The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ចិញ្ចឹម​ជីវិត​ត្រូវ​បំផ្លាញ​ដោយ​ការ​កាប់​ឈើ

ការ​ចិញ្ចឹម​ជីវិត​ត្រូវ​បំផ្លាញ​ដោយ​ការ​កាប់​ឈើ

ការ​ចិញ្ចឹម​ជីវិត​ត្រូវ​បំផ្លាញ​ដោយ​ការ​កាប់​ឈើ

Content image - Phnom Penh Post

ខេត្តស្ទឹងត្រែងៈ ផ្លូវ​ទៅ​ភូមិ​ស្រែគ ១ ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជា​ផ្លូវ​គ្រលុក​។ ទោះ​ជា​យ៉ាង​ណា ភាព​មិន​សុខស្រួល បណ្តាល​មក​ពី​ការ​រលាក់​ចុះ​ឡើង​លើ​ម៉ូតូ ឬ​បោះ​ចុះ​ឡើង​ក្នុង​រថយន្ត ដោយ​សារ​ផ្លូវ​គ្រលុក អាច​ទូទាត់​បាន​ ដោយ​សារ​ទេសភាព​ល្អ​ស្រស់ ដែល​មាន​នៅ​អម​សង​ខាង​ផ្លូវ។

គំនរ​ភ្លើង​តូច​ៗ ក្នុង​តំបន់​ ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ ត្រូវ​បាន​ឈូស​ឆាយ ឬ​កាប់​បំផ្លាញ។ ​ផ្សែង​ដុត​បំផ្លាញ​ព្រៃ ហោះ​ទៅ​ហុយ​ទ្រលោម ហើយ​គ្រោង​ដើម​ឈើ​ត្រូវ​ភ្លើង​ឆេះ​រោល​ដូច​ធ្យូង ដែល​រលំ​ ឬ​នៅ​ឈរ​បាន​បង្កើត​ឲ្យ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ភព​ផែន​ដី​នេះ​ដល់​ពេល​ ត្រូវ​វិនាស​អន្តរាយ​។ ដី​ត្រូវ​ឈូស​ឆាយ​ក្រោម​រូប​ភាព​ជា​ច្រើន កំពុង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្រែគ​ ១ ព្រួយ​បារម្ភ​ ដែល​នឹង​ត្រូវ​បង្ខំ​ឲ្យ​ផ្លាស់​ទៅ​តាំង​ទី​លំនៅ​កន្លែង​ថ្មី ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​អាង​ទឹក​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ ២ នឹង​ជន់​លិច​ដី ដែល​ផ្ទះ​របស់​ពួក​គេ​តាំង​នៅ​ពេល​នេះ។ អ្នក​ភូមិ​មិន​ទាន់​ទទួល​ដំណឹង​ថា ​តើ​នៅ​ពេល​ណា ​ពួក​គេ​នឹង​ផ្លាស់​ទីលំនៅ​ថ្មី​ទេ ប៉ុន្តែ​ ភ្នំពេញ ប៉ុស្តិ៍ បាន​មើល​ឃើញ​អ្នក​កាប់​ឈើ ធ្វើ​ការ​ឲ្យ​ឧកញ៉ា ខ្នា ដោយ​ឈូស​ឆាយ​ព្រៃ មិន​ឆ្ងាយ​ប៉ុន្មាន ហាក់​បី​ដូច​ជា​ការ​ត្រៀម​រៀបចំ​សម្រាប់​ទំនប់​តម្លៃ ៧៨១ លាន​ដុល្លារ​នោះ​ហើយ​។

130412_07a
តំបន់ដីព្រៃ នៅតាមផ្លូវទៅកាន់ឃុំស្រែគ ដែលត្រូវបានគេកាប់ឆ្ការដុតបំផ្លាញចោល នៅមានភ្លើងឆេះហុយៗនៅឡើយ ម៉ៃ វីរៈ

បើ​ទោះ​បី​ជា​លោក សៀក មេគង្គ ​មេ​ឃុំ​ស្រែគ អះអាង​ថា លោក​ទទួល​ការ​គំរាម​កំហែង ចំពោះ​ការ​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន អំពី​ការ​ឈូសឆាយ​ដី​នោះ ហើយ​អ្នក​ភូមិ បាន​ទទួល​ដំណឹង​ថា គេ​លែង​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​កាប់​ឈើ​ទៀត​ហើយ។

លោក ផុំ ថា អាយុ ២៨ ឆ្នាំ ជា​ជាង​ធ្វើ​គ្រឿង​សង្ហារិម បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​សប្តាហ៍​មុន​ថា មន្រ្តី​រដ្ឋបាល​ព្រៃ​​ឈើ បាន​ព្រមាន​លោក អំពី​ការ​កាប់​ឈើ ដែល​ជា​ទម្លាប់​គ្រួសារ​លោក និង​អ្នក​ដទៃ​ទៀត​រស់​នៅ​ចិញ្ចឹម​ជីវិត។ ​

លោក​បាន​បន្ថែម​ថា៖ «​យើង​មិន​ដឹង​ទៀត​ថា​ តើ​ត្រូវ​រក​ប្រាក់​យ៉ាង​ដូច​ម្តេច​ទេ​។ ឪពុក​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ ហើយ​ខ្ញុំ​ធំ​លូត​លាស់​ធ្វើ​កិច្ចការ​នេះ​ផង​ដែរ​»។  លោក​ ថា បាន​បន្ថែម​ថា មន្រ្តី​ព្រៃ​ឈើ បាន​ថ្លែង​ថា ព្រៃ​នៅ​ជុំ​វិញ​ភូមិ​ឥឡូវ​នេះ ​ជា​កម្មសិទិ្ធ​របស់​ក្រុម​ហ៊ុន Royal Group ជា​ក្រុម​ហ៊ុន​កម្ពុជា ដែល​នឹង​សាង​សង់​ទំនប់​វារី​អគ្គិសនី​កម្លាំង ៤០០ មេ​ហ្គាវ៉ាត់ ដោយ​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន Hydrolangcang International Energy របស់​ចិន។

លោក ថា បន្ត​ថា៖«យើង​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​នៅ​ទី​នេះ។ យើង​គ្មាន​និយោជិត ហើយ​យើង​ធ្វើ​តែ​គ្រឿង​សង្ហារិម ដូច​ជា ទ្វារ គ្រោង​បង្អួច ​និង​គ្រែ ​ដើម្បី​លក់​ឲ្យ​ប្រជាជន​ក្នុង​សហគមន៍​របស់​យើង​»។ នោះ​ជា​ចំណុច​ដែល​មន្រ្តី​ព្រៃ​ឈើ​ជំទាស់។

លោក ចាប ពិសិដ្ឋ អនុប្រធាន​ការិយាល័យ​រដ្ឋ​បាល​ព្រៃ​ឈើ ដែល​គ្រប់​គ្រង​ឃុំ​ស្រែគ បាន​ថ្លែង​ថា អ្នក​ភូមិ​កំពុង​តែ​ឈូស​ឆាយ​ដី​ទំហំ​ដ៏​ធំ។​

លោក​បាន​បន្ថែម​ថា៖ «​នៅ​ពេល​ពួក​គេ​កាប់​ឈើ សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួសារ យើង​ធ្វើ​មើល​មិន​ឃើញ។ ប្រជាជន​ត្រូវ​ការ​ធ្វើ​ផ្ទះ ទ្វារ និង​គ្រែ​។ ប៉ុន្តែ យើង​ទទួល​បាន​ព័ត៌មាន​ថា អ្នក​ភូមិ​ បាន​បង្កើត​រោង​កែ​ច្នៃ​ ហើយ​កំពុង​លក់​ឈើ​ទៅ​ឲ្យ​ភ្ញៀវ​មក​ពីខេត្ត​ដទៃ​ទៀត»។

នៅ​ពេល ភ្នំពេញ ប៉ុស្តិ៍ ​ដើរ​ឆ្លង​កាត់​ភូមិ​ក្នុង​ភូមិ​ស្រែគ ១ ការ​លើក​ឡើង​បែប​នេះ របស់​មេ​ព្រៃ ​ហាក់​ដូច​ជា​មិន​អាច​ទេ។ ​វា​មាន​តែ​ក្នុង​ព្រៃ​ឆ្ងាយ ដែល​រោង​ចក្រ​ មាន​គំនរ​ឈើ​ប្រតិបតិ្តការ ហើយ​រោងចក្រ​ភាគ​ច្រើន ពាក់​ស្លាក​សញ្ញា​ក្រុម​ហ៊ុន​ធំ​ៗ។

លោក ភូ ម៉ាវណ្ណ​ ជាង​ធ្វើ​គ្រឿង​សង្ហារិម​ម្នាក់​ទៀត ក្នុង​ភូមិ​ស្រែ​គ បាន​ថ្លែង​ថា វា​ជា​ផលិតកម្ម​ខ្នាត​តូច ក្នុង​សហគមន៍​របស់​យើង​។ លោក​បញ្ជាក់​ថា៖«​ក្រុមហ៊ុន បាន​កាប់​ឈើ​ធំ​ៗ​ទាំង​អស់​ សម្រាប់​ពាណិជ្ជកម្ម​របស់​ពួក​គេ។ យើង​គ្រាន់​តែ​ធ្វើ​វា​ដើម្បី​ចិញ្ចឹម​គ្រួសារ​យើង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពួក​គេ​កំពុង​តែ​បញ្ឈប់​យើង​។ យើង​មិន​ដឹង​ថា​ តើ​នៅ​ពេល​ណា​យើង​នឹង​ផ្លាស់​ទី​លំនៅ​ទេ...ដូច្នេះ​ទន្ទឹម​នឹង​នេះ​ តើ​យើង​អាច​រក​ប្រាក់​បាន​ដោយ​របៀប​ណា ប្រសិន​បើ​យើង​​មិន​ធ្វើ​ការ​ងារ​នេះ​?»។

អ្នក​ភូមិ​ក៏​ជឿ​ជាក់​ផង​ ដែរ​ថា មិន​​​មាន​វិធាន​ការ​ ដើម្បី​បញ្ឈប់​ការ​កាប់​ឈើ​​មាន​តម្លៃ​នេះ​ទេ ប៉ុន្តែ មាន​សញ្ញា​ថា អាជ្ញា​ធរ​កំពុង​ចាត់​វិធានការ​ខ្លាំង ដើម្បី​ចាត់​ការ​សកម្មភាព​ខុស​ច្បាប់​ ប៉ុន្តែ​ហាក់​ដូច​ជា​សំដៅ​តែ​មក​លើ​តែ​ប្រជា​ពល​រដ្ឋ​តូច​តាច​តែ​ប៉ុណ្ណោះ​។

លោក ស៊ីវ សាម៉េត មក​ពី​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កង​រាជ​អាវុធ​ហត្ថ ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ថ្លែង​ថា ក្មេង​ប្រុស និង​បុរស​ ៥ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​យប់​ថ្ងៃ​អាទិត្យ ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ជួញ​ដូរ​ឈើ​មួយ​ម៉ែត្រ​គុប​ក្នុង​នោះ​មាន​ឈើ​ប្រណីត​ផង​ដែរ។ លោក​​បន្ត​​ថា៖ «​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ពេល​ដឹក​ជញ្ជូន​ឈើ នៅ​លើ​ទូក ចេញ​ពី​ចំណត​ទន្លេ​សេកុង។ ពួក​គេ​ទទួល​ស្គាល់​ថា ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេះ​៤ដង​ហើយ​»។ លោក​បន្ថែម​​ថា ជន​សង្ស័យ​ ​សុទ្ធ​តែ​អ្នក​ស្រុក​អាយុ​ពី ១៥ ទៅ ២២ ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។​

លោក សៀក មេគង្គ មេ​ឃុំ​ស្រែគ នៃ​គណបក្ស​សមរង្ស៊ី ដែល​បាន​អះអាង​ថា អាជ្ញាធរ កំពុង​ព្យាយាម​ធ្វើ​ឲ្យ​លោក​នៅ​ស្ងៀម​នោះ គឺថា អ្នក​ភូមិ​ដែល​រស់​នៅ​ដោយ​ការ​កាប់ និង​លក់​ឈើ​តូច​តាច​ដើម្បី​ចិញ្ចឹម​ជីវិត​ គួរ​កុំ​ប៉ះពាល់​។ ​

លោក​បាន​បន្ថែម​ថា៖ «​ឥឡូវ​នេះ អ្នក​ភូមិ​គ្មាន​អាជីវកម្ម​ដទៃ​ទៀត​ដើម្បី​ចិញ្ចឹម​ជីវិត​ទេ។ ពួក​គេ​ពឹង​ផ្អែក​លើ​ការ​កាប់​ឈើ​ដើម្បី​ប្រើ​ឈើ​ធ្វើ​គ្រឿង​សង្ហារិម ពួក​គេ​គ្មាន​ចំណូល​ដទៃ​ទៀត​ដើម្បី​ចិញ្ចឹម​គ្រួសារ​ទេ​»។ ប៉ុន្តែ​«​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ព្រមាន​ពួក​គេ​ថា ប្រសិន​បើ​ពួក​គេ​មិន​ឈប់ គេ​នឹង​រឹប​អូស​យក​ឧបករណ៍ និង​ម៉ាស៊ីន​របស់​ពួក​គេ»។

លោក ពិសិដ្ឋ មក​ពី​រដ្ឋ​បាល​ព្រៃ​ឈើ បាន​ថ្លែង​ថា មន្រ្តី​របស់​លោក​ កំពុង​តែ​ធ្វើ​សកម្មភាព​នោះ​។ លោក​បាន​បន្ថែម​ថា៖ «​យើង​មិន​គំរាម​ប្រជាជន​ទេ យើង​សុំ​ឲ្យ​ពួក​គេ​ឈប់​»។​ លោក​បញ្ជាក់​ថា​៖«​យើង​បាន​ប្រកាស​ច្រើន​លើក​ហើយ​ហើយ​បាន​បង្រ្កាប​ សកម្មភាព​ពួក​គេ​ពីរ​លើក។ យើង​រឹប​អូស​បាន​រណារ​ចំនួន​បួន​»។

លោក​គឹត ម៉េង​ប្រធាន​ក្រុមហ៊ុន Royal Group ពុំ​អាច​ទាក់ទង​បាន​ទេ៕ TK

អត្ថបទគួរចាប់អារម្មណ៍