ព្រះសីហនុៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សាងសង់​ទីលាន​ចាក់​សំរាម​នៅ​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​លើ​ផ្ទៃដី​​ ១៧,៣៣ ​ហិកតា​ដោយ​គ្រោង​ចំណាយ​ថវិកាជាតិ​ជាង ៥ ​លាន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​សំរាម និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​។

លោក​ កឹម បូរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា​ថា គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ជាង​ ៥ ​លាន​ដុល្លារ​ជា​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ ២០២០​។ គម្រោង​នេះ​នឹង​ប្រើ​រយៈពេល​សាងសង់​ ១៧ ​ខែ​គិត​ចាប់ពី​ថ្ងៃទី​ ១ កក្កដា ឆ្នាំ​ ២០២០ លើ​ផ្ទៃដី​ជាង​ ១៧ ​ហិកតា​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៣ ​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​ ៤​។

លោក​បន្តថា គម្រោង​ទីលាន​ចាក់​សំរាម​ថ្មី​នេះ​សាងសង់​ឡើង ដើម្បី​បំពេញ​តម្រូវការ​រយៈពេល​ ៥ ​ឆ្នាំ​ដំបូង​ ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​សំរាម​បាន​ជាង​ ៨៨ ​ម៉ឺន​ម៉ែត្រគុប​មាន​រណ្ដៅ​ចំនួន​ ៤​។ រណ្ដៅ​នីមួយៗ​មាន​ទទឹង​គិត​ជា​មធ្យម​ ១៣០ ​ម៉ែត្រ និង​បណ្ដោយ​ ១៥០ ​ម៉ែត្រ​ជម្រៅ​ចាប់ពី​ ២-៤ ​ម៉ែត្រ​ដោយ​មាន​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ចាប់ពី​បាត​រណ្ដៅ ប្រព័ន្ធ​ប្រមូល​ទឹក​កខ្វក់​ពីរ​ណ្ដៅ​ចាក់​សំរាម និង​បំពង់​បញ្ចេញ​ឧស្ម័ន​ពុល​ផងដែរ​។

លោក​ជំរុញ​ឲ្យ​មាន​ការតាមដាន និង​វាយតម្លៃ​ផែនការ​សកម្មភាព​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​សម្រេច​គោលដៅ​តាម​ការគ្រោងទុក​។ លោក​ក៏បាន​ណែនាំ​ឲ្យ​សមាជិក សមាជិកា​នៃ​គណៈកម្មការ​គ្រប់គ្រង​ការងារ​អនុគម្រោង​សាងសង់​ទីលាន​ចាក់សំរាម បង្កើន​កិច្ចសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស ដើម្បី​ធានា​ឲ្យ​គម្រោង​ដំណើរការ​ទៅ​ប្រកប​ដោយ​ភាពរលូន​។

លោក​ កឹម បូរី ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​របស់​យើង​ផ្ទាល់​នេះ ដើម្បី​លើក​កម្ពស់​សមត្ថភាព​គ្រប់គ្រង​សំរាម និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​សុខុមាលភាព​សាធារណៈ និង​បរិស្ថាន​កាន់តែ​មាន​ភាពប្រសើរ​ឡើង​ក៏​ជា​ការឆ្លើយតប​ទៅ​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ខេត្ត​ព្រះសីហនុ​»​។

លោក​ សរ កក្កដា អភិបាលស្រុក​ព្រៃនប់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​គម្រោង​នេះ​ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ទីតាំង​ចាក់សំរាម​ប្រចាំខេត្ត​ព្រះសីហនុ​។ លោក​ថា បច្ចុប្បន្ន​សំរាម​នៅ​ស្រុក​ព្រៃនប់​មាន​ការថយចុះ ដោយសារ​មាន​រោងចក្រ និង​សហគ្រាស​មួយចំនួន​បាន​ព្យួរការងារ​មួយរយៈ​ដោយ​បញ្ហា​ជំងឺ​កូវីដ ​១៩​ នេះ​។

លោក​ថា​៖ «​ជាពិសេស ប្រជាពលរដ្ឋ​យើង​ភាគច្រើន គាត់​មាន​ការយល់ដឹង​ពី​ការវេចខ្ចប់​សំរាម​បាន​ត្រឹមត្រូវ​ដោយ​គាត់​មិន​បាន​បោះចោល​រាយប៉ាយ​ដូច​កាលពី​មុន​ទេ​។ អាជ្ញាធរ​យើង​តែងតែ​ចុះ​ផ្សព្វផ្សាយ អប់រំ អំពី​របៀប​ទុកដាក់ សំរាម និង​ផលប៉ះពាល់​បរិស្ថាន​ដោយ​ការបោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​។ ព្រោះ​សំរាម​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​ខ្លាំង​ណាស់ បើ​យើង​ទុកដាក់​វា​មិន​សមរម្យ​»​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​នៅ​ខេត្ត​ព្រះសីហនុ​សាទរ​ចំពោះ​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​នេះ​។ លោក​ថា នៅ​ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ​មិនទាន់​បាន​រៀបចំ​ឲ្យ​មាន​ទីតាំង​ចាក់​សំរាម​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ​។ ពេលខ្លះ​ពលរដ្ឋ​ចោល​សំរាម​តាមផ្លូវ​ជា​ហូរហែ ព្រោះ​ក្រុមហ៊ុន​ប្រមូល​សំរាម​មាន​ភាពយឺតយ៉ាវ​ក្នុង​ការប្រមូល​សំរាម​។

លោក​បន្តថា កន្លងមក​ការទុកដាក់​សំរាម​មិនទាន់​រៀបចំ​ឲ្យ​មាន​ស្ដង់ដា​ល្អ​ទេ ដោយ​ពលរដ្ឋ​មួយចំនួន​បាន​ដាក់​សំរាម​លាយឡំ​គ្នា​គ្មាន​ការវេចខ្ចប់​ត្រឹមត្រូវ​ទៀតផង​។ ដូច្នេះ​អាជ្ញាធរ​គួរតែមាន​វិធានការ​អប់រំ ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ថែមទៀត ហើយ​ក៏​ត្រូវតែ​មាន​ការចូលរួម​ពី​ពលរដ្ឋ​ដែលជា​អ្នក​ចោល​សំរាម​ដែរ ដើម្បី​ឲ្យ​បរិស្ថាន​ក្បែរៗ​ផ្ទះ ឬ​បរិស្ថាន​នៅ​តំបន់​មូលដ្ឋាន​គ្មាន​សំរាម​។

លោក​និយាយ​ថា​៖ «​បច្ចុប្បន្ននេះ បញ្ហា​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ គឺ​មិន​ទាន់​ចាត់ទុក​ថា​ល្អប្រសើរ​ទេ ព្រោះ​កន្លែង​ខ្លះ​កំពុង​ធ្វើការ​អភិវឌ្ឍ អ៊ីចឹង​ចៀស​មិន​ផុត​ពី​ការចោល​សំរាម​រឹង ឬ​សំរាម​រាវ​នៅ​ក្បែរៗ​បរិវេណ​ហ្នឹង​ទេ​។ ប៉ុន្ដែ​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា​។ បើ​មិន​ចូលរួម​សម្អាត​អនាម័យ​ទេ ទោះ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម ១០ ​ក្រុមហ៊ុន​ទៀត​ក៏​នៅ​តែ​មិនអាច​ប្រមូល​សំរាម​បាន​ស្អាត​ល្អ​ដែរ​»៕