអូរប្រឡាយសំខាន់ៗក្នុងខេត្តនេះយើងឃើញថា ប្រព័ន្ធលំហូរទឹកហូរបានលឿន។ នៅពេលមានភ្លៀងពីមធ្យមទៅខ្លាំងក៏ដោយ ក៏យើងឃើញថា កន្លែងដែលទំនាបនៅមានលិចខ្លះ ប៉ុន្តែមិនលិចយូរទេ ព្រោះលំហូរទឹកបានលឿន ក៏បានរំដោះកន្លែងលិចលង់បានលឿនដូចគ្នា»។ លោកបានថា គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិក្នុងខេត្តព្រះសីហនុនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២០។
លោក ស្រេង វ៉ាន់លី មន្ដ្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុឱ្យដឹងដែរថា នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗបានធ្វើឱ្យមានការជន់លិចក្រុងដោយសារអូរ ឬប្រឡាយតូចចង្អៀត និងមានផ្ទះពលរដ្ឋខ្លះសង់លើប្រឡាយ និងអូរទាំងនោះដែលជាហេតុធ្វើឱ្យការរំដោះទឹកមិនបានលឿន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ការស្តារអូរប្រឡាយនេះ វាល្អ បើទោះបីមានផលប៉ះពាល់ដល់ពលរដ្ឋមួយចំនួនដែលរស់នៅលើ ឬចំណីដីអូរប្រឡាយក៏ដោយ ប៉ុន្តែរដ្ឋបាលខេត្តក៏បានផ្តល់ដីមួយចំនួនដល់អ្នកដែលមិនមានដីរស់នៅ»។
ទោះជាយ៉ាងណាលោក វ៉ាន់លី ថ្លែងថា នៅមានកន្លែងខ្លះក៏អនុវត្តមិនបានស្មើភាពគ្នាដែរពីព្រោះនៅតែឃើញមានការរំលោភយកអូរ និងប្រឡាយដដែល។ ការងារនេះអាជ្ញាធរ គួរស្តារអូរ និងប្រឡាយឱ្យមានភាពស្មើគ្នាទៅតាមផែនការ និងប្លង់គោលដែលបានកំណត់៕
វីដេអូ៖