ភ្នំពេញៈ ជាមួយ​នឹង​កែវភ្នែក​ស្រទន់​ និង​ស្នាម​ញញឹម​ពព្រាយ​អ្នកស្រី​ម៉ាលីស​កំពុង​អង្គុយ​បត់ជើង​យក​ដៃ​ឱប​ពោះ​ដែល​មាន​ទម្ងន់​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី ក្នុង​ភូមិ​ក្រីក្រ​ដាច់​ស្រយាល​មួយ​ក្នុង​ប្រទេស​កម្ពុជា​។

អ្នកស្រី​មាន​ផ្ទៃពោះ ៦ ខែ​ហើយ​ដោយ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​អ្នកស្រី​គឺជា​កូនស្រី​។ អ្នកស្រី​មិន​បាន​ដឹង​អំពី​ឪពុកម្តាយ​របស់​ក្មេង​នោះ​ទេ​ដោយ​គ្រាន់តែ​ដឹង​ថា ពួកគេ​គឺជា​ជនជាតិ​ចិន​។

គ្រាន់តែ​ទ្រនិច​នាឡិកា​ដើរ​ដល់​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៩ ខែ​មករា​ស្ត្រី​រូប​នេះ​ដឹង​ខ្លួន​ថា​មាន​បញ្ហា​ផ្លូវ​ច្បាប់​សម្រាប់​ការ​ចូលរួម​នៅ​ក្នុង​ករណី​ពពោះ​ជំនួស​នេះ​។

តាម​ច្បាប់​អន្តរជាតិ​ករណី​ «​ជួល​ពពោះ​ជំនួស​» ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ច្បាប់​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​ ២០១៦ ហើយ​នៅ​ថ្ងៃ​ទី​ ៨ ខែ​មករា​ឆ្នាំ​ ២០១៨ ​នេះ​គឺជា​ថ្ងៃ​ផុត​កំណត់ ឱសានវាទ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​លើក​លែង​ទោស​ករណី​ពពោះ​ជំនួស​។

ម្តាយ​ដែល​ពពោះ​ជំនួស​ដែល​ផ្តល់​កំណើត​កូន​នៅ​មុន​ថ្ងៃ​ទី​ ៨ ខែ​មករា និង​ត្រូវ​ប្រគល់​កូន​នោះ​ទៅ​ឱ្យ​ឪពុកម្តាយ​ដែល​ជួល​ឲ្យ​ពពោះ​នោះ​ដើម្បី​អាច​គេច​ផុត​ពី​ការ​កាត់​ទោស ខណៈ​ឪពុកម្តាយ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​កម្ពុជា​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​នាំ​កូន​ចេញ​ពី​ប្រទេស​កម្ពុជា​។ ឪពុក ម្តាយ ឈ្មួញ​កណ្តាល និង​ម្ដាយ​ដែល​ពពោះ​ជំនួស​ដែល​ផ្តល់​កំណើត​កូន នៅ​ក្រោយ​ថ្ងៃ​កាលបរិច្ឆេទ​នោះ​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​។

ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​បែប​នេះ​នៅ​ក្នុង​គោលការណ៍​ណែនាំ​ដែល​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ទៅ​កាន់​ស្ថានទូត​នានា​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​។ ប៉ុន្តែ​ការ​អនុវត្ត​ការ​ហាមឃាត់​នេះ​នៅ​តែ​បន្ត​ហើយ​ករណី​អ្នកស្រី​ ម៉ាលីស អាយុ​ ៣៥ ឆ្នាំ​គឺជា​ភ័ស្តុតាង​មួយ​។

អ្នកស្រី​ ម៉ាលីស មាន​កូន​ផ្ទាល់​ខ្លួន​ពីរ​នាក់​រួច​ហើយ​គឺ​ប្រុស​ទាំង​ ២ ដែល​មាន​អាយុ ៨ ឆ្នាំ​​ និង​ ១៥ ​ឆ្នាំ​។ អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​វា​ពីព្រោះ​ខ្ញុំ​គ្មាន​លុយ​។ គ្មាន​នរណា​ម្នាក់​ដាក់​​សម្ពាធ ឬ​បង្ខំ​ខ្ញុំ​ទេ ខ្ញុំ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​»​។

អ្នកស្រី​ជំពាក់​បំណុល​គេ​ចំនួន ៤០០០ ដុល្លារ បន្ទាប់ពី​អ្នកស្រី​បាន​ទិញ​ផ្ទះ និង​ដី​។ ការងារ​ពី​មុន​របស់​អ្នកស្រី​គឺជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ដែល​ទទួល​បាន​ប្រាក់​ខែ ១៥៣ ដុល្លារ​ក្នុង​មួយ​ខែ​។ សម្រាប់​ការ​យល់​ព្រម​ពពោះ​កូន​ឲ្យ​គេ​នេះ អ្នកស្រី​ទទួល​បាន​ប្រាក់​ចំនួន ៨០០០ ដុល្លារ​។ ចិត្ត​មួយ​ស្ត្រី​រូប​នេះ​ចង់​រក្សា​កូន​នេះ​ទុក​ ប៉ុន្តែ​អ្នកស្រី​ក៏​មាន​ការ​ភ័យខ្លាច​ប៉ូលិស​មក​សាកសួរ​ផង​ដែរ​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សូម​រក្សា​ឈ្មោះ និង​ទីកន្លែង​ពិតប្រាកដ​របស់​អ្នកស្រី​ ម៉ាលីស ​ជា​សម្ងាត់​ដោយសារ​តែ​នៅ​ ៣ ​ខែ​ទៀត​ទើប​អ្នកស្រី​ ម៉ាលីស ​សម្រាល​កូន​ដូច្នេះ​អ្នកស្រី​អាច​ប្រឈម​នឹង​ផល​វិបាក​ផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ​រួម​ទាំង​ការ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ផង​ដែរ​។

រដ្ឋាភិបាល​មិន​ទាន់​បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​ឪពុកម្តាយ​ឈ្មួញកណ្តាល និង​ម្តាយ​ដែល​ស៊ីឈ្នួល​ពពោះ​ជំនួស​អាច​ត្រូវ​បាន​ផ្តន្ទាទោស​តាម​ច្បាប់​ដែល​បាន​បង្កើតឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​អនុប្រធាន​អចិន្រៃ្តយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លោកស្រី ជូ ប៊ុនអេង បាន​ថ្លែង​ថា ប្រកាស​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែល​រៀបរាប់​លម្អិត​អំពី​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ពពោះ​ជំនួស​ ប៉ុន្តែ​លោកស្រី​កំពុង​រង់ចាំ​របាយការណ៍​ពី​ក្រសួង​កិច្ចការ​នារី​។ ទន្ទឹម​នេះ​ដែរ​លោកស្រី​បាន​ចង្អុល​បង្ហាញ​ថា​ការ​ពពោះ​ជំនួស​នៅ​តែ​បំពាន​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ហើយ​នឹង​ត្រូវ​កាត់ទោស​ផង​ដែរ​។

លោកស្រី​បន្ត​ថា​៖ «​គោលការណ៍​ណែនាំ​នេះ​ក៏​ហាមប្រាម​ផង​ដែរ​មិន​ឲ្យ​មាន​ករណី​ពពោះ​ជំនួស​ថ្មី​ [​ហើយ​ជនល្មើស​] ​នឹង​ប្រឈម​មុខ​ចំណាត់ការ​ផ្លូវ​ច្បាប់​តាម​ក្រមព្រហ្មទណ្ឌ​»​។

លោកស្រី​ថ្លែង​ថា​មាន​មនុស្ស​ ២ ​ក្រុម​ដែល​នឹង​រង​ប៉ះពាល់​គឺ​អ្នក​ដែល​ដើរ​រក​ស្ត្រី​ពពោះ​កូន​ និង​ម្តាយ​ដែល​ពពោះ​ជំនួស​តែ​ម្តង​។ «​ដោយសារ​ស្ត្រី​នោះ​ផ្តល់​កំណើត​ដល់​កូន​នាង​ជា​ម្តាយ ហើយ​ប្រសិន​បើ​នាង​បោះបង់​ [​កូន​ខ្លួន​] នាង​នឹង​បំពាន​ច្បាប់​ស្តីពី​ការ​ទទួល​ខុសត្រូវ​របស់​ម្តាយ ហើយ​ប្រសិន​បើ​ស្ត្រី​នោះ​ពាក់ព័ន្ធ​នឹង​ការ​លក់​កូន​ខ្លួនឯង​ទៅ​អ្នក​ដទៃ​គាត់​នឹង​ត្រូវ​ទទួលទោស​»​។

តាម​ច្បាប់​ស្តីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ «​ជន​ដែល​លក់ ទិញ ឬ​ដោះដូរ​មនុស្ស​ម្នាក់​ទៀត​នឹង​ត្រូវ​ដាក់​ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ​»​។ ការ​កាត់ទោស​ដាក់​ពន្ធនាគារ​នោះ​អាច​មាន​រយៈពេល​រហូត​ដល់​ ១៥ ​ឆ្នាំ ប្រសិន​បើ​ជន​នោះ​ «​ត្រូវ​បាន​លក់​» ​សម្រាប់​គោល​បំណង​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​ និង​ម្តង​ទៀត​រហូត​ដល់ ២០ ឆ្នាំ​ប្រសិន​បើ​ជនរងគ្រោះ​ជា​អនីតិជន​។ លោកស្រី ប៊ុនអេង បន្ត​​ថា​៖ «​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​មិន​ខុស​ច្បាប់​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មាន​ផ្ទៃពោះ​ហើយ​បោះបង់​សិទ្ធិ​ជា​ម្តាយ​នោះ​ពួកគេ​នឹង​ខុស​»​។

គោលការណ៍​ណែនាំ​ដូច​គ្នា​ទាំង​នោះ​ដែល​ចេញ​កាលបរិច្ឆេទ​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី ៨ ខែ​មករា​ចំពោះ​ការ​ «​លើក​លែងទោស​» ​ការ​ពពោះ​ជំនួស​ក៏​បាន​ណែនាំ​ឪពុកម្តាយ​ឲ្យ​ចុះ​បញ្ជី​បំណង​របស់​ពួកគេ​ក្នុង​ការ​ទាមទារ​សិទ្ធិ​យក​កូន​របស់​ខ្លួន​ទៅ​តុលាការ​។

លោកស្រី ជូ ប៊ុនឡេង បាន​ថ្លែង​ថា​មាន​ករណី​តែ ១២ ប៉ុណ្ណោះ​បាន​ដាក់​ទៅ​តុលាការ​ក្នុង​ចំណោម​ការ​ពពោះ​ដែល​សង្ស័យ​ថា​មាន​រាប់រយ​។

គិត​មក​ត្រឹម​ចុង​ខែ​ធ្នូ «​តុលាការ​មិន​ទាន់​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ​នៅ​ឡើយ​ទេ​»​ ​នៅ​ក្នុង​ករណី​ទាំង​នោះ​។ នេះ​បើ​តាម​លោក សួស វិជ្ជារានឌី អនុប្រធាន​រដ្ឋបាល​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

លោក សុខ វាសនា ប្រធាន​នាយកដ្ឋាន​ទូទៅ​នៃ​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​មិន​ទាន់​មាន​ទិដ្ឋាការ​ចេញ​ណា​មួយ​សម្រាប់​កូន​ទើប​កើត​តាមរយៈ​ការ​ពពោះ​ជំនួស​ត្រូវ​បាន​ចេញ​ឲ្យ​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​គោលការណ៍​ណែនាំ​ទាំង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​កាលពី​ខែ​កក្កដា​។

លោក វាសនា ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​យើង​មិន​ទាន់​បាន​ចេញ​ទិដ្ឋាការ​ណា​មួយ​នៅ​ឡើយ​ទេ​យើង​នៅ​កំពុង​រង់ចាំ​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​មហាផ្ទៃ​ ឬ​លោកស្រី ជូរ ប៊ុនអេង​»​។

លោក Sam Everingham នៅ​ទីភ្នាក់ងារ​គ្រួសារ​តាមរយៈ​ការ​ពពោះ​ជំនួស​បាន​ថ្លែង​ថា​ចំនួន​ចុះ​បញ្ជី​តិច​គឺ​គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​។

លោក​ថ្លែង​​ថា​៖ «​ខ្ញុំ​ជឿ​ថា​គ្រួសារ​តិចតួច​ណាស់​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាល​ដោយសារ​ការ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា និង​ការ​ភ័យ​ខ្លាច​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​រារាំង​ជា​ជាង​ជួយ​ដល់​ដំណើរការ​នេះ​»​។ លោក​បន្ថែម​ថា​ទីភ្នាក់ងារ​ពពោះ​ជំនួស​ក៏​ទំនង​ជា​មិន​លើក​ទឹក​ចិត្ត​ឪពុកម្តាយ​ទាំង​នោះ​ឲ្យ​ចុះ​បញ្ជី​ដែរ​។

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ថ្លែង​ថា​ឱសានវាទ​ថ្ងៃ​ទី​ ៨ មករា​គឺ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ស្ត្រី​ពពោះ​ជំនួស​ដែល​ភាគច្រើន​ជា​អ្នកក្រ គ្មាន​ការ​អប់រំ និង​រស់នៅ​តំបន់​ដាច់​ស្រយាល​។

លោកស្រី​បន្ត​ថា​៖ «​ខ្ញុំ​មិន​យល់ស្រប​នឹង​អាជីវកម្ម​ពពោះ​ជំនួស​ទេ ប៉ុន្តែ​ត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ពួកគេ​ពិត​ជា​មិន​មាន​ជម្រើស​... ពួកគេ​សុខចិត្ត​ធ្វើ​ជា​ម្តាយ​ពពោះ​ជំនួស​គឺ​ដោយសារ​ពួកគេ​ក្រីក្រ​»​។ «​ខ្ញុំ​គិត​ថា មេខ្យល់​នឹង​ដឹង ប៉ុន្តែ​ជនរងគ្រោះ​មិនដឹង​អំពី​ [​កាលបរិច្ឆេទ​ផុត​កំណត់​] ​ទេ​។ ប្រសិន​បើ​ដាក់​ទោស​ទណ្ឌ​ម្តាយ​ពពោះ​ជំនួស វា​ហាក់បី​ដូចជា​ធ្វើឲ្យ​ពួកគេ​ក្លាយ​ជា​ជនរងគ្រោះ​ទ្វេដង​»៕ NS/PS