The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការស្រាវជ្រាវ៖ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​ចំនួន​កត់ត្រា​បច្ចុប្បន្ន




ការស្រាវជ្រាវ៖ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​ចំនួន​កត់ត្រា​បច្ចុប្បន្ន

Content image - Phnom Penh Post
អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​កំពុង​តែ​ប្រារព្ធ​ពិធី​អបអរទិវាជនជាតិ​ដើមភាគតិច​នៅ​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ឆ្នាំ​មុន។ សហការី

ការស្រាវជ្រាវ៖ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​ចំនួន​កត់ត្រា​បច្ចុប្បន្ន

ភ្នំពេញៈ ការសិក្សា​ស្រាវជ្រាវ​ដែល​មិនទាន់​បាន​បោះ​ពុម្ភ​ផ្សាយ​មួយ​បានឲ្យ​ដឹងថា មាន​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ច្រើន​ជាង​ចំនួន​ដែល​ធ្លាប់​បាន​កត់ត្រា​ កំពុង​តែ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ក្រុម​ជនជាតិ​ដើមជា​ច្រើន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ការ​បាត់​បង់។

ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​កំណត់​ថា មាន​ភូមិ​ជនជាតិ​​ដើម​ភាគ​តិច​ចំនួន ៤៤៥ នៅ​ទូទាំង​ប្រទេស។​ ក៏​ប៉ុន្តែ ការ​សិក្សា​​ស្រាវជ្រាវ​ថ្មី​ធ្វើ​ឡើង​ដោយ អង្គការ​ជនជាតិ​​ដើម​ភាគ​តិច​កម្ពុជា (CIPO) បាន​បង្ហាញ​ថា មាន​ភូមិ​ជនជាតិ​​ដើម​ភាគ​តិច​យ៉ាង​ហោច​ណាស់ ៥៧៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​តួលេខ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ទៅ​ដល់ ៦៣២ ខណៈ​​គេ​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត។

ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ស្ថិត​នៅ​រាយប៉ាយ​ក្នុង​ខេត្ត​ចំនួន ១៥ របស់​កម្ពុជា ខណៈ​​ជំរឿន​កាល​ពី​លើក​មុន​បាន​កំណត់​​ថា មាន​ក្រុម​ជនជាតិ​​ដើម​ភាគ​តិច ១៨ ជន​ជាតិ ក្នុង​ចំណោម​ប្រជាជន ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​អស់​នៅ​កម្ពុជា ហើយ​អង្គការ CIPO បាន​អះ​អាង​ថា គឺ​មាន​រហូត​ដល់​ទៅ ២៤ ក្រុម​ជនជាតិ។

បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​តែ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ចាប់​ផ្តើម​ប្រមូល​ទិន្នន័យ​សមស្រប ស្តី​ពី​ប្រជាពលរដ្ឋ ជា​ជនជាតិដើមភាគតិច​របស់​ប្រទេស​នេះ ជា​ពិសេស​ក្រុម​ដែល​មាន​ហានិភ័យ​នៃ​ការ​បាត់​រូបរាង​នៅ​ប៉ុន្មាន​ជំនាន់​ខាង​មុខ។

អ្នកស្រី យ៉ុន ម៉ាណេ ​នាយក​អង្គការ CIPO បាន​ឲ្យ​ដឹងថា៖​ «ព័ត៌មាន​​​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បីបង្កើត​ការ​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ក្រុម​ជនជាតិដើមភាគតិច ដូច​ជា​ការ​អប់រំ សុខាភិបាល និង​ការ​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​​តំហែទាំ​មាតា និង​អត្រា​កំណើត»។

អ្នកស្រី​បន្តថា ដើម្បី​ឲ្យ​ទិន្នន័យ​ផ្លូវការ​ត្រូវ​បាន​បញ្ជាក់ និង​ធ្វើ​បច្ចុប្បន្នភាព ក្រសួង​ផែនការ ដែល​ជា​អ្នក​ត្រួតពិនិត្យ​ការ​ធ្វើ​ជំរឿន គួរ​តែ​ស្វែង​រក​ការ​ឧបត្ថម្ភ​ពី​មូលនិធិ​ប្រជាជន​របស់​អង្គការ​សហប្រជាជាតិ និង​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​ធំជាង​គេ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨។

បច្ចុប្បន្ន​នេះ ក្រុម​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៥ រួម​មាន ស្អូច ខែ ស្ពង លឿន និង​សំរ៉ែ កំពុង​តែ​មាន​ហានិភ័យ​នៃ​ការ​បាត់បង់ខ្ពស់ជាង​គេ បើយោង​តាម​ការស្រាវជ្រាវ​របស់ ​CIPO។ ក្រុម​ទាំង​នេះ​ត្រូវ​បាន​គេ​រកឃើញ​ជា​អាទិ៍​នៅ​ខេត្ត​ព្រះ​វិហារ ព្រះសីហនុ រតនគិរី និង​ស្ទឹង​ត្រែង។

អ្នក​ស្រី យ៉ុន ម៉ាណេ​ បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា ការ​ជួយសង្គ្រោះ​ក្រុម​ទាំងនេះ និង​ការ​ធ្វើឯកសារ​ស្តី​ពីសេចក្តី​ពិពណ៌នា និង​ប្រវត្តិ​​របស់​ពួក​គេ​មាន​សារៈសំខាន់​ក្រៃលែង ដើម្បី​ឲ្យ​ពួ​គាត់​អាច​កសាង​ឡើង​នូវមោទនភាព និង​សាមគ្គីភាព​សហគមន៍»។

អ្នកស្រី​ធ្វើ​កំណត់​សម្គាល់​ថា ប្រសិន​ជា​ពុំ​មាន​សេវា និង​ការ​ឧបត្ថម្ភ​គាំទ្រ​​ពី​រដ្ឋាភិបាល​នោះទេ ប្រទេស​កម្ពុជា​អាច​នឹង​បាត់​បង់​ភាសា ប្រព័ន្ធ​ជំនឿ និង​អាហារ​ប្រពៃណី ជា​ច្រើន​ ព្រ​មទាំង​របាំ និង​ការ​ដាំដុះ​ផង​ដែរ។

លោក Ali Al-Nisani ​នាយក​អង្គការ​មូលនិធិ Heinrich Böll ប្រចាំ​នៅ​កម្ពុជា​ បាន​ឯកភាព​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​បាន​ម៉ត​ចត់​លើ​បញ្ហា​នេះ មុន​ពេល​ពិភពលោក​បាត់​បង់​បំណែក​កេរមរតក​វប្បធម៌ដ៏​សំខាន់​នេះ។

លោក​និយាយថា៖ «យើង​ត្រូវ​តែ​យល់​ថា ប្រជាជន​ ជនជាតិ​ដើម​ភាគតិច គឺ​ជា​ផ្នែក​មួយ​នៃ​កេរតំណែល​ជាតិ​របស់​កម្ពុជា។ ពួក​គេ​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​អន្តរជាតិ និង​ច្បាប់​កម្ពុជា ហើយ​ច្បាប់​ទាំង​នោះ​ត្រូវ​ការ​ការ​អនុវត្ត​ឲ្យ​បាន​​ត្រឹមត្រូវ។ តាមការ​ពិត​ទៅ... ការ​ដែល​មាន​ភូមិ​ជនជាតិ​ដើម​ភាគតិច​ច្រើន​ជាងចំនួន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ទិន្នន័យ​ដែលច្បាស់​លាស់​ជាង​នេះ​​​ត្រូវ​ការ​ជា​ចាំ​បាច់»។

មិន​អាច​ទាក់ទង​ក្រសួង​ផែនការ​​បាន​ឡើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ៕ Cristina Maza/TN

អត្ថបទគួរចាប់អារម្មណ៍