ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល និង​ទឹក​ជំនន់​ត្រូវ​បាន​ការ​កែលម្អ​ជាថ្មី។

ផ្លូវ​ថ្នល់ និង​ស្ពាន​នៅ​តាម​ជនបទ​ដែល​រង​ការ​ខូចខាត មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នក​ភូមិ​ផង​ដែរ ខណៈ​ពួក​គាត់​នៅ​តំបន់​ដាច់​ស្រយាល ​គឺ​ពឹង​ផ្អែក​លើ​ការ​ប្រើប្រាស់​ស្ពាន​ចាស់​ទ្រុឌទ្រោម​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់។

ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ទាំង​នោះ កម្ពុជា​បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ (ODA) ឱ្យ​មាន​ការ​ជួសជុល​ស្ដារ​ឡើងវិញ​នូវ​ស្ពាន​សរុប​ចំនួន ៧ នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ក្រចេះ។ ក្នុង​នោះ​រួមមាន​ស្ពាន​ពាម​ទេ ស្ពាន​ព្រែក​ឆ្លូង ស្ពាន​អន្លង់​ឃ្លេ ស្ពាន​ព្រែក​ឫស្សី និង​ស្ពាន​សណ្តាន់។

ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ (ODA) គឺ​ជា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​រវាង​រដ្ឋាភិបាល និង​អង្គការ​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ​ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​សហគមន៍​ពិភព​លោក។

ODAs របស់​ជប៉ុន​ផ្តោត​លើ​វិស័យ​សំខាន់​ចំនួន ៣ គឺ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ផ្តល់​ជំនួយ​ឥត​សំណង។

នៅ​កម្ពុជា ប្រទេស​ជប៉ុន ​បាន​ចាប់​ផ្តើម​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​នៅ​ឆ្នាំ ១៩៦៨ ហើយ​គម្រោង​តូច​ធំ​ជា​ច្រើន ត្រូវ​បាន​បញ្ចប់។

ការ​ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ស្ពាន​ទាំង ៧ បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៧ និង​បាន​បញ្ចប់​វិញ​កាល​ពី​ឆ្នាំ​មុន បាន​និង​កំពុង​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាជន និង​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​នានា និង​បាន​ក្លាយ​ជា​បណ្តាញ​ដឹក​ជញ្ជូន​ដ៏​សំខាន់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ស្ពាន​ចំនួន ៥ ក្នុង​ចំណោម​ស្ពាន​ទាំង ៧ ខាង​លើ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ជាតិ​លេខ ៧៣ នៅ​ផ្នែក​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​ក្រចេះ ជា​ផ្លូវ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​គមនាគមន៍ រវាង​តំបន់​ទីប្រជុំជន និង​ខេត្ត​នានា​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​ស្ពាន​គោលដៅ​ទាំង ៥ ខាង​លើ ត្រូវ​បាន​ប្រើប្រាស់​ដោយ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​លើស​ពី ១៥ តោន ចំនួន​ប្រមាណ ១៦០ គ្រឿង​ក្នុង​ថ្ងៃ។

ទោះ​យ៉ាង​នេះ​ក្តី ស្ពាន​ទាំង​អស់​ដែល​បាន​ប្រើប្រាស់​កន្លង​មក ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​បាក់​ស្រុត​ដោយសារ​ទឹក​ជំនន់ និង​អាយុកាល​កាន់​តែ​ចាស់។

ស្ពាន​ចំនួន ២ ផ្សេង​ទៀត គឺ​ស្ពាន​បាបោង​លេខ ១ និង​ស្ពាន​បាបោង​លេខ ២ មាន​ទីតាំង​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ដង​ទន្លេមេគង្គ នៅ​ប៉ែក​ខាងត្បូង​នៃ​ខេត្ត​ព្រៃវែង។ ស្ពាន​ទាំង ២ នេះ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ១១ ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ និង​តំបន់​ខាង​ត្បូង​រាជធានី​ភ្នំពេញ តាមរយៈ​ផ្លូវ​សេដ្ឋកិច្ច​សំខាន់ៗ ដូចជា​ផ្លូវជាតិ​លេខ ១ និង​លេខ ៧ ជា​ដើម មាន​តួនាទី​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន និង​ចែកចាយ​ផលិតផល ព្រម​ទាំង​មុខ​ទំនិញ​នានា​នៅ​ក្នុង​ស្រុក និង​ទៅ​ក្រៅ​ប្រទេស។

ផែនទីបង្ហាញទីតាំងស្ពានដែលត្រូវបានស្តារឡើងវិញនៅក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ។

លោក ចៅ នន់ អាយុ ៦២ ឆ្នាំ ​ជា​មេឃុំ​បា​បោង បាន​មានប្រសាសន៍​ដោយ​ធ្វើ​ការធានា​នូវ​សុវត្ថិភាព​របស់​ប្រជាជន​រស់នៅ​ជិត​ខាង​ដូច្នេះ​ថា៖ «ស្ពាន​បេតុង​ដែល​ត្រូវ​បាន​សាងសង់​ឡើង​វិញ​នៅ​ពេល​នេះ​ គឺ​កាល​ពី​មុន​ធ្វើ​ពី​ដែក ហើយពី​មុន​នោះ​ទៀត វា​បានធ្វើ​ពី​ឈើ។ នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង​នៅ​រដូវវស្សា​ម្តងៗ គេ​ពុំ​អាច​ឆ្លង​កាត់​ស្ពាន​នេះ​បាន​ឡើយ តែ​ស្ពាន​ថ្មី​នេះ​មើល​ទៅ​រឹងមាំ​ណាស់ ហើយ​យើង​ក៏​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​បាក់​ទៀត​ដែរ។

ម្យ៉ាងទៀត នៅ​ពេល​សាងសង់​ឡើង​វិញ រាល់​គ្រាប់​មិន​ទាន់​ផ្ទុះ និង​គ្រាប់​មីន​ពី​សម័យ​សង្គ្រាម​ស៊ីវិល ត្រូវ​បាន​បោស​សម្អាត​ផង​ដែរ ដូច្នេះ​យើង​ខ្ញុំ​អាច​រស់នៅ​ដោយ​ពុំ​បាច់​បារម្ភ​អ្វី​ទៀត​ឡើយ»។

លោក ហេង វុត្ថា អាយុ ៣៩ ឆ្នាំ ដែល​ជា​ប្រធាន​វិស្វករ​ក្នុង​ការងារ​សាងសង់​សា​ឡើងវិញ​នូវ​ស្ពាន​ទាំង ២ នេះ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា មាន​អ្នក​ស្រុក​ជាច្រើន​រំពឹង​ថា នឹង​មាន​ការ​ដឹកជញ្ជូន​យ៉ាង​រលូន ហើយ​ការ​រស់នៅ​របស់​ពួក​គាត់​ក៏​កាន់​តែ​ប្រសើរ។ ចំនួន​ប្រជាជន​ដែល​មក​រស់នៅក្នុង​តំបន់​ជុំវិញ​ស្ពាន​ក៏​កំពុង​តែ​កើន​ឡើង ហើយ​ក៏​មាន​ផ្ទះថ្មីៗ​កំពុង​ចាប់​ផ្តើម​សាងសង់​ផង​ដែរ។ លោក​រំពឹង​ថា ស្ពាន​ទាំង ២ នេះ នឹង​នាំ​ឱ្យ​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ។ ភាព​ងាយ​ស្រួល​នៃ​ការ​ដឹក​ជញ្ជូន​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​វិស័យ​កសិកម្ម​ផងដែរ»។

ការ​ជួសជុល​ស្ពាន​ទាំង ៧ នេះ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​អ្នក​ភូមិ។ ការ​ជួសជុល​ស្ពាន​ចាស់​ទំហំ​តូច​ចង្អៀត គឺ​បាន​ជួយ​កាត់បន្ថយ​គ្រោះ​ថ្នាក់ ដែល​បណ្តាល​មក​ពី​ទឹកជំនន់ ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ ​និង​ចរាចរណ៍​ទំនិញ​បាន​លឿន​ជាង​មុន​នៅ​ទូទាំង​ខេត្ត និង​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​តំបន់​នេះ។

លោក សន វិចិត្រ អាយុ ៣០ ឆ្នាំ ជា​នាយក​សាលា​បឋម​សិក្សា​បាបោង​បាន​លើក​ឡើង​ថា៖ «កាល​នៅ​ជា​ស្ពានដែក​ដែល​ទំហំ​តូច​ចង្អៀត​នោះ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​នៅ​រដូវវស្សា​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ដែលនាំ​ឱ្យ​​រអិល ក៏​ប៉ុន្តែ​ឥឡូវ​នេះ សិស្សានុសិស្ស​អាច​ទៅ​រៀន​នៅ​វិទ្យាល័យ​ក្នុង​ខេត្ត​បាន​ដោយ​សុវត្ថិភាព​ជាមួយ​ស្ពាន​ថ្មី​នេះ ដែល​អាច​ជួយ​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ជាង​មុន»។

លោក ជ្រូ ហឿន អាយុ ៥០ ឆ្នាំ ​នាយក​អនុវិទ្យាល័យ​បាបោង ក្នុង​តំបន់​នោះ​ថ្លែង​ថា៖ «ឥឡូវ​គុណភាព ​និង​សុវត្ថិភាព​ស្ពាន ​គឺ​ល្អ​ប្រសើរ។ សិស្សានុសិស្ស​អាច​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ដោយ​ប្រើប្រាស់​ស្ពាន​នេះ ពេល​នេះ​ពួក​គេ​អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព»។

លោក លី ស៊ីធា អាយុ ៣២ ឆ្នាំ ​បាន​លើក​ឡើង​ដោយ​ក្តី​រីករាយ​ថា៖ «កាល​ពី​មុន ទោះបី​យើង​អាច​ប្រមូល​ផល​ស្រូវ​បាន​ច្រើន តែ​យើង​មិន​អាច​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំៗ​បាន​ទេ (ដោយសារ​បញ្ហា​ស្ពាន) ប៉ុន្តែ​ឥឡូវ​នេះ យើង​អាច​ដឹក​ជញ្ជូន​វា​បាន​ភ្លាម»។

ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ស្ពាន ដែល​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជនបទ និង​ការ​អភិវឌ្ឍ​សេវាកម្ម​សង្គម​នៅ​ខេត្ត​ព្រៃវែង និង​ក្រចេះ។ ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​ចាំបាច់​ គឺ​ត្រូវ​មាន​ការ​ការពារ​ពី​អ្នក​ប្រើប្រាស់​ទាំង​អស់ ពីព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នាពេល​អនាគត៕