ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីប្រកាសមួយថា ការផាកពិន័យទៅលើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនមានវិក្កយបត្រដែលធ្វើឡើងដោយប៉ូលិសចរាចរណ៍ គឺជាការប្រព្រឹត្តអំពើពុករលួយ។
ភ្នំពេញ ប៉ុស្តិ៍ បានទទួលសេចក្តីប្រកាស ដែលចេញផ្សាយដោយអង្គភាពប្រឆាំងអំពើពុករលួយ ដែលថា អង្គភាពនេះបានទទួលលិខិតពីអ្នកបើកបរ ដែលភ្ញាក់ផ្អើល បន្ទាប់ពីត្រូវនគរបាលផាកពិន័យដោយគ្មានវិក្កយបត្រ។
សេចក្តីប្រកាសបានឲ្យដឹងថា៖ «វាជាអំពើពុករលួយ។ ពាក់ព័ន្ធនឹងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជានគរបាលចរាចរទាំងអស់ ឲ្យប្រគល់បង្កាន់ដៃដល់អ្នកបើកបរ ដែលរំលោភច្បាប់ចរាចរណ៍»។
លោក គឹម វីដេត អនុប្រធាននៃនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ នៅក្រសួងមហាផ្ទៃ បានថ្លែងថា បើទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកុំឲ្យនគរបាលចរាចររំលោភច្បាប់ក៏ដោយ ក៏ប៉ុន្តែនគរបាលមួយចំនួននៅតែយកប្រាក់ពីអ្នកបើកបរ ដោយមិនផ្តល់ឯកសារត្រឹមត្រូវសម្រាប់ការបង់ប្រាក់ពិន័យនោះ។
លោកបន្ថែមថា៖ «យើងមានក្រុមដើម្បីតាមដាននគរបាលចរាចរហើយប្រសិនបើយើងរកឃើញថា ពួកគេរំលោភច្បាប់ចរាចរណ៍ យើងនឹងផ្តន្ទាទោស ឬបញ្ឈប់ពួកគេ។ នគរបាលចរាចរពីរនាក់ត្រូវបានបញ្ឈប់រួចហើយ ដោយសារបានប្រព្រឹត្តកំហុសនោះ»។
លោក វីដេត បានបន្ថែមថា សេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយអាចជួយដាក់ពិន័យអ្នកទាំងឡាយដែលមិនគោរពច្បាប់ចរាចរណ៍ ហើយលើកទឹកចិត្តអ្នកបើកបរ ដែលត្រូវគេពិន័យដោយគ្មានទទួលបានបង្កាន់ដៃនោះរាយការណ៍ករណីរបស់ពួកគេ ទៅក្រសួងដើម្បីស៊ើបអង្កេតបន្ថែមទៀត៕ TK