
ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើន នៅតាមតំបន់មួយចំនួន ក្នុងរាជធានី បានរអ៊ូរទាំ ចំពោះការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ខណៈដែលអាកាសធាតុ មានសភាពក្តៅហួតហែង និងស្អុះស្អាប់យ៉ាងខ្លាំង នៅក្នុងរដូវប្រាំងនេះ។
ប្រជាពលរដ្ឋនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សី កែវ អ្នកស្រី គង់ សារិម អាយុ ៣២ ឆ្នាំ បានឲ្យដឹងថា ក្នុងរយៈពីរសប្តាហ៍កន្លងមកនេះ អគ្គិសនីបានដាច់ជាប្រចាំ នៅចន្លោះម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១០:០០ ព្រឹក និងពេលល្ងាច បាន ដាច់ចន្លោះពីម៉ោង ៦:៣០ ដល់ម៉ោង ៩:៣0 យប់។ អ្នកស្រីបន្តថា៖«ការដាច់ភ្លើងអគ្គិសនីយូរម៉ោងបែបនេះ បានធ្វើឲ្យមានផលប៉ះពាល់ដល់សុខុមាលភាពរបស់ក្មេងៗពីព្រោះតែ បរិយាកាសក្តៅស្អុះស្អាប់ខ្លាំងណាស់»។
កញ្ញាតាន់ លក្ខិណា អាយុ ២២ ឆ្នាំ អាជីវករលក់បង្អែម និងទឹកក្រឡុក នៅសង្កាត់ ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ បានបន្ទរថា ការដាច់ភ្លើងអគ្គិសនី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ បានធ្វើឲ្យប៉ះពាល់ដល់ ប្រាក់ចំណូលប្រចាំថ្ងៃរបស់នាងយ៉ាងខ្លាំង។ លក្ខិណា ថ្លែងថា៖«កាលពីមុនខ្ញុំលក់មួយថ្ងៃបានជាង ១០ ម៉ឺនរៀល ចំណេញបាន១៥០០០ រៀល ប៉ុន្តែចាប់តាំងពីដាច់ភ្លើងមួយរយៈពេលមកនេះ ខ្ញុំលក់បានត្រឹមតែ ៧-៨ ម៉ឺនរៀលប៉ុណ្ណោះ»។
ការដាច់ចរន្តអគ្គិសនី មិនគ្រាន់តែប៉ះពាល់ដល់មុខរបរទទួលទាន និងការរស់នៅប៉ុណ្ណោះទេ វាក៏ធ្វើឲ្យប៉ះពាល់ដល់ការងារផ្សេងៗផងដែរ។
លោក ទៀង ចន្ទខន្ថិសារ អធិការខណ្ឌឫស្សីកែវ បានថ្លែងថា៖ «ការដាច់ចរន្តអគ្គិសនីយូរម៉ោងញឹកញាប់ បានធ្វើឲ្យប្រព័ន្ធការងារ មានភាពយឺតយ៉ាវ និងបង្កឲ្យមានក្ដីបារម្ភ ពីប្រជាពលរដ្ឋ អំពីសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន»។
លោកបន្តថា ទោះជាបែបណាក្ដី ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កម្លាំងនគរបាលរបស់លោក បានបង្កើនការចុះល្បាតបន្ថែម នៅគ្រប់តំបន់ទីប្រជុំជន និងតំបន់ជាយក្រុង។
ប្រជាពលរដ្ឋនៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ លោក ប៉ែន សុខារី អាយុ ៤៥ ឆ្នាំ បានថ្លែងថា ថ្វីបើមានការបង្ក្រាបអំពើចោរកម្មជាបន្តបន្ទាប់ក្ដី ប៉ុន្តែវានៅតែជាក្ដីព្រួយកង្វល់ ខណៈការដាច់ចរន្តអគ្គិសនីយូរម៉ោងនៅតែកើតឡើងជាញឹកញាប់។ លោកថ្លែងថា៖«បើការដាច់ភ្លើងបែបនេះ នៅតែបន្តអូសបន្លាយខ្ញុំបារម្ភខ្លាចការកើតមាននូវអំពើចោរកម្ម ឆក់ ប្លន់ នៅតាមផ្លូវកាន់តែច្រើនឡើង»។
មិនមែនមានតែនៅ ខណ្ឌឫស្សីកែវ ឬខណ្ឌសែនសុខប៉ុណ្ណោះទេ ដែលមានការដាច់ចរន្តអគ្គិសនីញឹកញាប់ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក៏មានការដាច់ចរន្តអគ្គិសនីផងដែរ។
មន្ត្រី ជាន់ខ្ពស់អគ្គិសនីកម្ពុជាម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួនកន្លងមកនេះ បណ្ដាលមកពីការជួសជុល និងផ្លាស់ប្ដូរត្រង់ស្វូ (Transformer Motor) ឧបករណ៍ដំឡើងតង់ស្យុងអគ្គិសនី នៅអនុស្ថានីយទួលសង្កែ។
លោកថ្លែងថា ដោយត្រង់ស្វូទាំងពីរ នៅក្នុងអនុស្ថានីយ៍នេះ មានកម្លាំងត្រឹមតែ ១០០ មេហ្គាវ៉ាត់ ជាហេតុ ធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនី មិនបានឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានកើនឡើងប្រមាណ ១៥ ភាគរយក្នុងមួយឆ្នាំ។ដើម្បីផ្ដល់ការផ្គត់ផ្គង់អគ្គិសនី តាមតម្រូវការរបស់អតិថិជន អគ្គិសនីកម្ពុជា បានសម្រេចធ្វើការជួសជុល និងផ្លាស់ប្ដូរត្រង់ស្វូទាំងពីរនៅក្នុងអនុស្ថានីយនេះ ដែលត្រង់ស្វូថ្មី ត្រូវយកមកដំឡើងជំនួសត្រង់ស្វូចាស់ មានកម្លាំងរហូតដល់ ១៥០ មេហ្គាវ៉ាត់។
លោកបន្តថា៖«ការផ្ដាច់ ចរន្តអគ្គិសនី ក្នុងតំបន់មួយ គឺសម្រាប់យកទៅផ្គត់ផ្គង់ ដល់អតិថិជនក្នុងតំបន់មួយទៀត ហើយការផ្ដាច់បែបនេះ អាចនឹងអូសបន្លាយដល់ពាក់កណ្ដាលខែក្រោយ»៕