The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការអភិវឌ្ឍ​ឡើង​វិញ​នូវ​ អគារ​ប៊ុលឌិង​ស​ ត្រូវ​បាន​ទុក​ជា​គំរូ

ការអភិវឌ្ឍ​ឡើង​វិញ​នូវ​ អគារ​ប៊ុលឌិង​ស​ ត្រូវ​បាន​ទុក​ជា​គំរូ

Content image - Phnom Penh Post
អគារ​ប៊ុលឌិង ស កាលពី​មិន​ទាន់​វាយកម្ទេច​ចោល​ក្នុង​ខែ​ឧសភា​ឆ្នាំ​ ២០១៧​។ ហុង មិនា

ការអភិវឌ្ឍ​ឡើង​វិញ​នូវ​ អគារ​ប៊ុលឌិង​ស​ ត្រូវ​បាន​ទុក​ជា​គំរូ

ភ្នំពេញៈ ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​សៀវភៅ​ ១ ដោយ​រៀបរាប់​លម្អិត​អំពី​ដំណើរការ​អភិវឌ្ឍ​នៅ​អគារ​ប៊ុលឌិង​ «​ស​» នៅក្នុង​សង្កាត់​ទន្លេបាសាក់​ជា​ការ​អភិវឌ្ឍ​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា មាន​ភាពរលូន​ដែល​អាច​ទុក​ជា​គំរូ សម្រាប់​ការអភិវឌ្ឍ​នៅ​កន្លែង​ផ្សេង​ទៀត​។

សៀវភៅ​នេះ​មាន​ ៨៧ ​ទំព័រ​មាន​ចំណងជើង​ថា បទពិសោធ​អនុវត្ត​ការងារ​នៃ​ការអភិវឌ្ឍ​ឡើង​វិញ​អគារ​ប៊ុលឌិង​ «​ស​» បាន​រៀបរាប់​លម្អិត​អំពី​ដំណើរការ​តាំងពី​ពេល​ចាប់ផ្តើម​ការចរចា​ជាមួយ​ពលរដ្ឋ​ចំនួន ៤៩២ គ្រួសារ​កិច្ចព្រមព្រៀង​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ និង​ការ​វាយកម្ទេច​អគារ​នេះ​។

លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​បាន​ថ្លែង​នៅក្នុង​អារម្ភកថា​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា សៀវភៅ បទពិសោធ​អនុវត្ត​ការងារ​នៃ​ការអភិវឌ្ឍ​ឡើងវិញ អគារ​ប៊ូឌីញ​ «​ស​» ​ដែល​ប្រមូលផ្តុំ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​យន្តការ នីតិវិធី និង​ដំណើរការ​អនុវត្ត​ការងារ​ជូន​ពលរដ្ឋ និង​ការរៀបចំ​រុះរើ​អគារ​ប៊ុលឌិង ស នេះ នឹង​ក្លាយ​ជា​ឯកសារ​គោល​មួយ​សម្រាប់​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ឡើងវិញ​លើ​ទីតាំង​ផ្សេងៗ​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សម្រាប់​ជា​ការ​ចងក្រង​ទុក​នូវ​បទពិសោធ​ការងារ​ដើម្បី​ជា​ប្រយោជន៍​ដល់​មន្ត្រី​ពាក់ព័ន្ធ​នាពេល​អនាគត​។

សេចក្តី​ផ្តើម​របស់​សៀវភៅ​នេះ​បាន​ឲ្យ​ដឹងថា អគារ​ប៊ុលឌិង​ «​ស​» ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៦១ ប៉ុន្តែ​អគារ​នេះ​ត្រូវ​បាន​បោះបង់ចោល​ទាំងស្រុង​ក្នុង​របប​ខ្មែរក្រហម​។ នៅពេល​ដែល​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ​ ១៩៧៩ ប្រជាពលរដ្ឋ​បាន​ត្រឡប់​មក​រស់​នៅក្នុង​អគារ​នេះ​វិញ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​នៅ​ចុង​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​ដោយសារ​ភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​នេះ ហេតុនេះ​រដ្ឋាភិបាល​បាន​ស្វែងរក​ដំណោះស្រាយ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ Arakawa Co,. Ltd ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​។

សេចក្តី​ផ្តើម​នេះ​និយាយ​ថា សៀវភៅ​នេះ​មាន​ប្រយោជន៍​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប ជាពិសេស​យន្តការ និង​នីតិវិធី​ដែល​ប្រើប្រាស់​គឺ​ផ្អែក​លើ​អភិបាលកិច្ច​ល្អ​។

សៀវភៅ​នេះ​សន្និដ្ឋាន​លទ្ធផល​ជោគជ័យ​នៃ​ការស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​អគារ​ប៊ុលឌិង​ «​ស​» ​នេះ​ថា បាន​រួម​ផ្សំ​ដោយ​កត្តា​ជាច្រើន​ដូចជា​៖ ១- ​ការដឹកនាំ​ប្រកប​ដោយ​ឆន្ទៈ​មោះមុត រឹងមាំ ប្រកាន់​នូវ​គោលជំហរ​ច្បាស់លាស់ និង​មាន​ព្រហ្មវិហារធម៌​របស់​លោក ជា សុផារ៉ា​។

២-​ ​មាន​រចនាសម្ព័ន្ធ​ការងារ​ច្បាស់លាស់ និង​ត្រឹមត្រូវ​ដែល​នាំ​ដល់​ការសម្រេច​បាន​នូវ​លទ្ធផល​ច្បាស់លាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​។

៣- ​នីតិវិធី​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​របស់​លោក ជា សុផារ៉ា ប្រកប​ដោយ​តម្លាភាព ឈរលើ​គោលការណ៍​សមធម៌ និង​សមភាព​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​ដែល​គូភាគី​អាច​ទទួល​យក​បាន​ដោយ​ក្តី​សោមនស្ស​។

៤- ​មាន​កិច្ចចូលរួម​សហការ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើឲ្យ​ការដោះស្រាយ​នេះ​មាន​ភាពរលូន និង​ទទួល​បាន​ជោគជ័យ​។

សេចក្តី​សន្និដ្ឋាន​បន្ត​ថា​ការអភិវឌ្ឍ​ឡើង​វិញ​នៃ​អគារ​ប៊ុលឌិង «​ស​» ជា​រួម​បាន​ឆ្លុះបញ្ចាំង​ពី​បរិយាកាស​ល្អ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​។

អ្នកស្រី ស្រេង ពៅ ប្រជាពលរដ្ឋ​ម្នាក់​ដែល​ធ្លាប់​រស់នៅ​អគារ​ប៊ុលឌិង​ «​ស​» ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ខណ្ឌ​មានជ័យ​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា អ្នកស្រី កោតសរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការស្វែងរក​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​អគារ​​ប៊ុលឌិង​ «​ស​» ដែល​ជា​ដំណោះស្រាយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន​ដោយ​ស្ម័គ្រចិត្ត​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​អគារ​នេះ​ចាស់​ហើយ​លោក ជា សុផារ៉ា បាន​យក​ចិត្ត​ទុកដាក់​អំពី​ពួកយើង និង​បាន​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ពួកយើង​ដោយ​សហការ​ជាមួយ​ដៃគូ​ [​អភិវឌ្ឍ​]​។ នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ផ្ទះ​សមស្រប​»​។ អ្នកស្រី​ថា​ដំណើរការ​នៃ​ការដោះស្រាយ​នៅ​អគារ​ប៊ុលឌិង​គឺ​មាន​ភាពរលូន និង​ប្រសើរ​ជាង​នៅ​កន្លែង​ដទៃៗ​ទៀត​៕ PS

អត្ថបទគួរចាប់អារម្មណ៍