![[តើនេះជាដំណោះស្រាយរបស់អភិបាលក្រុងថ្មីឬ?]អ្នកភូមិទាំងនេះ ត្រូវបានបង្ក្រាបយ៉ាងចាស់ដៃដោយការបាញ់ទឹកពីសំណាក់អាជ្ញាធរកាលពីថ្ងៃម្សិលមិញ ខណៈពួកគេប្រមាណជា១០០នាក់មកពីសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល ព្យាយាមប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញលើដងមហាវិថីព្រះមុនីវង្ស សហការី 130530_01](https://www.postkhmer.com/sites/default/files/styles/content_pic/public/JOOMLA_IMPORT/images/stories/news/national_pk/2013/130530/130530_01.jpg?itok=6TpRa-Vk)
ភ្នំពេញៈ ដោយពុំអាចអត់ធ្មត់ទៀតបាន កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ កាលពីម្សិលមិញបានប្រើប្រាស់ឡានទឹកចំនួនបីគ្រឿងបាញ់ទឹកបំបែកហ្វូងបាតុករជាស្ត្រីប្រមាណ១០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា និង ថ្មគោល ដែលព្យាយាមប្រមូលផ្តុំគ្នានៅលើដងមហាវិថីព្រះមុនីវង្ស ក្នុងបំណងទាមទារឲ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីពួកគេ។
សំឡេង យំលាយឡំសម្រែកបញ្ជោះឲ្យអាជ្ញាធរប្រើគ្រាប់កាំភ្លើងបាញ់ប្រហារសម្លាប់តែម្តង លាន់ទ្រហឹងនៅមុខសាលារាជធានីភ្នំពេញ បន្ទាប់ពីការបាញ់ទឹក បង្ក្រាបដែលបង្កឲ្យស្ត្រីសកម្មជន ដីធ្លីម្នាក់នៅបឹងកក់ដួលសន្លប់ និងស្ត្រីជាច្រើនទៀតប៉ើង រអិលដួល ទទឹកខ្លួនជោក។
អ្នកស្រី សែន ទូច សកម្មជនដីធ្លីតំបន់បឹងកក់ ដែលអស់ការទុកចិត្តលើលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថ្មីថ្លែងថា លោកគ្មានឆន្ទៈដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់ទេ គឺបានត្រឹមតែសន្យាខ្យល់។ អ្នកស្រីថា ចៅហ្វាយក្រុងថ្មី កុហកឲ្យប្រជាជនជឿទុកចិត្ត ពីដើមខែសន្យាថាដោះស្រាយ តែនៅចុងខែយកឡានទឹកមកបាញ់លើប្រជាជន។
អ្នកស្រីនិយាយទាំងយំបណ្ដើរថា៖ «សម្លាប់ឲ្យអស់ទៅ អស់មានអ្នកមកតវ៉ាទៀតហើយ យកឡានទឹកមកបាញ់មិនស្លាប់ទេ យកគ្រាប់កាំភ្លើងមកបាញ់មកទើបឆាប់ស្លាប់»។
ការសម្រេចប្រើវិធានការយកឡានបាញ់ទឹកបំបែកហ្វូងបាតុករនេះលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកកាសែតថា នេះជាជម្រើសចុងក្រោយ ដែលសមត្ថកិច្ចនគរបាលត្រូវតែធ្វើដើម្បីរក្សាសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ និងសម្រួលចរាចរណ៍នៅលើដងវិថីនេះ។
លោកថ្លែងថា៖«ខ្ញុំសំណូមពរហើយសំណូមពរទៀត ថាដាច់ខាតមិនអនុញ្ញាតឲ្យបិទផ្លូវសាធារណៈទេ ព្រោះមានពលរដ្ឋជាច្រើនទៀតដែលគេធ្វើដំណើរតាមផ្លូវនេះ។ នេះជាការគោរពសិទ្ធិទូទៅ មិនមែនគោរពតែសិទ្ធិអ្នកប៉ុន្មាននាក់ដែលប៉ះពាល់ប្រយោជន៍ពួកគាត់ ហើយធ្វើឲ្យរាំងស្ទះដល់ផលប្រយោជន៍ពលរដ្ឋទូទាំងប្រទេសបានទេ»។ លោកបន្តថា កម្លាំងនគរបាលលោកមានតួនាទី ក្នុងការរក្សាការពារសុវត្ថិភាព សន្តិសុខនិងរបៀបរៀបរយសាធារណៈ ដូច្នេះ ពុំអាចឲ្យប្រជាពលរដ្ឋធ្វើបាតុកម្ម ឬកូដកម្មបិទផ្លូវបានទេ ហើយនេះជាផ្លូវធំដែលគណៈប្រតិភូជាតិ និងអន្តរជាតិ ឆ្លងទៅមកបំពេញការងារ ហើយច្បាប់ប្រឆាំងបាតុកម្មមាន។
លោកបន្ថែមថា ៖ «បើមានទម្លាប់ឲ្យតែធ្វើបាតុកម្មបិទផ្លូវ តើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងការប្រើប្រាស់ផ្លូវ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ប៉ះពាល់ដែរឬអត់?»។
ក្នុងខណៈនោះក្រុមបាតុករបាននាំគ្នាស្រែកទាមទារឲ្យលោកស្នងការទទួលខុសត្រូវលើសមាជិកគេម្នាក់ដែលបានដួលសន្លប់ ដោយសារការបាញ់ទឹកបង្ក្រាបនោះ និងបានស្រែកឡើងថា៖ « បើមិត្តរបស់ខ្ញុំស្លាប់ សូមលោកសម្លាប់យើងខ្ញុំទាំងអស់គ្នាទៅ យើងខ្ញុំសុខចិត្តស្លាប់បើមិនមានដំណោះស្រាយទេនោះ»។
បន្ទាប់មករថយន្តសង្គ្រោះនៃមន្ទីរពេទ្យកាល់ម៉ែតបានមកដឹកអ្នកស្រី ខែក ចាន់រស្មី ដែលដួលសន្លប់ដើម្បីយកទៅសង្គ្រោះ។ តែក្រុមបាតុករបដិសេធ ដោយសារថា ពួកគេគ្មានលុយសម្រាប់បង់ថ្លៃព្យាបាលទេ ខណៈអ្នកខ្លះដែលកំពុងចោមរោមមើលនិងអ្នកខ្លះជួយបក់សម្រួលការដកដង្ហើមដល់ជនរងគ្រោះ ហើយខ្លះស្រែកហៅរ៉ឺម៉ក មកដឹកទៅគ្លីនិកអង្គការលីកាដូ ដែលសេវាព្យាបាលទីនោះពុំមានការបង់ប្រាក់។
អ្នកបើករថយន្តសង្គ្រោះនៃមន្ទីរពេទ្យកាល់ម៉ែតបានត្រឡប់ទៅវិញក្នុងភាពអាក់អន់ចិត្ត។ ខណៈ រ៉ឺម៉ក មួយបានមកដល់ហើយក្រុមអ្នកភូមិលើកបីស្ត្រីរងគ្រោះឡើងរ៉ឺម៉កបើកចេញទៅ។
ការបង្ក្រាបបាតុកម្មឬ កុបកម្ម ដោយប្រើប្រាស់ឡានទឹកនេះ មិនត្រូវអង្គការសង្គមស៊ីវិលធ្វើការរិះគន់ថា ជាចំណាត់ការហិង្សាប្រឆាំងនឹងបាតុករទេ បើទោះជាបង្កឲ្យស្ត្រីម្នាក់ដួលសន្លប់ក៏ដោយ។
លោក ណៃ វណ្ណដា អនុប្រធានផ្នែកស៊ើបអង្កេតនិងជំនួយការច្បាប់ប្រចាំតំបន់នៃអង្គការអាដហុកថ្លែងថា តាមច្បាប់បាតុកម្ម នគរបាលប្រឆាំងកុបកម្ម មានសិទ្ធិប្រើប្រាស់មធ្យោបាយនេះ ហើយវិធីនេះប្រទេសមួយចំនួនរួមទាំងប្រទេសមហាអំណាចធំក្នុងពិភពលោកក៏គេយកមកប្រើប្រាស់ដូចគ្នាដែរ។
លោកថ្លែងថា៖«ទោះជាបែបណាក្ដីវិធីនេះមិនអាចប្រើប្រាស់ធ្វើជាមធ្យោបាយបញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លីបានឡើយ ប៉ុន្តែវានឹងបញ្ឆេះកំហឹងពលរដ្ឋថែមទៀត ព្រោះប៉ះពាល់ដល់បញ្ហាក្រពះរបស់ពួកគាត់។ វិធីដែលប្រសើរនោះ អាជ្ញាធរពិសេសលោកអភិបាលក្រុងថ្មីចាំបាច់ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយផ្អែកទៅលើច្បាប់និងឆន្ទៈខ្ពស់បំផុត ហើយកុំយកបញ្ហាដីធ្លីមកភ្ជាប់ទៅនឹងបញ្ហានយោបាយ បើពុំនោះទេនឹងមិនអាចបញ្ចប់បានទេ ហើយក៏គ្មានភាពយុត្តិធម៌ដែរ»។
លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋាននៃក្រុមបេសកកម្មសិទ្ធិលំនៅឋាន និយាយថា ព្រឹត្តិការណ៍នេះបានវិលទៅរកអតីតកាលកាលពីពីរបីឆ្នាំមុន។ រយៈពេលនេះ គឺសម្រាប់លោកអភិបាលក្រុងថ្មីបង្ហាញពីសមត្ថភាព ដោះស្រាយបញ្ចប់វិវាទដីធ្លីជូនប្រជាជនហើយ។
លោកថ្លែងថា៖«វាមិនគួរឲ្យជឿទេនៅពេលនេះ។ ក្រុមអ្នកភូមិដឹងថា យុទ្ធនាការបោះឆ្នោតជិតមកដល់ហើយវាជាឱកាសសម្រាប់ពួកគាត់ក្នុងការទាមទារដំណោះស្រាយ ដូច្នេះគាត់ចាំបាច់ត្រូវធ្វើការតវ៉ាដើម្បីទាមទារឲ្យមានការដោះស្រាយនៅមុនការបោះឆ្នោត បើពុំនោះមិនសង្ឃឹមទទួលបានដំណោះស្រាយឡើយ»។
តែទោះជាបែបណា ការតវ៉ាបិទផ្លូវរបស់សកម្មជនបីសហគមន៍នេះ ត្រូវគេចាត់ទុកជាការចាប់បង្ខំអ្នកប្រើប្រាស់ផ្លូវធ្វើជាចំណាប់ខ្មាំងដើម្បីឲ្យជួយឈឺឆ្អាលពួកគេ ក្នុងការដាក់សម្ពាធលើអាជ្ញាធរឲ្យពន្លឿនការដោះស្រាយ។
«យើងទទួលយកមិនបានទេ ចំពោះការតវ៉ាបិទផ្លូវនេះ ព្រោះវាប៉ះពាល់ដល់ការរកស៊ីខ្ញុំ។ ខ្ញុំដឹងថា ពួកគាត់រងនូវភាពអយុត្តិធម៌ ប៉ុន្តែ មកធ្វើរឿងអយុត្តិធម៌សម្រាប់ខ្ញុំជាអ្នកប្រើប្រាស់ផ្លូវ» នេះជាការលើកឡើងរបស់ លោក សាន ចំរើន ពលរដ្ឋមកពីសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ការតវ៉ាបិទផ្លូវនេះជាការធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងចាប់អ្នកដំណើរធ្វើជាចំណាប់ខ្មាំង ប្រការនេះទាមទារឲ្យមានការចាត់វិធានការបង្ក្រាបដើម្បីបើកផ្លូវឲ្យពលរដ្ឋប្រើប្រាស់ដូចធម្មតាឡើងវិញ។
លោកថ្លែងថា៖ «នៅប្រទេសមួយចំនួនអ្នកធ្វើការតវ៉ាបិទផ្លូវ ត្រូវបានគេដាក់ទោសទណ្ឌឬ ផាកពិន័យឲ្យរាងចាលផង»។
លោកឲ្យដឹងដែរថា បច្ចុប្បន្ន អាជ្ញាធររាជធានីបានបង្កើតគណៈកម្មការត្រួតពិនិត្យស្ថិតិសាលាកបត្ររបស់ប្រជាពលរដ្ឋនៃសហគមន៍ទាំងនេះធ្វើជាមូលដ្ឋានក្នុងការដោះស្រាយ និងដាក់ឆ្លងទៅថ្នាក់លើពិនិត្យសម្រេច។ លោកបន្តថា ៖ «យើងសូមឲ្យប្រជាពលរដ្ឋនៃសហគមន៍ទាំងនេះមេត្តាទុកឱកាសឲ្យអាជ្ញាធរក្នុងការបំពេញការងារនេះជាមុនសិន»។
ក្រុមអ្នកភូមិដែលមិនសប្បាយចិត្តនឹងភាពយឺតយ៉ាវក្នុងការផ្ដល់ដំណោះស្រាយដីធ្លីជូនពួកគាត់ថា បើមានការដោះស្រាយតាមការសន្យាម៉្លេះពួកគាត់នឹងមិនមកតវ៉ានោះទេ។ គិតមកត្រឹមម៉ោង៧យប់មិញនេះ ក្រុមអ្នកភូមិបានឲ្យដឹងថា អាការអ្នកស្រី ខែក ចាន់រស្មី បានធូរស្រាលបន្តិចហើយ បន្ទាប់ពីការព្យាបាលពីគ្រូពេទ្យនៃអង្គការលីកាដូ៕