ភ្នំពេញ​៖ សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ​ ខណៈពេលដែល​លទ្ធផល នៃ​ការអង្កេត​តាមដាន​បាន​បង្ហាញ​ថា​ ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ដល់ ​៥០ ​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​ មក​។ នេះបើ​យោង​​តាម​សេចក្ដី​ប្រកាស​រួម របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​ដែល​ធ្វើ​ការពាក់​ព័ន្ធនឹង​ការងារអភិរក្ស​សត្វ​ព្រៃ និង ជីវ​ចម្រុះ​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងែទី ០១ ខែកញ្ញា ឆ្នាំ​២០១៨។

​របាយការណ៍បានបង្ហាញថា ការធ្លាក់ចុះ​នេះ ​ត្រូវបាន​កត់សម្គាល់​ជាពិសេស នៅតាម​ព្រៃឈើ​ ក្នុង​តំបន់ការពារ​ទេស​ភាព​​​​ភាគ​ខាងកើត ជា​ទីតាំងតែមួយគត់ ដែលត្រូវបាន​គេកត់ត្រា​យ៉ាង​ទៀងទាត់ នូវចំនួន​សត្វ​ត្មាត​យ៉ាងតិច ៣០ ក្បាល​រាល់ពេល​រាប់​ម្តងៗ ខណៈពេល​បច្ចុប្បន្ន កំណត់ត្រា​ខ្ពស់បំផុត​ស្ទើរ​មិន​ដល់ ​១០ ក្បាល​ផង​។

របាយ​ការណ៍​ដដែល​បន្ត​ថា៖«ស្ថាន​ភាព​សត្វ​ត្មាត​កំពុង​ស្ថិត​ក្នុង​ក្ដីព្រួយ​បារម្ភ​បំផុត ពីព្រោះ​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំង​​ប្រទេស​​ឆ្នាំនេះ​ បាន​កត់ត្រា​សត្វ​ត្មាត​បានតែ ១២១ ក្បាលបុ៉​ណ្ណោះ ​ដែល​នេះ​ជា​តួលេខ​ទាប​បំផុត ​ក្នុង​កំណត់ត្រា​ចាប់តាំងពី​ឆ្នាំ ២០០៣ មក​។ តាម​ការសិក្សា ក្នុងពេល​ថ្មីៗ​នេះ ​បាន​បង្ហាញថា ​ការបំពុល​គឺជា​កត្តា​គំរាមកំហែង​ចម្បង​ដល់​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​»។

ក្រុមមន្ត្រី​បច្ចេកទេស របស់​អង្គការអភិរក្ស​សត្វព្រៃ និងជីវចម្រុះទាំងនោះ បានអះអាងថា ស​ត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុ​ជា​មាន​​​៣ប្រភេទ​គឺ ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ​។ ប្រភេទ​សត្វ​ត្មាត​ទាំងនេះ​ ត្រូវ​បានដាក់​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ ជា​ប្រភេទ​រងគ្រោះ ជិត​ផុត​ពូជ​បំផុត ​នៅលើ​ពិភពលោក អាស្រ័យ​ចំនួន​របស់​ពួកវា​ ដែលមាន​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ យ៉ាង​លឿន​បំផុត​។​

​លោក ស៊ី​មុន ម៉ា​អូដ (Simon Mahood) ទីប្រឹក្សា​បច្ចេក​ទេស​អង្គការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ (WCS) បាន​អះអាង​ថា៖​«តំបន់​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា គឺជា​កន្លែង​តែមួយ​គត់​ នៅក្នុង​ចំណោម​ប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ដែលមាន​ចំនួន​សត្វ​ត្មាត​ច្រើន​បំផុត ដែល​ភ្ញៀវទេសចរ​អាច​ទ​ស្សនាគ​ម្រោ​ង​អាហា​រ​ដ្ឋា​ន​សម្រាប់​សត្វ​ត្មាត ស្ថិតនៅ​ក្នុងភូមិ​ដង​ផ្លិត ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប​។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ យ៉ាងហោចណាស់​សត្វ​ត្មាត​ចំនួន ៣០ ​ក្បាល ត្រូវបាន​សម្លាប់ ដោយ​សារ​តែមាន​ការរីក​សាយ​ទូទាំង​ប្រទេស ក្នុងការ​ប្រើប្រាស់​ថ្នាំពុល និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដោយ​ពុំមាន​ការគ្រប់​គ្រង​ច្បាស់​លាស់​។ កត្តា​នេះ​បាន​បង្ក​ជាការ​គំរាមកំហែង​ដ៏​ខ្លាំង​បំផុត​ ដល់​ប្រជា​សាសន៍ របស់​សត្វ​ត្មាត​ នៅក្នុង​​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ផល​ប៉ះពាល់​ដល់​សុខ​ភាព​មនុស្ស​ផង​ដែរ»​។​

​លោក​បាន​ថ្លែង​ថា ក្រៅពី​ការបំពុល សត្វ​ត្មាត​នៅ​កម្ពុជា​ក៏​កំពុង​រងគ្រោះ​ដោយសារ​ការបាត់បង់​ទីជម្រក និង​ការ​កង្វះខាត​ចំណី​ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​ នៃ​ចំនួន​សត្វព្រៃ​ក្រចកជើង​ពីរ និង​ពាហនៈ​ចិញ្ចឹម​ក្នុងស្រុក​។ ការកើនឡើង​នៃ​ការបាត់​បង់​​ព្រៃ​ឈើ និង​ការផ្លាស់​ប្ដូរ​ដីព្រៃ​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការកាប់​ឆ្ការ​ដីព្រៃ​បាន​ជះឥទ្ធិពល​ដល់​ការបាត់បង់​ទីជម្រក​​សម្រាប់​ពង​កូន បូក​រួមនឹង​ការ​កើន​ឡើងយ៉ាងខ្លាំង ​នូវ​ការដាក់​អន្ទាក់​ដើម្បី​ចាប់​សត្វព្រៃ​សម្រាប់​យក​សាច់ ដែលជា​មូល​ហេតុ​ធ្វើឱ្យ​ចំនួន​ប្រភេទ​សត្វ​ជា​ចំណី​របស់​សត្វ​ត្មាត​មាន​ការ​ថយចុះ​យ៉ា​ងខ្លាំង​។

​ជាមួយ​គ្នា​នេះ លោក សេង ទៀក ប្រធាន​អង្គការ WWF កម្ពុជា​បាន​ថ្លែង​ថា៖​«​តួលេខ​ទាប​បំផុត​ដែល​បាន​កត់ត្រា​ក្នុងឆ្នាំនេះ និង​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ត្មាត​ដល់​ទៅ​ ៥០​ ភាគរយ​គិត​ចាប់ពី​ឆ្នាំ​ ២០០០ ​មក គឺជា​និន្នាការ គួរឱ្យ​ព្រួយបារម្ភ ហើយ​យើង​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្នូល នៃ​ការធ្លាក់ចុះ​នេះ​។ បើ​មិន​ដូច្នោះ​ទេ ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​នេះ​ នឹង​ត្រូវផុត​ពូជ​ពី​តំបន់​អាស៊ីអាគ្នេយ៍ ​ដែលជា​កន្លែង​តែមួយគត់​ដែល​យើង​អាច​មើលឃើញ​ពួកវា​»​។​

លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា ​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​និយាយ​ថា ​លទ្ធផល​នៃ​ការធ្វើជំរឿន​សត្វ​ត្មាត​ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​ បានបង្ហាញ​នូវ​សំណៅ​គួរឱ្យ​ព្រួយ​បារម្ភ ជាពិសេស ​ជំរឿន​ត្មាត​ពីរ​ឆ្នាំ​ជាប់​គ្នា​ចុង​ក្រោយ​នេះ (​ឆ្នាំ​ ២០១៧ និង​២០១៨) ចំនួន​សត្វ​ត្មាត ត្រូវ​បាន​កត់ត្រា​ឃើញ​តិច​ជាង ១៣០ ក្បាល​។​

លោក​បន្តថា​៖«​ដើម្បី​សង្គ្រោះ​ត្មាត​នាំ​សំណាង​របស់​យើង​ ឱ្យ​ផុតពី​ការវិនាស​ផុត​ពូជ យើង​ត្រូវការការគាំទ្រ​គ្រប់​រូបភាព​ ដល់​ការ​អភិរក្ស​​ពួកវា​ ពិសេស​ ការចូលរួម​ពី​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត ព្រមទាំង​ប្រជាជន​កម្ពុជា​គ្រប់រូប ក្នុង​សហគមន៍​មូលដ្ឋាន​ តាម​តំបន់​ដែល​នៅ​មាន​វត្តមាន​សត្វ​ត្មាត​រស់​នៅ​»​៕