
កណ្តាលៈ នៅក្នុងកូដកម្មតវ៉ា របស់កម្មករនៅរោងចក្រកាត់ដេរ អ៊ី ហ្គាមេន(E Garment) ប្រមាណ២០០នាក់ នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល មានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចស្រុក កាលពីម្សិលមិញ ខណៈក្រុមកូដករព្យាយាមបញ្ឈប់រថយន្តរោងចក្រកុំឲ្យដឹក អីវ៉ាន់ទៅបណ្តាលឲ្យកម្មករ៧នាក់បានរងរបួស ក្នុងនោះមានកម្មការិនីមានផ្ទៃពោះម្នាក់ផង ។ តំណាង កម្មករលោក ចាន់ ពៅ កាលពីថ្ងៃម្សិលមិញបានប្រាប់ថា មានកម្មករប្រហែល២០០នាក់ បាននាំគ្នាធ្វើកូដកម្មតវ៉ានៅខាងមុខរោងចក្រ ទាមទារឲ្យសមាជិកសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា(ស៊ីខៅឌូ)ចំនួន៤១នាក់ ដែលត្រូវបានបណ្ដេញចេញចាប់តាំងពីឆ្នាំ២០០៧ និង២០១០ ចូលធ្វើការវិញ។ លោកបានថ្លែងថា៖ «ក្រុមហ៊ុនបានបណ្ដេញសមាជិកសហជីពដែលកម្មករបានបង្កើតនៅខាង ក្នុងរោងចក្រនេះ ក្នុងឆ្នាំ២០០៧។ មានកម្មករ៦១នាក់ត្រូវបណ្ដេញចេញនៅពេលនោះ តែ២៨នាក់បានឲ្យទៅធ្វើការវិញ កាលពីឆ្នាំ២០០៩ ហើយ៣៣នាក់ទៀតត្រូវបានបដិសេធមិនទទួលយកឲ្យចូលធ្វើការឡើយ»។ លោកបន្តថា៖« កម្មករ៨នាក់ ក្នុង៣៣នាក់ដែលបានឲ្យចូលធ្វើការវិញ ក៏ត្រូវបានបណ្ដេញចេញម្ដងទៀត នៅក្នុងឆ្នាំ២០១០»។ លោក ចាន់ ពៅ បានបញ្ជាក់ថា កម្មករមួយចំនួនបាននាំគ្នាដុតកង់ឡាននៅម៉ោង៦ព្រឹកនៅខាងមុខ រោងចក្រ ប៉ុន្តែ មន្ត្រីរោងចក្រ និងកម្លាំងសមត្ថកិច្ចបានបញ្ឈប់ពួកគេដោយប្រើឧបករណ៍ពន្លត់ អគ្គិភ័យធ្វើឲ្យកម្មករពីរនាក់រងរបួសស្រាល។ ក្រៅពីការទាមទារសុំឲ្យទទួលយកសមាជិកសហជីពឲ្យចូលធ្វើការវិញនោះ កម្មករបានទាមទារឲ្យមានលក្ខខណ្ឌការងារល្អប្រសើរលើពីរបីចំណុចទៀត ដូចជា ចេញថ្លៃអាហារថ្ងៃត្រង់ចំនួន៥ពាន់រៀលនៅពេលពួកគេធ្វើការនៅថ្ងៃ ឈប់ និងថ្ងៃអាទិត្យ ចេញថ្លៃអាហារឲ្យកម្មករធ្វើការថែមម៉ោង១ម៉ឺនរៀល ប្រាក់ឈ្នួលអប្បបរមាចំនួន៩៣ ដុល្លារក្នុងមួយខែ ជាពិសេសទាមទារឲ្យក្រុមហ៊ុនគោរពកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ជាមួយសម្ព័ន្ធស៊ីខៅឌូ សហជីពពិភពលោកនិងក្រុមហ៊ុនបញ្ជាទិញ ដែលក្រុមហ៊ុនបានព្រមព្រៀងគ្នាក្នុងការទទួលយកសមាជិកសហជីព ទាំងនេះ ប៉ុន្តែខាងក្រុមហ៊ុនបានរំលោភបំពានលើកិច្ចព្រមព្រៀងនេះទៅវិញ។ លោក ចាន់ ពៅ អះអាងថា៖ «យើងនឹងតវ៉ារហូតទាល់តែយើងបានសម្រេចតាមការទាមទាររបស់ពួកយើង»។ នៅ ម៉ោង១០:៣០នាទីថ្ងៃម្សិលមិញនេះដែរ ក្រុមកម្មករនិងមន្ត្រីនគរបាលបានប៉ះទង្គិចគ្នាជាថ្មីម្ដងទៀត រហូតធ្វើឲ្យកម្មករ៥នាក់ បានរងរបួសស្រាល។ លោក ចាន់ ពៅ បានឲ្យដឹងថា កម្មករបានឈរពាំងរថយន្ត និងរថយន្តផ្សេងទៀតដែលបើកចេញពីរោងចក្រ បន្ទាប់មកមន្ត្រីនគរបាលបានស្រែកបញ្ជាឲ្យអ្នកបើកបរ បើករថយន្តបុកហ្វូងកម្មករ។ លោកបន្តឲ្យដឹងថា៖«មន្ត្រីនគរបាលនិងកងរាជអាវុធហត្ថ បានបញ្ជាឲ្យអ្នកបើកបរបើកបុកហ្វូងកម្មករ ហើយពួកគេបានគំរាមចាប់ខ្លួនខ្ញុំដាក់ពន្ធនាគារផង។ ខ្ញុំបានប្រាប់ទៅគេថា ខ្ញុំមិនខ្លាចទេ ពួកគេអាចចាប់ខ្ញុំពេលណាក៏បានដែរ»។ លោកបញ្ជាក់ថា កម្មករបានរងរបួសដៃ ជើង ហើយកម្មការិនីមានផ្ទៃពោះម្នាក់ ដែលត្រូវបានគេរុញផ្ទប់ទៅនឹងរថយន្តបានរងរបួស។ លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានធ្វើការបដិសេធការចោទប្រកាន់របស់តំណាងកម្មករដែលថា មន្ត្រីរបស់លោកប្រើអំពើហិង្សាលើពួកគេ។ លោក ថ្លែងថា៖ «ខ្ញុំបានដឹកនាំកម្លាំងចុះទៅការពារកម្មករ គឺ ចង់ចៀសវាងការធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ ហើយយើងមិនបានប្រើអំពើហិង្សា ដូចពួកគេបានចោទប្រកាន់នោះទេ។ អស់លោកអាចចុះមកដល់រោងចក្រ ហើយសួរនាំអ្នកភូមិ ឬក៏អាជីវករដែលមើលឃើញការតវ៉ាកាលពីព្រឹកមិញថា តើកម្លាំងនគរបាលពិតជាបានវាយដំឬក៏ការពារពួកគេ?»។ លោក សេង សុជាតិ បានថ្លែងអះអាងថា ហ្វូងកម្មករបានមកឈរពាំងច្រកទ្វារសម្រាប់រថយន្តក្រុមហ៊ុនដឹក ជញ្ជូនទំនិញចេញ ហើយមន្ត្រីរបស់លោកបានចុះទៅប្រាប់ពួកគេឲ្យចេញពីច្រកទ្វារនោះ តែពួកគេមិនស្ដាប់យើងទេ ហើយជេរប្រមាថដាក់នគរបាលយើងវិញទៀតផង។ លោក សុជាតិ បានបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់មន្ត្រីខ្ញុំឲ្យអត់ធ្មត់ ហើយកុំតបតនឹងពួកគេនៅពេលពួកគេជេរយើង។ ខ្ញុំបានប្រាប់ទៅក្រុមកម្មករទាំងនោះឲ្យស្វែងរកដំណោះស្រាយ តាមផ្លូវច្បាប់ តែពួកគេគ្មានយកចិត្តទុកដាក់ចំពោះពាក្យសម្ដីយើងឡើយ។ រហូតមកទល់ពេលនេះ រោងចក្រនៅមិនទាន់បានយកផលិតផលសម្រេចចេញពីក្រុមហ៊ុនបាននៅ ឡើយផងទេ»។ លោក សូ សំអាង ប្រធានរដ្ឋបាលរោងចក្រ E Garment បានបដិសេធមិនធ្វើអធិប្បាយទាក់ទិននឹងការទាមទាររបស់កម្មករទេ កាលពីម្សិលមិញ៕ PN