
ភ្នំពេញៈ ការចូលរួមយ៉ាងច្រើន និងយ៉ាងផុលផុស របស់យុវជនវ័យក្មេង នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយដែលកំពុងតែប្រព្រឹត្តទៅនាពេលនេះ ត្រូវបានអ្នកវិភាគយល់ថា អាចនឹងធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត នៅចុងខែកក្កដានេះមានការប្រែប្រួលខ្លាំងហួសពីការស្មាន។
នៅប៉ែកខាងកើតឆៀង ខាងត្បូងសួនច្បារមុខវត្តបទុមវតី ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី២៧ ខែមិថុនាមក គេឃើញក្រុមយុវជនវ័យក្មេងរបស់គណបក្សប្រជាជនរាប់រយនាក់ បានធ្វើយុទ្ធនាការឃោសនាយ៉ាងសកម្ម អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលមានលេខរៀងទី៤។
ចំណែកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេមើលឃើញថា កំពុងក្លាយទៅជាគូប្រកួតប្រជែងយ៉ាងខ្លាំងក្លា ជាមួយគណបក្សប្រជាជននោះ ក៏មានក្រុមយុវជនយ៉ាងច្រើន រាប់រយនាក់ ចូលរួមដង្ហែក្បួនយ៉ាងផុលផុស ជារៀងរាល់ថ្ងៃ មិនចាញ់គណបក្សប្រជាជនកម្ពុជាផងដែរ។ បើទោះបីជាក្រុមយុវជនគណបក្សប្រជាជន បានឈរជាប់ជាប្រចាំ នៅតាមទីតាំងដែលមានប្រៀបក្តី ក៏ប៉ុន្តែក្រុមយុវជនគណបក្សសង្គ្រោះជាតិ តែងតែធ្វើការប្រមូលផ្តុំគ្នា ចាប់ពីម៉ោង ៤ រសៀលជារៀងរាល់ថ្ងៃ នៅខាងមុខអគាររដ្ឋសភា ហើយចាប់ផ្តើមដង្ហែក្បួនចេញទៅតាមដងផ្លូវនៅទូទាំងរាជធានីភ្នំពេញ ដោយការស្រែកហ៊ោកញ្ជ្រៀវ ដោយសេចក្តីក្លាហាន ហាក់ដូចជាមិនមានការភ័យខ្លាចអ្វីឡើយ ដោយធ្វើការអំពាវនាវឲ្យគ្រប់គ្នា បោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ដែលមានលេខរៀងទី៧។ នៅតាមទីតាំងផ្សេងៗទៀតនៃរាជធានី ក្រុមយុវជនដែលគាំទ្រគណបក្សទាំងពីរ ក៏បានចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងច្រើន និងយ៉ាងសកម្មដែលមានភាពខុសគ្នាយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ។ចំណែកនៅតាមបណ្តាខេត្តនានា ក៏ត្រូវបានគេរាយការណ៍ថា មានយុវជនយ៉ាងច្រើនបានចូលរួមក្នុងយុទ្ធនាការឃោសនាដែលមិនមែនមានតែគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិនោះទេ គណបក្សហ៊្វុនស៊ិនប៉ិច ក៏មានយុវជនចូលរួមផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ មានយុវជនជាច្រើន មើលទៅមិនទាន់គ្រប់អាយុបោះឆ្នោតនៅឡើយ រួមទាំងក្មេងៗ ក៏បានចូលរួមយ៉ាងសកម្មនឹងគេដែរ។
សិស្សវិទ្យាល័យវត្តភ្នំ អាយុ ១៧ឆ្នាំរៀនថ្នាក់ទី១០ ម្នាក់បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយក្នុងការចូលរួមហែក្បួនជាមួយគណបក្សសង្គ្រោះជាតិ។ ថ្ងៃនេះ ជាថ្ងៃទំនេរដូច្នេះខ្ញុំចូលរួមជាមួយមិត្តភក្តិ។ ខ្ញុំស្រឡាញ់គណបក្សសង្គ្រោះជាតិ»។
និស្សិតស្រីម្នាក់ទៀត អាយុ២១ឆ្នាំ រៀននៅសាកលវិទ្យាល័យអន្តរជាតិ (IU) បាននិយាយថា នាងគាំទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះនាងគិតថា សង្គមខ្មែរបច្ចុប្បន្ន មានការគ្រប់គ្រងរញ៉េរញ៉ៃមិនច្បាស់លាស់ ដែលនាងចង់ឲ្យគណបក្សប្រឆាំងឈ្នះ និងធ្វើការផ្លាស់ប្តូររបៀបដឹកនាំប្រទេស។
នាងបានថ្លែងមុនពេលជិះម៉ូតូចេញ ជាមួយមិត្តភក្តិក្នុងក្បួនដង្ហែថា៖ «ប្រជាជនវ័យក្មេងជាច្រើននៅវ័យអាយុដូចៗខ្ញុំមានការអប់រំខ្ពស់ហើយពួកគេចង់ឃើញប្រទេសមានការផ្លាស់ប្តូរមេដឹកនាំ»។
បន្ទាប់ពីយុវជនរបស់គណបក្សសង្គ្រោះជាតិបើកម៉ូតូចេញទៅក្រុមអ្នកគាំទ្រគណបក្សប្រជាជន នៅជិតនោះដែលកំពុងរង់ចាំគ្នាត្រូវបានឃើញកំពុងកាន់ទង់ជ័យគណបក្សហើយថ្ពាល់របស់ពួកគេមានបិទស្លាកគណបក្សប្រជាជន ពាក់មួកនិងអាវគណបក្សប្រជាជន។ សិស្សវិទ្យាល័យទួលស្វាយព្រៃ ឈ្មោះ ងួន សំណាង អាយុ១៩ឆ្នាំរៀនថ្នាក់ទី១២បានថ្លែងថា៖ «ខ្ញុំមកទីនេះជាមួយមិត្តភក្តិនិងអ្នកជិតខាង»។ «ខ្ញុំនឹងចូលរួមនៅថ្ងៃបន្ទាប់ទៀត។ ខ្ញុំត្រូវបានគេឲ្យប្រាក់ចំនួន ២ម៉ឺនរៀលសម្រាប់ការមកនេះ»។ យុវជនផ្សេងទៀតដែលបដិសេធមិនប្រាប់ឈ្មោះ ក៏បាននិយាយដូចសំណាងដែរថា ពួកគេត្រូវបានគេផ្តល់ប្រាក់ឲ្យក្នុងម្នាក់ៗ ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែពួកគេនិយាយថា ពួកគេមិនមែនមកហែ ព្រោះតែប្រាក់នោះទេ។ «ពួកខ្ញុំចង់ចូលរួមផ្ញើសារ ប្រាប់ទៅប្រជាពលរដ្ឋ ឲ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនពីព្រោះគណបក្សប្រជាជន បានជួយរំដោះប្រទេសឲ្យរួចផុតពីការកាប់សម្លាប់របស់ខ្មែរក្រហមនិងបានធ្វើឲ្យប្រទេសមានសន្តិភាពនិងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ហាក់ដូចជាមិនបានលើកទឹកចិត្ត ចំពោះការចូលរួមរបស់ក្រុមយុវជននេះទេ ដោយថ្លែងថាការចូលរួមដង្ហែក្បួនរបស់ពួកគេ បានបង្កឲ្យមានភាពស្មុគស្មាញ។ លោកថ្លែងក្នុងកិច្ចប្រជុំជាមួយគណបក្សពីម្សិលមិញថា៖«ពួកគេបើកម៉ូតូហែក្បួននៅពេលយប់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងសណ្តាប់ធ្នាប់ចរាចរណ៍»។
លោក ហូ វ៉ាន់ បេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា អ្វីដែល គ.ជ.ប បានលើកឡើងគឺជាការរារាំងសកម្មភាពដង្ហែក្បួនឃោសនាជាពិសេសការចូលរួមរបស់យុវជន នៅពេលដែលយុវជនជាច្រើនបានចូលរួមជាមួយគណបក្សលោក។
លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា វាមានភាពស្មុគស្មាញមួយចំនួនខណៈកំពុងមានយុទ្ធនាការឃោសនាបោះឆ្នោតនាពេលបច្ចុប្បន្ននេះ ព្រោះគណបក្សនយោបាយមួយចំនួន មិនគោរពច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងទីតាំងប្រមូលផ្តុំ និងទិសដៅហែ។ លោកបន្តថា ពាក់ព័ន្ធនឹងករណីយុវជន ដែលមិនទាន់គ្រប់អាយុបោះឆ្នោត ហើយចូលរួមការប្រមូលផ្តុំដង្ហែក្បួនគឺជាបញ្ហាស្មុញស្មាញធំមួយសម្រាប់នគរបាល«ពួកគេបើកបរគ្មានសណ្តាប់ធ្នាប់ និងបំពានលើច្បាប់ចរាចរណ៍»។
យ៉ាងណាក៏ដោយ លោកកែម ឡី អ្នកវិភាគនយោបាយឯករាជ្យ បានចាត់ទុកការចូលរួមរបស់យុវជន ថាជាការល្អប្រសើរ។ លោកបានមានប្រសាសន៍ថា៖«កាលពី ១០-២០ ឆ្នាំមុនក្រុមយុវជនដែលគាំទ្រគណបក្សប្រឆាំង មានការលាក់មុខលាក់មាត់ភ័យខ្លាច។ ប៉ុន្តែឥឡូវនេះ ពួកគេបានចូលរួមដោយបើកចំហ»។ លោកបញ្ជាក់ថា៖«ការចូលរួមយ៉ាងច្រើនរបស់យុវជនចង់មិនចង់ នឹងធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតលើកនេះ មានការប្រែប្រួលយ៉ាងខ្លាំង»។ បើតាមលោក កែម ឡី ការចូលរួមយ៉ាងច្រើនរបស់យុវជនជាមួយគណបក្សនយោបាយលើកនេះ គឺមួយផ្នែកធំ តាមរយៈបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ដែលពួកគេអាចទាក់ទងចែករំលែកព័ត៌មានឲ្យគ្នា និងទទួលបានព័ត៌មានផ្សេងៗឆាប់រហ័ស៕ PS