
ស្ត្រីម្នាក់ពរកូនដើរចូលមន្ទីរពេទ្យគន្ធបុប្ជានៅក្បែរវត្តភ្នំ។ ហ៊ាន រង្សី
ភ្នំពេញៈ ការឧបត្ថម្ភថវិកាសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជាក្នុងខែកុម្ភៈ មានការថយចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងការឧបត្ថម្ភនៅក្នុងខែមករាដើមឆ្នាំ ២០២១ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាចេញថ្ងៃទី ១៧ មីនា ស្តីពីការបរិច្ចាគដែលមូលនិធិគន្ធបុប្ផាទទួលបានក្នុងខែកុម្ភៈឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ មូលនិធិគន្ធបុប្ផាទទួលបានការបរិច្ចាគសរុបតែចំនួន ៣០៤ ៣១៨ ១០០ រៀល និង ១៨៩ ០១៨ ដុល្លារអាមេរិក ខណៈនៅក្នុងខែមករា ឆ្នាំ ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគសរុបរហូតដល់ ២ ៣០៥ ០៨៥ ៦០០ រៀល និង ២ ៤៦០ ០២០ ដុល្លារអាមេរិក។
ប្រភពអ្នកចូលរួមបរិច្ចាគក្នុងខែកុម្ភៈសរុបចំនួនតែ ៥ ៣៦៥ រូប ដែលរួមមានសមាជិកកិត្តិយស ៤ រូប សមាជិកគាំទ្រ ៤ ៦៩៨ រូប សប្បុរសជនផ្សេងៗ ៦៦៣ រូប និងថវិកាទទួលបានពីហឹបបរិច្ចាគនៅតាមគោលដៅចំនួន ៣ ទីតាំង។ ប៉ុន្តែសប្បុរសជនដែលចូលរួមក្នុងខែមករាមានសរុបចំនួនរហូតដល់ ១៦ ០៩៧ រូបដែលមានសមាជិកកិត្តិយស ២៤ រូប សមាជិកគាំទ្រ ១៥ ២៥៧ រូប និងសប្បុរសជនផ្សេងៗ ៨១៦ រូប ពីការកាត់កម្រៃសំបុត្រចូលទស្សនានាតំបន់រមណីយដ្ឋានអង្គរក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ និងថវិកាទទួលបានពីហឹបបរិច្ចាគនៅតាមគោលដៅចំនួន ៤ ទីតាំង។
«មូលនិធិគន្ធបុប្ផាកម្ពុជាក៏សូមលើកទឹកចិត្តសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសឱ្យបន្តចូលរួមបរិច្ចាគជា៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិកក្នុង ១ ឆ្នាំឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀលក្នុង ១ ខែ/៦០ ០០០ (ហុកសិបពាន់) រៀលក្នុង ១ ឆ្នាំ»។
មូលនិធិគន្ធបុប្ផាកម្ពុជាបន្តថា ការបន្តបរិច្ចាគថវិកាក្នុងស្មារតី ខ្មែរជួយខ្មែរនេះ គឺបានទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ «មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាពប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងសំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា»។
ជាមួយគ្នានោះ លេខាធិការមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានលើកទឹកចិត្តសប្បុរសជននានាឱ្យបន្តចូលរួមបរិច្ចាគ តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ ABA ធនាគារ ACLEDA, Canadia, Chip Mong, Sathapana ធនាគារឯកទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈទូរស័ព្ទលេខ ០៦១ ៧០ ១១១១»៕
វីដេអូ៖