ភ្នំពេញៈ សិស្ស​ចំនួន​ ៦០ ​ភាគរយ​ក្នុង​តំបន់​រួម​ទាំង​សិស្ស​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​នៅក្នុង​ប្រព័ន្ធ​អប់រំ​ដែល​ស្ថិត​នៅ​ក្នុង​ «​វិបត្តិ​នៃ​ការរៀន​» និង​មិន​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ជោគជ័យ​។ នេះ​បើ​តាម​របាយការណ៍​​ថ្មី​មួយ​ដែល​ចេញ​ដោយ​ធនាគារ​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។

ភាគរយ​នេះ​តំណាង​ឲ្យ​សិស្ស​​សរុប​ចំនួន ​៩៧,៩ ​លាន​នាក់​ដែល​សិស្ស​ប្រហែល​ ៣,៥ ​លាន​នាក់​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​របាយការណ៍​។

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា ៤០ ​ភាគរយ​ទៀត​ ឬ​ចំនួន ​៦៣,៨ ​លាន​នាក់​នៃ​តំបន់​អាស៊ី​បូព៌ា និង​​សិស្ស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​ទទួល​បាន​លទ្ធផល​កំពូល​ ឬ​លទ្ធផល​លើ​មធ្យម​ដូចជា ប្រទេស​ចិន និង​វៀតណាម​។

របាយការណ៍​នេះ​បាន​បន្ត​ថា​៖ «​ទោះ​យ៉ាង​ណា​រហូត​ដល់​ ៦០ ​ភាគរយ​នៃ​សិស្ស​នៅ​តំបន់​អាស៊ីបូព៌ា និង​បាស៊ីហ្វិក​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​លទ្ធផល​ខ្សោយ ដែល​លទ្ធផល​របស់​សិស្ស​នៅក្នុង​មុខវិជ្ជា​សំខាន់ៗ​មាន​កម្រិត​ទាប​ ឬ​មិន​ត្រូវ​បាន​ដឹង​»​។

របាយការណ៍​នេះ​បង្ហាញ​ថា​៖ «​សិស្ស​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ឬ​ឡាវ​អាច​ទៅ​ធ្វើ​ការងារ​ស្រែចម្ការ​មុន​ពេល​ដើរ​ទៅ​រៀន​ក្នុង​ចម្ងាយ​ដ៏ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​សាលារៀន​ដែល​បំពាក់​ដោយ​​សម្ភារ​អន់ៗ​នៅក្នុង​តំបន់​ជនបទ​របស់​ពួកគេ ហើយ​អង្គុយ​រៀន​ជាមួយ​គ្រូ​ដែល​មិន​បាន​ត្រៀម​មេរៀន​ជាមុន​»​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​លោក រស់ សាលីន ក៏​មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​អត្ថាធិប្បាយ​។

ការសិក្សា​នេះ​បាន​រកឃើញ​ថា​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ទីម័រ​ខាង​កើត​ជាង​ ៣០ ​ភាគរយ​នៃ​សិស្ស​រៀន​ថ្នាក់​ទី​ ២ មិន​ចេះ​អាន​អក្សរ​សូម្បី​តែ​មួយ​ពាក្យ​។

លោក Amer Hasan ដែល​ជា​អ្នកនិពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​នៃ​របាយការណ៍​នេះ​បាន​ថ្លែង​ថា កាលពី​ឆ្នាំ ២០១០ ការវាយតម្លៃ​អំពី​ការអាន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រកឃើញ​ថា​ ៤៨ ​ភាគរយ​នៃ​សិស្ស​ថ្នាក់​​ទី​ ២ មិន​ចេះ​អាន​អក្សរ​សូម្បី​តែ​មួយ​ពាក្យ តែ​ចំនួន​នេះ​បាន​ថយ​ចុះ​ដល់​ ៣៣ ​ភាគរយ​នៅ​ឆ្នាំ​ ២០១២​។ ប៉ុន្តែ​លោក​មិន​អាច​ផ្តល់​អំពី​អត្រា​បច្ចុប្បន្ន​ទេ​។

ទោះ​យ៉ាង​ណា​លោក ជិន សំអឿន ដែល​ជា​មន្ត្រី​ផ្នែក​អប់រំ​​នៅ​អង្គការ Action Aid បាន​ថ្លែង​ថា ផ្អែក​តាម​ការវាយតម្លៃ​ជាតិ​ឆ្នាំ​ ២០១៧ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​អប់រំ​តិច​ជាង​ ៥០ ​ភាគ​នៃ​សិស្ស​បឋមសិក្សា​ទាំងអស់​មិន​ចេះ​អាន​។ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា អង្គការ​បច្ចុប្បន្ន​កំពុង​ធ្វើ​ការងារ​ដើម្បី​កែលម្អ​។

លោក សំអឿន ក៏​មិន​បាន​ភ្ញាក់ផ្អើល​ផង​ដែរ ដែល​របាយការណ៍​នេះ​និយាយ​អំពី​ប្រព័ន្ធ​អប់រំ​រួម​ទាំង​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ផ្តល់​ជំនាញ​ដល់​សិស្ស​ដែល​ត្រូវការ​ដើម្បី​ជោគជ័យ​។ ឧទាហរណ៍​លោក​បាន​ថ្លែង​ថា ក្រសួង​អប់រំ​កាលពី​ឆ្នាំ​ ២០០៦ បាន​អនុម័ត​គោលនយោបាយ​មួយ​ដើម្បី​ផ្តល់​បំណិន​ជីវិត​នៅ​កម្រិត​បឋមសិក្សា ប៉ុន្តែ​នៅ​មាន​កម្រិត​នៅ​ឡើយ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​អ្វី​មួយ​ត្រូវ​តែ​កែលម្អ ដើម្បី​ឲ្យ​សាលា​អាច​ផ្តល់​ជំនាញ​ដល់​ពួកគេ​ [​សិស្ស​] ​ដើម្បី​ជោគជ័យ​នៅក្នុង​ជីវិត​ពិត​»​។ ​លោក​ថា​៖ «​មាន​គម្លាត​មួយ​ចំនួន​នៅក្នុង​ការអនុវត្ត​គោល​នយោបាយ​»​។

លោក សន ជ័យ នាយកប្រតិបត្តិ​នៃ​អង្គការ​បណ្តាញ​គណនេយ្យភាព​សង្គម បាន​ថ្លែង​ថា​លោក​មិន​យល់​ស្រប​ដែល​ថា​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំណុច​ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​នៃ​ការរៀន​ទេ បើ​ទោះបី​ជា​ «​ការអប់រំ​ថ្នាក់​បឋមសិក្សា​គឺជា​ក្តីបារម្ភ​» ព្រម​ទាំង​បញ្ហា​សមភាព​អប់រំ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​យល់ស្រប​ទាល់តែ​សោះ​ជាមួយ​របាយការណ៍​នេះ ប៉ុន្តែ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​ចំណេះដឹង​ [​និង​] ​លទ្ធផល​រៀន​រវាង​សិស្ស​នៅ​ទីប្រជុំជន​ និង​តំបន់​ជនបទ​មាន​លក្ខណៈ​ខុស​គ្នា​ដោយសារ​ហេតុផល​មួយ​ចំនួន​នៃ​កត្តា​គ្រួសារ ឱកាស​រៀន និង​គុណភាព​បង្រៀន​»​។

លោក ជិន សំអឿន បាន​ថ្លែង​ថា​ក្រសួង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ​របស់​ខ្លួន​។

ទោះ​យ៉ាង​ណា​ក្តី​ការសិក្សា​ស្រាវជ្រាវ​នេះ​លើក​ឡើង​ដែរ​ថា ភាគច្រើន​នៃ​ប្រព័ន្ធ​អប់រំ លទ្ធផល​កម្រិត​ទាប​ដូចជា​ប្រព័ន្ធ​នៅ​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន​បាន​អនុវត្ត​នូវ​កំណែទម្រង់​គ្រូបង្រៀន​ដោយ​ទទួល​បាន ​«​កម្រិត​ជោគជ័យ​ផ្សេងៗ​គ្នា​»៕ PS