សភាអឺរ៉ុប​បាន​ថ្លែង​ប្រាប់​កាល​ពី​ថ្ងៃ​សុក្រ​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​សមាជិក​សភា​អឺរ៉ុប​ចំនួន​ ៥៦ ​រូប ដែល​ស្នើ​ឲ្យ​ធានា​ដល់​សុវត្ថិភាព និង​សេរីភាព​របស់​លោក សម រង្ស៊ី ពេល​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ មិន​មែន​តំណាង​ឲ្យ​ជំហរ​របស់​សភា​អឺរ៉ុប​ទេ។

អ្នក​ស្រី ​Delphine Colard មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​សភា​អឺរ៉ុប​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីម៉ែល​កាល​ពី​ថ្ងៃ​សុក្រ​ថា សេចក្ដី​ថ្លែង​ការណ៍​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី គឺ​ជា​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​សមាជិក​សភា​អឺរ៉ុប​ដែល​មាន​ឈ្មោះ​ទាំង​នោះ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​រំលាយ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សមាជិក​សភា​អឺរ៉ុប​ចំនួន ៥៦ ក្នុង​ចំណោម ៧៥១ រូប បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធានា​សុវត្ថិភាព​លោក សម រង្ស៊ី និង​សេរី​ភាព​របស់​លោក នៅ​ខណៈ​ពេល​ដែល​ថ្នាក់​ដឹកនាំ​ប្រឆាំង​រូប​នេះ​ព្យាយាម​ត្រឡប់​ទៅ​កម្ពុជ​វិញ​បន្ទាប់​ពី​និរទេស​ដោយ​ខ្លួន​ឯង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

សេចក្ដី​ថ្លែង​ការណ៍​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បាន​សរសេរ​ថា៖ «យើង​ទាំង​អស់​គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​ប្រទេស​ជិត​ខាង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី និង​សហការី​របស់​លោក​ពី​គណបក្ស​ប្រឆាំង​អាច​ចូល​ទៅ​កម្ពុជា​ដោយ​សេរី និង​ដោយ​សុវត្ថិភាព នៅ​ថ្ងៃ​ទី​ ៩ វិច្ឆិកា ២០១៩ ហើយ​ធានា​អំពី​សុវត្ថិភាព​និង​សេរីភាព​នៃ​ការ​ដើរ​ហើរ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​នេះ»។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បាន​លើក​ឡើង​ថា អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​មាន​ក្ដី​បារម្ភ​ចំពោះ​សកម្មភាព​ថ្មីៗ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ ដែល​រួម​មាន​ការ​កើន​ឡើង​នៃ​ការ​បៀត​​បៀន និង​ការ​ឃុំ​ខ្លួន​សកម្មជន​ប្រឆាំង ការ​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​ជាតិ ការ​គំរាម​កំហែង​ប្រើ​អំពើ​ហិង្សា​លើ​លោក សម រង្ស៊ី និង​ការ​ប្រកាស​ចាប់​ខ្លួន​ដោយ​ការ​ចោទ​ប្រកាន់​នានា។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​សរសេរ​ថា៖ «យើង​មាន​ក្ដី​សង្ឃឹម​ថា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​និង​ភ្នាក់​ងារ​រដ្ឋាភិបាល​នឹង​ធ្វើ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន និង​ទទួល​យក​នូវ​បទដ្ឋាន​អន្តរជាតិ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ជួប​ជា​មួយ​អ្នក​គាំទ្រ​អតីត​បក្ស​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​គ្មាន​ការ​រារាំង និង​គ្មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ពី​សំណាក់​អាជ្ញាធរ ឬ​ភ្នាក់​ងារ​រដ្ឋាភិបាល»។

សេចក្ដី​ថ្លែង​ការ​ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​សហ​ស្ថាបនិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​លត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​ឲ្យ​មាន​ការ​គោរព​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។

ជា​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ជំហរ​របស់​សភា​អឺរ៉ុប អ្នក​ស្រី ​ Colard បាន​ថ្លែង​តាម​អ៊ីម៉ែល​ថា៖ «សេចក្ដី​ថ្លែង​ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ខ្លួន ហើយ​មិន​មែន​ក្នុង​នាម​គណៈ​កម្មាធិការ​ផ្លូវ​ការ​ឬ​ប្រតិភូ​សភា​អឺរ៉ុប​ទេ។ វា​មិន​មែន​តំណាង​ឲ្យ​ជំហរ​របស់​សភា​អឺរ៉ុប​ទេ»។

អ្នក​ស្រី​បន្ថែម​ថា៖ «លោក សម រង្ស៊ី បាន​មាន​វត្តមាន​នៅ​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ចន្ទ ហើយ​លោក​បាន​ជួប​ជាមួយ​សមាជិក​សភា​អឺរ៉ុប​ខ្លះ ក្នុង​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ»។

អ្នក​ស្រី​បន្ត​ថា៖ «សមាជិក​សភា​អឺរ៉ុប​ម្នាក់​បាន​ចែក​ចាយ​សេចក្ដី​ថ្លែង​ការណ៍​នេះ ដើម្បី​ស្នើ​សុំ​ហត្ថលេខា ហើយ​បាន​ប្រមូល​ការ​គាំទ្រ​ពី​សមាជិក​សភា​អឺរ៉ុប​ចំនួន ៥៦ នាក់ ហើយ​សេចក្ដី​ថ្លែង​ការណ៍​នេះ​បន្ទាប់​មក​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​តំណាង​របស់​ប្រទេស​កម្ពុជា ថៃ និង​អាជ្ញាធរ​នៃ​សហភាព​អឺរ៉ុប»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​ការ​​អន្តរជាតិ លោក កុយ គួង បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ជា​ច្រើន​លើក​ហើយ​ថា លោក សម រង្ស៊ី គឺ​ជា​ទណ្ឌិត ដែល​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​តាម​រយៈ​ការ​វិល​ត្រឡប់​របស់​លោក។

លោក កុយ គួង ថ្លែង​ថា៖ «គាត់​បាន​ប្រកាស​ថា ការ​វិល​ត្រឡប់​មក​វិញ​មិន​មែន​ក្នុង​នាម​ជន​ស្លូត​ត្រង់ ឬ​ប្រជា​ជន​សាមញ្ញ​ធម្មតា ឬ​ដោយ​សុទ្ធចិត្ត​ទេ។ ដូច្នេះ​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​លើ​សេចក្ដី​ថ្លែង​ការណ៍​នេះ​ទេ»។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ចាំ​បាច់​ដើម្បី​ធានា​នូវ​សន្តិភាព សុវត្ថិភាព និង​ស្ថិរភាព​សង្គម​សម្រាប់​ប្រទេស​នេះ»៕