ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជានិងសហជីព ត្រូវសម្រុះសម្រួលបន្ថែមទៀតអំពីប្រាក់ឈ្នួល«សមរម្យ» សម្រាប់កម្មករកាត់ដេរដែលរស់នៅទាំងលំបាក ក្នុងកម្រិតប្រាក់គោលចំនួន ៦១ដុល្លារ។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងសង្គមកិច្ច បានថ្លែងថា៖«រដ្ឋាភិបាលត្រូវការឲ្យភាគីទាំងពីរយល់ពីគ្នា និងឈានដល់ការព្រមព្រៀងគ្នាមួយ»។
លោកបន្តថា ៖ «ប្រហែលជាសហជីពអាចទម្លាក់មកត្រឹម៩០ ហើយសមាគមអាចដំឡើងសំណើខ្លួនជាង៧០ដុល្លារ។ ប៉ុន្តែដូចគ្នាដែរ បើសហជីពមិនធ្វើបែបនេះទេ ការចរចាអាចនឹងបញ្ចប់»។
ការចរចាគ្នាជាប់គាំងពីសប្តាហ៍មុន បន្ទាប់ពីសមាគមរោងចក្រនៅកម្ពុជាស្នើដំឡើងជូន៦ដុល្លារ គឺ៦៧ដុល្លារ ក្នុង១ខែ ហើយសហជីពបន្ទាប់ការទាមទារមកនៅត្រឹម១០០ដុល្លារ។
លោក វង្ស សុវណ្ណ បានថ្លែងបន្តថា ក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាលកាលពីថ្ងៃចន្ទ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានដំឡើងសំណើដល់៧០ដុល្លារ ឬ៧៥ដុល្លារដោយបូកជាមួយប្រាក់ឧបត្ថម្ភទ្រទ្រង់សុខភាព។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ថ្លែងថា សមាគមគ្មានលទ្ធភាពផ្តល់ឲ្យ៩០ដុល្លារទេ។ លោកមិនរំពឹងពីការជជែកបន្តថ្មីទៀតនៅសប្តាហ៍ក្រោយទេ។
លោកបន្តថា៖ «[៧០ដុល្លារ]គឺជាអ្វីដែលយើងអាចផ្តល់បាន»។ តាមបទពិសោធរបស់យើងគឺថា បញ្ហានេះមិនទាន់ដឹងថា ពេលណាចេញលទ្ធផល»។ រដ្ឋាភិបាលត្រូវមានជំហរមួយពីបញ្ហានេះ»។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ ស៊ីខៅឌូ បានថ្លែងថា សហជីពនឹងប្រកាន់ជំហរ១០០ដុល្លារក្នុង១ខែ ហើយកម្មករនឹងធ្វើកូដកម្មបើសំណើនេះមិនត្រូវបានផ្តល់ឲ្យនោះ។ លោកបន្តថា៖ «យើងទាមទារប្រាក់ឈ្នួលនេះដោយសារគិតពីការចំណាយកើនឡើងជារៀងរាល់ថ្ងៃ»។
ស្តីពីប្រាក់ឈ្នួលកម្មករនេះនៅថ្ងៃទីពីរនៃកិច្ចប្រជុំ Asia Floor Wage នៅភ្នំពេញអគ្គលេខាធិការនៃគំនិតផ្តួចផ្តើមសហជីពថ្មីនៅឥណ្ឌា ថា ការដំឡើងដល់១០០ដុល្លារនឹងមិនមានផលប៉ះពាល់ដល់អារម្មណ៍របស់អ្នកបញ្ជាទិញពីកម្ពុជាទេ៕ PS