ព្រះសីហនុៈ គិត​ត្រឹម​ថ្ងៃទី​ ១៦ ​ម្សិលមិញ​ខែ​ឧសភា​នេះ​ជា​ខួប​ ៦ ​ខែ​នៃ​ការស្ថាបនា​ហេដ្ឋារចនា​សម្ពព័ន្ធ​ផ្លូវ​ក្នុង​ខេត្ដ​/​ក្រុង​ព្រះសីហនុ​ដែល​មក​ដល់​ពេល​នេះ​សម្រេច​សមិទ្ធផល​បាន​ប្រមាណ ៩០,៦០ ភាគរយ​ដោយ​លឿន​ជាង​ផែនការ​ ៤,៥ ភាគរយ​។ នេះ​បើតាម​លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​។

លោក​ ឃាង ភារម្យ បាន​ថ្លែងថា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ខេត្ត​/​ក្រុងព្រះសីហនុ​រយៈពេល​ ៦ ​ខែ​គិត​ចាប់ពី​ថ្ងៃទី​ ១៦ វិច្ឆិកា​ឆ្នាំ​មុន​ដល់​ថ្ងៃទី​ ១៦ ឧសភា​ឆ្នាំ​នេះ គម្រោង​ទាំងមូល​សម្រេច​បាន​ប្រមាណ​ ៩០,៦០ ភាគរយ លឿន​ជាង​ផែនការ​ប្រមាណ​ ៤,៥ ភាគរយ​ដោយ​មិន​គិត​បញ្ចូល​ការងារ​អ៊ុត​កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ ដាំ​ដើមឈើ បង្គោល​ភ្លើង ការរៀប​កម្រាល​ថ្ម​ក្រានីត​ជាដើម​។

មន្ត្រី​នាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​គិត​ត្រឹម​ថៃ្ង​ទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ដល់​ថែ្ង​ទី​ ១៦ ខែ​ឧសភា ឆ្នាំ​ ២០២០ បាន ៦ ​ខែ​គត់​គិត​ជា​ថៃ្ង​បាន​ ១៨៣ ថៃ្ង​ហើយ​។ ចំពោះ​ការងារ​ដាក់លូ​បាន ៩១,៥៦ ភាគរយ និង​ការងារ​បេតុង ៨៦,៤៤ ភាគរយ​»​។

កាលពី​ម្សិលមិញ​នេះ​ដែរ​លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ហើយ​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា អមដំណើរ​ដោយ​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន និង​លោក​ គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​បាន​ធ្វើ​ទស្សនកិច្ច​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​នៅ​ខេត្ត​/​ក្រុងព្រះសីហនុ​ផងដែរ​។

តាមរយៈ​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​នេះ​លោក​ ជា សុផារ៉ា បាន​សរសេរ​សាទរ​ចំពោះ​សមិទ្ធផល​នៃ​ការស្ថាបនា​ផ្លូវ​នេះ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផងដែរ​។ លោក​បាន​សរសេរ​ថា​៖ «​គណៈកមា្មធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​សូម​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​ការសាងសង់​ហេដា្ឋរចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​គិត​ចាប់ពី​ថៃ្ង​ទី​ ១៦ វិច្ឆិកា ២០១៩ ដល់​ថែ្ង​ ១៦ ឧសភា ២០២០ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ដំណើរការ​រយៈពេល ៦ ខែ​គត់ ស្នើ​នឹង​ ១៨៣ ​ថៃ្ង​។ ការងារ​ដាក់​លូ​បាន​សម្រេច​ ៩១,៥៦ ​ភាគរយ​សល់ ១១ ​ថៃ្ង​ទៀត​នឹង​ស៊ី​ផុយ​។ ការងារ​បេតុង​បាន​សម្រេច​ ៨៦,៤៤ ភាគរយ​សល់ ១៥ ថៃ្ង​ទៀត​ក៏​សាទរ​ដែរ​»​។

លោក​ ឃាង ភារម្យ បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​នៅក្នុង​ខេត្ត​/​ក្រុង​ព្រះសីហនុ​មាន​ប្រវែង​សរុប ៨២,១៤៥ គីឡូម៉ែត្រ​ដែល​បានចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ កន្លងទៅ​។

លោក​បញ្ជាក់​ថា សម្រាប់​ការដាក់​លូ​ដែល​អនុវត្ត​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ៣ ខែ​ មករា ឆ្នាំ​ ២០២០ គិត​មកដល់​ថ្ងៃទី​ ១៦ ខែ​ ឧសភា ឆ្នាំ​ ២០២០ ដែលមាន​រយៈពេល ១៣៤ ​ថ្ងៃ​ ដោយ​បាន​សម្រេច​កិច្ចការងារ​ជាក់ស្ដែង ៩១,៥៦ ​ភាគរយ លឿន​ជាង​ផែនការ ០,៥៤ ភាគរយ ហើយ​អាច​នឹង​បញ្ចប់​ក្នុង​រយៈពេល ១១ ថ្ងៃ​ខាងមុខ​គឺ​ថ្ងៃទី ២៧ ខែ​ឧសភា ឆ្នាំ​ ២០២០​។

ដោយឡែក​សម្រាប់​ការចាក់​បេតុង​ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​ ២១ ខែ មករា ឆ្នាំ ២០២០ គិត​មកដល់​ថ្ងៃទី​ ១៦ ខែ ឧសភា ឆ្នាំ​ ២០២០ ដែល​មាន​រយៈពេល ១១៦ ​ថ្ងៃ​ ដោយ​បាន​សម្រេច​កិច្ចការងារ​ជាក់ស្ដែង ៨៦,៤៤ ភាគរយ លឿន​ជាង​ផែនការ ៨,១៣ ភាគរយ ហើយ​អាច​នឹង​បញ្ចប់​ក្នុង​រយៈពេល ១៥ ថ្ងៃ​ខាងមុខ​ពោលគឺ​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ​ ២០២០​។

តាម​អ្នកនាំពាក្យ​រូបនេះ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ខេត្ដ​/​ក្រុង​ព្រះសីហនុ​នេះ ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ ៧ ​ក្រុមហ៊ុន​បានរួម​គ្នា​ធ្វើការ​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​នេះ​ទាំងយប់​ទាំង​ថ្ងៃ​ឲ្យ​ចប់​រួចរាល់​ក្នុង​រយៈពេល​ ៨ ​ខែ​ (​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៩) ​ដែល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​អស់​ជាង​ ២០០ ​លាន​ដុល្លារ​អាមេរិក​៕