ព្រះសីហនុៈ​ គម្រោង​អភិវឌ្ឍន៍​និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រវែង ២៧ គីឡូម៉ែត្រ ដែល​នឹង​ជួយ​លើក​កម្ពស់​សោភណភាព​តាម​រយៈ​កា​រធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រំដោះ​ជំនន់​ទឹក​ភ្លៀង​ឱ្យ​បាន​លឿន​នោះ គិត​មក​ទល់​ពេល​នេះ​សម្រេច​បាន​ ៩៣,៤២% ​ហើយ។ នេះ​បើ​តាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កាលពី​ថ្ងៃ​ ៦ កុម្ភៈ។

ក្នុង​ដំណើរ​ចុះទៅ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​ស្ដារ​អូរ​ប្រឡាយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​និង​ស្ថានីយបូមទឹក​ក្នុង​ខេត្ត​ព្រះសីហនុ ​ពី​ថ្ងៃទី ៦ ​ខែ​កុម្ភៈ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា គោល​បំណង​នៃ​ការស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​សំខាន់ៗ​ក្នុង​ខេត្ត​នេះ​គឺ​ដើម្បី​ការពារ​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​តំបន់​ងាយ​រងគ្រោះ​ក្នុង​ទីក្រុង។ ជាមួយគ្នា​នេះ ក៏​នឹង​រៀបចំ​កសាង​ប្រព័ន្ធ​ប្រឡាយ​ទឹក​នៅ​ទីក្រុង​មួយ​នេះ​ឱ្យ​មាន​បរិស្ថាន​ស្អាត​និង​អនាម័យ​ល្អ​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​កាន់​តែច្រើ​ន​ថែម​ទៀត​ផងដែរ។

បើតាម លោក ស៊ុន ចាន់​ថុល គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជា​តិនេះ​ សាង​សង់​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ក្រុមហ៊ុន BUCG ដោយ​ក្នុង​នោះ​រួមមាន​ បឹង​ព្រែក​ទប់ ស្ថានីយ​បូម​អេម៉ារី​អូ ស្ថានីយ​បូម​មុខ​សាលាខេត្ត​និង​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាក​សំណល់​ក្រុង​ព្រះសីហនុ​ជាដើម។

នៅ​ពេល​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ កាល​ពី​ថ្ងៃទី​​ ៧ កុម្ភៈ លោក​ ហ៊ាង ​សុទ្ធា​យុត្តិ​ មន្ត្រីនាំ​ពាក្យ​និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​និង​ទំនាក់​ទំនង​សាធារណៈ​នៃ​ក្រសួង​នេះ​មិន​បាន​ឆ្លើយតប​ទេ ។ ក៏​ប៉ុន្តែ​តាម​របាយការណ៍​ក្រសួង កិច្ចការ​នេះ​សម្រេច​បាន ៩៣,៤២ ភាគរយ​ហើយ តែ​មិន​បាន​បញ្ជាក់​ថា​នឹង​បញ្ចប់​នៅ​ពេល​ណា​ទេ។

លោក ឃាង ភារម្យ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​៧ កុម្ភៈថា​ នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កន្លង​មក​បាន​ជួប​ប្រទះ​ជំនន់​ទឹក​ភ្លៀង​លិច​តាម​តំបន់​មួយ​ចំនួន​នៅ​តំបន់​ទំនាប​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​និង​ផ្ទះ​សម្បែង​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ។

បើ​តាម ​លោក ភារម្យ​ មូលហេតុ​នៃ​ការ​លិចលង់​នេះ​ទី ១ គឺ​អូរប្រឡាយ​មួយ​ចំនួន​មាន​ការ​គោក​រាក់និង​រួម​តូច​ដោយ​កន្លែង។ រីឯមួយ​ចំនួន​ទៀត​ ត្រូវ​បាន​ពលរដ្ឋ​សាង​សង់​សំណង់​ និង ​របង​នៅលើ​ដី​ចំណី​ប្រឡាយ ​ដែល​ធ្វើ​ឱ្យ​លំហូ​ទឹក​ហូរ​មិន​​បាន​លឿន​ដោយសារ​កន្លែង​ខ្លះ​រួម​តូច។

ចំណែក​ទី​តាំង​មួយ​ចំនួន​ទៀត​ ជា​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ដែល​ពីមុន​ជាទី​ទំនាប​អាច​ជួយ​រំដោះ​ទឹក​បាន​មួយចំ​នួន​ធំ​ បែរ​ជាត្រូវ​បាន​ពលរដ្ឋ​ចាក់​ដី​បំពេញ​សម្រាប់​សាង​សង់​សំណង់​ផ្សេងៗ​ដោយ​សារ​មាន​កំណើន​នៃ​ការអភិ​វឌ្ឍ​ក្នុង​ខេត្ត។ ឯ​បញ្ហា​មួយ​ទៀត ​ពាក់ព័ន្ធ​នឹង​កាក​សំណល់​ផ្សេងៗ ដែល​ធ្លាក់​ចូល​អូរ​ប្រឡាយ​ក៏​ជា​ឧសបគ្គ​ធ្វើ​ឱ្យ​លំហូរ​ទឹក​មិន​រលូន​ផងដែរ។

លោ​ក​ ភារ​ម្យ​ បាន​ថ្លែង​ថា៖«នៅ​ពេល​យើង​បាន​ស្តារអូរ​ប្រឡាយ​សំខា​ន់ៗនៅ​ក្នុង​​ខេត្ត​នេះ​យើង​ឃើញ​ថា​ប្រព័​ន្ធ​លំហូរ​ទឹក​ហូរ​បាន​លឿន។ នៅ​ពេល​ដែល​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ខ្លាំង​ក៏ដោយ ក៏​យើង​ឃើញថា​ កន្លែង​ដែល​ទំនា​បនៅ​មាន​​លិច​ខ្លះ ប៉ុន្តែមិន​លិច​យូ​រនោះ​ទេ ​ព្រោះ​​លំហូ​រ​

ទឹកបា​ន​លឿន​ក៏បាន​រំដោះ​កន្លែង​លិចលង់បាន​​លឿន​ដូចគ្នា»។លោកថា គ​ម្រោង​អភិវ​ឌ្ឍន៍​និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះសីហ​នុ ​នេះ​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​៩ ​ខែធ្នូ ​ឆ្នាំ ២០២០។

លោក ​ស្រេង ​វ៉ាន់​លី មន្ដ្រី​សម្រប​សម្រួល​អង្គការ​លី​កាដូ (Licadho) ប្រចាំខេត្ត​ព្រះសី​ហនុ​បាន​ឱ្យដឹ​ង​ដែរ​ថា ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ត​ងៗបា​នធ្វើ​ឱ្យ​មានកា​រ​ជន់​លិច​ក្រុង​ដោយ​សារ​អូរឬ​ប្រឡាយ​មាន​ស្ថាន​ភាព​តូច​ច​ង្អៀ​ងនិង​មាន​ផ្ទះ​របស់​ពលរដ្ឋ​ខ្លះស​ង់​​លើ​ប្រឡាយ​និង​​អូ​រ​ទាំង​នោះ ​ដែ​លជា​ហេ​តុ​ធ្វើ​ឱ្យកា​រ​រំដោះ​​ទឹក​មិន​បាន​​​លឿន​។

​លោក​បាន​ប​ញ្ជាក់​​ថា ៖ « ខ្ញុំ​យល់​ឃើ​​ញថា​ ​ការស្តារ អូ​ប្រឡាយ​នេះ វា​ល្អ បើទោះ​បី​​មាន​ផលប៉ះ​ពា​ល់​ដល់​ពលរដ្ឋ​​មួយចំនួ​ន​ដែ​ល​រស់​​​​នៅ​លើ ឬ​ចំណី​ដី​អូ​រប្រឡាយ​ក៏​ដោយ ប៉ុន្តែ​រដ្ឋ​បា​ល​ខេត្ត​ក៏​បាន​ផ្ត​ល់​ដី​មួយ​ចំនួន​ដល់​អ្នក​ដែល​មិនមាន​​ដី​រស់​នៅ​»។​ ​

ទោះ​ជា​​យ៉ា​ងណា ​លោក ​វ៉ាន់​លី​ ថ្លែង​ថា នៅ​មានកន្លែ​ង​ខ្លះ ក៏​អនុវត្ត​មិនបាន​ស្មើភាព​គ្នា​ដែរ​ ពីព្រោះ​នៅ​តែ​ឃើញ​​មាន​​ការរំលោភ​​យក​អូរនិង​ប្រឡា​យ​ដដែល​។ ការងា​រ​នេះ​​អាជ្ញាធរ​​ គួរ​ស្តា​រ​​អូរ ​និង​ប្រឡាយ​​ឱ្យមាន​ភា​ពស្មើ​គ្នា​ទៅតា​ម​ផែន​ការ​និង​ប្លង់គោល​ដែល​បាន​កំណត់​​៕