ព្រះសីហនុៈ ​មន្ត្រី​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ឱ្យដឹង​ថា ការស្ថាបនា​ហេដ្ឋារចនាសម័ន្ធ​ផ្លូវថ្នល់​ ៣៤ ​ខ្សែ និង​ប្រព័ន្ធ​លូ​ប្រឡាយ​ក្នុង​ខេត្ត​ព្រះសីហនុ​សម្រេច​បាន​ប្រមាណ​ ៥៥ ​ភាគរយ​​ ហើយ​ចាប់តាំងពី​ផ្ដើម​ដំណើរការ​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​ឆ្នាំមុន​រហូត​មក​ទល់​​បច្ចុប្បន្ន ហើយ​ក៏​កំពុង​បន្តធ្វើ​ទាំងយប់ ទាំង​ថ្ងៃ​ដដែល បើទោះបី​ជា​កម្ពុជា​កំពុង​មាន​បញ្ហា​ជំងឺ​កូវីដ ​១៩ ក៏ដោយ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​​ព្រះសីហនុ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​កាលពី​ទី​ ៣០ ​ខែ​មីនា ​ថ្មីៗ​នេះ​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ​បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​លេខ​ ៤០០ (​ក្បែរ​ឆ្នេរ​អូរឈើទាល​) ​ជា​ផ្លូវ​មួយ​ក្នុង​គម្រោង​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​ក្នុង​ខេត្ដ​/​ក្រុងព្រះសីហនុ​។

លោក​បាន​ថ្លែងថា​៖ «​បើ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៦ ​ខែ ​វិច្ឆិកា ​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​ក្រោម​​អធិបតីភាព លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន គឺ​មាន​រយៈពេល​ជាង​ ៤ ​ខែ​ហើយ​។ ​ក្រុម​កង​វិស្វកម្ម​រួមទាំង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​គម្រោងការ​សា្ថបនា​ផ្លូវ​ទាំង​ ៣៤ ​ខ្សែ​ទាំង ៧ ​ក្រុមហ៊ុន​​បាន និង​កំពុងតែ​ពន្លឿន​ការងារ​ស្ថាបនា​រៀងៗ​ខ្លួន​ទាំងយប់​ទាំងថ្ងៃ​ដើម្បី​សម្រេច​ឱ្យបាន​ទៅតាម​ផែនការ​ដែល​បានកំណត់​»​។

លោក​បាន​បន្តថា​៖ «​រហូត​មក​ទល់​ពេលនេះ​ (​ថ្ងៃ​ពុធ​) ​បើ​គិត​ជារួម​គឺ​ការស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ សម្រេច​បាន​ប្រមាណ​ ៥៥ ភាគរយ​ហើយ​។ ទោះបី​មាន​បញ្ហា​កូវីដ​១៩​យ៉ាងណា​ក៏ដោយ​គឺ​យើង​មិនបាន​បញ្ឈប់​សកម្មភាព​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ទេ គឺ​យើង​បន្ត​ធ្វើ​យ៉ាងសកម្ម​ដើម្បី​ខិតខំ​ធ្វើ​ម៉េច​ឱ្យទាន់​ទៅតាម​ផែនការ​»​។

លោក​បន្ថែមថា ចំណែក​ការស្ដារ​ប្រព័ន្ធ អូរ ប្រឡាយ ក៏​ក្រុម​ជំនាញ​បន្តធ្វើ​យ៉ាងសកម្ម​ដែរ​លើ​សំណង់​មិន​រៀបរយ​ដែល​បាន​សាងសង់​លើដី​នៃ​ប្លង់​ប្រព័ន្ធ​អូរ ប្រឡាយ ដោយ​កំណត់ឱ្យ​ឈូសឆាយ និង​រុះរើ​ចេញ​ជា​បន្តបន្ទាប់​។

លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ដ​ព្រះសីហនុ​ទទួលបន្ទុក​ការងារ​ស្ដាអូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ​បាន​បញ្ជាក់​បន្ថែម​កាលពី​ម្សិលមិញ​ថា ការងារ​ស្ដារ​អូរ ប្រឡាយ​ក្នុង​ខេត្ដ​/​ក្រុង​ព្រះសីហនុ​ក្រុម​ការងារ​នៅតែ​បន្តធ្វើ​យ៉ាង​យក​ចិត្ដ​ទុកដាក់ បើ​ទោះ​ជា​មាន​ជំងឺ​កូវីដ​១៩ ក្ដី​។

ជាមួយ​គ្នា​នេះ​លោក វិជ្ជាក់ បាន​បង្ហាញ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក កខ្វក់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ស្ដីពី​ការស្ដារ​អូរ​ប្រឡាយ​ដល់​ភ្នំពេញ​ប៉ុស្ដិ៍​ផងដែរ​។

បើ​តាម​របាយការណ៍​នេះ​បង្ហាញ​​ថា​ចាប់ពី​ថ្ងៃទី​ ៩ ​ខែ​ធ្នូ ឆ្នាំ​មុន​រហូត​មក​ទល់​បច្ចុប្បន្ន វឌ្ឍនភាព​ការងារ​ស្ដារ​ប្រឡាយ​អូរឈើទាល​របស់​នាយកដ្ឋាន​សាងសង់​ និង​ថែទាំ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ចាប់ពី​អូរ​ ១ ​រហូត​ដល់​អូរ​ ៥ ដែល​មាន​ប្រវែង ១៦ ៥៦០ ​ម៉ែត្រ​ គឺ​ស្ដារ​បាន ៨ ៦៧៩ ​ម៉ែត្រ​ស្មើនឹង​ ៥៦,៧២ ភាគរយ​។ ជាមួយ​គ្នា​នេះ​ក្រុមការងារ​បាន​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ពលរដ្ឋ​ដែល​បាន​សង់​សំណង់​ផ្សេងៗ​លើ​អូរ ប្រឡាយ​អូរ​ឈើទាល​បាន​ ៧៥ ​ភាគរយ​ផងដែរ​។

ដោយឡែក​ការងារ​ស្ដារ​អូរប្រឡាយ​នៅ​តំបន់​អូរអណ្ដូង​អ៊ុនតាក់ អូរស្ពាន​ឆេះ អូរសំអាត អូរអេម៉ារីអូរ ដែល​មាន​ប្រវែង​សរុប ២៦ ៥២៧ ម៉ែត្រ គឺ​ស្ដារ​បាន​ប្រវែង ១៥ ៥២៧ ​ម៉ែត្រ​ស្នើ​ ៥៨,៥៧ ​ភាគរយ​។ ការងារ​ស្ដារ​អូរ​ទាំងនេះ ក្រុមការងារ​ក៏បាន​ដោះស្រាយ​ផលប៉ះពាល់​បាន​ចំនួន​ ៤២ ​ទីតាំង ហើយ​នៅ​សល់​ ៤៣ ​ទីតាំង​ទៀត​កំពុង​បន្ត​ស្វែងរក​ដំណោះស្រាយ ។ នេះ​បើតាម​របាយការណ៍​ដដែល​។

លោក ជាវ វិជ្ជាក់ បាន​បញ្ជាក់ថា​៖ «​នៅសល់​ចំណុច​ដែល​យើង​ស្មុគស្មាញ​ពិបាកធ្វើ​នោះ​គឺ​មាន​សំណង់​ជា​ផ្ទះថ្ម​ប្រភេទ​សំណង់​រឹង​ដែល​ពលរដ្ឋ​បាន​សាងសង់​នៅលើ​អូរ​នោះ​មាន​កម្ពស់​ ២ ​ជាន់​រហូត​ដល់​ ៥ ​ជាន់​ដែល​ជា​បញ្ហា​ធ្វើឱ្យ​យើង​មាន​ការពិបាក​មែនទែន​ក្នុង​ការងារ​ស្ដារ​អូរ​ប្រឡាយ​នេះ​ដែល​ការងារ​នេះ តម្រូវ​ឱ្យ​យើង​ត្រូវតែ​រុះរើ​សំណង់​របស់​ពួកគាត់​។ ​ពលរដ្ឋ​ខ្លះ​គាត់​មិន​សហការ​ជាមួយ​ក្រុមការងារ​ទេ មាន​អ្នកខ្លះ​គាត់​បាន​សាងសង់​សំណង់​ខុស​លើ​​ដី​អូរ​ប្រឡាយ​របស់​រដ្ឋ ហើយ​បែរ​ជា​ចង់​រករឿង​ក្រុមការងារ​ទៅទៀត ដោយ​មាន​ការគំរាម​ក្រុម​ការងារ​ថា​នឹង​ប្ដឹង​ជាដើម​»​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ ៧ ​ក្រុមហ៊ុន​ កំពុង​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​ ក្នុង​ខេត្ដ​ព្រះសីហនុ​ទាំងយប់​ទាំង​ថ្ងៃ​ ដើម្បីឱ្យ​សម្រេច​រួចរាល់​ក្នុង​រយៈពេល​ ៨ ​ខែ តាម​ការគ្រោងទុក​ជា​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ថវិការដ្ឋ​ជាង ២០០ ​លាន​ដុល្លារ​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​បាន​ស្នើឱ្យ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​រក្សា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព និង​គុណភាព ហើយ​ប្រសិន​បើ​ការស្ថាបនា​មាន​ល្បឿន​លឿន តែ​មិន​មាន​គុណភាព​ក៏​មិនជា​ល្អ​ដែរ​។

លោក​ថា​៖ «​យើង​ដឹង​ហើយ​ថា​ការអភិវឌ្ឍ​ផ្លូវ​ឡើងវិញ​ទាំង​ ៣៤ ​ខ្សែ​នេះ​ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ឧបត្ថម្ភ​មក​។ ដូច្នេះ​ការប្រើប្រាស់​ថវិកា ការ​សាងសង់​ផ្លូវ​នេះ​ត្រូវធ្វើឡើង​ដោយ​តម្លាភាព និង​មាន​គុណភាព​បំផុត ដែល​អាច​ទទួល​យក​បាន​ទាំង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​»៕