
ភ្នំពេញៈ អ្នកតំណាងមកពីអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលចំនួន១៣ បានមកធ្វើការតវ៉ានៅមុខស្ថានទូតសហភាពអឺរ៉ុប និងស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ដើម្បីដាក់ញត្តិទាមទារឲ្យលុបចោលចំពោះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីស្តីពីឱសថប្រឆាំង មេរោគអេដស៍សម្រាប់ពន្យារជីវិតដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ ដល់ប្រទេសក្រីក្រ តែតំណាងអង្គទូតសហភាពអឺរ៉ុបបានតបថា ការចរចាជាមួយឥណ្ឌាមិនមានបិទលទ្ធភាពលើបញ្ហានេះទេ។
ក្រុម អ្នកចូលរួមការតវ៉ា មានដូចជា អង្គការសកម្មភាពដើម្បីបរិស្ថាន សហគមន៍រកស៊ីផ្លូវភេទ សហគមន៍ស្ត្រីផ្ទុកមេរោគអេដស៍ បណ្តាញបុរសស្រឡាញ់បុរស និងអង្គការសង្គមស៊ីវិលមួយចំនួនទៀតពួកគេបាន បង្ហាញពីក្តីបារម្ភពីការគំរាមកំហែងបង្កពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងប្រទេសឥណ្ឌា ដែលអាចប៉ះពាល់ជីវិតប្រជាជនរាប់លាននាក់ ក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា ក្រោយពីការចុះកិច្ចព្រមព្រៀងនេះសម្រេច។
លោកស្រី ព្រំ ដាលីស អ្នកសម្របសម្រួលនៅអង្គការសហគមន៍កម្ពុជាសម្រាប់ស្រ្តីរស់ នៅជាមួយវីរុសហ៊ីវ (CCW) បានថ្លែងនៅមុខស្ថានទូតសហភាពអឺរ៉ុបថា ការតវ៉ានេះដើម្បីទាមទារឲ្យសហភាពអឺរ៉ុបលុបចោលកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងឥណ្ឌាពាក់ព័ន្ធនឹងឱសថមូលដ្ឋាន ប្រឆាំងមេរោគអេដស៍សម្រាប់ពន្យារជីវិត។
លោកស្រីបញ្ជាក់ថា៖ «សហភាពអឺរ៉ុបសម្លឹងទៅប្រាក់ចំណេញរបស់សាជីវកម្ម ដែលវានឹងដាក់សម្ពាធទៅដល់ប្រទេសឥណ្ឌាឲ្យបញ្ឈប់ការផលិតនិង ការចែកចាយថ្នាំ ប្រឆាំងមេរោគអេដស៍សម្រាប់ពន្យារជីវិតទៅប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតម្លៃដែលធ្លាប់ផ្គត់ផ្គង់»។
តាមញត្តិក្រុមអ្នកតវ៉ាបានកត់សម្គាល់ថា៖«យើងមានការសោកស្តាយដែល នៅពីក្រោយពាក្យថា សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការពិតសហគមន៍អឺរ៉ុបកំពុងតែឲ្យតម្លៃសំខាន់ទៅលើផលប្រយោជន៍ក្រុមហ៊ុន សាជីវកម្ម ជាជាងអាយុជីវិតមនុស្សរាប់លាននាក់។ វាបង្ហាញយ៉ាងច្បាស់ថា ឱសថមូលដ្ឋាន ដែលមានតម្លៃសមរម្យ គឺពិតជាសំខាន់ដល់អាយុជីវិតមនុស្សរាប់លាននាក់ បើមិនដូច្នេះទេ យើងមិនអាចចំណាយទៅលើការព្យាបាលជំងឺ ដែលគំរាមកំហែងដល់អាយុជីវិតក្នុងតម្លៃដ៏ខ្ពស់ ដូចជាជំងឺរបេង គ្រុនចាញ់ មេរោគអេដស៍ និងជំងឺអេដស៍ ជាដើម»។
លោកស្រី ព្រំ ដាលីស បានឲ្យដឹងថា អ្នកជំងឺដែលមានវីរុសហ៊ីវម្នាក់ត្រូវចំណាយប្រាក់លើថ្នាំនេះ ១៧៥ ដុល្លារអាមេរិក ក្នុងមួយខែ ប៉ុន្តែ ការចំណាយនេះនឹងកើនឡើង១៥ ដង គឺម្នាក់ត្រូវចំណាយ ២.៥០០ដុល្លារ ក្នុងមួយខែ នេះបើភាគីទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងខាងលើនេះ។ លោកស្រីអះអាងថា៖ «មនុស្សទី១ដែលត្រូវស្លាប់ គឺប្រជាជនក្រីក្រ និងអ្នកជំងឺដែលផ្ទុកវីរុសហ៊ីវ»។
អ្នក ស្រី លី ពិសី បានបញ្ជាក់ឲ្យដឹងថា តំណាងស្ថានទូតសហភាពអឺរ៉ុប និងឥណ្ឌាបានទទួលយកញត្តិរបស់ក្រុមអ្នកតវ៉ា ហើយបានសន្យាថា នឹងនាំយកក្តីបារម្ភរបស់ពួកគេទៅប្រាប់ដល់អគ្គរដ្ឋទូត របស់ខ្លួន និងទីស្នាក់ការធំរបស់សហភាពអឺរ៉ុប។
ឆ្លើយតបទៅនឹង ញត្តិតវ៉ានេះ លោក Jean-Francois Cautain តំណាងអគ្គរដ្ឋទូតទី១ នៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានប្រាប់មកភ្នំពេញប៉ុស្តិ៍ថា ញត្តិនោះត្រូវបានផ្ញើទៅអគ្គរដ្ឋទូត និងបញ្ជូនបន្តទៅគណៈកម្មការនៅស្នាក់ការសហភាពអឺរ៉ុបភ្លាមៗ។
លោក ថ្លែងថា ដូចពីមុនដែរ(ខែកុម្ភៈ ឆ្នាំ២០១២) ប្រតិភូអឺរ៉ុបនឹងឆ្លើយតបផ្ទាល់ទៅភាគីដាក់ញត្តិនោះ ដើម្បីធានាចំពោះក្តីបារម្ភអំពីលទ្ធភាពទិញថ្នាំរបស់ប្រជាជន នៅក្នុងបណ្តាប្រទេសក្រីក្ររបស់ពួកគេ។
លោកបញ្ជាក់តបថា៖ «សហភាពអឺរ៉ុបប្តេជ្ញាធានាលទ្ធភាពអាចទិញបាន ជាពិសេសទៅដល់បណ្តាប្រទេសអភិវឌ្ឍតិចតួចបំផុត»។ «ខណៈត្រូវការការពារឲ្យបានទៅលើកម្មសិទ្ធិបញ្ញា ក្នុងការ ជំរុញឧស្សាហកម្មច្នៃប្រឌិតសម្រាប់ការផលិតឱសថថ្មីៗ និងដើម្បីការប្រកួតប្រជែងស្មើភាពគ្នា យើងផ្តល់តម្លៃយ៉ាងខ្លាំងចំពោះសារៈសំខាន់នៃការគិតពីអត្ថប្រយោជន៍នៃការការពារសុខភាពសាធារណៈ»។
លោកក៏អះអាងដែរថា សហភាពអឺរ៉ុបមិនមានចេតនាធ្វើឲ្យសមត្ថភាពផលិតរបស់ប្រទេស ឥណ្ឌាចុះខ្សោយសម្រាប់ការនាំចេញឱសថទៅប្រទេសកំពុងអភិវឌ្ឍ នោះទេ។ ផ្ទុយទៅវិញ សហភាពអឺរ៉ុបដាក់ក្នុង«ប្រការ» នៃការចរចា ត្រូវធានាថា មិនមានកំណត់សេរីភាពប្រទេសឥណ្ឌាចំពោះការផលិតនិងនាំចេញឱសថ ទៅប្រទេសកំពុងអភិវឌ្ឍដែលកំពុងត្រូវការចាំបាច់នោះទេ នៅក្នុងកិច្ចព្រមព្រៀងដែលស្នើឡើងនោះ។
តំណាងស្ថានទូតរូប នេះក៏បានឆ្លើយតបទៅនឹងការបារម្ភក្នុងញត្តិថា៖ «សហភាពអឺរ៉ុប សូមរំលែកក្តីបារម្ភទៅភាគី[ម្ចាស់ញត្តិ]អំពីលទ្ធភាព ផ្តល់ឱសថទៅប្រជាជនទៅក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែ ការពិតនៃការចរចាជាមួយប្រទេសឥណ្ឌា គឺមិនបានជួបប្រទះបញ្ហានេះទេ។ សហភាពអឺរ៉ុប នៅតែបន្តការពិភាក្សាក្នុងលក្ខណៈស្ថាបនាជាមួយអង្គការ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងក្របខណ្ឌនៃគោលនយោបាយពាណិជ្ជកម្មខាងក្រៅរបស់សហភាពអឺរ៉ុប»៕ PS